FN ៖ លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របានយ៉ាងល្អលើការងារគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនមួយយ៉ាងលឿន។
ការកោតសរសើររបស់លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានដកស្រង់សម្តីលោកស្រីទូតបារាំង មកគូសបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាមានការគ្រប់គ្រង និងដាក់ចេញយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចម្ងាយនោះទេ»។
លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ក៏បានសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកស្រី ក៏បានគូសរំលេចផងដែរថា ពីការផ្តល់វ៉ាក់សាំងជូនជនបរទេសនៅកម្ពុជា។
លោកស្រីចាត់ទុកការចាក់វ៉ាក់សាំងជូនជនបរទេសទាំងអស់នៅកម្ពុជា គឺជាសណ្តានចិត្តមនុស្សធម៌របស់កម្ពុជាដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូតថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់គ្នា ហើយគ្រប់មនុស្សដែលរស់នៅកម្ពុជាមិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរួមមានវិទ្យាស្ថានបាស្ទ័រ បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងដាក់ចេញយុទ្ធសាស្ត្រពន្លឿនការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការការពារសុខភាពពីការរាតត្បាតជំងឺកូវីដ១៩។ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសនៅកម្ពុជា បានសរុបជាង ៣លាននាក់ហើយ ស្មើនឹងជាង ៣០ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង។ កម្ពុជា គ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងចំនួនប្រមាណ ១៣លាននាក់ ឱ្យចប់សព្វគ្រប់នៅឆមាសទី១ ឆ្នាំ២០២២។
កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ាន បន្ទាប់ពីសឹង្ហបុរី ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើ ន និងមានល្បឿនលឿន។
នៅក្នុងជំនួបនាព្រឹកមិញនេះ លោកស្រីឯកអគ្គរដ្ឋទូតបារាំង ក៏បានថ្លែងអំណរសម្តេចតេជោ និងមន្ត្រីរាជរដ្ឋាភិបាលគ្រប់ក្រសួងស្ថាប័ន ដែលផ្តល់កិច្ចសហការយ៉ាងល្អ ដល់លោកស្រីក្នុងការបំពេញការងាររយៈពេល៤ឆ្នាំកន្លងទៅនេះ។
លោកស្រី បានកត់សម្គាល់ថា រយៈពេល៤ឆ្នាំនេះ លោកស្រីបានជួបពិភាក្សាជាមួយសម្តេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់។ រាល់កិច្ចពិភាក្សាមានភាពត្រង់ទៅត្រង់មក មានភាពបើកចំហ និងមានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាដ៏សំខាន់ ធ្វើឱ្យបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជាទទួលបានជោគជ័យតាមការកំណត់ គឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកស្រី ក៏បានលើកឡើងដែរថា កម្ពុជាជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍ។ លោកស្រីបានបញ្ជាក់ថា មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យរដ្ឋាភិបាលបារាំង ក៏ដូចជាវិស័យឯកជនបារាំង នៅបន្តជាមួយកម្ពុជាចូលរួមចំណែកជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកស្រី ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់ជំនួយដល់កម្ពុជា។ ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលជួយពង្រឹងដល់សមត្ថភាពគ្រូពេទ្យរបស់កម្ពុជា និងផ្តល់ជាហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ៕