បម្រុងលុយជាង ៤០ លានដុល្លារអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបាន​អនុម័តផែនការសកម្មភាពមួយ ដើម្បីឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង នៅឆ្នាំ ២០២៣។ រាជរដ្ឋាភិបាលកម្ពុជាបានបម្រុងទុកថវិកាច្រើនជាង ៤០ លានដុល្លារអាមេរិក សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានៅឆ្នាំ ២០២៣ ខាងមុខនេះ។ ប៉ុន្តែ ថវិកាដែលបានបម្រុងទុកនេះ មិនមានរួមបញ្ចូលការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន មរតកតេជោ នៅជាយរាជធានីភ្នំពេញ ដែលផ្តល់ទុនសាងសង់ដោយរដ្ឋាភិបាលចិននោះទេ។ រាជរដ្ឋាភិបាលក៏បានជូនដំណឹងតាមរយៈសេចក្តី​ថ្លែងការណ៍របស់ខ្លួនថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវប្រារព្ធធ្វើនៅក្នុងប្រទេស​កម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងទាក់ទាញ​អ្នកចូលរួម ១ ម៉ឺននាក់ ដែលក្នុងនោះរួមមានអត្តពលិក ៧ ពាន់នាក់ផងដែរ៕

សំអាងលើពីរចំណុច … តែនិយាយថា ផែនទីក្លែងក្លាយ នឹងត្រូវចាប់ខ្លួន

ព្រឹកថ្ងៃទី ១២ មេសា ឆ្នាំ ២០១៦ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិ វឌ្ឍន៍យោធិនពិការ គូលេន ៣១៧ ខេត្តសៀមរាប​, ទាក់ទងនឹងករណីឃាត់ខ្លួន លោក អ៊ុំ សំអាន តំណាង​រាស្រ្តគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះ​ប្រ​ឌិតរឿងព្រំដែន សម្តេចតេជោ ព្រមានចាប់ខ្លួន​បុគ្គល​ទាំងឡាយ មិនថាអ្នកនោះជាសមាជិកព្រឹទ្ធសភា ឬរដ្ឋ​សភា ឱ្យតែនៅដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជា​ប្រើ​ប្រាស់ផែនទីក្លែងក្លាយ “ខ្ញុំសូមបញ្ជាក់តែ ២ ចំណុចទេ ទី១ ដរាបណារដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានកែប្រែ និង​លុបចោលមាត្រាទី ២ … ដែលអនុញ្ញាតឱ្យ​ប្រើប្រាស់នូវ​ផែនទីខ្នាត ១/១០០ពាន់ បោះពុម្ពដោយក្រុមភូមិ​សាស្រ្ត​ឥណ្ឌូចិន អ្នកឯងនិយាយ ខ្ញុំត្រូវតែចាប់ខ្លួនភ្លាម។ ទី ២ ដរាបណា​សច្ចាប័នលើកិច្ចព្រមព្រៀង​បន្ថែម​រវាង​កម្ពុជា និងវៀតណាម ដែលសភាផ្តល់ឲ្យ និងព្រះមហា​ក្សត្រឡាយព្រះហស្ថលេខា នៅជាធរមាន អ្នកឯង​និ​យាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិន​ថាអ្នក​ឯង ជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភា​នោះ​ទេ​”​។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ ដល់កូនៗរបស់អតីតយុទ្ធជន​ពិ​ការ ដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ…

ការចាំបាច់ ៥ នៃការរុះរើគណរដ្ឋមន្ត្រី

ថ្ងៃ ៤ មេសា ២០១៦ សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋសភាថា ការរុះរើគណៈ រដ្ឋមន្រ្តី ធ្វើឡើងដោយអនុលោមតាមការចាំបាច់ចំនួនប្រាំ ដូចជា (១) ការបញ្ចប់ ឬផ្លាស់ប្តូរមុខងារសមាជិកមួយចំនួន នៃរាជរដ្ឋាភិបាល ស្រមតាមសំណូមពររបស់សាមីឥស្សរជន, (២) ការផ្តល់មុខងារ និងភារកិច្ច​បន្ថែមដល់​សមាជិកមួយចំនួននៃរាជរដ្ឋាភិបាល, (៣) ការកែសម្រួល និងប្តូរសមាជិកមួយចំនួននៃរាជរដ្ឋាភិបាល ឲ្យទៅទទួលបន្ទុកការងារនៅក្រសួងស្ថាប័ន ដែលស័ក្តិសមនឹងបទពិសោធន៍ការងាររបស់សាមីឥស្សរជន​នីមួយៗ, (៤) ការប្រមូលរក្សា និងប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាព​នូវធនធាន​បញ្ញាញាណរបស់មន្រ្តីសំខាន់ៗមួយចំនួន ដែលមានបទពិសោធន៍ការងារយូរឆ្នាំ និងមានសុខភាពល្អមាំមួន, និង (៥) ការប្រគល់តំណែង និងភារកិច្ចដល់មន្រ្តីវ័យក្មេងមួយដែលមានសមត្ថភាពខ្ពស់ និងមាន​គុណ​វឌ្ឍល្អស័ក្តិសម។ សម្តេចតេជោ ជំរាបអង្គសភាថា បើទោះបីថា (មន្ត្រីចូលកាន់តំណែង)មុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារថ្មី(របស់ពួកគាត់) នឹងធ្វើអោយមានការផ្លាស់ប្តូរ, មិនចាំបាច់ទាល់តែមុខថ្មី ទើបហៅថា ការផ្លាស់ប្តូរនោះទេ៕