បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យតម្រូវឱ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣ កក្កដា ឆ្នាំ ២០២១។
ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ នៅវិមានសន្តិភាព។
ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឱ្យមានមនុស្សចូលមកជិតខ្ញុំទេ៕