ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រាប់មន្រ្តីរបស់ខ្លួនថា «កុំយកលុយរកប៉ុស្តិ៍ កុំយកប៉ុស្តិ៍រកលុយ»

FN ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានក្រើនរំលឹកទៅដល់មន្រ្តី​ក្រោមឱវាទរបស់ខ្លួនថា មិនត្រូវយកលុយទៅរកប៉ុស្តិ៍ការងារ ហើយក៏មិនត្រូវយកប៉ុស្តិ៍ការងារនេះទៅរកលុយនោះដែរ ពោលត្រូវប្រឹងប្រែងធ្វើការងារឲ្យបានល្អប្រសើរជូនជាតិ និង ប្រជាជន។ ក្នុងពិធីនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានថ្លែងថា ក្រសួងកំពុងពិនិត្យលទ្ធភាពតែងតាំង​មន្ត្រីអ្នកការទូតកម្ពុជាមួយចំនួន​នៅតាមបណ្តាប្រទេស​មួយចំនួនទៀត។ តែការតែងតាំងនេះ ទាមទារឲ្យមន្ត្រីមានសមត្ថភាព និងមានបទពិសោធន៍ការងារដឹកនាំ ហើយក៏ទាមទារឲ្យ​ចេះសរសេររបាយការណ៍ និងធ្វើបទវិភាគអំពីស្ថានភាពក្នុងប្រទេសដែលកំពុងបំពេញបេសកកម្មការទូត។ ជាពិសេសត្រូវមាន​ទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយប្រទេសជាដៃគូរ។ ចំពោះអ្នកមិនទាន់ទទួលបានតំណែងវិញ លោក ប្រាក់ សុខុន បានស្នើកុំឲ្យអស់សង្ឃឹម ព្រោះមន្ត្រីចាប់ពីតំណែងប្រធាន​នាយកដ្ឋានមានឱកាសច្រើនណាស់ក្នុងការតែងតាំងមន្ត្រីការទូត ប៉ុន្តែត្រូវខិតខំបង្កើនសមត្ថភាព។ លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់មន្រ្តីរបស់ខ្លួនថា ការងារក្រសួងការបរទេសប្រៀបបាននឹងបឹងទន្លេសាប មានទឹកចេញនិងទឹកចូល។ តែទោះជាយ៉ាង លោក ប្រាក់ សុខុន បានរំលឹកមន្រ្តីចៀសឲ្យផុតពីការប្រព្រឹត្តអំពើពុករលួយ និងមិនត្រូវប្រើតួនាទី​ក្នុងរកលាភសក្ការៈនោះឡើយ។ សូមបញ្ជាក់ថានៅព្រឹកមិញក្រសួងការបរទេស បានប្រកាសចូលកាន់តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានចំនួន…

ដំណឹងរីករាយសម្រាប់ពលរដ្ឋខ្មែរ! ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ សម្រេចមិនដំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរឡើយ

FN​​ ៖ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ នៅក្នុងសមាគមដឹកអ្នកដំណើរ បានសម្រេចជាឯកច្ឆ័ន្ទថា ពួកគេមិនដំឡើងថ្លៃសេវា របស់ខ្លួននៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះឡើយ ដើម្បីជួយសម្រួលការចំណាយរបស់ ប្រជាពលរដ្ឋខ្មែរក្នុងពេល ពួកគេទៅលេងស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី។ ការសម្រេចរបស់ក្រុមហ៊ុនបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការជួបជជែកគ្នារវាង តំណាងក្រុមហ៊ុន ដឹកជញ្ជូន ជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ បានអំពាវនាវទៅដល់បណ្តាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់កុំឲ្យដំឡើងថ្លៃសេវាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕

ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា៖ អ្នកជំងឺឈាមកម្រកកនៅកម្ពុជា កំពុងប្រឈមការខ្វះខាតថវិកាព្យាបាល និងធនធានពេទ្យ ដើម្បីទប់ស្កាត់

FN ៖ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា កំពុងខ្វះខាតថវិកា និងធនធានពេទ្យ ដើម្បីចូលរួមព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក (ឈាមរាវ) នៅកម្ពុជា។ លោកថ្លែងថា អ្នកជំងឺឈាមកម្រកក ម្នាក់ត្រូវចំណាយថវិកាព្យាបាលក្នុង១សប្តាហ៍ ៥០០ដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះគឺពិតជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាល។ ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានប្រាប់ថា តាមការប៉ាន់ប្រមាណគឺមាន១៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំងឺមានចំនួនប្រមាណត្រឹមតែ១៣៧នាក់ ដែលទទួលបានការព្យាបាល ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ មាននៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាមួយវេជ្ជបណ្ឌិតតែ២រូបប៉ុណ្ណោះ។ ការលើកឡើងរបស់លោក សែម សុខបញ្ញា បានធ្វើឡើងនៅក្នុងទិវាជំងឺហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ «សហការគ្នាដើម្បីការផ្លាស់ប្តូរក្នុងការធ្វើសកម្មភាពសម្រាប់អ្នកជំងឺហេម៉ូហ្វីលា» នៅថ្ងៃទី០៩ ខែមេសា ឆ្នៃ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅក្នុងទិវានោះ មានការអញ្ជើញចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច…