ដំណឹងរីករាយសម្រាប់ពលរដ្ឋខ្មែរ! ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ សម្រេចមិនដំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរឡើយ

FN​​ ៖ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ នៅក្នុងសមាគមដឹកអ្នកដំណើរ បានសម្រេចជាឯកច្ឆ័ន្ទថា ពួកគេមិនដំឡើងថ្លៃសេវា របស់ខ្លួននៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះឡើយ ដើម្បីជួយសម្រួលការចំណាយរបស់ ប្រជាពលរដ្ឋខ្មែរក្នុងពេល ពួកគេទៅលេងស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី។ ការសម្រេចរបស់ក្រុមហ៊ុនបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការជួបជជែកគ្នារវាង តំណាងក្រុមហ៊ុន ដឹកជញ្ជូន ជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ បានអំពាវនាវទៅដល់បណ្តាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់កុំឲ្យដំឡើងថ្លៃសេវាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕

ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា៖ អ្នកជំងឺឈាមកម្រកកនៅកម្ពុជា កំពុងប្រឈមការខ្វះខាតថវិកាព្យាបាល និងធនធានពេទ្យ ដើម្បីទប់ស្កាត់

FN ៖ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា កំពុងខ្វះខាតថវិកា និងធនធានពេទ្យ ដើម្បីចូលរួមព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក (ឈាមរាវ) នៅកម្ពុជា។ លោកថ្លែងថា អ្នកជំងឺឈាមកម្រកក ម្នាក់ត្រូវចំណាយថវិកាព្យាបាលក្នុង១សប្តាហ៍ ៥០០ដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះគឺពិតជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាល។ ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានប្រាប់ថា តាមការប៉ាន់ប្រមាណគឺមាន១៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំងឺមានចំនួនប្រមាណត្រឹមតែ១៣៧នាក់ ដែលទទួលបានការព្យាបាល ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ មាននៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាមួយវេជ្ជបណ្ឌិតតែ២រូបប៉ុណ្ណោះ។ ការលើកឡើងរបស់លោក សែម សុខបញ្ញា បានធ្វើឡើងនៅក្នុងទិវាជំងឺហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ «សហការគ្នាដើម្បីការផ្លាស់ប្តូរក្នុងការធ្វើសកម្មភាពសម្រាប់អ្នកជំងឺហេម៉ូហ្វីលា» នៅថ្ងៃទី០៩ ខែមេសា ឆ្នៃ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅក្នុងទិវានោះ មានការអញ្ជើញចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច…

មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះពិនិត្យទំនិញរកសារធាតុគីមី នៅផ្សារចាស់ និងតាមស្តាម៉ាតក្នុងខណ្ឌដូនពេញ មុនឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ ដើម្បីរក្សានៅសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះ​លោក​ គង់​ វុទ្ធី​ អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​បានដឹកនាំមន្ត្រីកុងត្រូលសហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីបានចុះត្រូតពិនិត្យទំនិញ​ម្ហូបអាហារនៅផ្សារចាស់ និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឋដូនពេញ​ រាជធានីភ្នំពេញ។ លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​បានថ្លែងថា​ បន្ទាប់ពីមានការណែ​នាំ​ពីលោក ពេញ​ ធារម្យ​ ប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ ទើបនៅព្រឹកថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ២០១៧នេះ​ លោកនិងក្រុមការងារបានចុះពិនិត្យទំនិញផ្សេងៗ​ នៅក្នុងផ្សារចាស់​ ដូចជា​៖ បន្លែគ្រប់ប្រភេទ​ ត្រី​ សាច់​ បង្គាស្រល់​ បង្គាក្រៀម​ មឹកស្រល់​ យីហី​ នឹងគ្រឿងកំប៉ុងគ្រប់ប្រភេទផងដែល។ លោកបន្តថា «គោលបំណងក្នុងការចុះពិនិត្យទំនិញនា​ ពេលនេះគឺស្វែងរកសារធាតុគីមី​ ដើម្បីទប់ស្កាត់កុំឲ្យក្រុមអាជីវករ បន្តលក់ជំនិញខូចគុណភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋយើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់ខាងមុខនេះ។ ក្នុងប្រតិបត្តិការចុះពិនិត្យនេះ ដែលមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុក សារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម»។…