សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល

ពូនិយាយរឿងបាល់បន្ដិចចុះ ព្រោះជាដំណាក់កាល World Cup ហ្នឹង ត្រូវនិយាយរឿងបាល់ អត់ដូចមួយនោះ និយាយពីចលនាអោយកងទ័ពបះបោរស្អីណាទៀតហើយ។ មកដល់ពេលនេះ ពូឈ្នះដៃគូរបស់ពូដែលភ្នាល់ជា​មួយគ្នា តាំងពីឆ្នាំ ១៩៩៨ មក ២០ ឆ្នាំហើយ។ ឥឡូវពូឈ្នះដល់ទៅ ១៧ ប្រកួត … តើអ្នកណានឹងលើកពាន World Cup? ចាប់ Uruguay ទៅ ប៉ុន្តែប្រយ័ត្នស៊ីសៀង។ រឿងស៊ីសៀងនេះ ម្សិលម្ង៉ៃ មិនដឹងយ៉ាងម៉េច បានជាមីងចាប់ផ្ដើមយកសៀងមកឲ្យពូ រួចហើយពូថា ទេ! អ្នកចាញ់បាល់កំពុងស៊ីសៀង អ្នកឈ្នះបាល់ស៊ីស៊ុប ហើយម៉េចក៏យកសៀងមក? យកសៀងមកឲ្យពូចុចជាមួយត្រសក់។ ថ្ងៃនេះ ក្មួយៗថើបពូ មិនដឹងថា ថ្ពាល់ពូផ្អែម ឬក៏ជូរ? ប៉ុន្តែរឿងជូរ រឿងផ្អែម វាមិនសូវជាអីប៉ុន្មានទេ រឿងធំជាងគេ គឺក្រែមជាប់អាវ។ ប៉ុន្តែ មីងមិនប្រកាន់ទេក្មួយៗ​ នៅពេលដែលពូមកអញ្ចឹង ជាប់ក្រែមទាំងខ្នង ជាប់ក្រែមទាំងមុខ ជាប់ក្រែមទាំងស្អីៗ អត់ប្រកាន់ទេ ប៉ុន្តែបើអត់មានកម្មវិធីអី ស្រាប់តែមកវិញជាប់ក្រែម។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

… (និយាយរឿងបាល់) ថ្ងៃនេះ បានជួបជុំក្មួយៗសាជាថ្មីម្ដងទៀត ប៉ុន្តែអ្នកនិយាយមុខដដែល ឯចំពោះអ្នកស្ដាប់មុខខុសពីមិ្សលមិញ។ មិ្សលមិញចំនួនជាង ២​ ម៉ឺន ៤ ពាន់នាក់ ថ្ងៃនេះចំនួន ២ ម៉ឺន ១ ពាន់នាក់ជាង … មានមន្រ្តីរាជការ ក៏ដូចជាក្រុមគ្រូពេទ្យ និងកងសន្ដិសុខចូលរួមដែរ។ ឯថ្ងៃនេះ ក្មួយៗមកពីកន្លែងផ្សេងៗគ្នា ក្នុងនោះមានស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាផ្អៀរ ក្រុងកំពង់ឆ្នាំង ហើយក៏មានក្រុមបើកបររថយន្ត ដើម្បីដឹកកម្មករ/ការិនីផងដែរ។ កាល ៣២ ឆ្នាំមុន ប្រវត្តិនៅតំបន់ខ្លាគ្រហឹម ខេត្តកំពង់ឆ្នាំង ខ្ញុំចង់សួរបន្ដិចថា មានក្មួយៗណានៅម្ដុំ ខ្លាគ្រហឹម? ពូនៅចាំប្រវត្តិនៅខ្លាគ្រហឹមកាលពីឆ្នាំ ១៩៨៦។ បើគិតមកដល់ឥឡូវ ៣២ ឆ្នាំ។ កាលពេលនោះ ពូធ្វើដំណើរតាមទឹក។ ក្នុងរដូវវស្សា ទឹកឡើងខ្ពស់ ហើយកងទ័ពរបស់យើងបោះជំរុំនៅទីទួលមួយនៅវត្តខ្លាគ្រហឹមហ្នឹង។ បន្តទៅទៀត ទៅដល់ពាមឆ្កោក ទៅដល់ព្រៃគ្រីឯណោះ។ កាលហ្នឹង ពេលដែលមកពេលយប់។ ពួកអាពត ស្ទាក់បាញ់ស្លាប់កងទ័ពយើងប៉ុន្មាននាក់។ ខ្ញុំធ្វើដំណើរតាមកូនម៉ារីនតូច កាត់ទន្លេសាប។…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ដំបូង សុំសួរថា ក្មួយៗសុខសប្បាយទេ? ឥឡូវមិនថា យុវជន ឬយុវនារីទេ សុទ្ធតែចេះមើលបាល់ទាំងអស់ ប៉ុន្តែពូសូមសំណូមពរថា កុំឲ្យភ្នាល់តែប៉ុណ្ណោះ តែឲ្យចេះមើលបាល់ ដើម្បីយើងចលនាគាំទ្របាល់ទាត់របស់យើងតទៅទៀត។ ថ្ងៃនេះ ពូពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តកំពង់ឆ្នាំង។ គិតថា ក្មួយៗក៏ទន្ទឹងរង់ចាំពូ ឯពូក៏ទន្ទឹងរង់ចាំនូវថ្ងៃនេះ ដើម្បីមកជួបជុំក្មួយៗ ព្រោះថា កម្មវិធីត្រូវធ្វើនៅកំពង់ឆ្នាំងនេះ ពិតមែនតែយឺតបន្ដិច ក៏ប៉ុន្តែពូធ្លាប់និយាយហើយថា មកយឺតប្រសើរជាងមិនបានមក។ ពូត្រូវបានខិតខំរៀបចំកម្មវិធីនេះ ហើយថ្ងៃនេះ ក៏ចំថ្ងៃពេញបូណ៌មី ខែអាសាឍ ដែលជាថ្ងៃមួយល្អសម្រាប់ការជួបជុំរបស់យើង ក៏ប៉ុន្តែក៏មានការជួបជុំនៅថ្ងៃស្អែក នៅទីកន្លែងដដែលនេះ ដោយសារតែជួបម្ដងមិនអស់ទេ។ នេះគ្រាន់តែ ៥ រោងចក្រ មានចំនួនទៅដល់ ២៤.៧២៥ នាក់ រួចស្រេចទៅហើយ។ ភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ មិនថាក្នុង និងក្រៅប្រទេស ពូពិតជាមានការអរគុណជាមួយនឹងភាពកក់ក្ដៅ ដែលក្មួយៗបានផ្ដល់ចំពោះពូអម្បាញ់មិញនេះ។ គ្រាន់តែដើរមិនដល់ ១០០ ម៉ែត្រផងនោះ យើងត្រូវចំណាយពេលប្រហែល ៤៥ នាទី ថតរូបជាមួយ​នឹងក្មួយៗមួយចំនួននៅទីនេះ។ កាយវិការរបស់ក្មួយៗ ដែលធ្វើចំពោះពូ មិនមែនគ្រាន់តែទំនាក់​ទំនងរវាងមេដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែកាយវិការដែលក្មួយៗបាន​បង្ហាញចេញច្បាស់ថា…