បម្រុងលុយជាង ៤០ លានដុល្លារអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបាន​អនុម័តផែនការសកម្មភាពមួយ ដើម្បីឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង នៅឆ្នាំ ២០២៣។ រាជរដ្ឋាភិបាលកម្ពុជាបានបម្រុងទុកថវិកាច្រើនជាង ៤០ លានដុល្លារអាមេរិក សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានៅឆ្នាំ ២០២៣ ខាងមុខនេះ។ ប៉ុន្តែ ថវិកាដែលបានបម្រុងទុកនេះ មិនមានរួមបញ្ចូលការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន មរតកតេជោ នៅជាយរាជធានីភ្នំពេញ ដែលផ្តល់ទុនសាងសង់ដោយរដ្ឋាភិបាលចិននោះទេ។ រាជរដ្ឋាភិបាលក៏បានជូនដំណឹងតាមរយៈសេចក្តី​ថ្លែងការណ៍របស់ខ្លួនថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវប្រារព្ធធ្វើនៅក្នុងប្រទេស​កម្ពុជាជាលើកដំបូង ចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថា នឹងទាក់ទាញ​អ្នកចូលរួម ១ ម៉ឺននាក់ ដែលក្នុងនោះរួមមានអត្តពលិក ៧ ពាន់នាក់ផងដែរ៕