៤ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោកបានជាង២លានតោន

FN ៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៤ខែដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម (ផ្លូវការ) ទៅកាន់ទីផ្សារពិភពលោកបាន ២,០០៧,០១២តោន។ របាយការណ៍បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា មានកំណើនគួរឲ្យគត់សម្គាល់ ពោលនៅ៤ខែឆ្នាំនេះមានចំនួន៣០ម៉ឺនតោន កើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ការនាំចេញដំឡូងមីក្រៀម និងស្រស់ មានបរិមាណជាង១២ម៉ឺនតោន, ការនាំចេញគ្រាប់ស្វាយចន្ទី មានបរិមាណជាង១៨ម៉ឺនតោន, ការនាំចេញគ្រាប់ពោតមានបរិមាណជាង៣ម៉ឺនតោន, ការនាំចេញចេក មានបរិមាណជិត១០ម៉ឺនតោន, ការនាំចេញផ្លែស្វាយ មានបរិមាណជាង៤ម៉ឺនតោន និងការនាំចេញកសិផលផ្សេងៗទៀត។ ទីផ្សារសម្រាប់កសិផលកម្ពុជា រួមមានទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន រុស្ស៊ី កូរ៉េ ឥណ្ឌា និងប្រទេសមួយចំនួនទៀត៕

សារលើហ្វេសប៊ុក អបអរសាទរខួបទី ២១ នៃការចូលជាសមាជិក អាស៊ាន របស់កម្ពុជា

អបអរសាទរ ខួប២១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក អាស៊ាន ថ្ងៃនេះគឺជាខួប ២១ ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិក អាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី ៣០ ខែមេសា ១៩៩៩ មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ ជាការពិត អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជាប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕

សារលើហ្វេសប៊ុក អំពី ការរឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស

បើកបរត្រូវគោរពច្បា ប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលនេះ ការរឹតបន្តឹងច្បាប់ ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕