គ.ជ.ប ផ្តល់ប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតជូនពលរដ្ឋ ជាង៧លាន

DAP ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា ​លទ្ធផលបណ្ដោះអាសន្ន នៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គិតត្រឹមថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧មានចំនួន៧,៣៦៥,៩១៨ប័ណ្ណ ក្នុងចំណោម៧,៨៦៥,០៣៣ប័ណ្ណ៕

ថ្ងៃនេះ គ.ជ.ប បើកកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី ការឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕

គ.ជ.ប នឹងចេញសេចក្ដីសម្រេច ព្យូរសិទ្ធិបោះឆ្នោត របស់សមាជិកទាំង៩រូប

DAP ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប ) នឹងចេញសេចក្ដីសម្រេចមួយមិនឲ្យ សមាជិកទាំង៩រូបរបស់ខ្លួនចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ខាងមុខ ប៉ុន្តែមន្រ្តីគ.ជ.បទាំងអស់ក្រៅពីសមាជិកទាំង៩រូប អាចទៅបោះឆ្នោតបានតាមធម្មតា។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែ ឧសភានេះថា”តាមច្បាប់គឺ មានតែសមាជិកគ.ជ.បទេ ដែលត្រូវព្យូរសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោត ប៉ុន្តែកន្លងមកគាត់ បានចុះឈ្មោះបោះឆ្នោត ហើយគ.ជ.បនឹងចេញសេចក្ដី សម្រេចមួយដើម្បី ចង់និយាយថាព្យូរសិទ្ធិបោះឆ្នោត របស់សមាជិកគ.ជ.ប ចំណែកអគ្គលេខាធិការដ្ឋាន គឺមានសិទ្ធិបោះឆ្នោតធម្មតា”៕