ព្រឹកថ្ងៃទី ១២ មេសា ឆ្នាំ ២០១៦ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខយោធិនពិការ នៅមជ្ឈមណ្ឌលអភិ វឌ្ឍន៍យោធិនពិការ គូលេន ៣១៧ ខេត្តសៀមរាប, ទាក់ទងនឹងករណីឃាត់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះប្រឌិតរឿងព្រំដែន សម្តេចតេជោ ព្រមានចាប់ខ្លួនបុគ្គលទាំងឡាយ មិនថាអ្នកនោះជាសមាជិកព្រឹទ្ធសភា ឬរដ្ឋសភា ឱ្យតែនៅដើរនិយាយថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីក្លែងក្លាយ “ខ្ញុំសូមបញ្ជាក់តែ ២ ចំណុចទេ ទី១ ដរាបណារដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានកែប្រែ និងលុបចោលមាត្រាទី ២ … ដែលអនុញ្ញាតឱ្យប្រើប្រាស់នូវផែនទីខ្នាត ១/១០០ពាន់ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន អ្នកឯងនិយាយ ខ្ញុំត្រូវតែចាប់ខ្លួនភ្លាម។ ទី ២ ដរាបណាសច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមរវាងកម្ពុជា និងវៀតណាម ដែលសភាផ្តល់ឲ្យ និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា នៅជាធរមាន អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថាអ្នកឯង ជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភានោះទេ”។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ ដល់កូនៗរបស់អតីតយុទ្ធជនពិការ ដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ទាំង ៣១៧ គូលេន ខេត្តសៀមរាប, តាកែន កោះស្លា ខេត្តកំពត និង ៣១៧ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ឲ្យបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ក្រោយពួកគេប្រឡងជាប់បាក់ឌុប។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន សំណូមពរឲ្យបងប្អូនជាជនពិការ កុំលេងល្បែង ព្រោះល្បែងនាំមកនូវជម្លោះ អំពើហិង្សាក្នុងគ្រួសារ បាត់បង់ទ្រព្យសម្បត្តិ។ ជាថ្មីម្តងទៀត សម្តេចតេជោ ថ្លែងបញ្ជាក់ពីការកែសម្រួលប្រាក់របបប្រចាំខែសម្រាប់យោធិនពិការ ក៏ដូចជានិវត្តជនទាំងអស់ថា “ឥឡូវខ្ញុំកំពុងតែផ្តល់ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ធ្វើការកែសម្រួលពីអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ។ ពិការ(ពីពេល)មុនដែលទទួលរបបទាប និងពិការ(ពេល)ក្រោយ ដែលទទួលរបបខ្ពស់ ដើម្បីបន្ថយគំលាត …”។ ការរំកិលនេះ មិនមែនតែធ្វើសម្រាប់យោធិនពិការនោះទេ គឺសម្រាប់មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ៕