ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់អង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិនូវបញ្ហាមួយចំនួន។ មុននឹងចូលដល់បញ្ហា ដែលខ្ញុំព្រះករុណាខ្ញុំត្រូវលើកមកបញ្ជាក់ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានទទួលមរណភាពក្នុងរយៈពេលកន្លងទៅដែលគិតមកដល់ត្រឹមពីម្សិលមិញនេះ គឺមានចំនួន ២៤ នាក់ ដែលនេះគឺជាមរណភាពលើកដំបូងនៅក្នុងដំណាក់កាលកូវីដ-១៩ជាងមួយឆ្នាំកន្លងផុតទៅ។ ជាមួយគ្នានេះអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខចំពោះអ្នកដែលមានជំងឺកូវីដ-១៩ ក៏ដូចជាចំពោះអ្នកដែលកំពុងជាប់ចត្តាឡីស័ក។
ការត្រៀមបច្ឆាសម្រាប់បូជាសព និងដីសម្រាប់បញ្ចុះសពកូវីដ-១៩ ត្រូវបានចោទថាមើលងាយជីវិតមនុស្ស
ដូចដែលព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា មុនពេលហេតុការណ៍មកដល់ ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដីឱ្យត្រៀមបម្រុងទុកនូវបច្ឆាសម្រាប់ការបូជាសព ក៏ដូចជាដីធ្លីដើម្បីបញ្ចុះសពទៅតាមប្រពៃណីនៃជនជាតិនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនោះមានមនុស្សមួយចំនួនក៏បានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំគឺជាអ្នកមើលងាយជីវិតរបស់ប្រជាជនទើបធ្វើបច្ឆាសម្រាប់ដុត។ ប៉ុន្តែសូមបងប្អូនជនរួមជាតិ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ គិតមើល ប្រសិនបើខ្ញុំព្រះករុណាខ្ញុំមិនដើរមួយជំហានមុនទេ នៅពេលដែលមានសាកសពកើតឡើងដូចរយៈពេលកន្លងទៅ តើវិធានការសុខាភិបាល និងវិធានការដទៃទៀតទាក់ទងទៅនឹងការបញ្ចុះសព ឬការបូជាសពនេះ តើគួរធ្វើយ៉ាងណា? ដោយសារតែយើងបានដើរមុនមួយជំហាន យើងអាចដោះស្រាយបានបញ្ហានេះ/នេះ។
កូវីដ-១៩ក្លែងភេទ និងអភិបាលកិច្ចមិនបានត្រឹមត្រូវ ជាបច្ច័យធ្វើឱ្យចំនួនឆ្លងកើនឡើង
ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ ដែលយើងហៅថា ព្រឹត្តិការណ៍ ២០ កុម្ភៈ មកដល់ពេលនេះគ្មានការថមថយទេ ប៉ុន្តែបែរជាធ្ងន់ កាន់តែធ្ងន់លើសមុន។ បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថាកូវីដ-១៩ក្លែងភេទ ហើយនិងការអភិបាលកិច្ចនៅទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឱ្យចំនួនកើនឡើង។ ក្នុងរយៈកាលជាងមួយឆ្នាំ ប្រទេសរបស់យើងមានអ្នកជំងឺត្រឹមតែជាង ៥០០ នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើងមានរហូតទៅដល់ ៤ ០៨០ នាក់។ ពីម្សិលអ្នកជំងឺរបស់យើងបានឆ្លងចំនួន ៥៧៦ នាក់ ថ្ងៃនេះទៀតឆ្លង ៤៨៣ នាក់។ ពីមុនកម្រណាស់ដែលយើងហៅពាក្យថា រាប់សិប គឺមានមួយ មានពីរ មានបួន មានប្រាំ ឬមានជាងដប់ ពាក្យរាប់សិបគឺមិនសូវមានទេ។ ប៉ុន្តែចាប់ពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមក ពាក្យរាប់សិបក្នុងមួយថ្ងៃគឺមានជារៀងរាល់ថ្ងៃ។ ពីរថ្ងៃនេះយើងមានពាក្យថារាប់រយក្នុងមួយថ្ងៃ។ នេះជាព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ប្រទេសជិតខាងរបស់យើង ដូចជាវៀតណាម បានគ្រប់គ្រងបានយ៉ាងល្អនៅក្នុងសភាពការណ៍ដែលវៀតណាមឆ្លងក្នុងសហគមន៍មុនយើង។ នៅប្រទេសថៃក៏គ្រប់គ្រងបានល្អ ទើបនឹងមានការឆ្លងរីករាលដាលនៅដំណាក់កាលចុងក្រោយនេះ ពីរបីថ្ងៃចុងក្រោយនេះ នៅទីក្រុងបាងកក។ សម្រាប់យើងការវាយប្រហារចំនៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ប៉ុន្តែបណ្តាខេត្តនានាមានចំនួនតិចតួចទេ។ ការវាយប្រហារធ្ងន់ធ្ងរគឺសម្រាប់ទីក្រុងភ្នំពេញតែម្តង ដែលគ្រាន់តែរោងចក្រមួយឈ្មោះ ឌីហាន មានចំនួនរហូតទៅដល់ ៦៣៨ នាក់ឆ្លង ក្នុងពេលនោះដែរផ្សារអូរឫស្សី ក៏មានអ្នកឆ្លងយ៉ាងច្រើន។
ហាមឃាត់ការធ្វើដំណើរ បិទតំបន់និងរមណីយដ្ឋាន ទូទាំងប្រទេសដើម្បីកាត់ផ្ដាច់ការចម្លង
ក្នុងស្ថានភាពដូចនេះ តម្រូវឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរក្រោមជាតិ ប្រកាន់យកនូវវិធានការ ដែល(ក្នុងនោះ)រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីច្បាប់បានចេញ។ បន្ទាប់ទៅ ខ្ញុំព្រះករុណាខ្ញុំបានចេញនូវសេចក្ដីសម្រេចមួយ ដើម្បីហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាននៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ បានសេចក្ដីថា យើងត្រូវទប់ស្កាត់នូវលំហូរនៃជំងឺពីតំបន់មួយទៅតំបន់មួយ ដើម្បីងាយកាត់ផ្ដាច់។ ពិតមែនហើយថា វិធានការកាត់ផ្ដាច់រយៈពេល ១៤ ថ្ងៃនេះ ប្រហែលជាមិនគ្រប់គ្រាន់ទេ។ យើងនឹងពិនិត្យតទៅទៀត។ អាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជារាជធានីភ្នំពេញ បានបិទដែលពាក់ព័ន្ធនឹងតំបន់មួយចំនួន ហើយយប់មិញនេះបានបិទពាក់ព័ន្ធនូវដែនដីមួយចំនួននៃខណ្ឌ ៣។ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តខ្លះទៀត ក៏ធ្លាប់មានការបិទ ហើយក៏កំពុងតែបន្តបិទផងដែរ។
អន្តរាគមន៍រដ្ឋជួយដល់គ្រួសារពលរដ្ឋដែលមានអ្នកស្លាប់ អ្នកកើត និងអ្នកជាប់ការបិទខ្ទប់ដោយកូវីដ-១៩
ក្នុងសភាពការណ៍ដូចនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងដំណាក់កាលនៃការបាត់បង់ជីវិតនៃក្រុមគ្រួសារ ក៏ដូចជាក្នុងដំណាក់កាលនៃគ្រួសារដែលមានកូវីដ-១៩ ក៏ដូចជាក្រុមគ្រួសារ ដែលត្រូវបិទខ្ទប់មិនឱ្យចេញទៅណា ខ្ញុំព្រះករុណាខ្ញុំចាំបាច់ត្រូវតែរៀបចំធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែគឺជាលទ្ធភាពពិតប្រាកដ។ ក្នុងនេះគឺមិនមែនគ្រាន់តែអនុវត្តត្រឹមតែទីក្រុងភ្នំពេញទេ គឺមានវិសាលភាពទូទាំងប្រទេស ហើយអនុវត្តតែក្នុងករណីព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ តមក ដោយមិនវិលត្រឡប់ទៅឆ្នាំ ២០២០ នោះទេ ឬមុនថ្ងៃទី ២០ ខែកុម្ភៈនោះទេ។
ថ្ងៃនេះ ក្រៅពីអន្តរាគមន៍ដែលខ្ញុំព្រះករុណាខ្ញុំនឹងលើកបន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំនឹងនិយាយអំពីវិធានការមួយចំនួនដែលត្រូវប្រកាន់យកសម្រាប់ការឆ្លើយតបជាមួយនឹងសភាពការណ៍ដ៏អាក្រក់ ដែលយើងត្រូវចាំបាច់កាត់ផ្ដាច់ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ កាត់ផ្ដាច់ការចម្លងពីតំបន់មួយទៅតំបន់មួយ តាមរយៈការបិទខ្ទប់មិនឱ្យឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ការបិទខ្ទប់នូវតំបន់ខ្លះមិនឱ្យចេញ ហើយត្រូវធ្វើការបិទខ្ទប់មិនឱ្យចាកចេញ ឬតម្រូវឱ្យធ្វើចត្តាឡីស័ក។ ប៉ុន្តែការតម្រូវទាំងនេះវាទាមទារឱ្យយើងត្រូវគិតគូរទៅដល់ជីវភាពប្រជាជនជាចាំបាច់។
ខ្ញុំព្រះករុណាខ្ញុំសូមចាប់ផ្ដើមពីអន្តរាគមន៍ចំពោះគ្រួសារពលរដ្ឋកម្ពុជា ដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩។ (ទី ១) រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីក្នុងកម្រិតអប្បបរមាសមរម្យមួយ សំរាប់រយៈពេល ៥ ខែ គឺចាប់ពីខែដែលអ្នកជំងឺកូវីដ-១៩ជាសមាជិកគ្រួសារនោះបានទទួលមរណភាព។
ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ទៅលើចំណុចនេះ។ កន្លងទៅ សពនីមួយៗទទួលបាននូវថវិកាចំនួន ១០ លានរៀល និងអង្ករ ១០០ គ.ក។ មានន័យថា ៥ លានរៀលទទួលពីក្រសួងសុខាភិបាល ឯ ៥ លានរៀល និងអង្ករ ១០០ គ.ក ទៀត ទទួលពីសាលាក្រុងភ្នំពេញ នេះជាការឧបត្ថម្ភ។ ទន្ទឹមនឹងការឧបត្ថម្ភនេះ រដ្ឋនឹងជួយទៅដល់ក្រុមគ្រួសារនៃអ្នកដែលមានសមាជិកស្លាប់(ដោយសារជំងឺកូវីដ-១៩)នៅក្នុងគ្រួសារនីមួយៗ នូវការបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ៥ ខែ។ យើងទើបនឹងមានអ្នកស្លាប់ចំនួន ២៤ នាក់ ក្នុងនោះ គឺមានជនបរទេសជាជនជាតិកូរ៉េ និងចិន។ យើងដោះស្រាយតែជនជាតិកម្ពុជាតែប៉ុណ្ណោះ។ អាចសម្រាលអ្នកដែលនៅរស់រានមានជីវិត ដោយមិនទទួលបន្ទុកបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ៥ ខែ ក៏ជាការបន្ធូរបន្ថយមួយនូវការលំបាកសម្រាប់ក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារ។ នេះជាអន្តរាគមន៍ទី ១ សំរាប់ក្រុមគ្រួសារដែលមានមនុស្សទទួលមរណភាពដោយសារកូវីដ-១៩។ ខ្ញុំសូមបញ្ជាក់នៅទីនេះ គឺ(សម្រាប់តែអ្នកស្លាប់)ដោយសារកូវីដ-១៩ មិនមែនអ្នកស្លាប់ទាំងអស់ យកមកដោះស្រាយជាមួយគ្នានោះទេ។
ទី ២ ចំពោះគ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ តែមិនមានអ្នកស្លាប់ រដ្ឋនឹងជួយបង់ជំនួសសម្រាប់ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនី ក្នុងកម្រិតអប្បបរមាសមស្របមួយ ក្នុងរយៈពេល ៣ ខែ ចាប់ពីខែដែលសមាជិកម្នាក់នៃគ្រួសារនោះបានឆ្លងកូវីដ-១៩ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
មានន័យថា ក្រុមគ្រួសារណាដែលមានទទួលកូវីដ-១៩ គឺរដ្ឋនឹងជួយបង់នូវថ្លៃទឹក ថ្លៃភ្លើង រយៈពេល ៣ ខែ។ ប៉ុន្តែ ខ្ញុំក៏សូមបញ្ជាក់នៅទីនេះឱ្យបានច្បាស់ថា គ្រួសារខ្លះ ក្នុងមួយគ្រួសារ ៥ នាក់ កើតទាំង ៥ នាក់ក្នុងផ្ទះ តើត្រូវបង់ឱ្យគ្រប់គ្នាឬទេ? អត់ទេ គឺបង់សម្រាប់តែផ្ទះហ្នឹងមួយទេ ទាំងថ្លៃទឹក និងភ្លើង ដោយសារអ្នកទាំងនោះនៅជាមួយគ្នា។ មិនអាចចែករំលែកផ្ទះមួយចែកទៅជា ៥ នោះទេ សូមបញ្ជាក់កន្លែងនេះ។ ដូច្នេះ អ្នកដែលមានជំងឺកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងថ្លៃភ្លើង សម្រាប់រយៈពេល ៣ ខែ ដែលអាចកាត់បន្ថយនូវការលំបាកសម្រាប់អ្នកដែលមានជំងឺកូវីដ-១៩។
ទី ៣ ចំពោះគ្រួសារដែលទទួលរងការធ្វើចត្តាឡីស័កនៅតំបន់ដែលត្រូវអនុវត្តវិធានការបិទខ្ទប់ រដ្ឋនឹងឧបត្ថម្ភថវិកា ៣០ ម៉ឺនរៀលក្នុងមួយគ្រួសារ ព្រមទាំងជួយបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក និងអគ្គិសនី ក្នុងកម្រិតអប្បបរមាសមរម្យមួយ សម្រាប់រយៈពេល ២ ខែ គឺចាប់ពីខែដែលអាជ្ញាធរមានសមត្ថកិច្ចដាក់ឱ្យអនុវត្តវិធានការបិទខ្ទប់ ចំពោះអ្នកទទួលរងនូវការធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលរៀបរយ និងនៅតាមក្រៅតំបន់បិទខ្ទប់ គឺត្រូវបានទទួលនូវការជួយឧបត្ថម្ភតាមគោលការណ៍ ដែលកំពុងត្រូវបានអនុវត្តជាធរមាន។
ចំណុចនេះគឺមាន ២ ផ្នែក ដែលខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជម្រាបជូន។ អ្នកដែលនៅក្រៅតំបន់បិទខ្ទប់ រាជរដ្ឋាភិបាលក៏នឹងផ្ដល់ជំនួយឧបត្ថម្ភប្រាក់ ៣០ ម៉ឺនរៀល ក្នុងមួយគ្រួសារ និងក៏បង់ថ្លៃទឹក ថ្លៃភ្លើងជំនួសចំនួន ២ ខែផងដែរ។ នេះគឺសម្រាប់អ្នកដែលមិននៅក្នុងតំបន់ដែលបិទខ្ទប់ដោយអាជ្ញាធរ។ ប៉ុន្តែ សម្រាប់អ្នកដែលបិទខ្ទប់ដោយអាជ្ញាធរ រដ្ឋក៏ត្រូវឧបត្ថម្ភថវិកា ៣០ ម៉ឹនរៀល ក្នុងមួយគ្រួសារ ហើយក៏នឹងបង់នូវថ្លៃទឹក និងភ្លើងចំនួន ២ ខែផងដែរ។ បន្ថែមលើនោះ ដោយសារតែយើងបិទខ្ទប់មិនអាចចេញទៅណាបាន ក្រៅពីប្រាក់ ៣០ ម៉ឺនរៀល ការប្រើប្រាស់ទឹក និងភ្លើង រយៈពេល ២ ខែ ដែលរដ្ឋត្រូវបង់ជំនួស ខ្ញុំបានចេញបទបញ្ជា ឱ្យសាលារាជធានីភ្នំពេញ ហើយក៏សុំចេញបទបញ្ជានេះទៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសអនុវត្តដូចៗគ្នា គឺត្រូវផ្ដល់អង្ករក្នុងមួយគ្រួសារចំនួន ២៥ គ.ក មីមួយកេសតូច និងត្រីខ ២០ កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗទទួលទាន។ អញ្ចឹង ក្រៅពីជំនួយ ៣០ ម៉ឺនរៀល ក្នុងមួយគ្រួសារ នៅបានទទួលអង្ករ ២៥ គ.ក មីមួយកេសតូច និងត្រីខ ២០ កំប៉ុង ហើយក៏សុំអនុវត្តចំពោះអ្នកធ្វើចត្តាឡីស័កដទៃទៀត ដែលមិនស្ថិតនៅក្នុងរង្វង់តំបន់បិទខ្ទប់។ នេះគឺជាអន្តរាគមន៍ ដូចជាអន្តរាគមន៍នៃការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយប្រជាពលរដ្ឋរបស់យើង។
ខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចថា សម្រាប់កម្មករ/ការិនីដែលពាក់ព័ន្ធទៅនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក បើទោះបីម្នាក់ ក៏ចាត់ទុកថា មួយគ្រួសារដូចគ្នា។ សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងបណ្ដាអភិបាលខេត្ត ត្រូវចាត់ទុកថា មនុស្សម្នាក់ដែលនៅតាមផ្ទះជួលម្នាក់ឯង គ្រួសារគាត់នៅឆ្ងាយ ចាត់ទុកថាគាត់គឺជាគ្រួសារមួយ។ ប៉ុន្តែ សម្រាប់ថ្លៃទឹក/ភ្លើងវិញ បន្ទប់ជួលមួយ អាចនៅ ២ ឬ ៣ នាក់ គឺយើងចេញថ្លៃទឹក ថ្លៃភ្លើង សម្រាប់តែមួយបន្ទប់ ដែលមាន ២ ឬ ៣ នាក់ហ្នឹង … បន្ទប់មួយនៅម្នាក់ឯងក៏ចេញប៉ុណ្ណឹង បន្ទប់មួយទៀតនៅ ២ ឬ ៣ នាក់ ក៏ចេញប៉ុណ្ណឹង។ អញ្ចឹងសូមក្ដាប់ឱ្យជាប់។ ការបង់នេះ គឺបង់ជំនួសកម្មករ/ការិនីដែលមានជំងឺកូវីដ-១៩ ហើយយើងបង់(ថ្លៃទឹក/ភ្លើង)រហូតទៅដល់ ៣ ខែឯណោះ។ ប៉ុន្តែ(កម្មករ/ការិនី)ដែលធ្វើចត្តាឡីស័ក គឺបង់(ថ្លៃទឹក/ភ្លើង) ២ ខែ ហើយនិងទទួលបាននូវជំនួយឧបត្ថម្ភផ្សេងៗ។
មិនមែនឧបត្ថម្ភសំរាប់តែអ្នកកើតកូវីដ-១៩ មកសម្រាកមន្ទីរពេទ្យទេ សំរាប់ក្រុមគ្រួសាររបស់អ្នកជំងឺផងដែរ
នេះជាការបញ្ជាក់ ដែលយើងកម្រិតកំណត់ទី១ រដ្ឋបង់ជំនួសថ្លៃទឹក ថ្លៃភ្លើងសម្រាប់ ៥ ខែ គឺទៅលើករណីនៃអ្នកទទួលមរណភាពដោយសារកូវីដ-១៩។ ទី ២ សម្រាប់អ្នកកើតកូវីដ-១៩ គឺត្រូវបង់ជំនួស ៣ ខែ។ (និង)ទី ៣ សម្រាប់អ្នកធ្វើចត្តាឡីស័កនៅតំបន់ដែលបិទខ្ទប់ គឺយើងអនុវត្តបង់ជំនួសត្រឹមរយៈពេល ២ ខែ។ ក៏ប៉ុន្តែជំនួយឧបត្ថម្ភ គឺមានការចំាបាច់សម្រាប់អ្នកកើតកូវីដ-១៩ ព្រោះអ្នកកើតកូវីដ-១៩ គឺអាចមកព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រួសាររបស់គេក៏ត្រូវធ្វើចត្តាឡីស័ក ដែលយើងត្រូវឧបត្ថម្ភទៅដល់អ្នកទាំងនោះ។ កាលណាមានក្រុមគ្រួសារមកនៅសម្រាកនៅមន្ទីរពេទ្យហើយ បុគ្គលម្នាក់ជាឪពុក ឬជាម្ដាយ ឬជាបងប្អូន មកនៅមន្ទីរពេទ្យហើយ (ថ្វីត្បិតតែគាត់)ទទួលការឧបត្ថម្ភនៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រួសារក៏ត្រូវបានទទួលការឧបត្ថម្ភនៅទីនោះ។ អ្នកមកមន្ទីរពេទ្យ គឺរដ្ឋទទួលបន្ទុកចិញ្ចឹមថែទាំ និងព្យាបាលដោយឥតគិតថ្លៃ ប៉ុន្តែក្រុមគ្រួសារក៏ត្រូវបានទទួលជំនួយឧបត្ថម្ភ ដោយសារត្រូវធ្វើចត្តាឡីស័ក។
ខ្ញុំសុំប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក៏ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដឹកនាំសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកម្រិតកំណត់ទៅលើកម្រិតអប្បបរមាសមរម្យជាមួយនឹងស្ថាប័នអគ្គិសនីកម្ពុជា ជាមួយនឹងរដ្ឋាករទឹកដែលគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម។
អ្នកមានជីវភាពធូរធារនៅតំបន់បិទខ្ទប់ មិនចាំបាច់ទទួលយកជំនួយឧបត្ថម្ភពីរដ្ឋ
ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ថា អ្នកនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ដែលហ៊ុមព័ទ្ធដោយទំហំទ្រង់ទ្រាយណាមួយនោះ ក៏មានអ្នកមានគួរសម។ ខ្ញុំនឹងអរគុណចំពោះអ្នកមានជីវភាពធូរធារទាំងនោះ ដែលអាចឆ្លើយតបបានថា មិនមានការចាំបាច់ដើម្បីទទួលយកជំនួយឧបត្ថម្ភពីរដ្ឋទេ ទាំងថ្លៃទឹក ទាំងថ្លៃភ្លើង ទាំងជំនួយដទៃទៀត ដើម្បីទុកលទ្ធភាពឱ្យរដ្ឋប្រើប្រាស់នូវជំនួយរបស់រដ្ឋ ឧបត្ថម្ភចំពោះអ្នកក្រីក្រជាង។ អ្នកមានខ្លះប្រើប្រាស់(ថ្លៃទឹក/ភ្លើង)មួយខែៗរាប់លានរៀល គឺវាច្រើនសន្ធឹកសន្ធាប់ណាស់សម្រាប់តំបន់នោះ។ ដូច្នេះសង្ឃឹមថា ក្រុមអ្នកធូរធារដែលនៅក្នុងតំបន់ដែលបិទខ្ទប់ ដែលអង់គ្លេសហៅថា Lockdown នោះ គឺមានការរីករាយជាមួយការបញ្ជូនត្រឡប់មកវិញថា មិនទទួលយកជំនួយឧបត្ថម្ភរបស់រដ្ឋទេ ដោយសារខ្លួនមានលទ្ធភាពបង់ថ្លៃទឹក ថ្លៃភ្លើង និងមានលទ្ធភាពទាំងអង្ករ និងម្ហូបអាហារផ្ទាល់ខ្លួនរួចហើយ។
ដូចករណីកាលពីចូលជំនួយទិញវ៉ាក់សាំង ពេលនោះមានអ្នកដែលមានជីវភាពធូរធារមួយចំនួន បានចូលមកខម្មិនក្នុងហ្វេសប៊ុករបស់ខ្ញុំថា បើទោះបីខ្ញុំមិនបានចូល(ថវិកាទិញវ៉ាក់សាំង) ប៉ុន្តែខ្ញុំសុំចេញប្រាក់ដើម្បីចាក់វ៉ាក់សាំងជូនក្រុមគ្រួសាររបស់ខ្ញុំ និងអ្នកនៅជាមួយ។ គាត់មិនបានចូលប្រាក់ ក៏ប៉ុន្តែគាត់ចង់ចាក់វ៉ាក់សាំង ដោយគិតប្រាក់ ដើម្បីទុកវ៉ាក់សាំងនោះប្រើប្រាស់ចំពោះអ្នកក្រីក្រជាង។ ប៉ុន្តែ រាជរដ្ឋាភិបាលមិនអាចធ្វើបានទេ ដោយសារតែគោលការណ៍របស់យើង ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សង្ឃឹមថា អ្នកនៅក្នុងតំបន់ដែលធ្វើចត្តាឡីស័ក ហើយដែលត្រូវធ្វើបិទខ្ទប់ Lockdown នេះ នឹងមានកាយវិការមួយដើម្បីឆ្លើយតបជាមួយនឹងបញ្ហាដែលកំពុងកើតឡើង។ អាចនឹងមានសប្បុរជនមួយចំនួនចូលរួមនៅក្នុងកន្លែងនោះ។ ប្រសិនបើទទួល ក៏អាចប្រើប្រាស់របស់នេះ ជួយចំពោះអ្នកក្រីក្រជាងដែលនៅក្បែរខាងខ្លួន គឺជាការប្រសើរ។ ពេលនេះជាងពេលណាៗទាំងអស់ ដែលយើងត្រូវជួយគ្នា។
សូមក្រុមហ៊ុនអគ្គិសនី រដ្ឋាករទឹកស្វយ័ត ចូលរួមឧបត្ថម្ភអ្នកស្លាប់ អ្នកកើត អ្នកធ្វើចត្តាឡីស័ក ដោយ កូវីដ-១៩ នៅតំបន់បិទខ្ទប់
រាជរដ្ឋាភិបាលអំពាវនាវចំពោះក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកស្វយ័ត ក្រុមហ៊ុនអគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន សូមជួយចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាមួយនឹងការផ្គត់ផ្គង់របស់រដ្ឋជូនចំពោះអ្នកដែលមានសមាជិកគ្រួសារស្លាប់ ជាមួយនឹងសមាជិកគ្រួសារដែលមានកូវីដ-១៩ និងអ្នកជាប់ធ្វើចត្តាឡីស័ក។ បើមិនបាន ១០០ ភាគរយទេ ក៏មានបដិភាគមួយចំនួន។ ឧទាហរណ៍ រាជរដ្ឋាភិបាលចេញបានប៉ុន្មាន ក្រុមហ៊ុនអគ្គិសនីចេញបានប៉ុន្មាន? រាជរដ្ឋាភិបាលចេញបានប៉ុន្មាន រដ្ឋាករទឹកចេញបានប៉ុន្មាន? ដើម្បីរួមគ្នាជួយដោះស្រាយបញ្ហាដ៏ធំនៅក្នុងសង្គមជាតិ។ ឯរឿងនេះ ត្រូវអនុវត្ត មិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញទេ តែរាជរដ្ឋាភិបាលត្រូវធ្វើនៅក្នុងក្របខណ្ឌទូទាំងប្រទេសតែម្ដង។ ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យអ្នកដែលជាប់ធ្វើចត្តាឡីស័ក ដោយមានវិធានការតម្រូវហ្មត់ចត់ ដោយមានការហ៊ុមព័ទ្ធមិនអាចចេញទៅណាបាន ខ្វះស្បៀងអាហារនោះទេ។
ត្រៀមស្បៀងអាហារជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័ក មិនឱ្យមាននរណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាន
ថ្ងៃមុន ខ្ញុំបានមើលឃើញ ដោយសារចុះបិទភ្លាម ខណ្ឌមិនទាន់យក(ជំនួយស្បៀងអាហារ)ទៅដល់នៅភូមិទី ១៦ នៃសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ខ្ញុំបានប្រើឯកឧត្តម ឃួង ស្រេង ដឹកអង្ករ និងមីជាបន្ទាន់ ទៅផ្គត់ផ្គង់ឱ្យប្រជាជនក្នុងតំបន់នោះ។ មួយថ្ងៃបន្ទាប់ ឱ្យដឹកបន្ថែមទៅ និងមានប្រាក់កាសទៅជាមួយ។ ព្រឹកនេះ ខ្ញុំបានឱ្យឯកឧត្តម ឃួង ស្រេង ប្រញាប់ប្រញាល់ដឹកទៅចែកជូនចំពោះតំបន់ដែលត្រូវធ្វើចត្តាឡីស័ក ដែលសាលារាជធានីភ្នំពេញចេញវិធានការយប់មិញនេះ គឺត្រូវតែផ្គត់ផ្គង់នៅក្នុងថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហាទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ (ដែល)មិនអាចចេញទៅរកស៊ីបានទេ។ បើគាត់មិនអាចចេញទៅរកស៊ីបាន វិធីតែមួយគត់ គឺត្រូវផ្ដល់ឱ្យគាត់មួយគ្រួសារ ៣០ ម៉ឺនរៀល ប្រហាក់ប្រហែល ៧០ ដុល្លារដែរ អង្ករ ២៥ គីឡូក្រាម បូកនឹងមីមួយកេស បូកនឹងត្រីខ ២០ កំប៉ុង អាចទទួលទានអាហារប៉ុណ្ណឹង។ វាគ្រាន់បើជាងសម័យសង្រ្គាម ដែលយើងគ្មានអ្វីស៊ីផង ពេលនោះ យើងស៊ីបាយក្រៀម ប៉ុន្តែពេលនេះ យើងមានទទួលទាន។ ពេលទៅខាងមុខ យើងក៏អាចមានផលចំណេញពីការបង់ថ្លៃទឹក ថ្លៃភ្លើងជំនួសរយៈពេល ២ ខែផងដែរ។ ដូច្នេះ អ្នកធ្វើចត្តាឡីស័កនៅកម្ពុជាទទួលបាន … ពិតមែនតែមិនអាចប៉ះប៉ូវនូវអ្វីដែលខ្លួនទទួលបានប្រចាំថ្ងៃទេ ក៏ប៉ុន្តែ វាជាការកាត់បន្ថយការលំបាក ដោយមិនឱ្យប្រជាពលរដ្ឋអត់ឃ្លាននោះដែរ។ នេះជាអន្តរាគមន៍ដោយផ្ទាល់របស់រាជរដ្ឋាភិបាលក្នុងថវិកាជាតិ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសមាជិកទទួលមរណភាព សមាជិកមានវិជ្ជមានកូវីដ-១៩ និងមានសមាជិកត្រូវធ្វើចត្តាឡីស័ក។
អរគុណសមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារ រៀបចំឥណទានឡើងវិញ កាលពីខែកុម្ភៈ ឆ្នាំ ២០២១
ក្រៅពីនេះ ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដែលបានចេញប្រកាសកាលពីថ្ងៃទី ៧ ខែមេសា កន្លងទៅ ហើយដែលខ្ញុំសុំយកឱកាសនេះ ធ្វើអត្ថាធិប្បាយ និងសុំបន្ថែមជំនួសឱ្យកូនបំណុល។ ខ្ញុំសុំអរគុណណាស់ជាមួយនឹងការរៀបចំឥណទានឡើងវិញ។ កាលពីខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅនេះ មាន ៣៤ ម៉ឺននាក់ត្រូវបានរៀបចំឥណទានឡើងវិញ ក្នុងទំហំជាង ៤ ពាន់លានដុល្លារ។
ឥឡូវនេះ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ បានលើកឡើងនូវ ៦ ចំណុចសំខាន់ ដែលខ្ញុំសុំអាន ហើយក៏សុំធ្វើអត្ថាធិប្បាយ៖
ទី១ សម្រាប់អតិថិជនដែលឆ្លង កូវីដ-១៩, (សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ) លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ, ប្រសិនបើអតិថិជនយល់ព្រម, រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល ៣ ខែ។ រាល់អតិថិជនដែលឆ្លង កូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្ដវិជ្ជមាន កូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ចំណុចនេះល្អហើយ តែសុំឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ប្រសិនបើបន្ថែមពេលបាន ក៏គួរតែត្រូវបន្ថែម។ ឧទាហរណ៍ រយៈពេលលើកលែងការប្រាក់រយៈពេល ១ ខែ ប្រសិនបើពន្យារបានដល់ ២ ខែ វាក៏ជាការល្អ។ នេះជាការស្នើសុំរបស់ខ្ញុំ។ (ដែលស្នើដូចនេះ)ដោយសារគ្នាជាប់ កូវីដ-១៩ ទៅហើយ ដូច្នេះការសងត្រឡប់ទៅវិញ និងការពិន័យ ចាំបាច់(ត្រូវអោយមាន)ការអនុគ្រោះ។ ដោយសារប្រទេសយើងមិនមែនជាប្រទេសសេដ្ឋកិច្ចផែនការ យើងមិនអាចដាក់បញ្ជាឱ្យវិស័យឯកជនទទួលយកតាមបំណងរបស់ខ្លួនបានទេ។ ខ្ញុំសូមជម្រាបថា អ្នកដែលមានជំងឺកូវីដ-១៩ គឺមិនមានច្រើនហួសហេតុពេកទេ ដែលធ្វើឱ្យចំនួនអ្នកដែលខ្ចីប្រាក់ គាបសង្កត់ទៅលើធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ។
ខ្ញុំយល់ដឹងយ៉ាងច្បាស់ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺជាកូនបំណុលផង និងជាម្ចាស់បំណុលផង។ តើអ្វីទៅជាកូនបំណុល? ម្ចាស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺជាកូនបំណុលនៅត្រង់ថា ម្ចាស់បំណុលជាអតិថិជនដែលយកប្រាក់ទៅផ្ញើ (ហើយ)ទទួលយកការប្រាក់។ ដូចជាការប្រាក់ ៥ ភាគរយ ម្ចាស់បំណុលយកទៅដាក់ គឺអតិថិជនយកទៅដាក់ អញ្ចឹងធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺជំពាក់ម្ចាស់បំណុលដទៃទៀត។ អញ្ចឹងនេះគេហៅថាជាកូនបំណុល ព្រោះត្រូវខ្ចីលុយរបស់អតិថិជនដែលគេយកមកផ្ញើ ហើយត្រូវសងការប្រាក់គេជាចំាបាច់។ បន្ទាប់ទៅខ្លួននឹងក្លាយទៅជាម្ចាស់បំណុល ដោយយកប្រាក់ដែលគេយកមកផ្ញើនេះ យកទៅឱ្យខ្ចីបន្ត ដោយមានអត្រាការប្រាក់ខ្ពស់ជាង។ យើងមិនបណ្ដោយឱ្យធនាគារដួលរលំនោះទេ ដូចវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០០៨ ចាប់ផ្ដើមពីការដួលរលំនៃធនាគារនៅក្នុងប្រទេសជឿនលឿនខ្លះនោះដែរ។
ខ្ញុំសុំស្នើឱ្យមានវិសាលភាពពាក់ព័ន្ធជាមួយនឹងកម្មករដែលបាត់បង់ការងារធ្វើ ហើយដែលមានការពាក់ព័ន្ធជាមួយនឹង កូវីដ-១៩ ផងដែរ។ ឥឡូវកម្មករ គ្រាន់តែរោងចក្រមួយ មាន ៦៣៨ នាក់ ឆ្លង កូវីដ-១៩។ បានសេចក្ដីថា បើកម្មករនេះឬក្រុមគ្រួសារកម្មករនេះមានបំណុលធនាគារ (ឬមីក្រូហិរញ្ញវត្ថុ) ក៏សុំអធ្យាស្រ័យឱ្យបានទៅដល់ក្រុមគ្រួសារនេះផងដែរ។ សូមសិក្សាអំពីបញ្ហានេះជាមួយនឹងអតិថិជនផ្ទាល់តែម្ដង ព្រោះអ្នកដែលកើត កូវីដ-១៩ រកប្រាក់ចិញ្ចឹមក្រុមគ្រួសារ តែជាប់ កូវីដ-១៩ ហើយ ដូច្នេះត្រូវទទួលបាននូវការពន្យារពេលសង ផ្អាករាល់ការផាកពិន័យ ហើយរៀបចំឥណទានឡើងវិញយ៉ាងណានោះ គឺត្រូវធ្វើជាក់ស្ដែង។
ទី ២ អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម រួមទាំងការពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល ១ ខែ លើកលែងរាល់ការផាកពិន័យទាំងអស់។
នេះជាការល្អហើយសម្រាប់អ្នកជាប់ធ្វើចត្តាឡីស័ក ដែលត្រូវបានរៀបចំឥណទានឡើងវិញ ពន្យារការសងប្រាក់ដើម ការប្រាក់រយៈពេល ១ ខែ។ ប៉ុន្តែខ្ញុំសុំឱ្យពិចារណាអំពីការពន្យារពេលបន្ថែម ប្រសិនបើអាចធ្វើទៅបានព្រោះចំនួននេះក៏មិនច្រើនហួស ទៅផុតពីសមត្ថភាពនៃធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះដែរ។
ទី ៣ បន្តធ្វើការផ្ដល់ជូននូវការរៀបចំឥណទានឡើងវិញឱ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺ កូវីដ-១៩។
ចំណុចនេះ បើនិយាយពីផលប៉ះពាល់ គឺពិតជាមាន។ អ្វីដែលខ្ញុំសុំក្នុងចំណុចទី ៣ នេះ គឺសុំកុំឱ្យមានការផាកពិន័យ លើកលែងការផាកពិន័យចោលប្រៀបធៀបទៅនឹងកិច្ចសន្យាចាស់។ កិច្ចសន្យាចាស់ក្នុងស្ថានភាពធម្មតា តែឥឡូវនេះ យើងស្ថិតក្នុងកាលៈទេសៈនៃប្រធានស័ក្ដិ សុំកុំឱ្យមានការផាកពិន័យ។ ខ្ញុំសុំឱ្យក្នុងរយៈកាលនៃដំណាក់កាល កូវីដ-១៩ នេះ ការប្រើប្រាស់ការផាកពិន័យ បន្ថែមទៅលើ កូវីដ-១៩ ពិន័យរួចស្រេចទៅហើយ ហើយយើងទៅពិន័យបន្ថែមទៀត គឺមិនសមរម្យ មិនសមស្រប ដែលយើងត្រូវជួយគ្នា។ នេះជាអតិថិជនរបស់យើង ដែលយើងត្រូវជួយគ្នា។ នេះជាអតិថិជនរបស់យើង ដែលយើងត្រូវទទួលការរៀបចំឥណទានឡើងវិញ។ (មាន)ការយឺតយ៉ាវទៅលើការបង់(សង តែគប្បី)ចៀសវាងនូវការផាកពិន័យ។ ដកចេញរបស់ដែលហៅថា ការផាកពិន័យ គឺវាជាការល្អបំផុត។ ប៉ុន្តែក៏ត្រូវតែមើលដែរ មិនមែនអតិថិជន ដូចៗគ្នានោះទេ។ មានមុខរបរខ្លះ (ដែល)បែរទៅជាទទួលចំណូលច្រើនជាងពេលមុនកូវីដ-១៩ទៅទៀត ក៏មិនអាចចេះតែបណ្តែតបណ្តោយនោះទេ។ ប៉ុន្តែភាគច្រើនគឺទទួលរងផលប៉ះពាល់ហើយ។ ខ្ញុំសូមស្នើថា ការផាកពិន័យក្នុងដំណាក់កាលកូវីដ-១៩ មិនគួរត្រូវបានធ្វើនោះទេ។ ការរឹបអូសក៏មិនត្រូវបានគួរធ្វើក្នុងដំណាក់កាលនេះដែរ។
ទី ៤ បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្តនិងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្ម មុន និងក្រោយពេលមានវិបត្តិ។
ចំណុចនេះខ្ញុំចង់និយាយបន្តិចទៅកាន់ម្ចាស់បំណុល។ តើម្ចាស់បំណុលនោះជាអ្នកណា? ដូចដែលខ្ញុំបានលើកពីខាងដើម ម្ចាស់បំណុលគឺជាអ្នកដែលយកប្រាក់ទៅដាក់នៅតាមធនាគារ ដើម្បីយកការប្រាក់។ ឧទាហរណ៍ថា ធនាគារបានអត្រាការប្រាក់ ៥% យកទៅចងការបន្ត ឧទាហរណ៍ ថាការប្រាក់ ៨% គឺចំណេញ ៣%។ ដើម្បីជួយសម្រួលក្នុងស្ថានការណ៍ដ៏លំបាកនេះ ធនាគារអាចនឹងសុំបញ្ចុះអត្រាការប្រាក់ពី ៥% មកនៅ ៤% ឬ ៤,៥%។ បានសេចក្តីថា រួមទាំងម្ចាស់បំណុលយកប្រាក់ទៅដាក់នៅធនាគារ កាត់បន្ថយប្រាក់ចំណេញ ឧទាហរណ៍ ១ លានដុល្លារ ធ្លាប់តែបាន ៥ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ ហើយកាត់ពន្ធកាត់អីទៅថាបាន ៤៥ ០០០ ដុល្លារ ឬខ្ញុំនិយាយលេខគត់ថា ៥០ ០០០ ដុល្លារទៅចុះ។ ម្ចាស់ប្រាក់ដែលមានប្រាក់សល់ ហើយយកទៅទុកធនាគាររាប់រយរាប់ពាន់លាន ដែលជាទូទៅ ខ្លះ ១០ លាន ខ្លះ ២០លាន ខ្លះ ៥ លាន អាចកាត់បន្ថយនូវប្រាក់ចំណេញដែលខ្លួនយកទៅទុកនៅធនាគារ។ តាមរយៈគោលនយោបាយនៃធនាគារជាតិកម្ពុជា និងគោលនយោបាយផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ កាត់បន្ថយអត្រាការប្រាក់ដែលគេយកមកដាក់ ហើយនៅពេលដែលមានការកាត់បន្ថយបែបនេះ ធនាគារឱ្យខ្ចីបន្ត គឺត្រូវតែបន្ថយអត្រាការប្រាក់ទៅលើអ្នកខ្ចីបន្ត។
ដូច្នេះវារាលដាលទាំងអស់គ្នា។ ធនាគារគឺជាម្ចាស់បំណុលផង ជាកូនបំណុលផង។ ប៉ុន្តែ លទ្ធភាពដែលអាចជួយដល់ធនាគារបាន គឺអ្នកដែលប្រាក់យកទៅដាក់តាមធនាគារ ដោយក្នុងរយៈពេលនៃការលំបាកនេះ រួមចំណែកកាត់បន្ថយ។ បើធនាគារកាត់បន្ថយអត្រាការប្រាក់ សូមកុំទៅដកប្រាក់ពីធនាគារ ហើយសូមឱ្យធនាគារធ្វើការសម្រុះសម្រួលគ្នា កុំឱ្យរត់ចេញពីធនាគារមួយដែលបន្ថយអត្រាការប្រាក់ រត់ទៅរកធនាគារមួយទៀតដែលមិនព្រមបន្ថយអត្រាការប្រាក់។ ប្រសិនបើបន្ថយគឺបន្ថយទាំងអស់គ្នា។ ខ្ញុំសូមស្នើឱ្យសមាគមធនាគារធ្វើការជាមួយគ្នា សូមឱ្យធនាគារជាតិនៃកម្ពុជាធ្វើការងារនេះជាមួយគ្រប់ធនាគារទាំងអស់ ដើម្បីកុំឱ្យថាធនាគារនេះបន្ថយការប្រាក់ ធនាគារមួយទៀតបង្កើន ដើម្បីប្រមូលទុន។ បើដូច្នោះវាមិនសមធម៌ទេ ដែលធ្វើឱ្យធនាគារនេះខ្សោះឈាម អស់ទុន គេដកប្រាក់អស់ ហើយទៅបង្កើនឱ្យធនាគារមួយទៀតនូវអត្រាការប្រាក់ខ្ពស់។ នេះគ្រាន់តែយោបល់ សំណើរបស់ខ្ញុំទៅកាន់អតិថិជនដែលជាម្ចាស់បំណុល ដែលយកប្រាក់ទៅចងការឱ្យធនាគារ ហើយយកប្រាក់នោះ ធ្លាប់ចំណេញក្នុង ១ លានដុល្លារ បាន ៥ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ បន្ថយនៅត្រឹមតែ ៤០ ០០០ ដុល្លារ ឬ ៤៥ ០០០ ដុល្លារ ក៏វាជះឥទ្ធិពលទៅដល់អ្នកដែលខ្ចីតពីធនាគារដែលខ្លួនយកប្រាក់មកប្រើ។ នេះជាការរួមចំណែកទាំងអស់គ្នា។ នេះជារបៀបមើលព្រៃទាំងមូល មិនមែនមើលឈើមួយដើមៗទេ គឺការតភ្ជាប់ពីម្ចាស់ទុនមកដល់ធនាគារ ពីធនាគារទៅដល់អ្នកខ្ចីតៗគ្នា ដែលអាចបន្ធូរបន្ថយបាននូវស្ថានភាពនេះ។
អញ្ចឹងទេ សូមឱ្យ ដែលពាក្យថា បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែមដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងបន្ថយអត្រាការប្រាក់ដើម្បីជួយបន្តការស្តារឡើងវិញសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ … ក្នុងតួលេខធនាគាររបស់យើង គឺមានប្រាក់សល់យ៉ាងច្រើនសន្ធឹកសន្ធាប់ … ការពិតទៅធនាគាររបស់យើងមានប្រាក់ដែលអាចខ្ចីបានគឺចំនួនច្រើនដែលសព្វថ្ងៃនេះធនាគារខ្លះកំពុងជួបការលំបាកដោយសារគ្មានអ្នកខ្ចីទៅវិញ។ ប្រាក់យកមកផ្ញើនោះវាច្រើនពេក ហើយចំនួនអ្នកខ្ចីគឺតិចទៅវិញ ធ្វើឱ្យធនាគារជួបការលំបាក មានសាច់ប្រាក់សល់ ហើយទទួលបន្ទុកទៅលើការបង់ការប្រាក់ជូនចំពោះអ្នកបញ្ញើ … តាមតួលេខគឺយើងមានទំហំធំនៅក្នុងចំនួនឥណទានតាមធនាគារមួយៗ។
ម្សិលមិញខ្ញុំបានមើលតាមការរត់អក្សរតាម Fresh News ធនាគារ ABA ក្នុងឆ្នាំ ២០២០ កន្លងផុតទៅចំណេញ ១៥០ លានដុល្លារ។ ដូច្នេះ ធនាគារមួយៗសុទ្ធតែមានចំណេញ។ តើធនាគារអាចកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួន ដើម្បីជួយសង្គ្រោះជាមួយអតិថិជនរបស់ខ្លួនដែលកំពុងជាប់បំណុល បន្ថែមដោយអ្នកដែលយកប្រាក់ទៅផ្ញើ កាត់បន្ថយប្រាក់ចំណូលដែលទទួលបានពីការប្រាក់ប្រចាំឆ្នាំបានឬទេ? ពេលវេលានេះជាពេលវេលាសំខាន់សម្រាប់យើងជួយគ្នា។
ចំណុចទី ៥ … រៀបចំឥណទានឡើងវិញព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួន ទី ១ សម្រាប់រស់នៅ។
ចំណុចនេះ ខ្ញុំអរណាស់។ ការផាកពិន័យអតិថិជន នៅក្នុងរយៈពេលដែលអតិថិជនមិនអាចទទួលបានប្រាក់ចំណូលដូចមុនកូវីដ-១៩ មិនមែនជាវិធីសាស្ត្រដ៏ល្អនោះទេ ហើយក៏មិនមែនជាវិធីយោគយល់ដល់អតិថិជនរបស់ខ្លួនដែរ។ ពិតហើយកុងត្រាដើម កាលណាតែយើង(មិន)បានបង់ត្រូវផាកពិន័យក្នុងមួយថ្ងៃប៉ុន្មាន? ក្នុងមួយខែប៉ុន្មាន? គឺតែងតែមានចងជាកាតព្វកិច្ចអញ្ចឹង។ សូម្បីតែយើងទៅខ្ចីលុយបរទេស នៅពេលដែលយើងមិនបានសង គឺគេត្រូវពិន័យ។ លើការជាក់ស្តែង កម្ពុជាត្រូវទទួលការពិន័យ។ ក្រោយកិច្ចព្រមព្រៀងឆ្នាំ ១៩៩១ ប្រទេសជាច្រើនបានផ្តល់ជំនួយឱ្យកម្ពុជា ប៉ុន្តែកម្ពុជាអត់បានទទួលប្រាក់មួយសេនណាទេ។ គេជួយមកត្រឹមតែយកប្រាក់នោះទៅសងគេតែប៉ុណ្ណោះ។ ឥឡូវនេះ ប្រាក់ដែល លន់ នល់ ជំពាក់អាមេរិកកំពុងគិតការទៅជាដើម ដើមទៅជាការ បូកនឹងពិន័យ។
ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ទម្រាំតែយើងដោះស្រាយបាន ពេលនៅ SNC ត្រូវប្រគល់សិទ្ធិឱ្យខ្ញុំទៅខ្ចីលុយធនាគារមួយ យកទៅសងធនាគារអភិវឌ្ឍន៍អាស៊ី ទើបបានទទួលការខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី។ យើងមិនអាចទទួលឥណទានពី IMF បានទេ ដោយសារយើងនៅជំពាក់បំណុលរបស់អាមេរិក និងជំពាក់បំណុលរបស់រុស្សី អញ្ចឹងទេគឺយើងមិនអាចទទួលពី IMF បានទេ។ នេះជាបំណុល មិនដឹងថា លន់ នល់ យកទៅណាផង ហើយបង្ខំឱ្យយើងសង។ សង្ឃឹមថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden និងពិចារណាអំពីបញ្ហានេះ។ ពេលនោះ លន់ នល់ ខ្ចីមិនដឹងថាគេយកទៅប្រើនៅឯណា? ទិញគ្រាប់បែកយកមកទម្លាក់ពេញស្រុកខ្មែរ។ ឥឡូវនេះ បញ្ហាសំខាន់របស់យើងគឺថា យកពូថៅមកវាយយើងបែកក្បាលហើយ ទាមទារឱ្យយើងជូតពូថៅដែលប្រឡាក់ដោយឈាមយើងទៅទៀត។ សង្ឃឹមថារដ្ឋបាលរបស់ប្រធានាធិបតី Joe Biden មេត្តាពិចារណាអំពីបញ្ហាហ្នឹង …។
ឥរិយាបថរបស់ជប៉ុន គឺជាឥរិយាបថគួរឱ្យគោរពខ្លាំងណាស់។ រហូតដល់ឆ្នាំ ២០០០ ហើយទើបយើងមានសិទ្ធិខ្ចីលុយជប៉ុន។ មូលហេតុអីទៅ? មូលហេតុដោយសារយើងជំពាក់លុយរបស់ជប៉ុន ទាំងដើមទាំងការ ទាំងប្រាក់ពិន័យ។ អញ្ចឹងក្នុងពេលជំពាក់លុយជប៉ុននេះ គេមិនអាចឱ្យខ្ចីបានថែមទៀតទេ។ (ដោយហេតុនេះហើយបានជា)ជប៉ុនផ្តល់តែជំនួយឥតសំណង ប៉ុន្តែមិនអាចផ្តល់ជាប្រាក់កម្ចីឱ្យយើង។ ប៉ុន្តែជប៉ុនមានវិធីដោះ។ តើវិធីដោះរបស់ជប៉ុននោះរបៀបម៉េច? ដែលខ្ញុំសូមយកឱកាសនេះ ប្រគេនជូនចំពោះព្រះសង្ឃ និងបញ្ជាក់ជូនបងប្អូនជនរួមជាតិ។
ជប៉ុនប្រើវិធីសាស្ត្រដ៏ល្អមួយសម្រាប់ជួយកម្ពុជា។ ជប៉ុនផ្តល់នូវទំនិញឱ្យកម្ពុជាជាប្រេងឥន្ធនៈ ជាស័ង្កសី ជារបស់ប្រើប្រាស់ឱ្យកម្ពុជាយកមកលក់។ លក់បានលុយហើយ គឺសងលុយនោះទៅជប៉ុន។ ជប៉ុនមិនយកទៅប្រទេសជប៉ុនទេ ជប៉ុនយកលុយហ្នឹងជួយដល់កម្ពុជាទ្រទ្រង់ថវិកា។ អញ្ចឹងបានសេចក្តីថា យកលុយជប៉ុនសងជប៉ុន។ ជប៉ុនមិនយកទៅស្រុកទេ ជប៉ុនយកមកកសាងកម្ពុជាបន្ថែមទៀត។ តែជប៉ុនមិនបានឱ្យជាសាច់លុយមកយើងទេ។ ជប៉ុនបានឱ្យនូវសម្ភារជាតម្រូវការចាំបាច់របស់កម្ពុជា យកមកលក់បាន។ លក់រួចហើយយកលុយនេះទៅសងជប៉ុន។ ជប៉ុនមិនយកទៅស្រុកទេ យកលុយហ្នឹងមកជួយកម្ពុជាកសាងទៀត។ អញ្ចឹងយកលុយជប៉ុនសងជប៉ុន។ ជប៉ុនបានលុយហ្នឹងមកជួយកម្ពុជាទៀត។ នេះជាវិធីសាស្រ្តដែលជប៉ុនជួយយើង។ យើងក៏ចង់ឱ្យសហរដ្ឋអាមេរិក និងរុស្សី ជួយយើងកាត់ចោលប៉ុន្មាន នៅសល់ប៉ុន្មាន ជួយជាជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ហើយប៉ុន្មានដែលកម្ពុជាត្រូវសង?
ការលើកឡើង(នេះ ដោយសារថាវា)គ្មានអ្វីដែលជាសម្ងាត់ទេ។ រឿងនេះបានជជែកគ្នាយូរហើយ។ ហើយខ្ញុំព្រះករុណាខ្ញុំក៏មានភារកិច្ចដើម្បីពន្យល់ប្រជាពលរដ្ឋ។ កាលប្រធានាធិបតី (Barack) Obama មក អង្គុយនិយាយគ្នា ខ្ញុំព្រះករុណាខ្ញុំបានស្នើសូមចំពោះ ឯកឧត្តមប្រធានាធិបតី Obama នូវភាពអនុគ្រោះគិតអំពីកាត់ចេញប៉ុន្មានភាគរយ ហើយនៅសល់ប៉ុន្មានភាគរយសូមផ្តល់ជំនួយហ្នឹងមកដល់កម្ពុជា។ ខ្ញុំនិយាយ ៣ ដង ឯកឧត្តម Obama ឆ្លើយ ៣ ដង ដូចគ្នាថា ពិបាកពន្យល់សភា និងព្រឹទ្ធសភារបស់អាមេរិក។
ចុងក្រោយ ខ្ញុំបានបង្ខំចិត្តត្រូវតែនិយាយប្រាប់ប្រធានាធិបតី Obama ថា “ខ្ញុំទៅវិញទេ ដែលត្រូវពិបាកពន្យល់ប្រជាជនកម្ពុជា ដោយសារម្ខាង ឯកឧត្តមត្រូវយល់ដឹងថា អាមេរិកបានជួយ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ឥឡូវព្រះរាជបុត្ររបស់ព្រះអង្គកំពុងស្នងរាជ ព្រោះពេលនោះឆ្នាំ ២០១២ សពរបស់ព្រះអង្គកំពុងតម្កល់ អាហ្នឹងបញ្ហាទី ១។ ទី ២ តើខ្ញុំដោះស្រាយជាមួយសភារបស់ខ្ញុំយ៉ាងម៉េច? ហើយបញ្ហាកាន់តែពិបាកទៅទៀត តើខ្ញុំដោះស្រាយចំពោះប្រជាជនកម្ពុជាយ៉ាងម៉េច?” នៅពេលដែលគេទិញគ្រាប់បែកយកមកទម្លាក់លើក្បាលប្រជាជនកម្ពុជា ហើយចាប់បង្ខំឱ្យយើងសងប្រាក់។ ឯកឧត្តម Obama គាត់ថាពិបាកពន្យល់សភា ព្រឹទ្ធសភា អញ្ចឹងខ្ញុំត្រូវពន្យល់ប្រាប់គាត់ថាខ្ញុំពិបាកជាងគាត់ទៅទៀត។
ពិតមែនតែខ្ញុំនិយាយពីកូវីដ-១៩ នេះ ក៏ប៉ុន្តែមានឧទាហរណ៍សម្រាប់ក្រុមដែរទាក់ទិននឹងការផាកពិន័យ។ ខ្ញុំសូមស្នើ(ថា ក្នុង)ដំណាក់កាលកូវីដ-១៩ ពាក្យថាផាកពិន័យមិនគួរត្រូវបានប្រើក្នុងដំណាក់កាលនេះទេ។ បន្ធូរបន្ថយការប្រាក់ ពន្យារការសង ហើយធ្វើទៅតាមលទ្ធភាពនៃអតិថិជន។ អតិថិជនខ្លះគាត់អាចខូចដែរ គាត់មានលទ្ធភាពសងតែគាត់អត់សង គាត់យកទៅពង្រីកមុខរបរផ្សេងទៀត។ អាហ្នឹងក៏វាជារឿងមិនសមរម្យដែរ អាហ្នឹងសមតែគេផាកក៏វាត្រូវដែរ ព្រោះមានប្រាក់ចំណូល ប៉ុន្តែអត់ព្រមសង ផ្អែកទៅលើការនិយាយរបស់នាយករដ្ឋមន្រ្តី។
ចំណុចទី ៦ សមាគមធនាគារផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
ចំណុចនេះគឺល្អណាស់។ មេគ្រួសារ ឬអ្នករកប្រាក់កាក់នៅក្នុងគ្រួសារបានបាត់បង់ជីវិតទៅហើយ។ លទ្ធភាពសងរបស់គ្នាគឺមានការលំបាក។ ដូច្នេះ ការរៀបចំឥណទានឡើងវិញ ភាពអនុគ្រោះយ៉ាងម៉េច អីយ៉ាងម៉េច ដើម្បីសម្រួលគឺជាការល្អ។ ខ្ញុំអរគុណណាស់ ជាមួយនឹងការចេញសេចក្តីប្រកាសមួយនេះ។ ខ្ញុំសំណូមពរឱ្យមានការពន្យារពេលសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់ការលំបាក។ អំពាវនាវជាទូទៅ ដោយអ្នកពាក់ព័ន្ធទាំងអស់ … ព្រោះបងប្អូនយើងមានប្រាក់ដាក់ធនាគារយកការប្រាក់ អញ្ចឹងបន្ថយប្រាក់ចំណេញបន្តិច ដើម្បីឱ្យធនាគារបន្ថយ(ការប្រាក់សម្រាប់កម្ចីវិញ)។ រឿងហ្នឹង ធនាគារអាចធ្វើបាន។ តាមដឹងធនាគារមានលទ្ធភាពនឹងធ្វើ តែសូមឱ្យធ្វើដូចគ្នា។ ធនាគារមួយបញ្ចុះការប្រាក់ ធនាគារមួយទៀតដំឡើងការប្រាក់ គឺនឹងធ្វើឱ្យធនាគារដែលបញ្ចុះការប្រាក់ដួលរលំព្រោះគេដកទុនអស់។ អញ្ចឹងសូមធនាគារជាតិធ្វើការជាមួយសមាគមធនាគារ ដើម្បីថាបើវាចុះ ៥% ដូចថាធនាគារហ្នឹងចុះ ៥% ចុះ ៥% ដូចគ្នា ហើយអញ្ចឹងដល់ទៅពេលខាងក្រោមត្រូវចុះតៗគ្នា អញ្ចឹងផលប្រយោជន៍នឹងបានទៅអតិថិជនជាអ្នកដែលខ្ចីប្រាក់។
អរគុណម្ចាស់ផ្ទះ អគារ និងអចលនទ្រព្យ បញ្ចុះថ្លៃឈ្នួលតាមការអំពាវនាវរបស់រដ្ឋាភិបាល
ទន្ទឹមនឹងការអរគុណចំពោះសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណផងដែរចំពោះការចូលរួមរបស់ម្ចាស់អចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនានា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃឈ្នួលផ្ទះ ឈ្នួលអគារ និងឈ្នួលអចលនទ្រព្យក៏ដូចជាការបញ្ចុះថ្លៃលក់ និងការសម្រួលបន្ធូរបន្ថយ ឬអនុគ្រោះចំពោះការបង់រំលស់ ឬការបង់ការប្រាក់លើថ្លៃទិញផ្ទះ និងអចលនទ្រព្យនានាជូនដល់អតិថិជនរបស់ខ្លួននៅក្នុងសភាពការណ៍លំបាកដោយសារវិបត្តិនៃជំងឺឆ្លងរីករាលដាល។ នេះជាការចូលរួមមួយ។ ខ្ញុំនៅតែបន្តឱ្យមានការចូលរួមបន្ទាប់ទៀត ដោយមិនត្រូវមានការរឹបអូសនៅក្នុងដំណាក់កាលនេះ ព្រោះនៅកន្លែងខ្លះ ឮថា មិនអនុវត្តនូវការសន្យានៃការផ្តល់ប្រាក់ គឺបែរជាប្រាក់ដែលបង់ទាំងប៉ុន្មានគឺចោលអាសាបង់ ហើយផ្ទះនោះត្រូវបានគេរឹបអូស។ ការធ្វើដូចនេះគឺគេហៅថា និយាយតាមមួយបែប អ្នកដែលធ្វើរឿងនេះទៅរួច គឺហាក់ដូចជាគ្មានការយោគយល់អធ្យាស្រ័យចំពោះសភាពការណ៍អ្វីទាំងអស់។ ផ្ទុយទៅវិញយើងត្រូវជួយគ្នាក្នុងពេលនេះ ដែលជាការសម្រួលមួយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ឈ្នួលអគារធ្លាប់ជួលកាលពីមុនលក់ដាច់ ប៉ុន្តែឥឡូវអគារលក់វាមិនដាច់។
ឥឡូវហ្នឹង បិទទាំងចរាចរណ៍ក្នុងក្រុងម៉ោង ៨ យប់។ បើមិនបិទមិនបានទេ។ នាំគ្នាពេញហាង ពេញរោងហ្នឹង មិនបិទមិនបានទេ។ មានស្រ្តីម្នាក់ ឃើញគេ comment ហើយគេផ្ញើមកឱ្យខ្ញុំថា សម្តេចខ្ញុំសុំធ្វើបែបហ្នឹង ២ ឆ្នាំទៀត ព្រោះប្តីខ្ញុំចូលផ្ទះពីក្បាលព្រលប់ … ប្តីដើរចោលផ្ទះធុនហ្នឹងហើយ សុំឱ្យធ្វើ(បែបនេះ)មិនមែនជាវិធីសាស្រ្តល្អទេ។ ប៉ុន្តែ ឥឡូវនេះ យើងចង់កាត់បន្ថយនូវអ្នកដើរលេងយប់ដែលវាសាយភាយកន្លងទៅដោយសារតែយើងធ្វេសប្រហែសកន្លែងហ្នឹង បានវាចេញពីកន្លែងមួយទៅកន្លែងមួយ។ សិក្សាមើល ច្រើនតែចេញពីកន្លែងមួយទៅកាន់កន្លែងមួយនៅក្នុងពេលយប់ហ្នឹងឯង។ កូនខ្លះមិនស្តាប់បង្គាប់នាំជំងឺចូលផ្ទះធ្វើឱ្យស្លាប់ម្តាយស្លាប់ឪពុក។ អញ្ចឹង យើងត្រូវប្រើវិធីសាស្រ្តនេះ។ អភិបាលរាជធានីភ្នំពេញបានលើកជាយោបល់ថា (ត្រូវតែហាមឃាត់)អ្នកដែលធ្វើដំណើរក្រោយម៉ោង ៨ យប់ ដោយគ្មានហេតុផលសមស្រប។ យើងមិនមែនបិទទាំងស្រុងទេ។ មានហេតុផលសមស្រប មានការបញ្ជាក់ ទោះបិទខ្ទប់ក៏ត្រូវមានហេតុផលដើម្បីមានការធ្វើដំណើរទៅដែរ។ ឧទាហរណ៍ គ្នាត្រូវទៅពេទ្យ នាំប្រពន្ធ នាំអ្នកជំងឺទៅពេទ្យ ត្រូវទៅទាំងយប់ហើយ។ ប៉ុន្តែសម្រាប់អ្នកដើរលេង ឯកឧត្តម ឃួង ស្រេង ថា សុំយកទៅធ្វើចត្តាឡីស័កនៅនឹងព្រែកព្នៅ។ ខ្ញុំបានប្រាប់ទៅវិញថា មិនចាំយកទៅធ្វើចត្តាឡីស័កនៅព្រែកព្នៅទេ ដកយកតែឡាន និងម៉ូតូទុករយៈពេល ១៤ ថ្ងៃ ហើយឱ្យទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ពេលធ្វើចត្តាឡីស័កនៅផ្ទះតាមការកំណត់ហើយ ចាំមកយកឡាន និងម៉ូតូ។
មានអ្នកចូលមក comment ថា ចុះបើយកឡាន យកម៉ូតូទៅហើយ តើបានអីជិះទៅផ្ទះ? ខ្ញុំប៊ិះតែ comment ទៅវិញថា បើគ្មានអីជិះ ដើរទៅ។ អញ្ចឹងទេ ថ្ងៃក្រោយសូមឯកឧត្តម ឃួង ស្រេង បើចាប់ហើយ គ្មានអីជិះ គឺឱ្យដើរទៅ។ ដើរដល់ផ្ទះ។ ដល់ថ្ងៃមកយកឡានមកយកម៉ូតូក៏ឱ្យដើរមកដែរ។ និយាយមិនស្ដាប់ គឺមានតែវិធីអញ្ចឹង។ ចាំបាច់ទៅខ្វល់អី ខ្លួនមានកម្លាំងជិះឡាន ជិះម៉ូតូដើរលេងត្រៀបត្រាគ្មានស្តាប់បង្គាប់។ បន្តិចទៀតខ្ញុំនឹងនិយាយដល់ ឱ្យខាងផ្នែកតុលាការរៀបចំអាវពេទ្យដើម្បីកាត់សវនាការរៀបចំដោយឱ្យចៅក្រម ព្រះរាជអាជ្ញា ពាក់ខោអាវពេទ្យតែម្តង …។
បញ្ចេញជំនួយឧបត្ថម្ភទៅកាន់អ្នកជាប់បិទខ្ទប់ជាបន្ទាន់
(មាន)វិធានការជាច្រើនដែលយើងត្រូវប្រកាន់យកសម្រាប់សភាពការណ៍នេះ។ អញ្ចឹងផ្នែកអន្តរាគមន៍ដែលខ្ញុំនិយាយនេះគឺបានជួយសម្រួលដោះស្រាយ។ ខ្ញុំសុំស្នើឱ្យឯកឧត្តម ឃួង ស្រេង ប្រើគ្រប់កម្លាំងទាំងអស់។ ថ្ងៃនេះ អ្នកដែលចូលទៅក្នុងក្របខណ្ឌបិទខ្ទប់ មានដល់ម៉ឺនគ្រួសារ។ ត្រូវច្រកអង្ករជាបន្ទាន់។ ទិញប្រមូលយកនូវត្រីខ ចែកប្រាក់។ គាត់អាចទិញគ្នា ដូរគ្នានៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់អាចទិញដូរគ្នាក្នុងហ្នឹង គ្រាន់តែកុំឱ្យគាត់ចេញមកផ្សារខាងក្រៅ។ អញ្ចឹងជូនលុយ ជូនកាក់គាត់។ នៅថ្ងៃដែលខ្ញុំបញ្ជាឱ្យចេញ ៥ ពាន់លានរៀលសម្រាប់ដំណើរការនេះ បើមិនគ្រប់បន្ថែម។ វាអត់មានបញ្ហាច្រើនពេកហួសហេតុ លើសពីសមត្ថភាពឆ្លើយតបរបស់យើងនោះទេ។
ចំពោះអន្តរាគមន៍សម្រាប់ការដោះស្រាយសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋសម្រាប់គ្រួសារដែលស្លាប់ សម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩តែមិនស្លាប់ សម្រាប់គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក គឺបានរៀបរាប់អស់ហើយ។ សង្ឃឹមថា នឹងទទួលបទបញ្ជាតាមរាជធានីខេត្តយកទៅអនុវត្ត។ ខ្ញុំតែងតែបញ្ជូនលុយទៅឱ្យគ្រប់ខេត្តទាំងអស់ដើម្បីការធ្វើចត្តាឡីស័ក ដោយក្នុងមួយថ្ងៃទទួលបាន ២ ម៉ឺនរៀល ក៏ប៉ុន្តែសម្រាប់អ្នកដែលយើង lockdown ធ្វើចត្តាឡីស័ក គឺយើងផ្តល់ជាកញ្ចប់ ៣០ ម៉ឺនរៀលតែម្តង ត្រូវតែ ២៨ ម៉ឺនរៀលទេ ប៉ុន្តែយើងជូនដល់ទៅ ៣០ ម៉ឺនរៀល។
នៅផ្ទះ មិនឱ្យដើរ មិនឱ្យជួបជុំ ដើម្បីផ្ដាច់ការចម្លងពីម្នាក់ទៅម្នាក់
ឥឡូវនេះខ្ញុំសុំនិយាយទៅដល់បញ្ហាវិធានការ។ ហេតុអីបានជារាជរដ្ឋាភិបាលត្រូវយកវិធានការបែបនេះ?ដូចដែលខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនរួចហើយថា ព្រឹត្តិការណ៍ ២០ កុម្ភៈ គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរសម្រាប់យើង។ ពាក្យរាប់រយនាក់ក្នុងមួយថ្ងៃ បានប្រើប្រាស់ ២ ថ្ងៃ រួចមកហើយ។ មិនដឹងថាថ្ងៃហ្នឹង និងថ្ងៃស្អែក តើវាទៅដល់ណាទៀត? ពីមុនមាននៅខេត្តកណ្តាល មាននៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែឥឡូវចេញចំកណ្តាលទីក្រុងភ្នំពេញ។ អញ្ចឹងទេការឆ្លើយតបរបស់យើង គឺត្រូវរកវិធីកាត់ផ្តាច់ការចម្លងតគ្នាពីម្នាក់ទៅម្នាក់ ពីបុគ្គលមួយទៅបុគ្គលមួយ ដោយចាប់បង្ខំឱ្យនៅផ្ទះ មិនដើរហើររហេតរហូត មិនជួបជុំស៊ីផឹកគគ្រឹកគគ្រេង ឬធ្វើពិធីជួបជុំគ្នាដូចជាពិធីមង្គលការ ពីធីឡើងផ្ទះ បុណ្យចម្រើនព្រះជន្ម ខួបកំណើត។ អាជ្ញាធរមិនត្រូវអនុញ្ញាតឱ្យមានការជួបជុំបែបនេះទេ ព្រោះកន្លែងចម្លងដែលកើតឆ្លងកន្លងទៅនេះ គឺចេញមកពីការស៊ីផឹក ការជួបជុំនោះហើយ។
ថ្ងៃមុន ខ្ញុំកំពុងតែហាត់ប្រាណ ស្រាប់តែឃើញចៅ ៤ នាក់មក។ ព្រួយនឹងអាចៅហ្នឹងក្រែងលោចៅហ្នឹងវានាំឱ្យយើង ឬក៏យើងនាំឱ្យចៅ។ ចៅស្រីមួយនោះសុំម្តាយមិនបាន ទូរស័ព្ទមកជីតាដើម្បីសុំ។ ប៉ុន្តែ គ្រាន់តែមេដោះមួយចេញក្រៅផ្ទះ អាចមានហានិភ័យមកដល់ជីតា ចៅសុខចិត្តមិនមក។ យើងអត់ដឹងទេ ជួនកាលនៅក្នុងក្រុមគ្រួសារយើងហ្នឹងមានតែម្នាក់ យើងទុកចិត្តគ្រួសាររបស់យើង ប៉ុន្តែស្រាប់តែមានម្នាក់របូតចេញទៅក្រៅ ទៅប៉ះជាមួយអ្នកកូវីដ-១៩ នាំកូវីដ-១៩ហ្នឹងចូលមកក្នុងផ្ទះ។ ដូច្នេះសូម្បីតែបងប្អូនបង្កើតក៏មិនគួរទុកចិត្តទេ ត្រូវតែទុកចិត្តខ្លួនឯង ព្រោះអាហ្នឹងគ្មានអ្នកណាឈឺជួសទេ។ ជួនកាលបងប្អូនមែនពិត ក៏ប៉ុន្តែវាសេរី វាលួចដើរលេង។ ខ្វះណាស់? មានមន្ត្រីរបស់យើងថ្នាក់ធំៗរបស់ខ្លួន តៃកុងឡានរបស់ខ្លួន (អង្គរក្ស)ការពាររបស់ខ្លួន ជាប់កូវីដ-១៩។ អញ្ចឹងបញ្ហាហ្នឹងត្រូវប្រុងប្រយ័ត្ន។ អញ្ចឹងទេ យើងត្រូវកាត់ផ្តាច់កុំឱ្យឆ្លងពីបុគ្គលមួយទៅបុគ្គលមួយ។ ដោយក្នុងនោះ បីកុំ និងបីការពារ នេះ គឺវាចាំបាច់ ហើយវាកាន់តែចាំបាច់ទៅទៀត គ្មានការចាំបាច់ទៅខាងក្រៅ គឺកុំដើររហេតរហូត នៅផ្ទះសិនទៅ វាមិនងាប់ទៅណាទេ បើគ្រាន់តែដេកផ្ទះនោះ។ ផ្ទុយទៅវិញសុខភាពកាន់តែល្អ។
អន្ទិត K01 វាស្រែកសុទ្ធតែប៉ុន្មានអីប៉ុន្មាន។ ផ្តាំទៅអាក្មួយ K01 ដកវីដេអូគ្រវាត់ចោលទៅ។ ប្រយ័ត្ន! បើថាក្បាលរឹងគឺគ្មានជម្រើសទេ។ ម្សិលមិញយកមួយនៅស្អី អាហ្នឹងនិយាយស្អី? ញុះញង់ បង្កើតចលាចល។ អញ្ចឹងមានតែគេវាយខ្នោះតែបុណ្ណឹង។ ហ្នឹងគេហៅថាជាប់គុកដូចបំណងហើយបើចង់ជាប់ … ដោយសារហេតុផលហ្នឹងហើយ ដែលគេមិនបិទជិតឈឹងនោះ។ គេអនុញ្ញាតឱ្យចេញនៅក្រោយម៉ោង ៥ ភ្លឺទេតើ។ ប៉ុន្តែ សម្តីនិយាយសូមប្រយ័ត្នប្រយែង … សម្តី K01គឺធ្ងន់ តែមិនដឹងថាវាដកចេញឬនៅ? ហើយរដ្ឋមន្រ្តីក្រសួងព័ត៌មានដឹងអត់? ទៅមើលឱ្យច្បាស់។
យើងកាត់ផ្តាច់ការចម្លងពីម្នាក់ទៅម្នាក់ ហើយយើងក៏ត្រូវកាត់ផ្តាច់លំហូរពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅកាន់តំបន់មួយ។ អញ្ចឹងបានយើងមានការចាំបាច់ធ្វើការកុំឱ្យឆ្លងខេត្ត … សូម្បីតែបិទភូមិទី ១៦ នៅទន្លេបាសាក់ យើងបិទភូមិហ្នឹង ប៉ុន្តែយើងត្រូវចិញ្ចឹមពួកគាត់ ជួយពួកគាត់។ ឥឡូវនេះ អ្នកទទួលធ្វើចត្តាឡីស័កត្រូវបានលើកលែងថ្លៃទឹក/ភ្លើងដល់ទៅ ២ ខែ ដែលរដ្ឋបង់ជំនួសដើម្បីប៉ះប៉ូវការលំបាករបស់ពួកគាត់ ដែលគាត់រកចំណូលមិនបានក្នុងពេលធ្វើចត្តាឡីស័ក។ មិនមែនរដ្ឋាភិបាលមើលមិនឃើញទេ អាក្មួយ K01។ អញ្ចឹងបានគេមិនឱ្យឯង live បាក់អគារនៅកំពង់សោម។ គេមិនឱ្យឯង live ដោយសារឯងមាត់អាក្រក់ពេកតែប៉ុណ្ណឹង។
ឆ្នាំនេះចូលឆ្នាំ សូមចូលតាមផ្ទះរៀងៗខ្លួន
នៅសល់តែប៉ុន្មានថ្ងៃទៀត យើងឆ្លងពីឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ចូលទៅឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥។ យើងនៅតែបន្តចូលឆ្នាំ ក៏ប៉ុន្តែ យើងចូលឆ្នាំនៅផ្ទះសុវត្ថិភាពជាង ហើយស្រណុកទទួលទេវតាជាង។ ជួបជុំបងប្អូនសំពះទេវតាទៅ។ ចូលឆ្នាំនៅផ្ទះវាធានាជាងការប្រមូលផ្តុំចូលឆ្នាំទទួលទេវតានៅកន្លែងមួយដែលវាអាចមានហានិភ័យ។ ខ្ញុំសុំនៅក្នុងផ្ទះរបស់ខ្ញុំ ទាំងអ្នកដាំបាយ ទាំងអ្នកធ្វើការនៅក្នុងនេះ ពេលដែលចេញផុតពីនេះ ទៅដល់ផ្សារដល់អី អត់អនុញ្ញាតឱ្យចូលមកវិញទេ។ សូមប្រាប់ឱ្យហើយ។ ពួកក្រុមទូរទស្សន៍នេះត្រូវតែហ្មត់ចត់។ ក្រុមថតរូបត្រូវដេកនៅបន្ទាយ។ អ្នកដាំបាយដាំអីបានចេញទៅ ចេញឱ្យផុតតែម្តង។ ទុកចិត្តអ្នកដាំបាយ ប៉ុន្តែប្តីអ្នកដាំបាយវាម៉េច? កូនអ្នកដាំបាយវាម៉េច? បញ្ហាគឺវាត្រូវនៅកន្លែងហ្នឹង។ អញ្ចឹងឆ្នាំនេះ យើងចូលឆ្នាំនៅតាមផ្ទះ។ លើកលែងតែមានការចាំបាច់ណាស់ចាំចេញ។
ឆ្នាំនេះពេលចូលឆ្នាំក៏ស្ថិតនៅក្នុងបម្រាមនៃការធ្វើដំណើរក្នុងពេលយប់ពីម៉ោង ៨ ដល់ម៉ោង ៥ ភ្លឺ។ ខ្ញុំមើលឃើញក្នុង comment ថាបើម៉ោង ៩ ទល់ម៉ោង ៣ គឺល្អ។ ខ្ញុំមិនឆ្លើយតបទេ ប៉ុន្តែខ្ញុំក៏ពិចារណាដែរ។ ប៉ុន្តែព្រឹកឡើងខ្ញុំឃើញថា ទីក្រុងប៉ារីស បិទម៉ោង ៥ ល្ងាច ដល់ម៉ោងប៉ុន្មានភ្លឺ។ ក្រុងប៉ារីសបិទច្រើនជាងយើងទៅទៀត។ យើងបិទម៉ោង ៨ បើកម៉ោង ៥ ក្រុងប៉ារីសបិទវែងជាងហ្នឹងទៅទៀត។ គេកំពុងបិទប្រទេស។ បើគេប្រើភាសាអង់គ្លេសមកថា Happy New Year យើងឆ្លើយទៅវិញថា New Year at Home ឆ្លើយអញ្ចឹងទៅវិញទៅ។ ច្បាស់ណាស់ខ្ញុំពិតជាមានមិត្តភក្តិនៅខាងក្រៅវាយមកហើយ Happy New Year ខ្ញុំឆ្លើយទៅវិញថា New Year at Home ជាអង់គ្លេសត្រឡប់ទៅគេវិញ ព្រោះខ្ញុំធ្វើការនៅផ្ទះ។ ឥឡូវហ្នឹង នៅផ្ទះរហូត ហើយនៅផ្ទះទាល់ដុះក្បាលពោះ។ គ្រាន់តែទៅខាងក្រោយ ទៅហាត់ប្រាណនៅតារាង golf ខាងក្រោយបន្តិចបន្តួចហ្នឹង អត់ទៅទេ ក្រែងលោវាមានហានិភ័យស្អីមួយ សុខចិត្តធាក់កង់នៅផ្ទះ បើចេញក៏ចេញទៅមួយភ្លែតៗ។
ដូរពីទៅទទួលទានអាហារតាមហាង មកជាការខ្ចប់មកផ្ទះវិញ
សុំបងប្អូនដែលធ្លាប់ទៅទទួលទានអាហារតាមហាងតាមអី បើទោះបីជាលក្ខណៈគ្រួសារក៏ដោយ តើបងប្អូនទុកចិត្តទេ ថាហាងហ្នឹងគ្មានរោគ។ ក្រៅពីយើងក៏មានអ្នកចេញអ្នកចូលផ្សេងទៀតដែរ។ អញ្ចឹងទេយកល្អ ទិញវេចខ្ចប់យកមកផ្ទះទៅ យកមកទទួលទាននៅផ្ទះទៅ។ ខ្ញុំបានកូនស្រីពៅមួយដែរ។ វាដឹងថាឪពុករបស់វា(មិនចេញទៅណា) ហើយគេចេះធ្វើម្ហូបខ្លួនគេៗ ធ្វើម្ហូបហើយផ្ញើមក។ អ្នកផ្ញើគឺអត់យកមកចូលមកក្នុងទេ ផ្ញើយកមកតែខាងក្រៅទេ រួចហើយពីក្នុងចេញទៅយកតគ្នា។
អញ្ចឹងទេ យើងទ្រាំការលំបាកបន្តិចប្រសើរជាងគ្មានថ្ងៃវិលវិញ ព្រោះស្លាប់ទៅហើយ គ្មានពេលត្រឡប់មកវិញទេ។ នៅពេលដែលកើតកូវីដ-១៩ តើវានឹងបង្កបញ្ហាឱ្យយើងយ៉ាងម៉េច? ឥឡូវកូវីដ-១៩ អត់មានវាយចំតែមនុស្សចាស់ទេណា កូវីដ-១៩វាយប៉ះទាំងក្មេង រាប់ទាំងកុមារា កុមារី ផងដែរ។ អញ្ចឹងត្រូវយកចិត្តទុកដាក់នៅកន្លែងហ្នឹង។ ការធ្វើដំណើរទៅទទួលទានតាមហាង ជំនួសដោយការទិញយកមក។ វាឆ្ងាញ់ដូចគ្នា ឬក៏យើងទិញយកមកធ្វើ ស៊ីជុំគ្នាក្នុងផ្ទះហ្នឹង គឺវាល្អជាមួយគ្នា។ ហាងលក់មិនដាច់ កុំអាលលក់។ ប៉ុន្តែ ហាងខ្លះនៅតែលក់ដាច់។ គេកម្មង់។ អញ្ចឹងបានជាចង់ឱ្យថា អ្នកដែលសម្រាប់បញ្ជូនទំនិញតាម online ឱ្យចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចាក់ឱ្យបានស្រូតចំពោះអ្នកទាំងហ្នឹង ព្រោះត្រូវនាំឥវ៉ាន់ពីកន្លែងមួយទៅកន្លែងមួយ កុំឱ្យអ្នកហ្នឹងមានរោគឆ្លង។ ប្រសិនបើយើងទៅហាងនេះហាងនោះ ទៅភ្លាមទិញបានហើយ ត្រឡប់មកផ្ទះភ្លាម វាក៏បន្ថយហានិភ័យនៃការឆ្លងដែរ។ ប្រសិនបើយើងនៅតែលតោល មើលស្រីស្អាតបន្ដិចទៅ ឬក៏ក្មេងៗចូលចិត្តមើលគ្នាតាមហាង គ្រាន់តែមើលគ្នា ក៏កើតជាបញ្ហាសុខភាព។
អាជ្ញាធរថ្នាក់ក្រោមជាតិត្រួតពិនិត្យហ្មត់ចត់ ការអនុវត្តការបិទការធ្វើដំណើរឆ្លងខេត្ត
សូមឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រួតពិនិត្យឱ្យបានហ្មត់ចត់ នូវការអនុវត្តការបិទការធ្វើដំណើរឆ្លងខេត្ត ព្រោះតាមព័ត៌មានថាមានមនុស្សមួយចំនួនដេកនៅក្នុងទំនិញ ព្រោះយើងអនុញ្ញាតឱ្យទំនិញឆ្លងកាត់ ព្រោះអាហ្នឹងជាចរន្ដសេដ្ឋកិច្ច ប៉ុន្ដែលឺថា មានអ្នកដែលបន្លំដេកក្នុងទំនិញ។ អញ្ចឹង ក្នុងករណីចាប់បាន ត្រូវតែផ្ដន្ទាទោស ល្មើសនឹងបទបញ្ញត្តិ មិនអាចលេងសើចបានទេ។ ប៉ុន្ដែ ខ្ញុំសុំស្នើឱ្យមានការពិនិត្យយោគយល់ទៅលើភាពចំាបាច់នៃការធ្វើដំណើររបស់ពលរដ្ឋ ដែលមានការចំាបាច់មែនទែន។ ឧទាហរណ៍ នៅចន្លោះកណ្ដាលខេត្ត ខាងណេះភូមិមួយៗ អញ្ចឹងម្ដាយនៅភូមិខាងណេះ កូននៅភូមិខាងណោះ។ ដូច្នេះសម្រួលឱ្យពួកគាត់ឆ្លង។ នេះជាភាពទន់ភ្លន់នៃការគ្រប់គ្រងរបស់រដ្ឋបាលដែនដី។ ភូមិយើងខ្លះក្រវិចក្រវៀន នៅហ្នឹង។ បងបង្កើតនៅខាងណេះ ប្អូនបង្កើតនៅខាងណេះ ម្ដាយនៅខាងណោះ ឪពុកនៅខាងណោះ អញ្ចឹងបើមិនឱ្យគាត់ឆ្លងគឺមិនបានទេ។ សម្រួលកន្លែងហ្នឹងផង កុំងាប់ក្រឡាពេក។
បញ្ចប់ឬបន្ដសុពលភាពការហាមឃាត់ការធ្វើដំណើរតាមស្ថានភាពជាក់ស្ដែង
យើងនឹងពិនិត្យមើល បើសិនជាជំងឺឆ្លងនេះមិនស្រាកស្រាន្ដ បទបញ្ជា សេចក្ដីសម្រេចអំពីការហាមឃាត់ការធ្វើដំណើរ ដែលអស់សុពលភាពត្រឹមថ្ងៃទី ២០ មេសា ខ្ញុំនឹងពិចារណាជាក់ស្ដែងពន្យារថែមទៀត។ បើមិនអញ្ចឹងទេ កក្រើកឡើងវិញ ហើយមិនទាន់ប្រាកដថា ពីនេះដល់ពេលនោះ កូវីដ-១៩ អាចស្រាកស្រាន្ដទេ។ ប្រទេសថៃធ្លាក់ចុះមួយរយៈ ឥឡូវឡើងដល់រាប់រយវិញ ហើយឆ្លងនៅទីក្រុងបាងកកហ្នឹងតែម្ដង ករណីដូចយើងអញ្ចឹង។ ក្នុងប្រទេសជាប់ព្រំដែនយើងទាំងបី ឡាវគ្រប់គ្រងបានល្អជាងគេ។ ពីមុនយើងស្ថិតក្នុងចំណោមអ្នកដែលគ្រប់គ្រងបានល្អ វៀតណាមក៏មានឆ្លងក្នុងសហគមន៍ ក្នុងពេលដែលយើងអត់មានឆ្លងក្នុងសហគមន៍ធំធេងទេ។ ប៉ុន្ដែឥឡូវចំនួនយើងទៅផុតពីវៀតណាមហើយ។ វៀតណាមគេត្រួតត្រាបានសភាពការណ៍ក្នុងរយៈពេលមួយដ៏ខ្លីដោយវិធានការហ្មត់ចត់។ វៀតណាមដល់កម្រិតប៉ុណ្ណេះ ឃើញបញ្ចាំងតាមទូរទស្សន៍ អ្នកបម្រើលើយន្ដហោះម្នាក់ ដែលបំពានការធ្វើចត្ដាឡីស័ក គឺវៀតណាមយកមកកាត់ទោសបញ្ចាំងតាមទូរទស្សន៍។ ដោយសារភាពម៉ឺងម៉ាត់របស់វៀតណាម គេថារំលោភសិទ្ធិមនុស្ស។ បើថារំលោភសិទ្ធិគឺរំលោភតែម្នាក់ដែលបំពានទេ ប៉ុន្តែវៀតណាមបានការពារប្រជាជនជិត ១០០ លាននាក់ក្នុងប្រទេសរបស់ខ្លួន។ យើងសូមសរសើរទៅដល់អាជ្ញាធររបស់ប្រទេសឡាវ របស់វៀតណាម។ យើងក៏បានប្រឹងប្រែងណាស់ក្នុងរយៈពេលជាងមួយឆ្នាំដែលមិនមានការផ្ទុះបែបនេះទេ។ យើងក៏សូមសរសើរ ទោះបីយ៉ាងនេះក៏ដោយ ខ្ញុំមិនដាក់ការស្ដីបន្ទោសឱ្យអ្នកណាទាំងអស់ ព្រោះខ្ញុំបាននិយាយពីដើមទីថាពេលនេះមិនមែនជាពេលវេលាបន្ទោសគ្នាទេ គឺជាពេលវេលាដើម្បីរួមគ្នាប្រយុទ្ធនឹងកូវីដ-១៩។
ការេធ្លុះធ្លាយផ្ដើមចេញពីអភិបាលកិច្ចមិនល្អ
ខ្ញុំតែងនិយាយថា បញ្ហាមិនស្ថិតនៅត្រង់ប្រទេសជឿនលឿន ឬក្រីក្រ ប្រទេសមានបច្ចេកវិទ្យាខ្ពស់ ឬទាបទេ បញ្ហាស្ថិតត្រង់អភិបាលកិច្ច។ ការធ្លុះធ្លាយចុងក្រោយរបស់យើងក៏ផ្ដើមចេញពីអភិបាលកិច្ចរបស់យើងមិនបានល្អ។ ធ្វើចត្ដាឡីស័ក កើតមានការគប់គិតគ្នារវាងអ្នកធ្វើចត្តាឡីស័ក និងអ្នកយាម ការបើកខារ៉ាអូខេ កន្លែងកម្សាន្ដ ដោយរដ្ឋអំណាចមិនបានដឹង។ នោះហើយជាបញ្ហា។ វិធានការដើរយឺតមួយជំហាន ក៏នាំមកនូវហានិភ័យដ៏ខ្ពស់។ ខ្ញុំនៅតែផ្ដោតទៅលើពង្រឹងអភិបាលកិច្ចនៅគ្រប់ទីកន្លែងទាំងអស់។ អភិបាលកិច្ចលើការធ្វើចត្តាឡីស័ក អភិបាលកិច្ចទាក់ទិននឹងការរក្សាគម្លាត ការពាក់ម៉ាស។ ម៉ាសក្លាយជាកាតព្វកិច្ចនៅពេលដែលអ្នកឯងចេញក្រៅ។ អញ្ចឹង ការផាកពិន័យត្រូវតែធ្វើនៅពេលខាងមុខ មិនអាចកសាងច្បាប់ហើយទុកឱ្យនៅដដែលទេ។ កុំប្រមាថថាច្បាប់បង្កើតឡើងគ្រាន់តែគម្រាម។ កន្លែងដែលមានហានិភ័យ អាជ្ញាធរត្រូវតែប្រាប់ ហើយសូមកុំនាំគ្នាទៅកន្លែងដែលមានហានិភ័យ។
ឥឡូវតាមខ្ញុំដឹង កម្មករសំណង់ខ្លះ ត្រូវបានឪពុកម្ដាយហៅទៅស្រុក ព្រោះខ្លាចអ្នកភ្នំពេញ។ អ្នកភ្នំពេញយើងល្មមគេខ្លាចដែរ ព្រោះដើរលេងច្រើនពេកមួយចំនួន។ ចរន្ដចេញពីភ្នំពេញទៅ។ ត្រូវរុករកអ្នកឆ្លងឱ្យអស់លទ្ធភាព ហើយធ្វើតេស្ដសំណាក ដែលសង្ស័យឱ្យបានឆាប់។ ចំណុចនេះហើយ(បញ្ជាក់ថា) ហេតុអីបានជាខ្ញុំត្រូវតែបង្ខំចិត្តចេញបញ្ជា បើទោះបីជាខ្ញុំមិនមែនជាអ្នកបច្ចេកទេស។
កន្លែងពិសោធន៍ ត្រូវតេស្តសំណាកកន្លែងហានិភ័យមុន
រឿងស្អី ដែលកន្លងទៅសំណាកធ្វើមិនអស់ ហើយទុកសំណាកសល់រាប់រយរាប់ពាន់សំណាក។ សំណាកដែលមានហានិភ័យឱ្យទៅធ្វើមុន មិនធ្វើមុនទេ។ ខ្ញុំបាននិយាយទៅក្រសួងសុខាភិបាលឱ្យធ្វើទាំងអស់កាលពីយប់ម្សិលមិញ និងយប់មិញត្រូវធ្វើទាំងអស់ បានវាចេញរាប់រយហ្នឹងមក។ យុទ្ធសាស្ដ្ររបស់យើង គឺរកឃើញរហ័ស គ្រប់គ្រង់បានរហ័ស។ បើកន្លែងពិសោធន៍ អាកន្លែងដែលមានហានិភ័យត្រូវដាក់ធ្វើក្រោយ កន្លែងអត់ហានិភ័យដាក់ធ្វើមុន។ ម៉ោង ១ ម៉ោង ២ ភ្លឺ ទើបយើងដឹងលទ្ធផល។ អញ្ចឹងវាត្រូវពន្យារពេលអស់ប៉ុន្មានម៉ោង? មន្ទីរពិសោធន៍ទាំងអស់ត្រូវធ្វើសកម្មភាព ហើយត្រូវស្ដាប់ឱ្យបាន។ កន្លែងសង្ស័យត្រូវធ្វើមុន ព្រោះយើងចំណេញពេល។ ដឹងភ្លាម គ្រប់គ្រងបានភ្លាម ទៅយកអ្នកជំងឺបានមុន។ ពេលកន្លងទៅ មន្ទីរពិសោធន៍មិនទាន់អនុវត្ដនូវយុទ្ធសាស្ដ្រគ្រប់គ្រងសភាពការណ៍ទេ គឺធ្វើតាមដំណើររឿង។ គួរឱ្យសោកស្ដាយត្រង់ថាសំណាកនៅតំបន់ដែលគ្មានហានិភ័យត្រូវបានធ្វើមុន សំណាកតំបន់ដែលមានហានិភ័យត្រូវធ្វើក្រោយ។ អញ្ចឹងនៅម៉ោង ១ ឬ ២ ភ្លឺ បានយើងដឹង(លទ្ធផល) តើឱ្យទៅយកអ្នកជំងឺយ៉ាងម៉េច? នេះបានជាខ្ញុំតម្រូវឱ្យយកតំបន់មានហានិភ័យធ្វើមុន។ យើងរកឃើញមុន យើងទៅយកអ្នកជំងឺបានមុន (ដែល)យើងកាត់បន្ថយការរីករាលដាលបានយ៉ាងច្រើន។
នេះជាការដកពិសោធន៍។ ខ្ញុំមិនស្ដីបន្ទោសទេ។ ប្រហែលជាមិនទាន់ស្គាល់របៀបនៃការអនុវត្ដ។ ខ្ញុំជាអ្នកនយោបាយមិនមែនជាអ្នកបច្ចេកទេសទេ តែយើងក៏អាចយល់បាន។ បើយើងរកបានមុន ឧទាហរណ៍ យើងរកឃើញអ្នកជំងឺនៅម៉ោង ១២ ថ្ងៃត្រង់ ត្រឹមតែ ២ ម៉ោង ក្រោយ យើងទៅយកអ្នកជំងឺមកកាន់មន្ទីរពេទ្យបានហើយ។ ផ្ទុយទៅវិញ យើងទុកសំណាកដែលមានហានិភ័យ ធ្វើទាល់តែម៉ោង ១២ យប់ ម៉ោង ១ ម៉ោង ២ ភ្លឺបានយើងដឹង អញ្ចឹងធ្វើឱ្យអ្នកជំងឺដែលមានកូវីដ-១៩នេះ គាត់ដើរពាសវាលពាសកាល ហើយយើងពិបាកនឹងបញ្ជូនឡានទៅយកអ្នកជំងឺទៀតផង។ អញ្ចឹងសូមឱ្យវិទ្យាស្ថាន មន្ទីរពិសោធន៍ទាំងអស់ ធ្វើតេស្ដឱ្យបានឆាប់ឱ្យបានលឿន ហើយឱ្យអាទិភាពទៅតំបន់ដែលមានហានិភ័យ ដើម្បីយើងងាយគ្រប់គ្រងសភាពការណ៍ទាន់ពេល។ ឥឡូវត្រូវឱ្យគ្រប់កន្លែងដែលមានកន្លែងធ្វើតេស្ដតូចក្ដីធំក្ដីត្រូវពង្រឹងសមត្ថភាពធ្វើតេស្ដ។ ប៉ុន្មានថ្ងៃខាងមុខ នឹងមានប្រដាប់ធ្វើតេស្ដថ្មីមួយទៀតបន្ថែមលើអាចាស់ ដែលមានស្រាប់ ហើយតាមខេត្តខ្លះធ្វើបានហើយ។ នៅមន្ទីរពេទ្យយោធាក៏បានចាប់ផ្ដើមហើយ។ អញ្ចឹងយើងត្រូវគ្រប់គ្រងសភាពការណ៍ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
គ្រប់គ្រងអ្នកធ្វើចត្ដាឡីស័កឱ្យហ្មត់ចត់ និងកាត់ទោសអ្នកធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវដាច់ខាត
ចំណុចមួយដែលខ្ញុំសូមចេញបទបញ្ជាដាច់ខាត គឺត្រួតពិនិត្យឱ្យបានហ្មត់ចត់អ្នកធ្វើចត្ដាឡីស័ក កុំឱ្យចេញក្រៅកន្លែងធ្វើចត្ដាឡីស័ក និងត្រូវអនុវត្ដច្បាប់ជាចំាបាច់។ ខ្ញុំសុំស្នើឯកឧត្តម កើត រិទ្ធិ ធ្វើការជាមួយតុលាការដើម្បីកាត់ទោសចំពោះអ្នកធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវ។ រៀបចំដូចនគរបាល និងអាវុធហត្ថអញ្ចឹង រៀបចំសំលៀកបំពាក់(ការពារ)សម្រាប់ពួកគាត់ធ្វើការជាមួយអ្នកដែលមានកូវីដ-១៩។ អញ្ចឹងទេអាចឱ្យចៅក្រមរបស់យើងពាក់អាវការពារខ្លួន អ្នកដែលត្រូវយកមកកាត់ទោសក៏ពាក់អាវហ្នឹង នគរបាលក៏ពាក់ គេមានផ្លាករបស់គេហើយ។ កាត់ទោសជាចាំបាច់ ព្រោះច្បាប់នេះចេញមកសម្រាប់អនុវត្ដ។ បើទោះបីដំណាក់កាលកូវីដ-១៩ យើងកាត់បន្ថយចំនួនមនុស្សធ្វើការតាមស្ថាប័ន ប៉ុន្ដែសវនាការកាត់ទោសចំពោះអ្នកបំពានទៅលើករណីកូវីដ-១៩ត្រូវធ្វើ និងធ្វើដោយចំាបាច់។ ចាប់បានយប់ហ្នឹង ស្អែកកាត់។ ខ្ញុំមិនមែនបញ្ជាទៅតុលាការទេ ខ្ញុំបញ្ជាទៅរដ្ឋមន្រ្ដីយុត្ដិធម៌ ឱ្យធ្វើការជាមួយតុលាការ ព្រោះរដ្ឋមន្ដ្រីយុត្ដិធម៌ជាសមាជិកឧត្តមក្រុមប្រឹក្សាចៅក្រម។ ប៉ុន្ដែ រដ្ឋមន្ដ្រីយុត្ដិធម៌គឺជាសមាជិករាជរដ្ឋាភិបាល។ ខ្ញុំមិនបញ្ជាតុលាការទេ តែខ្ញុំអំពាវនាវឱ្យរដ្ឋមន្ដ្រីយុត្ដិធម៌ធ្វើការជាមួយតុលាការ រៀបចំសវនាការកាត់ទោសអ្នកធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវ។ អ្នកធ្វើចត្ដាឡីស័កហ្នឹង បើរកឃើញថាមានកូវីដ-១៩ទៀត ត្រូវដាក់ទោសទៅតាមច្បាប់ដែលយើងមាន ត្រូវធ្វើឱ្យបានហ្មត់ចត់។ កុំឱ្យគេថាច្បាប់យើងបង្កើតឡើងសម្រាប់តែគម្រាម …។
វិទ្យាល័យ ២, រោងចក្រ ១ និងសាលពិព័រណ៍កោះពេជ្រ សម្រាប់ដាក់អ្នកជំងឺស្រាល
ចំណុចមួយទៀតដែលខ្ញុំសូមនិយាយ។ ពេទ្យយើងទ្រទ្រង់លែងបានហើយ។ គ្រាន់តែពីរថ្ងៃជាង ១ ពាន់នាក់ វាលើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ វាលើសពីមន្ទីរពេទ្យ(អតីត)អាំងទែរកុងទីណង់តាល់ និងមន្ទីរពេទ្យនានា ដែលជោរជន់ដោយអ្នកជំងឺហើយ។ ដូច្នេះបានជាយើងចាប់ផ្ដើមរៀបចំវិធានការព្យាបាលតាមផ្ទះ។ តែការព្យាបាលតាមផ្ទះត្រូវតែធ្វើឱ្យបានហ្មត់ចត់។ បើមានលក្ខខណ្ឌពីរនេះ គឺមិនអាច(ព្យាបាលនៅផ្ទះ)ទេ ទី ១ ជំងឺនោះជាជំងឺធ្ងន់ មិនអាចនៅផ្ទះទេ ត្រូវតែដឹកមកពេទ្យ ទី ២ ផ្ទះតូចពេកក្រែងឆ្លងទៅកូន ឬប្រពន្ធទៀត។ អញ្ចឹងត្រូវយកមកន្លែងដែលយើងរៀបចំ។
ឥឡូវនេះ ដោយសារមន្ទីរពេទ្យអាំងទែរកុងទីណង់តាល់ មន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យនានា ពោរពេញដោយមនុស្ស។ យើងបានរៀបចំវិទ្យាល័យពីរ និងមួយកន្លែងទៀតមានសណ្ឋានជារោងចក្របានជាង ៨០០ គ្រែ ហើយបូកសរុបពីរកន្លែងបានជិត ២ ពាន់គ្រែ។ តែយប់មិញខ្ញុំបានសុំទៅ ឧកញ៉ា ពុង ឃាវសែ សុំគាត់យកសាលពិព័រណ៍កោះពេជ្រ ធ្វើជាកន្លែងទទួលអ្នកជំងឺស្រាល។ គាត់មិនត្រឹមតែឱ្យតែសាលតាំងពិព័រណ៍ទេ គាត់ឱ្យទាំងអគាររៀបការទាំងប៉ុន្មានដើម្បីរៀបចំ។ អញ្ចឹងយើងអាចរៀបចំកន្លែងនោះ។ ខ្ញុំបានបញ្ជាឱ្យកូនប្រុស និងកូនប្រសាររបស់ខ្ញុំទៅភ្លាម ដើម្បីរៀបចំ។ ឯកឧត្តម ឃួង សេ្រង បានរៀបចំវិទ្យាល័យពីរ។ កូនប្រុស និងកូនប្រសារបានរៀបចំខាងវិស័យឯកជនគេឱ្យមួយ។ ឥឡូវកំពុងចុះទៅរៀបចំនៅកោះពេជ្រ។ អញ្ចឹងយើងអាចបង្កើនសមត្ថភាព ហើយដាក់ទាំងនៅវិទ្យាល័យ(ពីរ) កោះពេជ្រ និងកន្លែងដែលមណ្ឌលរោងចក្រ ដាក់តែអ្នកជំងឺស្រាលទេ។ អ្នកជំងឺធ្ងន់ត្រូវតែបញ្ជូនចូលមន្ទីរពេទ្យ ដោយមានទាំងការតាមដានជំងឺហ្មត់ចត់។
អញ្ចឹងសូមបងប្អូនអ្នកជំងឺទាំងឡាយយល់ឱ្យបាន។ អ្នកទៅសម្រាកនៅតាមអាំងទែរកុងទីណង់តាល់ស្អីៗ ដូចអ្នកដែលទៅដេកនៅសណ្ឋាគារផ្កាយប្រាំទេ។ តែឥឡូវអត់មានសណ្ឋាគារអញ្ចឹងទៀតទេ។ ឥឡូវ ខ្ញុំឱ្យទិញគ្រែបត់ គ្រែពេទ្យក៏មាននៅសល់ សូមឱ្យក្រសួងសុខាភិបាលបញ្ចេញគ្រែមកទាំងអស់ ហើយទិញចូលបន្ថែម។ បន្ថែមពីនោះ ដាក់គ្រែបត់ដើម្បីសំរាកទៅ។ នៅកោះពេជ្រ អាចដាក់បានដល់ទៅយ៉ាងហោចណាស់ ៥ ពាន់គ្រែ បើគិតទាំងអគាររៀបការ ព្រោះឥឡូវគេមានការឯណា។ ខ្ញុំសូមអរគុណ អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានឧបត្ថម្ភទីកន្លែងមួយនេះ ព្រោះយើងត្រូវមានការទទួលខុសត្រូវ។ ឥឡូវបើនៅផ្ទះវាតូចពេក មិនអាចទុកបានទេ សូមឱ្យគាត់មកសម្រាកកន្លែងនេះ។ អ្នកមកទីនេះ យើងត្រូវចិញ្ចឹមគាត់ និងគ្រួសារគាត់ដែលត្រូវធ្វើចត្ដាឡីស័ក។ គាត់ត្រូវបានទទួលរបបពីរ។ មួយគឺទទួលការព្យាបាលដោយឥតគិតថ្លៃ ហូបចុកនៅទីនេះ និងមួយទៀតចិញ្ចឹមគាត់នៅផ្ទះ …។
… ខ្ញុំបានប្រាប់ទៅមេបញ្ជាការកងទ័ព ឱ្យបញ្ចេញកងទ័ពដើម្បីឱ្យជួយដំណើរការរៀបចំ។ ក្រសួងសុខាភិបាលត្រូវបញ្ចេញគ្រែ និងរៀបចំក្រុមគ្រូពេទ្យ។ យើងរៀបចំដូចនេះ គឺធានាឱ្យមានក្រុមគ្រូពេទ្យប្រចាំការរបស់យើងរៀបចំច្រើនកន្លែង ទៅត្រង់នេះ ៥០ នាក់ ទៅនោះ ១០០ នាក់ គឺទៅមិនរួចទេ។ អញ្ចឹងយើងត្រូវរៀបចំកន្លែងហ្នឹងដែលក្រុមគ្រូពេទ្យប្រចាំការឱ្យបានហ្មត់ចត់។ នេះជាចំណុចដែលយើងត្រូវដោះស្រាយ។ ហើយធ្វើទាំងយប់ទាំងថ្ងៃ បញ្ចេញកងទ័ពពីបន្ទាយ អាវុធហត្ថ និងនគរបាលត្រូវចូលរួមជួយធ្វើ។ រាជធានីភ្នំពេញជាតំបន់គ្រោះថ្នាក់ ដែលមានហានិភ័យខ្ពស់។
ពង្រីកសមត្ថភាពមន្ទីរពិសោធន៍តាមខេត្ត និងត្រៀមយ៉ាងតិច ៥០ គ្រែ ដាក់អ្នកជំងឺកូវីដ-១៩
សូមប្រាប់ទៅគ្រប់ខេត្តទាំងអស់គឺពង្រីកសមត្ថភាពមន្ទីរពិសោធន៍នៅតាមខេត្ត ដើម្បីធ្វើវិភាគឱ្យទាន់ពេល ព្រោះ(ឥឡូវត្រូវដឹកឆ្ងាយ)។ កន្លែងខ្លះសំណាកតិចតួចទេ អាចធ្វើតាមខេត្តបានគឺធ្វើរកវិធីធ្វើ ពង្រីកសមត្ថភាព កុំរង់ចាំតែក្រសួងសុខាភិបាលផ្ដល់។ អាចរកពីណាបានអីបាន មន្ទីរពិសោធន៍។ ឥឡូវបានបញ្ជាទិញ(ឧបករណ៍)គេធ្វើតេស្តរហ័សពីប្រទេសថៃ។ ប៉ុន្តែម្សិលមិញឃើញប្រទេសថៃថា មន្ទីរពេទ្យ ៤ បានឈប់ទទួលអ្នកជំងឺហើយ ដោយសារតែខ្វះប្រដាប់ធ្វើតេស្តទៅវិញ។ យើងមិនទាន់ឈានទៅដល់ហ្នឹងពេកទេ គ្រាន់តែធ្វើតេស្តយឺតប៉ុណ្ណឹងទេ។ ឥឡូវយើងបង្កើនសមត្ថភាពនៃការធ្វើតេស្ត ហើយខេត្តនីមួយៗ ត្រូវតែរៀបចំកន្លែងដាក់អ្នកជំងឺកូវីដ-១៩ យ៉ាងតិច ៥០ គ្រែឡើងទៅ។ ត្រូវរៀបចំឱ្យខាងតែបាន។ ដោយឡែកខេត្តកំពង់ចាម ខ្ញុំបានបញ្ជារួចទៅហើយ។ អភិបាលខេត្ត កំពង់ចាម អ៊ុន ចាន់ដា បានរៀបចំរួចហើយ។ យកសណ្ឋាគារមេគង្គមួយទៀត បន្ថែមលើកន្លែង(មានស្រាប់)។ ត្រៀមរៀបចំឱ្យហើយ។ យើងមានតម្រូវការខេត្តកំពង់ចាមខ្លួនឯងផង មានតម្រូវការអាចមកពីត្បូងឃ្មុំ ប៉ុន្តែខេត្តត្បូងឃ្មុំក៏ត្រូវតែរៀបចំខ្លួនដែរ។ ខេត្តនីមួយៗមានយ៉ាងតិច ៥០(គ្រែ) ហើយត្រូវបម្រុងបន្ថែម។ ការបម្រុងនោះក៏មិនឱ្យទាបជាង ៥០ (គ្រែ)ដែរ។ ខ្ញុំសុំដាក់ចេញបទបញ្ជាបែបនេះ។ សភាពការណ៍មើលមិនឃើញទេ ហើយត្រូវជឿថា វាមានល្អជាងជឿថាមិនមាន។ ខ្ញុំធ្លាប់និយាយភាសាហ្នឹងច្រំដែលៗ ជឿថាមាន ប្រសើរជាងជឿថាមិនមានរឿងដូចអ្វីដែលយើងស្មាន។
បន្តការអប់រំប្រជាពលរដ្ឋ តាមរយៈការចាក់មេក្រូតាមភូមិ/ស្រុក
វិធីសាស្ត្រដឹកនាំដែលគ្រប់គ្រងការងារនៅទីនេះ ទាក់ទងធំជាមួយបញ្ហាអភិបាលកិច្ច រួចហើយនៅគ្រប់ទី កន្លែងទាំងអស់អប់រំប្រជាជន ចាក់មេក្រូទៀតទៅ។ ប៉ុន្តែមេក្រូកុំទៅលឿនពេក។ មេក្រូដាក់ទៅ ជិះម៉ូតូ ហើយម៉ូតូ កុំជិះទៅជិះមកដូចកាលជំនាន់មុន។ មានក្មួយមួយបង្ហោះហ្វេសប៊ុកថា ដោយសារតែឡានដាក់មេក្រូ (ហើយបើក)លឿនពេក «សូមទប់ស្កាត់» គ្រាន់តែទប់ស្កាត់ (ឡានជិះ)ទៅផុត អញ្ចឹងមានតែជិះម៉ូតូដេញតាម។ ខ្ញុំឃើញអាហ្នឹង ក៏ធ្វើការណែនាំ។ ការបង្ហោះហ្វេសប៊ុកខ្លះក៏បង្ហោះត្រូវ ជារបៀបកំប្លែង ប៉ុន្តែរឿងមែនពិត។ ឥឡូវដាក់ទៅ។ ជិះម៉ូតូដាក់មេក្រូតាមផ្លូវ ទៅឈប់កន្លែងនេះ ៥ នាទីទៅ រួចហើយបាន ៥០០ ម៉ែត្រ ឈប់ទៀតទៅ។ ប៉ុន្តែប្រយ័ត្នប្រយែង ចាស់ៗគាត់សម្រាកថ្ងៃត្រង់ផង។ អញ្ចឹ ងការអប់រំ ក្រៅពីទូរទស្សន៍ អប់រំដែលល្អជាងគេគឺតាមភូមិតែម្តង ដាក់មេក្រូទៅ មានឡានក៏យកឡានទៅ មានម៉ូតូយកម៉ូតូទៅ ដឹករ៉ឺម៉ក ហើយចាក់តែសាំងឱ្យទៅ។
ប្រើប្រាស់វិធានការអប់រំ បូកជាមួយវិធានការរដ្ឋបាល និងវិធានការផ្លូវច្បាប់។ ផ្លូវច្បាប់លើកនេះគឺថា កាត់ទោសមិនលើកលែង ហើយកុំចាប់យកមកឃុំ។ ចាប់ថ្ងៃហ្នឹង ស្អែកកាត់ ខានស្អែកកាត់ កាត់ឱ្យរហ័ស កាត់ហើយបញ្ចូលគុកហ្មងទៅ។ ប៉ុន្តែត្រូវធ្វើតេស្ត បើមានកូវីដ-១៩ អត់មានយកទៅដាក់ហ្នឹងទេ ត្រូវមានគុកមួយ សម្រាប់ដាក់កូវីដ-១៩ហ្នឹងតែម្តង។ ប៉ុន្តែពិបាកទៀត យកគុកដាក់កូវីដ-១៩ វាយ៉ាប់ទៅទៀត។ អញ្ចឹងមានតែខ្ចីមន្ទីរពេទ្យធ្វើកន្លែង(ឃុំអ្នក)ជាប់ទោសសិន ព្រោះយើងមិនអាចធ្វើឱ្យលើសពីហ្នឹងបានទេ។ ទៅយកគុកធ្វើមន្ទីរពេទ្យដាក់កូវីដ-១៩ វាមិនត្រូវរឿង។
កម្ពុជាចាក់វ៉ាក់សាំងបានជិត ១ លាននាក់, វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់
ចំណុចចុងក្រោយ ខ្ញុំព្រះករុណាខ្ញុំសុំនិយាយអំពីបញ្ហាទាក់ទិនជាមួយនឹងការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងរបស់យើងបានដំណើរការរហូតមកដល់ពេលនេះ គឺបានជិត ១ លាននាក់រួចទៅហើយ។ (សុំទោស! ឱ្យខ្ញុំមើលបន្តិច) កងទ័ពចាក់បាន ២១៦ ៩០៣ នាក់ ថ្ងៃនេះអាចកងទ័ពឡើងទៅដល់ ២២ ម៉ឺននាក់ដែលចាក់។ ផ្នែកស៊ីវិល គឺចាក់បាន ៦៧៨ ០០០ នាក់។ អញ្ចឹងជាទូទៅ យើងចាក់ជិត ១ លាននាក់ បើប្រៀបធៀបប្រទេសក្នុងតំបន់។ ចំនួនដែលកម្ពុជាបានទទួលការចាក់វ៉ាក់សាំង ក៏ចាត់ទុកថាអត្រាមិនទាបជាងប្រទេសដទៃទេ។ យើងមានប្រជាជនតែ ១៦ លាននាក់ យើងចាក់បានជិត ១ លាននាក់ អាចថាជាដំណើរការមួយលឿន។
យោងតាមទិន្នន័យ តួលេខដែលយើងនឹងទទួលវ៉ាក់សាំង គឺក្នុងឆ្នាំនេះ បើវាមកតាមផែនការ (ក្នុង)គម្រោងរបស់យើងមាន ២០ លានដូស ប៉ុន្តែនឹងមកដល់ឆ្នាំនេះជាង ១១ លាន ដូស ដែលយើងអាចបម្រើការចាក់ ដែលពេលនេះបានមកដល់ចំនួនជាង ២ លានដូស (រួមមាន) Sinopharm ១ លាន ៣ សែនដូស, Sinovac ១ លាន ៥ សែនដូស, AstraZeneca ជាង ៣០ ម៉ឺនដូស។ ដូច្នេះ វាជាង ២ លានរួចមកហើយ ហើយនៅថ្ងៃទី ១៧ ក្នុងខែមេសានេះ នឹងមកដល់ចំនួនកន្លះលានដូសទៀត។ ខែឧសភានឹងមកដល់ចំនួន ១ លាន ៥ សែនដូស។ ខែមិថុនា នឹងមកដល់ចំនួន ៣ លានដូស។ ខែកក្កដា នឹងមកដល់ ២ លានដូស ខែសីហានឹងមកដល់ ១ លានដូស។ ដូច្នេះវ៉ាក់សាំងរបស់យើងអាចបម្រើការចាក់បាន។
វ៉ាក់សាំងកាតព្វកិច្ច សំរាប់កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការស៊ីវិល វ៉ាក់សាំងស្ម័គ្រចិត្ត សំរាប់ពលរដ្ឋ
ខ្ញុំសុំបញ្ជាក់ ក្នុងប៉ុន្មានថ្ងៃនេះ គេបានស្តីបន្ទោសខ្ញុំថា រំលោភលើភារកិច្ច រំលោភលើគោលការណ៍ស្ម័គ្រ ចិត្ត។ តែខ្ញុំសុំបញ្ជាក់ឱ្យច្បាស់ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលរបស់ប្រទេស ខ្ញុំត្រូវមានភារកិច្ចដាក់ជា វ៉ាក់សាំងកាតព្វកិច្ច ឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលទាំងអស់។ (រីឯ)សម្រាប់ប្រជាពលរដ្ឋគឺគោលការណ៍ស្ម័គ្រចិត្ត។ អ្នកចង់និយាយថាអីថាទៅ។ ពេលដែលខ្ញុំត្រៀមរៀបចំបច្ឆា រៀបចំកន្លែងបញ្ចុះសព អ្នកបាននិយាយមកកាន់ខ្ញុំថា មើលងាយជីវិតប្រជាជន។ ប៉ុន្តែអ្នកបានឃើញទេ? ២៤ សាកសព រួចស្រេចទៅហើយ បើខ្ញុំមិនដើរមុនមួយជំហានទេ តើអ្វីវានឹងកើត? បាត់ម្ចាស់ការទាំងអស់។ ត្រូវចាំ ដោយសារ ហ៊ុន សែន ដើរមុនសភាពការណ៍យ៉ាងដូច្នេះ បាន ហ៊ុន សែន ឈ្នះលោកឯងជារៀងរហូត ហើយក៏នៅតែឈ្នះលោកឯងរៀងរហូតទៅដែរ។ បើលោកឯងគិតតែដើរព្យាបាទ ឯខ្ញុំគ្រប់គ្រងសភាពការណ៍មុនមួយជំហាន។ បើទោះបីជាវាមិនបានល្អឥតខ្ចោះ តែខ្ញុំក៏បានកាត់បន្ថយនូវហានិភ័យ ដែលវាកើតឡើងដោយការខ្វះគំនិតវិញ្ញាណ។ អ្នកឯងត្រូវចាំ។
ខ្ញុំព្យាករទុកជាមុនថា វ៉ាក់សាំងនេះចាប់ផ្តើមពីការស្ម័គ្រចិត្ត ទៅជាវ៉ាក់សាំងកាតព្វកិច្ចហើយៗ មិនមែនតែកម្ពុជាទេ ទូទាំងពិភពលោកនឹងក្លាយទៅជាអាហ្នឹងហើយ។ ឥឡូវតំបន់អឺរ៉ុបគេកំពុងតែរៀបចំគេហៅថាលិខិតឆ្លងដែនវ៉ាក់សាំង។ ការធ្វើបដិការនឹងអាចកើតមាន។ ឥឡូវ សូម្បីតែយើងជាមួយថៃ អត់ទាន់មានគោលការណ៍បដិការទេ (តែ)ជនជាតិកម្ពុជាដែលមានចាក់វ៉ាក់សាំងហើយទៅព្យាបាលប្រទេសថៃ គេកាត់បន្ថយការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកនៅ ៧ ថ្ងៃ។ នៅពេលថ្ងៃក្រោយអាចប្រទេសមួយចំនួន អ្នកឯងមិនទាន់ចាក់វ៉ាក់សាំង គឺអ្នកឯងមិនអាចចូលប្រទេសគេបានទេ។ ត្រូវចាំ អ្នកឯងត្រូវចាំ។
មានឈ្មោះថា “ផ្តាច់ការ” តែមានគុណសម្បត្តិការពារប្រជាជនឱ្យរស់រានមានជីវិត
អ្នកឯងកុំមកនិយាយរឿងដូចអាមួយនេះ។ អាមួយហ្នឹង ចាប់នៅកំពង់ស្ពឺ។ ខាងកំពង់ស្ពឺគេផ្ញើមកឱ្យខ្ញុំអម្បាញ់មិញ។ ហ្នឹងចាប់តាំងពីម្សិល។ បង្កើត(រឿង)ក្នុង Tik Tok វាថាវ៉ាក់សាំងហ្នឹងអញ្ចេះ(អញ្ចុះ) ហើយទៅយកវ៉ាក់សាំងនៅណាចាក់កើតអេដស៍មួយស្រុក។ បើសិនជាជ្រុលនិយាយ រត់ឱ្យលឿនបានទាន់។ កុំថាខ្ញុំផ្ដាច់ការ។ ធ្វើនយោបាយគ្រប់គ្រងប្រទេស បើមិនហ្មត់ចត់ មិនចាំបាច់គ្រប់គ្រងទេ។ សូម្បីតែធ្វើចៅអធិការវត្ត ឬធ្វើអាចារ្យវត្ត ក៏ត្រូវតែមានវិន័យដែរ។ ពួកអ្នកនិយាយពីសិទ្ធិមនុស្ស ខ្ញុំសុំនិយាយថា អ្នកឯងគិតពីសិទ្ធិនៃមនុស្សម្នាក់ដែលនិយាយបំភ្លៃ ដោយនិយាយញុះញង់។ តែខ្ញុំគិតអំពីសិទ្ធិមនុស្សរាប់លាននាក់ដែលគេត្រូវការរស់។ អ្នកឯងយកមួយណាយកទៅ។ ប្តឹងខ្ញុំទៅតុលាការឧក្រិដ្ឋកម្មឡាអេ ក៏ទៅៗ។ ទៅឧក្រិដ្ឋកម្មអន្តរជាតិក៏ធ្វើទៅ ធ្វើតាមចិត្ត។ បើខ្ញុំធ្វើដើម្បីប្រជាពលរដ្ឋខ្មែររាប់លាននាក់រស់ ហើយចាប់ពួកអាបំពុលញាត់គុក អ្នកឯងថាផ្តាច់ការ អូខេ! ទទួលបាន។ ខ្ញុំសុខចិត្តមានឈ្មោះថាអ្នកផ្ដាច់ការ ក៏ប៉ុន្តែខ្ញុំមានគុណសម្បត្តិការពារប្រជាជនខ្ញុំឱ្យរស់រានមានជីវិត។ អ្នកឯងយកមួយណា? អ្នកឯងយកសិទ្ធិសេរីភាពបញ្ចេញមតិ រួចហើយងាប់ទៅ វាខានបញ្ចេញមតិ ហើយបំផ្លាញដល់ប្រជាជនរាប់លាននាក់ អ្នកឯងរើសមួយណា? សុំពួកសិទ្ធិមនុស្ស ពួកប្រជាធិបតេយ្យ អ្នកឯងគិតឱ្យច្បាស់ទៅ។
ឥឡូវពេលនេះមិនទាន់បានអនុវត្តទេ។ ខ្ញុំទុកពេលឱ្យ។ នៅខេត្តខ្លះ លើកទី ១ គេត្រូវការចាក់ អត់ចាក់ទេ ខ្លាចងាប់។ ដល់ទៅ(ខ្ញុំ)ចេញសារថា នៅពេលណាមួយនោះ គេមិនឱ្យចូលធ្វើការ ឱ្យដេកផ្ទះ ស្រាប់តែនាំគ្នាមកចាក់តែម្ដង។ មកចាក់វាខុសផែនការគេ។ ក៏ប៉ុន្តែខ្ញុំសុំអំពាវនាវទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ច កន្លែងណាខ្វះវ៉ាក់សាំង បញ្ជូនវ៉ាក់សាំងទៅឱ្យមន្ត្រីរាជការចាក់ទាំងអស់ ទូទាំងប្រទេស។ ដល់ពេល(អត់ចាក់វ៉ាក់សាំង)ហ្នឹងហើយដែលគេមិនឱ្យចូលបន្ទប់ ព្រោះក្នុងបន្ទប់គេធ្វើការ ១០ នាក់ (មាន)៨ នាក់គេចាក់វ៉ាក់សាំងរួចហើយ ២ នាក់អត់ចាក់វ៉ាក់សាំង គេខ្លាចឆ្លង រួចហើយគេអត់ឱ្យចូល។ ជាស្វ័យប្រវត្តិ អត់ការងារធ្វើ មានតែដេកផ្ទះ រើសទៅ។
ខ្ញុំសុំចេញបទបញ្ជាថា វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់ កិច្ចសន្យា។ គោលការណ៍ស្ម័គ្រចិត្តដាក់តែលើប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ ប្រជាពលរដ្ឋចង់ចាក់វ៉ាក់សាំង រហូតមកបន្តកន្ទុយនឹងគេនឹងឯងដែរ ទៅជាអញ្ចេះទៅវិញ។ ឯមន្ត្រីរាជការតិចតួចទេ។ បើយោងទៅលើក្រសួងព័ត៌មាន ខៀវ កាញ៉ាឬទ្ធិ វាយឱ្យខ្ញុំ គឺចាក់ ១០០% រួច ស្រេចទៅហើយ មិនត្រឹមតែ ១០០% នៃមន្ត្រីក្រសួងទេ គេឈានដល់ ១០០% នៃពួកអ្នកយកព័ត៌មាន ទៀតផង ពួកអ្នកសិល្បៈ ពួកអីចាក់រួចអស់ … បើអ្នកឯងខ្លាចងាប់ អ្នកនឹងងាប់មុនគេ ដោយសារឆ្លង។ ថ្ងៃក្រោយខ្ញុំជឿថា សម្រាប់រាជរដ្ឋាភិបាល ដោយខ្ញុំត្រូវទទួលខុសត្រូវចំពោះមុខប្រជាជាតិ ខ្ញុំយកការអនុម័តដាក់ជាវ៉ាក់សាំងកាតព្វកិច្ចចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវចាក់ សម្រាប់ប្រជាពលរដ្ឋគឺទុកឱ្យប្រជាពលរដ្ឋ(ស្ម័គ្រចិត្ត)។ ប៉ុន្តែឥឡូវ ទៅជាក្រុមហ៊ុននានានាំបុគ្គលិកមកចាក់ពេញ។ ឥឡូវ មន្ត្រីរាជការត្រូវតែបានចាក់ តាំងពីគ្រូបង្រៀន ហើយបើនិយាយពីនៅតាមខេត្តនានា មេភូមិ មេក្រុម ចៅសង្កាត់ គេចាក់អស់រលីងហើយ នៅសល់មន្ត្រីរាជការនៅក្នុងក្រសួងមួយចំនួននៅភ្នំពេញ។ ឯថ្នាក់ក្រោមជាតិគេចាក់សឹងតែទាំងអស់។ តាមខេត្តនៅសល់ខ្លះ។ បើតាមឯកឧត្តម ហង់ ជួនណារ៉ុន រាយការណ៍យប់មិញ នៅភ្នំពេញចាក់បាន ១០០% ហើយ គ្រូបង្រៀន និងបុគ្គលិកសិក្សា។ ងាប់ម្នាក់ហើយនៅ? គេចាក់ជិត ១ លាននាក់ ងាប់ម្នាក់ឬនៅ? អ្នកស្រែកថាងាប់។ កំពុងតែខ្វះវ៉ាក់សាំងផង បើអ្ហែងមិនចាក់ក៏ហី និយាយពាក្យចឹងតែម្ដង កំពុងតែខ្វះវ៉ាក់សាំង។
ប៉ុន្តែត្រូវចាំ ថ្ងៃក្រោយ អាចមាន QR code ថែមទៀតផង។ ឥឡូវក្រសួងប្រៃសណីយ៍កំពុងតែធ្វើ (ដើម្បី)តាមដានអ្នកដែលមានកូវីដ-១៩ អ្នកដែលធ្លាប់ឆ្លង អ្នកដែលធ្វើចត្តាឡីស័ក និងរហូតដល់អ្នកបានចាក់វ៉ាក់សាំងហើយ។ នៅ(ប្រទេស)គេអាចដឹងបាន អ្នកមិនទាន់ចាក់វ៉ាក់សាំង ចូលដល់កន្លែងគេៗអាចដឹងបាន។ ឱ្យធ្វើប្រព័ន្ធហ្នឹងមួយទៀត។ គេចាក់វ៉ាក់សាំងអស់រលីងទៅហើយ។ ឯងនៅវ៉ាក់សាំងបំពានសិទ្ធិរឿងស្ម័គ្រចិត្ត។ ប្រទេសឥណ្ឌូនេស៊ី គេចាប់ផ្តើមពីទីក្រុងហ្សាកាតា មិនចាក់វ៉ាក់សាំងគឺគេផាក។ ឥឡូវកម្ពុជា ខ្ញុំអត់ទាន់ដាក់ប្រជាជនទូទៅទេ ខ្ញុំដាក់លើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ នៅពេលណាមួយចាក់រួចដូសទី ១ ដូសទី ២ ហើយ បើអ្នកមិនទាន់មានដូសណាសោះ ផ្អាកឱ្យនៅផ្ទះចុះ ហើយយើងធ្វើការជំនួស …។
ទោះបីអ្នកឯងចោទថាខ្ញុំផ្តាច់ការ ខ្ញុំសុខចិត្តទទួលយកនូវ(ឈ្មោះថា)បុរសផ្តាច់ការ ប៉ុន្តែខ្ញុំបានធ្វើកិច្ចការដើម្បីជាតិរបស់ខ្ញុំរស់។ ខ្ញុំបានរួមចំណែកបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជា នាំមកនូវសន្តិភាពពេញលេញ។ ដំបូងខ្ញុំរួមចំណែករំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរបប ប៉ុល ពត ហ្នឹងបុរសផ្តាច់ការ។ បន្ទាប់ទៅខ្ញុំបានរួមចំណែកជាមួយតួអង្គផ្សេងៗ ជាពិសេសជាមួយ ព្រះករុណា ព្រះបិតាជាតិ នាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស រំលត់ភ្លើងសង្គ្រាមបានមួយផ្នែក។ តាមរយៈកិច្ចព្រមព្រៀងប៉ារីស មិនទាន់អស់សង្គ្រាមទេ កិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន បន្ទាប់ពីការចាយលុយ ២ ពាន់លានដុល្លារ ទុកឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២។ នយោបាយឈ្នះឈ្នះ ខ្ញុំជាអ្នកបង្កើតវា និងដឹកនាំអនុវត្តវា ធ្វើឱ្យប្រទេសកម្ពុជាមួយ ទៅជាប្រទេសតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានសភាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ។ នេះជាបុរសផ្តាច់ការ។ ខ្ញុំកសាងតាំងពីអត់មានស្អីទាំងអស់ ឥឡូវអគារច្រូងច្រាង នេះជាបុរសផ្តាច់ការ។ អញ្ចឹងពាក្យផ្តាច់ការអត់មានអីអាក្រក់ទេ។ បើខ្ញុំមិនម៉ឺងម៉ាត់ប៉ុណ្ណឹង ប្រទេសនេះទៅជាស្អី? បើសូម្បីតំបន់នេះគេហៅមីស៊ីលអាមេរិកវាយចូលតាំងពីឆ្នាំ ១៩៩៨ តាំងពីសង្គ្រាមមិនទាន់ចប់ទាំងស្រុង ត្រូវចាំឱ្យច្បាស់។ អញ្ចឹងខ្ញុំអាចចាប់មនុស្សមួយចំនួន ដែលវាបង្កការរំខាន ហើយដើម្បីសេរីភាពមនុស្ស ១៦ លាននាក់រស់រានមានជីវិត និងមានសេរីភាព ខ្ញុំអត់ខ្លាចទេ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។
អញ្ចឹងខ្ញុំសូមបញ្ជាក់ទៅលោកជំទាវ ឱ វណ្ឌឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ច ជូនទៅសម្ដេច ឯកឧត្ដម លោកជំទាវ ដែលជាប្រធានស្ថាប័ន ដែលជាអភិបាលខេត្ត/រាជធានី អភិបាលស្រុក/ខណ្ឌ/ក្រុង ចាំឱ្យច្បាស់ ក្នុងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ ដែលរួមមានទាំងកងទ័ព អាវុធហត្ថ នគរបាល មន្រ្តីរាជការស៊ីវិល ត្រូវតែបានចាក់វ៉ាក់សាំង។ ចំនួនរបស់យើងវាអត់ទៅច្រើនហួសពីវ៉ាក់សាំងដែលយើងមានក្នុងដៃទេ។ បើសិនជាខ្វះ (នឹងមាន) ៥០ ម៉ឺនមកដល់នេះ(មកទៀត)។ បន្ថែមទៅ។ ប៉ុន្តែ ខ្ញុំជឿថាមិនខ្វះ។ ចាក់សល់។
ដល់ពេលនោះ ត្រូវរកការបញ្ជាក់ហើយ។ អ្នកឯងមិនបានចាក់វ៉ាក់សាំងមកពីអី? ត្រូវមានការបញ្ជាក់ពីគ្រូពេទ្យ។ ខ្ញុំបានបញ្ជាក់ថ្ងៃមុនហើយ គ្រូពេទ្យមិនមែនគប់គិតគ្នាចេញលិខិតឱ្យទេ ត្រូវមានការត្រួតពិនិត្យ។ ពេទ្យនោះជាអ្នកសម្ភាសន៍ថាមិនឱ្យចាក់ អញ្ចឹងត្រូវដល់ពេទ្យមួយទៀតពិនិត្យជាក់ស្ដែងមិនឱ្យចាក់ ព្រោះលើការជាក់ស្ដែងកាលពីពេលមុន នៅមន្ទីរពេទ្យព្រះកេតុមាលា សម្ដេចពិជ័យសេនា ទៀ បាញ់ មើលឃើញថា អត្រាដែលគ្រូពេទ្យមិនឱ្យចាក់មានចំនួនច្រើន។ អញ្ចឹងសម្ដេចពិជ័យសេនា ទៀ បាញ់ គាត់យកបញ្ជីស្នាមនេះ ទៅផ្ទៀងផ្ទាត់ជាមួយនឹងបទសម្ភាសន៍ វាមិនត្រូវគ្នា។ (ដូច)គេថាមានជំងឺហឺត គេមិនឱ្យចាក់ អាហ្នឹងវាទាល់តែពេលហ្នឹងកំពុងតែហឺត បើវាហឺតតាំងពីជំនាន់នៅក្មេង ដល់ឥឡូវចាស់ហើយវានៅហឺតអីទៀត វាជាណាស់ទៅហើយ គេថា ទាល់តែហឺតពេលវាសកម្ម ពេលវា active។
នាំគ្នាបង្អាប់វ៉ាក់សាំងចិន តែវ៉ាក់សាំងអង់គ្លេសមានបញ្ហាទៅវិញ
អញ្ចឹងទេ បានជាកងទ័ពចាក់ទៅរលូន។ តើមានកងទ័ពណាស្លាប់ម្នាក់ហើយឬនៅ? កងទ័ពដែលចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ឥឡូវខ្ញុំព្រួយបារម្ភទៅវិញទេ។ គេបង្អាប់វ៉ាក់សាំងចិន ឥឡូវនេះបែរទៅជាមានបញ្ហាវ៉ាក់សាំងអង់គ្លេសទៅវិញ។ នៅហ្វីលីពីនម្សិលម្ង៉ៃ ហាមឃាត់ការចាក់វ៉ាក់សាំង AstraZeneca ក្រោមអាយុ ៦០ ឆ្នាំ ដូចយើងដែរ យើងទុកចាក់ឱ្យមនុស្សលើស ៦០ ឆ្នាំ។ ម្សិលមិញនេះ នៅហុងកុងសូមផ្អាកការទទួលវ៉ាក់សាំង AstraZeneca។ នៅអឺរ៉ុប ម្ដងឱ្យចាក់ ម្ដងមិនឱ្យ ថាមកពីជំងឺកកឈាម។ ខ្ញុំមិនទាន់ច្បាស់ថា ដូសទី ២ ខ្ញុំ(គួរ)ទទួលឬមិនទទួល បើព័ត៌មានវាបែបនេះ ប៉ុន្តែ ប្រហែលជាមិនអី។ គ្រាន់តែបញ្ហាអញ្ចេះ សូមផ្ដាំទៅក្រសួងសុខាភិបាល AstraZeneca ដឺឡេរបស់វាតែ ៦ ខែទេ ប៉ុន្តែ ពេលវេលាពីដូសទី ១ ទៅដូសទី ២ វាវែងណាស់។ ដូសទី ១ ទៅដូសទី ២ ចាប់ពីមួយខែ ២ ខែ ទៅ ៣ ខែ ហើយប្រសិទ្ធភាពរបស់វាគឺមាន(ចាប់ពី) ២ ខែ ឬ ៦០ ថ្ងៃ។ ខ្ញុំទទួលនៅថ្ងៃ ៤ (ខែ ៣) ត្រូវទទួលដូសទី ២ នៅថ្ងៃ ២៩ ខែមេសា។ ប៉ុន្តែ ប្រសិនបើមានការប្រជុំពិសេសបន្ទាន់របស់អាស៊ាននៅទីក្រុងហ្សាកាតា ឬនៅប្រ៊ុយណេ លើបញ្ហាមួយចំនួន ក្នុងហ្នឹងមានបញ្ហាមីយ៉ាន់ម៉ាផងដែរ ហើយគាប់ជួនពេលនោះ ការប្រជុំត្រូវកើតមុនការចាក់នៅថ្ងៃទី ២៩ ខ្ញុំសូមចាក់មុន ដើម្បីឱ្យខ្ញុំទទួលបានដូសទី ២។
ប៉ុន្តែ បើ Sinopharm វិញ គេចាក់ បើក្នុងកងទ័ពវិញ … (អ្នកទទួលបានវ៉ាក់សាំង)ដូសទី ១ មាន ២១៦ ៩០៣ នាក់ ដូសទី ២ បាន ១១៧ ៦១៣ នាក់ទៅហើយ។ អញ្ចឹងបានសេចក្ដីថា កងទ័ពគេបានដំណើរការលឿនណាស់ ក្នុងនោះគេក៏ចូលរួមចាក់ឱ្យអតីតយុទ្ធជនបានជាង ១ ម៉ឺន ១ ពាន់នាក់ ក្នុងចំណោម ៦ ម៉ឺននាក់ជាងរួចស្រេចទៅហើយ។ អញ្ចឹងទេបានយើងមើលឱ្យសព្វគ្រប់ សូមលោកជំទាវ ឱ វណ្ឌឌីន យកចិត្តទុកដាក់ទៅលើជនពិការក្នុងអតីតយុទ្ធជន ក្រែងលោមានជនពិការមួយចំនួន ប៉ុន្តែជនពិការខ្លះមិនស្ថិតនៅក្នុងបញ្ជីរបស់អតីតយុទ្ធជនទេ ក៏ត្រូវមើលជនពិការដើម្បីចាក់ឱ្យជនពិការ។
ក្រៅពីនោះ ខ្ញុំបានផ្ញើបញ្ជីហើយ បុព្វជិតសាសនា ទាំងពុទ្ធសាសនា ទាំងឥស្លាមសាសនា ទាំងយេស៊ូគ្រីស្ទ ក៏ត្រូវទទួលបានវ៉ាក់សាំង។ ត្រូវមើលផងដែរនូវប្រជាការពារ សុទ្ធតែដើរធ្វើការប៉ះពាល់ អញ្ចឹងថ្នាក់ស្រុក ថ្នាក់ខេត្ត ត្រូវតែមើលប្រជាការពារ។ កាលពីមុន យើងឱ្យទាំងមន្រ្តីអនុរក្សព្រៃឈើ ខាងបរិស្ថាន ទាំងនគរបាលយុត្តិធម៌ ខាងនេសាទ ជលផលស្អីៗ សុទ្ធតែត្រូវចាក់។ ប្រជាការពារក៏ស្ថិតនៅក្នុងចំណោមប្រជាជន ប៉ុន្តែគប្បីទទួលបាន។ ត្រូវមើលព្រៃទាំងមូលគួបផ្សំនឹងមើលដើមឈើមួយដើមៗ។ អញ្ចឹងបើគេចាក់គ្រប់គ្នា ហើយអាក្រុមដែលចាក់ទៅងាប់ អាហ្នឹងទុកឱ្យវានៅមួយកន្លែង។ កំពុងតែខ្វះវ៉ាក់សាំងផង។ បើអ្នកឯងមិនទាន់ស្ម័គ្រចិត្តមកចាក់ អូខេ! ល្អវិញ។ តែខ្ញុំមិនចង់ឱ្យអ្នកឯងងាប់ទេ។ បើទោះបីអ្នកឯងស្អប់ខ្ញុំ។ តែខ្ញុំមិនចង់ឱ្យអ្នកឯងងាប់ ចង់ឱ្យអ្នកឯងរស់ ហើយក៏មិនចង់ឱ្យអ្នកឯងត្រូវគេរើសអើង ព្រោះគេមួយភូមិគេចាក់អស់ហើយ អត់តែគ្រួសារហ្នឹងមួយមិនចាក់ អញ្ចឹងទេទៅណា?
ចូលរួម ៣ កុំ ៣ ការពារ ដើម្បីខ្លួនឯង
នេះជាអ្វីដែលខ្ញុំនិយាយ ចូល ២ ម៉ោងកន្លះ វាល្មមគ្រប់គ្រាន់ ព្រោះសារចេញម្ដងៗវាត្រូវវែង បានវាសព្វគ្រប់។ សូមអំពាវនាវអង្វរករចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ សូមមេត្តាយោគយល់ការលំបាករបស់ជាតិ ដែលខ្ញុំលើកដៃសំពះអង្វរករ មិនមែនដើម្បីខ្លួនខ្ញុំទេ ដើម្បីសេចក្ដីសុខរបស់បងប្អូនផ្ទាល់តែម្ដង។ ៣ កុំ ៣ ការពារ កុំធ្វើដំណើរទៅក្រៅដោយមិនពាក់ម៉ាស កុំទៅទីកន្លែងមានមនុស្សច្រើន … ហើយសូមអង្វរករឱ្យទទួលទេវតា(ឆ្នាំថ្មី)តាមផ្ទះ មិនមែនដើម្បីខ្លួនខ្ញុំទេ ដើម្បីបងប្អូន ព្រោះគ្មាននរណាឈឺជួសបងប្អូនទេ។ បើបងប្អូនមិនគិតទៅដល់ការនឿយហត់របស់គ្រូពេទ្យ គិតដល់ការនឿយហត់របស់អាជ្ញាធរ គិតដល់ការនឿយហត់របស់គ្រួសារ ត្រូវគិតពីខ្លូនឯង ព្រោះគ្មាននរណាឈឺជួសខ្លួនទេ។
រដ្ឋបាល ហ៊ុន សែន មិនខ្វះលុយបើកប្រាក់ខែជូនមន្រ្តីរាជការនោះទេ ខ្លាចតែក្រុមលោកឯងវិញទេ ដែលអស់លទ្ធភាព
រាជរដ្ឋាភិបាលប្រឹងណាស់។ ខ្ញុំគិតថា តម្លៃទឹក តម្លៃភ្លើង តម្លៃអន្តរាគមន៍ ជួយក្នុងពេលធ្វើចត្តាឡីស័ក នឹងប្រើលុយរាប់លានដុល្លារទៀត ប៉ុន្តែ វាមិនទៅលើសពីសមត្ថភាពនៃការទទួលបានទេ។ មានអ្នកបង្ហោះហ្វេសប៊ុកថា យើងដាក់បញ្ហានេះ ចង់ដេញមន្រ្តីចេញ ព្រោះខ្វះលុយបើកប្រាក់ខែ។ សុំទោស! ចាំជាតិក្រោយចុះអូន។ ខែ ៣ កន្លងផុតទៅ សូមប្រាប់ជាដំណឹង ចំណូលថវិកាផ្នែកពន្ធដារទទួលបានជិត ៦០០ លាន ផ្នែកគយទទួលបានជាង ២០០ លាន សរុបជាង ៨០០ លាន។ បើពន្ធដារគិតទាំងខែ ១ ខែ ២ បូកទាំងខែ ៣ បានជាង ១ ពាន់លានរួចទៅហើយ។ ឯផ្នែកគយ ទាំង ៣ ខែ បានជាង ៦០០ លានរួចទៅហើយ។ អញ្ចឹងតើរដ្ឋបាល ហ៊ុន សែន ខ្វះលុយឬទេ? ជើងលេខលុយនៅនេះ វាមិនទាន់អស់សាច់លុយទេ។ នេះជាសាច់លុយដែលសុំអ្នកឯងត្រូវជ្រាប។ ហោចណាស់នៅសាច់ប្រាក់ដែលអាចបើកប្រាក់ខែបាន ៣ ឆ្នាំ(ទៅមុខ)ទៀត។ ប្រាប់លោកឯងឱ្យយល់។
ផ្ទុយទៅវិញ ក្រុមលោកឯងទេ ដែលថ្ងៃនេះនឹងមានម្នាក់សុំច្បាប់ធ្វើនយោបាយ។ ខ្ញុំដឹងថា នៅខាងក្រៅទទួលបានព័ត៌មានហើយ ក្រុមលោកឯងអស់លុយហើយ។ ក្រុមលោកឯងគ្មានសមត្ថភាព គ្មានលទ្ធភាពទេ។ កុំមានមាតុភូមិនិវត្តន៍ទី ១ ទី ២ ទី ៣ ទី ៤ អី ល្មមឈប់ហើយ។ ខ្ញុំមិនចង់តមាត់ទេ ក៏ប៉ុន្តែ ខ្ញុំត្រូវពន្យល់ប្រជាពលរដ្ឋឱ្យយល់។ ដង្ហើមវាដល់ណា? សូមមើលទៅ យើងធ្វើត្រូវ។ ខ្ញុំអត់តមាត់ តែខ្ញុំមានកាតព្វកិច្ចពន្យល់ប្រជាពលរដ្ឋ។ សម្ពាធអន្តរជាតិអញ្ចេះ សម្ពាធអន្តរជាតិអញ្ចុះ។ អូខេ! អ្នកនិយាយចេះតែនិយាយទៅ អ្នកនៅក៏ចេះតែនៅទៅ។ ខ្ញុំមានទៅ(មានផល)រមាស់អីប្រជាពលរដ្ឋ គ្រាន់តែកូវីដ-១៩វាបំផ្លាញទេតើ។ គ្រាន់តែព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលព្រះអង្គដឹកនាំសប្បុរសជន ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយថវិកា ទាំងថវិកាចូលរួមលើកមុន ទាំងថវិកាចូលរួមទិញវ៉ាក់សាំង ទាំងថវិកាចូលរួមទិញមន្ទីរពេទ្យ វាទៅជេរទាំងព្រះមហាក្សត្រ និងហ្លួងម៉ែទៅទៀត។ បើវាមិនបានអី ក៏វាគួរតែជេរត្រឹមតែខ្ញុំបានហើយ កុំទៅជេរដល់ព្រះមហាក្សត្រ។ ប៉ុន្តែ ដោយសារតែចរិតចង្រៃហ្នឹងហើយ បានជាវាអញ្ចឹងនោះ បានវារត់ចោលស្រុក បើវាដូចគេដូចឯង វាមិនចាំបាច់រត់ចោលស្រុកទេ អាហ្នឹងវាតែប៉ុណ្ណឹង។
គេត្រូវការវ៉ាក់សាំង វាសុទ្ធតែវ៉ាក់សាំង(អញ្ចេះអញ្ចុះ) ឥឡូវ Sinopharm ត្រូវអឺរ៉ុបទទួលស្គាល់ហើយ។ អឺរ៉ុបឥឡូវនេះកំពុងតែបញ្ហាមែនទែនហើយ ចាំឱ្យច្បាស់ទៅ ម្ដងឱ្យចាក់ AstraZeneca ម្ដងមិនឱ្យចាក់។ ខ្លះទៅទិញវ៉ាក់សាំងពីរុស្ស៊ី ទៅរករឿងគ្នាទៀត។ ទីក្រុង Nice របស់បារាំងក៏ចង់ទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដែរ។ ឥឡូវយើងប្រើប្រាស់គ្រប់ Johnson & Johnson នេះចេះមិនទាន់ទៅ។ ចុះបើទៅ វាយ៉ាងម៉េច? ចោល ១៥ លានដូស តើមានពួកប្រឆាំងណាមួយជេរអាមេរិកទេ? ហេតុអីបានផលិតវ៉ាក់សាំង ១៥ លានដូសផ្សំខុសវត្ថុធាតុដើម? ប្រសិនបើវ៉ាក់សាំងនេះមកដល់កម្ពុជា តើនឹងងាប់មនុស្សយ៉ាងម៉េច? តើមាននរណាចេញមុខជេរអាមេរិក ជេរក្រុមហ៊ុន Johnson & Johnson?
ខ្ញុំចង់ពិគ្រោះជាមួយគ្រូពេទ្យរបស់ខ្ញុំឡើងវិញ បើថាមិនកើតទេ AstraZeneca អាដូសទី ២ មិនបាច់ទទួលទេ លេង Sinopharm ឬ Sinovac ឆាប់បានទទួលអាដូសទី ២ ដើម្បីទៅប្រជុំអាស៊ាន។ គ្រូពេទ្យខ្ញុំក៏កំពុងតែមើលដែរ។ កូនខ្ញុំទាំងអស់សុទ្ធតែ(ចាក់) Sinopharm។ អញ្ចឹងគួរតែអ្នកឯងសើចទៅ អរទៅ ព្រោះកូនខ្ញុំងាប់ជិតអស់ហើយ ព្រោះសុទ្ធតែចាក់ Sinopharm និង Sinovac។ កូនស្រី ២ នាក់ទើបចាក់ក្រោយនេះ ដូចចាក់ Sinovac។ កូនបង្កើត និងកូនប្រសារមុននោះ ចាក់សុទ្ធតែ Sinopharm។ មានតែឪម៉ែវាតែ ២ នាក់ទេ ព្រោះអីលក្ខខណ្ឌតម្រូវ AstraZeneca គឺសម្រាប់មនុស្ស ៦០ ឆ្នាំឡើងលើ។ កូនត្រូវតែទទួលយក Sinopharm និង Sinovac ដើម្បីធានាការស្មើភាព។ មានអ្នកខ្លះ ពេលគេចាក់ឱ្យ (ហ៊ុន) ម៉ាណែត គេយកវីតាមីនទៅចាក់។ បើគង់ចាក់វីតាមីនដែរ ចាក់វ៉ាក់សាំងទៅវាមិនល្អ? វ៉ាក់សាំងវាសាមញ្ញណាស់ យើងកើតមក កូនក្មេងកើតមក ចាក់វ៉ាក់សាំងនេះ/នោះ ប៉ុន្មានខែត្រូវប៉ុន្មានម្ជុលៗ វាសាមញ្ញណាស់។
បន្តិចទៀតវ៉ាក់សាំងកូវីដ-១៩ នឹងក្លាយទៅជាបញ្ហាធម្មតា ហើយ Sinopharm រយៈពេល(សុពលភាព)របស់វា ៣ ឆ្នាំ ឬ ៣៦ ខែឯណោះ។ អញ្ចឹងទិញបានយកមក។ បើទោះបីចាក់មិនទាន់ ក៏យើងមានស្តុកទុក។ តែការស្តុកទុកដោយមិនចែកចាយឱ្យប្រទេសដទៃ គឺវាអាក្រក់មើលណាស់។ យើង(គោរព)ពហុភាគីនិយម មិនមែនជាប្រទេសដែលទាមទារយកមកគ្រប់គ្រងទាំងអស់ទេ។ តែយើងមានវិធីសាស្រ្តរក។ យើងចាក់ឱ្យអ្នកការទូតនៅភ្នំពេញ(ទៀតផង)។ នៅលើលោកិយនេះប្រហែលមានតែកម្ពុជាទេ សួរមើល សួរទៅអង្គការសុខភាពពិភពលោក ប្រហែលមានតែកម្ពុជាទេដែលចាក់ឱ្យអ្នកការទូតទាំងអស់ មន្រ្តីអង្គការសហប្រជាជាតិទាំងអស់ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិទាំងអស់។ តើប្រទេសដទៃមានបានធ្វើឬនៅ? អ្នកការទូតកម្ពុជា(នៅក្រៅប្រទេស)មិនទាន់បានទទួលមួយម្ជុលណាទេ។ តែកម្ពុជាបានធ្វើហើយ។ សូមលោកជំទាវ ឱ វណ្ឌឌីន សាកសួរទៅអង្គការសុខភាពពិភពលោក សួរទៅលោកជំទាវ Li Ailan តំណាង WHO តើមកដល់ថ្ងៃនេះ មានប្រទេសប៉ុន្មានហើយ ដែលបានចាក់ឱ្យអ្នកការទូត និងជនបរទេស? នៅកម្ពុជា ខ្ញុំកំពុងបញ្ជាឱ្យចាក់ឱ្យនិស្សិតបរទេស ដែលកំពុងរៀននៅកម្ពុជាទៀត រហូតដល់ព្រឹទ្ធទូត ដែលជាអគ្គរដ្ឋទូតប្រ៊ុយណេ និយាយថា កម្ពុជាតូច តែចិត្តតែថ្លើមធំ។ ខ្ញុំធ្វើអញ្ចឹង ហើយនេះជាសិទ្ធិរបស់កម្ពុជាធ្វើ ដោយមិនចាំបាច់អ្នកណាប្រដៅ។ កុំនិយាយថា គិតតែខ្លួនឯងមិនបានផង ទៅគិតដល់គេ។ បាទ! ខ្ញុំគិតទៅជាមួយគ្នាទាំងអស់ហ្នឹង មិនគិតដូចលោកឯងទេ។
ជាមួយនឹងការបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំសូមអរព្រះគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ អរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រ និងហ្លូងម៉ែ អរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមជួយ បើគិតជាថវិកាមកដល់ពេលនេះគឺជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ទាំងសម្រាប់ទិញវ៉ាក់សាំង ទាំងសម្រាប់ទិញមន្ទីរពេទ្យទាំងជំនួយ ២ ដង ជាង ១០០ លានដុល្លារអាមេរិក ដែលបានប្រើប្រាស់។ ឥឡូវនេះដូចជាជំនួយទៅឱ្យបងប្អូនប្រជាពលរដ្ឋនេះ គឺប្រើក្នុងទឹកប្រាក់ដែលជាជំនួយសប្បុរសជន។ ទិញសម្ភារមួយចំនួន ទិញវ៉ាក់សាំង ក៏ប្រើក្នុងថវិកាជំនួយសប្បុរសជន ថវិកាជាតិរបស់យើងក៏ចេញ។
ទួលបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ សូមនាំមកនូវសិរីសួស្ដី ជ័យមង្គល និងជួបប្រទះតែនឹងពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ និងអរគុណ៕