FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ផ្សាយពិសេសព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសារជំងឺកូវីដ១៩ទាំងអស់ និងបានសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់កំពុងព្យាបាលជំងឺ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនមិនបានដើរមួយជំហានមុនរឿងសាងសង់ទីបច្ឆាបូជាសពអ្នកជំងឺកូវីដ១៩ទេ នឹងមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ តែសម្តេចបានគិតគូរមួយជំហានមុន ទោះមានការរិះគន់សម្តេចថា ប្រមាថជីវិតមនុស្សក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លងកាន់តែច្រើននៃអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានសរសើរវៀតណាម និងថៃ ដែលបានគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍បានល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃ១០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៨៣នាក់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការណ៍រាំងខ្ទប់ការធ្វើដំណើរ១៤ថ្ងៃ ប្រហែលមិនគ្រប់គ្រាន់ទេ អាចនឹងមានការពន្យារពេលបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ រដ្ឋនឹងបង់ជំនួសទឹក អគ្គិសនី ក្នុងកម្រិតសមរម្យមួយរយៈពេល៥ខែ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការជួយថ្លៃទឹក និងភ្លើងនេះ ជាការជួយសម្រួលការលំបាករបស់គ្រួសារសព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់គ្រួសារដែលមានសមាជិកកើតជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យរយៈពេល៣ខែ ចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រួសារដែលត្រូវធ្វើចត្តាឡីស័កកន្លែងតំបន់ត្រូវបិទខ្ទប់នោះ រដ្ឋនឹងជួយ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និងបង់ជំនួសថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យ ២ខែ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការឧបត្ថម្ភថវិកា និងជួយចេញថ្លៃទឹកភ្លើងហើយនោះ រដ្ឋក៏ជួយអង្ករ ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ សម្រាប់អ្នកធ្វើចត្តាឡីស័ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹក អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ សម្តេចតេជោ ហ៊ុន សែន បន្តថា បើមិនបាន ១០០ភាគរយ ក៏គួរមានជាបដិភាគ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះនឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ ដែលបានផ្តល់ការអនុគ្រោះក្នុងការបង់ការប្រាក់ និងប្រាក់ដើម សម្រាប់អ្នកកើតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋ ៣៤ម៉ឺននាក់ ត្រូវបានរៀបចំឥណទានឡើងវិញ ចាប់តាំងពីកម្ពុជារាតត្បាតដោយជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជារបបទីផ្សារផែនការ ដូច្នេះមិនអាចបង្គាប់បញ្ជាឱ្យវិស័យឯកជនធ្វើតាមខ្លួនបាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក៖
១៖ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២៖ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣៖ បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩
៤៖ បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។
៦៖ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីអាមេរិក ចូ បៃឌិន ពិចារណាបំណុលសម័យសាធារណរដ្ឋ ដែលប្រៀបដូចជាការយកពូថៅមកវៃក្បាលខ្មែរហើយ ឱ្យខ្មែរជូតឈាមលើពូថៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរឥរិយាបថជប៉ុន ដែលបានរកគ្រប់លទ្ធភាព ដើម្បីជួយដល់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានីភ្នំពេញ រឹបអូសយានជំនិះចំពោះអ្នកដែលបំពានបំរាមគោចរ ហើយឱ្យដើរទៅផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះសម្តេចបញ្ជាឱ្យបញ្ចេញថវិកា ៥ពាន់លានរៀល សម្រាប់អន្តរាគមន៍ស្បៀងអាហារអ្នកត្រូវរាំងខ្ទប់មិនឱ្យចេញពីផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាព្រឹត្តិការណ៍ធ្ងន់ធ្ងរសម្រាប់កម្ពុជា ដែលជាហេតុនាំឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទតំបន់ផ្ទុះកូវីដ១៩ខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវអនុញ្ញាតឱ្យមានការជួបជុំស៊ីផឹក ឬកម្មវិធីផ្សេងៗ រួមទាំងពិធីខួបកំណើតជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនត្រូវទុកចិត្តសូម្បីតែបងប្អូនបង្កើតរបស់ខ្លួន គឺត្រូវជឿតែខ្លួនឯងប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន ព្រមាន «K01» រឿងនិយាយទាមទារលក្ខខណ្ឌអន្តរាគមន៍មួយចំនួន ពាក់ព័ន្ធបំណុលធនាគារ និងថ្លៃទឹក ភ្លើងជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីចូលឆ្នាំខ្មែរនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ។ ជាពិសេសចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបន្លំនេះត្រូវតែផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែត្រូវមានការយោគយល់ចំពោះអ្នកមានភាពចាំបាច់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មិនស្រាកស្រានទេ សម្តេចនឹងពិចារណារឿងពន្យារពេលនៃការផ្អាកធ្វើដំណើរឆ្លងខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំលុងពេលនេះ មិនមែនជាពេលស្តីបន្ទោសគ្នានោះឡើយ គឺជាពេលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយទម្លាប់សម្តេចមិនដែលចេះបន្ទោសពេលមានបញ្ហានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរុករកអ្នកពាក់ព័ន្ធ និងធ្វើតេស្តសុខភាពឱ្យបានរហ័ស ដើម្បីបញ្ឈប់ជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមន្ទីរពិសោធន៍ត្រូវពិនិត្យកន្លែងហានិភ័យខ្ពស់មុន ហើយកន្លែងមិនមានហានិភ័យធ្វើក្រោយ។ សម្តេចតេជោ បានបញ្ជាក់ថា ការងាររបស់មន្ទីរពិសោធន៍មិនទាន់ឆ្លើយតបនឹងបញ្ហាអាសន្ននោះទេ។ សម្តេចតេជោ បានទម្លាយថា កន្លងមកសំណាកជាច្រើនត្រូវបានទុកចោល ដោយមិនពិនិត្យ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យពង្រឹងការធ្វើតេស្តសុខភាព ខណៈម៉ាស៊ីនធ្វើតេសនឹងមកដល់កម្ពុជាបន្ថែមទៀត នាពេលខាងមុខដ៏ខ្លីនេះ។
* សម្តេចតេជោ បានណែនាំលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានលើច្បាប់កូវីដ១៩ ពាក់ព័ន្ធការធ្វើចត្តាឡីស័ក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលពីរថ្ងៃនេះ អ្នកជំងឺកូវីដ១៩ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និង Great Duck។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់អគារពិព័រណ៍ និងអគាររៀបចំការនៅកោះពេជ្រ សម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពចេញជួយរៀបចំអគារនៅកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រសួងសុខាភិបាលចាត់ចែងរៀបចំគ្រែ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅគ្រប់ខេត្តឱ្យពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តបានលឿន។ ហើយខេត្តនីមួយៗក៏ត្រូវត្រៀមបម្រុងគ្រែពេទ្យយ៉ាងតិច៥០គ្រែ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំកន្លែងឃុំខ្លួន អ្នកទោសដែលមានផ្ទុកជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាជិត ១លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់ ដែលស្ថិតក្នុងអត្រាខ្ពស់មួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាង ១១លានដូស នឹងមកដល់ប្រទេសកម្ពុជា បើមិនមានអ្វីប្រែប្រួលទេនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចមានសិទ្ធិដាក់កាតព្វកិច្ចវ៉ាក់សាំង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចដើរមុនស្ថានការណ៍ ទើបសម្តេចតែងឈ្នះលើសមរភូមិនយោបាយ ហើយអ្នករិះគន់សម្តេចចាញ់រហូត ព្រោះធ្វើនយោបាយអត់មាយាទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃក្រោយអ្នកមិនចាក់វ៉ាក់សាំង នឹងមិនត្រូវគេអនុញ្ញាតឱ្យចូលប្រទេសគេនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើមេដឹកនាំគ្រប់គ្រងប្រទេសត្រូវតែម៉ត់ចត់ បើមិនម៉ត់ចត់មិនអាចដឹកនាំបានទេ។ សូម្បីព្រះចៅអធិការវត្ត ក៏ត្រូវមានវិន័យដែរ។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រុមអ្នកសិទ្ធិមនុស្សពិចារណា រវាងការដាក់ចេញវិធានការការពារជីវិតមនុស្ស និងទុកឱ្យមនុស្សស្លាប់ដោយជំងឺកូវីដ១៩ តើយកមួយណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេចង់ថាសម្តេចផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាទៅ តែសំខាន់សម្តេចការពារអាយុជីវិតពលរដ្ឋមួយប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា, ឧសភា ១លាន ៥សែនដូស, មិថុនា ៣លានដូស, កក្កដា ២លានដូស និងខែសីហា ១លានដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តធ្វើជាអ្នកផ្តាច់ការ ដើម្បីជាតិកម្ពុជារស់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរតស៊ូរហូតធ្វើប្រទេសមានសុខសន្តិភាព មានការគ្រប់គ្រងតែមួយ និងមិនមានអ្វីទាំងអស់ រហូតមានអគារខ្ពស់រាប់រយ។ សម្តេចចោទសួរថា តើនេះឬជាបុរសផ្តាច់ការ?
* សម្តេចតេជោ ហ៊ុន សែន ណែនាំលោកស្រី ឱ វណ្ណឌីន និងអ្នកពាក់ព័ន្ធថា ក្របខណ្ឌកងទ័ព និងមន្ត្រីរាជការស៊ីវិល ត្រូវតែបានចាក់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេបង្អាប់វ៉ាក់សាំងចិន តែពេលនេះបែរជាមានបញ្ហាវ៉ាក់សាំងរបស់អង់គ្លេសទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសទី២នៅថ្ងៃទី២៩ ខែមេសា តែបើត្រូវប្រជុំបន្ទាន់នៅហ្សាកាតា សម្តេចអាចចាក់មុនកំណត់។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំលោកស្រី ឱ វណ្ណឌីន ចាត់ចែងចាក់វ៉ាក់សាំងជូនជនពិការ បុព្វជិតសាសនា និងប្រជាការពារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ចំពោះការលំបាកក្នុងកំលុងនៃវិបត្តិជំងឺកូវីដ១៩នេះ។ សម្តេចតេជោ ក៏បានស្នើឱ្យអនុវត្តវិធានការការពារជំងឺកូវីដ១៩ ជាពិសេសអនុវត្តវិធាន «៣ការពារ និង៣កុំ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែមីនា កន្លងទៅ ចំណូលថវិកាផ្នែកពន្ធដា មានជាង ៦០០លានដុល្លារ និង
គយជាង ២០០លានដុល្លារ។ ដោយឡែករក្សាពេល៣ខែឆ្នាំនេះ ចំណូលពន្ធដារមានជាង ១ពាន់លានដុល្លារ និងគយ មានជាង ៦០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះមានអ្នកនយោបាយប្រឆាំងម្នាក់ សុំសិទ្ធិធ្វើនយោបាយឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន នឹងពិគ្រោះជាមួយគ្រូពេទ្យរឿងចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសទី២។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះប្រហែលមានតែកម្ពុជាទេ ដែលបានចាក់វ៉ាក់សាំងជូនជនបរទេសជាមន្ត្រីទូត ឬអង្គការអន្តរជាតិនានា។