៨ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោន កើន៣១% , ចិនទិញអង្ករពីកម្ពុជាច្រើនជាងគេជិត១៦ម៉ឺនតោន

FN ៖ របាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោនកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ របាយការណ៍ដដែលបញ្ជាក់ថា ប្រទេសចិននៅតែទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺនៅ៨ខែឆ្នាំនេះ ចិនទិញអង្ករជិត១៦ម៉ឺនតោនពីកម្ពុជា ស្មើនឹង៣៦ភាគរយ នៃបរិមាណនាំចេញទាំងអស់ ខណៈប្រទេសនៅអឺរ៉ុបទិញអង្ករពីកម្ពុជាជិត១៥ម៉ឺនតោនស្មើនឹង៣៣ភារយនៃបរិមាណនាំចេញទាំងអស់ ។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានទិញអង្ករកម្ពុជា ប្រមាណជាង៦ម៉ឺនតោន ស្មើនឹងជាង១៣ភាគរយ ហើយចំនួនជិត៨ម៉ឺនតោនទៀត ត្រូវបាននាំចេញទៅប្រទេស២៨ផ្សេងទៀត។ សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានជាង៦៥ម៉ឺនតោន។ ចំណែកនៅឆ្នាំ២០២០នេះ អ្នកជំនួញអង្ករ និងមន្ត្រីរាជរដ្ឋាភិបាលរំពឹងថានឹងនាំចេញបានប្រមាណ៨០ម៉ឺនតោន ៕

ក្នុងខែសីហា គម្រោងវិនិយោគថ្មីៗចំនួន៩ សរុបទុនវិនិយោគជាង ១១៤លានដុល្លារត្រូវបានអនុម័ត

FN ៖ នៅក្នុង ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៩ទៀត សរុបទុនវិនិយោគចំនួន ១១៤.៥លានដុល្លារអាមេរិក។ គម្រោងវិនិយោគទាំង៩នោះរួមមាន៖ ១៖ ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (អាលុយមីញ៉ូម និងដែក) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង និងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ៣៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១២នាក់។ ២៖ ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨នាក់។ ៣៖ ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD.…

ក្រសួងអប់រំកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី២១ ខែធ្នូ សម្រាប់ការប្រឡងបាក់ឌុប

FN ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែសីហានេះថា ក្រសួងបានកំណត់កាលបរិច្ឆេទរួចហើយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ លោកបន្តថា ក្រសួងបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋទូទាំងប្រទេស អាចបើកដំណើរការបង្រៀងសិស្សថ្នាក់ទី៩ និងទី១២ ឡើងវិញទូទាំងប្រទេសចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាតំណាក់កាលទី២ រហូតដល់បញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។ លោកបន្តថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ត្រូវអនុវត្តតាមលក្ខខណ្ឌ តម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្ត នៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះ តាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០៕