[ចម្លើយទី ១]
តាមការយល់ដឹងរបស់ខ្ញុំ យើងមិនមែនស្ថិតនៅក្នុងស្ថានភាពដូចជាបាក់ទំនប់ ឬក៏រត់បុកជញ្ជាំងនោះទេ រវាងបដិវត្តន៍ដែលយើងកំពុងស្ថិតនៅ ថាចូលទៅក្នុងបដិវត្តន៍ឧស្សាកម្មទី ៤។ ការពិត លើស្ថានភាពជាក់ស្តែង វាកំពុងបាន និងកើតរួចស្រេចទៅហើយ។ សព្វថ្ងៃនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដូចជា ការធ្វើចរាចរណ៍មួយពីផ្លូវដែលតូចល្មម ទៅកាន់ផ្លូវធំជាងតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមានហានិភ័យណាមួយកើតឡើងរបៀបជាការបាក់ទំនប់នៅប្រទេសឡាវ ឬបាក់ទំនប់នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ព្រោះលើការជាក់ស្តែង ក្នុងប៉ុន្មានឆ្នាំមុននេះ តើយើងផ្ញើសារជូនគ្នាតាមរបៀបណា? ឥឡូវ យើងផ្ញើសារជូនគ្នាតាមរបៀបណា? សូម្បីតែការដោះស្រាយបញ្ហាមួយចំនួន យើងបាន និងកំពុងស្ថិតនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយ។ ដូច្នេះ ខ្ញុំគិតថា វាមិនមានការផ្លាស់ប្ដូរទស្សនៈណាមួយកើតឡើង ឬការផ្លាស់ប្ដូរណាមួយក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រទេសជិតខាង និងប្រទេសជិតខាង និងជាមួយនឹងបណ្ដាប្រទេសនៅក្រៅតំបន់នោះទេ។
ផ្ទុយទៅវិញ អ្វីដែលយើងបាន និងកំពុងមាន វាកំពុងទៅតាមសម្រួល គ្រាន់តែយើងរត់ឲ្យទាន់ជាមួយនឹងសភាពការណ៍ទាំងអស់នោះ ដែលខ្ញុំមើលឃើញថា សម្រាប់បណ្តាប្រទេសនៅក្នុងមេគង្គ ឬអាចហៅថា ACMECS បញ្ហាសំខាន់របស់យើងជាអាទិភាព នៅតែជាបញ្ហាតភ្ជាប់ ដើម្បីធានាថា ធ្វើឲ្យប្រទេសរបស់យើងទាំងអស់ ទៅមករកគ្នាក្នុងស្ថានភាពមួយដោយងាយស្រួល គឺយើងតភ្ជាប់ទាំងផ្នែករូបវ័ន្ត តភ្ជាប់ទាំងផ្នែកទេសចរណ៍ ហើយក្នុងនោះទៀត អ្វីដែលសំខាន់ជាងនេះទៀតគឺការតភ្ជាប់ពាក់ព័ន្ធជាមួយនឹងការសម្រួលទិដ្ឋភាពផ្លូវច្បាប់។ បើយើងមិនខិតខំសម្រួលទិដ្ឋភាពផ្លូវច្បាប់ទេ គម្លាតផ្លូវច្បាប់នៃប្រទេសនីមួយៗវាខុសគ្នា ដូច្នេះ ការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ សូម្បីតែសម្រួលបញ្ហាលើពន្ធគយតាមព្រំដែន ក៏នៅតែជួបការលំបាក។ សូម្បីតែកម្ពុជា និងវៀតណាម ពេលចុះហត្ថលេខាជាមួយគ្នា គឺកាលមុននេះ យើងខ្ញុំត្រូវផ្អាកការចុះហត្ថលេខាមួយរយៈ ប៉ុន្តែ ក្រោយមកយើងពិភាក្សាត្រូវគ្នាអំពីការចុះហត្ថលេខាមិនយកពន្ធគយទេ។ ការមិនយកពន្ធគយរវាងប្រទេសជាដៃគូ ហើយដែលនៅជិតខាងគ្នានេះ ជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្ម និងភាពជិតស្និទ្ធ ដែលមិនមានចំណុចណាមួយដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនូវផ្នត់គំនិត ឬទំនាក់ទំនង ដោយសារតែបដិវត្តន៍ឧស្សាហកម្មទី ៤ នោះទេ។
មួយទៀត ខ្ញុំគិតថា បញ្ហាការតភ្ជាប់ខាងសេដ្ឋកិច្ច គឺបើនៅក្នុងស្ថានភាពប្រទេស ដែលយើងជាប់គ្នានៅក្នុងតំបន់ ACMECS ឬតំបន់មេគង្គនេះ ក្រៅពីការតភ្ជាប់រូបវ័ន្ត ដូចជា បញ្ហាផ្លូវថ្នល់ អគ្គិសនី ផ្លូវអាកាស ផ្លូវទឹក យើងនៅមានបញ្ហាដទៃទៀត ដែលត្រូវសង្កេតមើល។ ខ្ញុំលើកឧទាហរណ៍ បញ្ហាការប្រើប្រាស់ទឹកនៅតាមព្រំដែន តើយើងគួរត្រូវជួយគ្នាយ៉ាងម៉េច? រឿងនេះសំខាន់ណាស់សម្រាប់បណ្តាប្រទេស ដែលទាក់ទងជាមួយនឹងវិស័យកសិកម្ម។ ជួនកាល នៅក្នុងប្រទេសវៀតណាមមានប្រភពទឹក ឯខាងកម្ពុជាអត់មានប្រភពទឹកទេ។ ឬខាងកម្ពុជាមានប្រភពទឹក ខាងវៀតណាមអត់មានប្រភពទឹកទេ។ ដូច្នេះ គួរមានកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ទឹក។ បញ្ហានេះ ខ្ញុំចង់ប្រើប្រាស់ស្ថានភាពនេះ ដើម្បីឲ្យក្លាយទៅជាស្ថានភាពមួយ ដែលយើងអាចធ្វើសមាហរណកម្មកាន់តែខ្លាំង។
មួយទៀត ទាក់ទងទៅនឹងគ្រោះមហន្តរាយធម្មជាតិ នៅតាមព្រំដែន យើងគួរតែត្រូវមានកិច្ចព្រមព្រៀងទាក់ទងនឹងការឆ្លើយតបទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយឆ្លងដែន។ ឧទាហរណ៍ ខ្ញុំធ្លាប់ជួបប្រទះហើយ នៅពេលដែលគ្រោះទឹកជំនន់នៅតំបន់ដាច់ស្រយាលមួយរបស់កម្ពុជា យើងមិនអាចទៅជួយប្រជាជននៅទីនោះបានទេ យើងត្រូវពឹងដល់កងទ័ពវៀតណាម ដើម្បីកងទ័ពវៀតណាមជួយជម្លៀសប្រជាជនមកកាន់ទឹកដីវៀតណាមជាបណ្តោះអាសន្នសិន។ ចំណុចនេះ ជាឧទាហរណ៍មួយដែលខ្ញុំធ្លាប់ជួបប្រទះ … ខ្ញុំក៏កំពុងពិភាក្សាជាមួយមិត្តថៃដែរ ដើម្បីចុះហត្ថលេខាទៅលើបញ្ហាការគ្រប់គ្រងគ្រោះមហន្តរាយឆ្លងដែន ព្រោះបើសិនជាយើងមិនមានកិច្ចព្រមព្រៀងហ្នឹងទេ ពេលដែលឧទាហរណ៍ថា ភ្លើងឆេះព្រៃ វាមិនស្គាល់ថាព្រំដែននៅកន្លែងណាទេ។ ប៉ុន្តែ ការពន្លត់អគ្គិភ័យដើម្បីកុំឲ្យភ្លើងរាលដាលនេះ វាត្រូវចាប់ចេញពីកម្ពុជា។ បើកម្ពុជាឆ្លងដែនទៅខាងវៀតណាម បើគ្មានកិច្ចព្រមព្រៀង គេថាកម្ពុជាឈ្លានពានវៀតណាម បើវៀតណាមមកខាងកម្ពុជាវិញ គឺវៀតណាមឈ្លានពានកម្ពុជាម្តង ឬក៏ថៃក៏ដូចគ្នាដែរ។
អញ្ចឹង យើងមានកិច្ចការត្រូវធ្វើច្រើនណាស់ទាក់ទងនឹងបញ្ហានេះ ហើយអ្វីដែលជាសំណូមពររបស់ក្រុមធុរកិច្ច គឺការសម្រួលពាណិជ្ជកម្ម ដែលធ្វើយ៉ាងម៉េចដើម្បីសម្រួលឲ្យពួកគេអាចរកស៊ីបាន។ នោះហើយជាការជម្រុញការតភ្ជាប់ … ខ្ញុំគិតថា វានឹងមិនមានការផ្លាស់ប្តូរទស្សនៈណាមួយនៅលើពិភពលោក កុំថាឡើយត្រឹមតំបន់ អំពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលធ្វើឲ្យមានការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយតំបន់ ឬក៏ទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ និងរវាងក្រុមមួយ និងក្រុមមួយនោះទេ៕
[ចម្លើយទី ២]
… ការយល់ឃើញរបស់ខ្ញុំ វាគួរចាប់ផ្តើមពិនិត្យអំពីអតីតកាលរបស់យើងបន្តិច។ កាលពីអតីតកាល ប្រទេសនៅតាមដងទន្លេមេគង្គ គឺមិនជាត្រូវគ្នាទេ ដោយសារស្ថានភាពនៅក្នុងបរិបទនៃសង្គ្រាមត្រជាក់កាលពីពេលនោះ។ ក៏ប៉ុន្តែ បើទោះបីជារដ្ឋបាលនៅពេលនោះមិនត្រូវរ៉ូវគ្នាក៏ដោយចុះ ក៏ប៉ុន្តែ គេមិនអាចហាមឃាត់ប្រជាពលរដ្ឋមិនឲ្យរកស៊ីជាមួយគ្នាបានទេ។ ឧទាហរណ៍ កម្ពុជាជាមួយវៀតណាម កម្ពុជាជាមួយថៃ កម្ពុជាជាមួយឡាវ។ កម្ពុជាជាមួយឡាវមិនសូវមានបញ្ហាទេ ប៉ុន្តែ កម្ពុជាជាមួយវៀតណាម កម្ពុជាជាមួយថៃ កាលពីអតីតកាល រដ្ឋាភិបាល និងរដ្ឋាភិបាល មិនត្រូវគ្នាទេ ក៏ប៉ុន្តែ ប្រជាជន និងប្រជាជន គាត់ចេះរកស៊ីជាមួយគ្នា គាត់ចង់រកសេចក្តីសុខជាមួយគ្នា។ ដូច្នេះ បានជាខ្ញុំឃើញថា អតីតកាលដែលមានការរារាំងពីសំណាក់កម្រិតរដ្ឋាភិបាល ក៏មិនអាចរារាំងប្រជាជនបានផង (ទម្រាំ)តែដល់ពេលនេះ បែរជារដ្ឋាភិបាល និងរដ្ឋាភិបាលយកចិត្តទុកដាក់ សហប្រតិបត្តិការគ្នាដើម្បីតភ្ជាប់ និងសម្រួលឲ្យប្រជាពលរដ្ឋដើម្បីរកស៊ីជាមួយគ្នា។
ខ្ញុំកំពុងគិតថា បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ពិតជានឹងនាំនូវសំណាងល្អសម្រាប់ប្រជាជនជាង ២០០ លាននាក់ ដែលរស់នៅជិតខាងជាមួយគ្នានេះ។ មិនមែនជាគូប្រជែងទេ។ ថ្ងៃក្រោយអាចក្លាយទៅជាប្រទេសដែលមានសហគមន៍មួយ គឺយើងមិនមែនជាសហគមន៍ចែកជាប្លុកក្នុងអាស៊ានទេ ក៏ប៉ុន្តែ យើងស្ថិតនៅក្នុងស្ថានភាពជាក់ស្តែង ដែលចេញពីប្រទេសដែលអភិវឌ្ឍន៍តិចតួច ហើយដែលប្រឹងធ្វើសមាហរណកម្មជាមួយនឹងអាស៊ាន-ចិន។ ប៉ុន្តែ ថៃ និងវៀតណាមមានលទ្ធភាពខ្ពស់ជាងគេ ក្នុងចំណោមប្រទេសនៅក្នុងមេគង្គទាំង ៥ នេះ ដែលអាចជួយពន្លឿនទៅដល់ការអភិវឌ្ឍសម្រាប់ ឧទាហរណ៍ បញ្ហាពាក់ព័ន្ធនឹងធនធានមនុស្ស និងលើការតភ្ជាប់ដទៃទៀត គឺវៀតណាម និងថៃមានលទ្ធភាពខ្ពស់ជាង។
ឯមួយទៀត ខ្ញុំគួរតែត្រូវនិយាយ ពិតមែនតែនេះជាវេទិកាសេដ្ឋកិច្ចពិភពលោក ដែលហាមឃាត់មិនចង់ឲ្យនិយាយពីរឿងនយោបាយ (តែ)យើងគួរតែខិតខំដកឧបសគ្គនយោបាយខ្លះចេញពីបណ្តាប្រទេសនៅក្នុងក្របខណ្ឌមេគង្គ។ បើមិនដូច្នោះ អ្នកទាំង ៥ ដែលអង្គុយលើនេះ អត់គ្រប់លក្ខណសម្បត្តិតាមប្រទេសពួកអឺរ៉ុបទេ។ វៀតណាមមានបក្សតែមួយ មិនមែនជាប្រទេសសេរីពហុបក្ស ដូចអឺរ៉ុបចង់បានទេ។ ឡាវមានបក្សតែមួយ។ ឯខ្ញុំបោះឆ្នោតទើបនឹងរូច ខ្ញុំទើបនឹងបានធ្វើនាយករដ្ឋមន្រ្តីបាន ៤ ថ្ងៃទេ គឺរដ្ឋាភិបាលថ្មីរបស់ខ្ញុំ បន្ទាប់ពីបានធ្វើ ៣៣ ឆ្នាំហើយនោះ។ ឯ មីយ៉ាន់ម៉ា គឺកាន់តែធ្ងន់ធ្ងរទៅទៀត គឺត្រូវគេចោទថា ជាអ្នកប្រល័យពូជសាសន៍ ប៉ុន្តែ តើអ្នកទាំងអស់គ្នាបានមើលពីប្រទេសមីយ៉ាន់ម៉ាទេ? ស្គាល់ពីប្រទេសមីយ៉ាន់ម៉ាទេ? ដែលត្រូវដោះស្រាយបញ្ហាប្រឈមយ៉ាងច្រើន ទាក់ទងនឹងសន្តិសុខជាតិ ទាក់ទងនឹងការទាក់ទងពីក្រុមមួយទៅក្រុមមួយ ដែលត្រូវធ្វើការយោគយល់ចំពោះមីយ៉ាន់ម៉ា។
ក៏ប៉ុន្តែ នៅប្រទេសខាងក្រៅតំបន់របស់យើង គេតែង(ទាញអោយយើង)ត្រូវធ្វើតាមគេ តាមនេះ តាមនោះ ក្នុងពេលដែលលក្ខខណ្ឌតាមប្រទេសនីមួយៗមិនអាចធ្វើបានផង។ ឯនៅប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅទៀត ពិតមែនតែឥឡូវបានប្រកាសអំពីការបោះឆ្នោតនៅខែ កុម្ភៈ ខាងមុខ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយនេះជាសិទ្ធិជ្រើសរើស (តើត្រូវ)ទុកលទ្ធភាពឲ្យប្រទេសទាំងនេះបានសេចក្តីសុខខាងនយោបាយខ្លះទេ? ដើម្បីជម្រុញទៅដល់ការកសាងប្រទេស។ ខ្ញុំលើកបញ្ហានេះ មិនមែនចង់សំដៅជូនសារទៅប្រទេសណាទាំងអស់ ក៏ប៉ុន្តែ ខ្ញុំគិតថា ពួកមេគង្គនេះ សុទ្ធតែជាពួករងគ្រោះខាងនយោបាយ។ ដូច្នេះសូមស្នើថា ពួកអ្នកក្រៅតំបន់ ដែលមិនដឹងរឿងរបស់យើង ទុកឲ្យយើងដោះស្រាយបញ្ហារបស់យើងបានឬទេ?៕