​លោកស្រីឧប. ម៉ែន សំអន៖ ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព ពេញលេញក្នុងការធ្វើបុណ្យ ក្រោមដំបូលសន្តិភាព

FN ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តសន្តិភាព (ហៅវត្តខ្លាហើរ) ដែលស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។ ឆ្លៀតក្នុងឱកាសនោះលោកស្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ។ ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈដែលប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅទៅរៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព»។ លោកស្រី ម៉ែន សំអន ក៏បានរំលឹកនូវព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិតជាបានបង្កភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង…

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បោះផ្សាយសៀវភៅចំណេះដឹងទូទៅដ៏មានសារសំខាន់​ អំពីការផលិតទឹកស្អាត និងការកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ

FN ៖ នាឱកាសនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៧ ក្រសួងបានចេញផ្សាយនូវសៀវភៅចំណេះដឹងទូទៅ ដ៏មានសារសំខាន់អំពីការផលិតទឹកស្អាត និងកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ ជៀសវាងការចាញ់បោកការឃោសនារបស់ជនឆ្លៀតឱកាសមួយចំនួនតូច ដែលបានលើកយកបញ្ហាទឹកស្អាតមកធ្វើជាប្រធានបទ​ សម្រាប់វាយប្រហារមួលបង្កាច់មកលើរាជរដ្ឋាភិបាល ជាពិសេសនៅអំឡុងពេលមុនការបោះឆ្នោតម្តងៗ។ សៀវភៅចំណេះដឹងទូទៅ ដ៏មានសារប្រយោជន៍មួយក្បាលនេះ មានបកស្រាយអំពីដំណើរការនៃការផលិតទឹកស្អាត ប្រព័ន្ធផលិតកម្មទឹកស្អាត អំពីប្រភពទឹក (ទឹកឆៅ) គ្រោះថ្នាក់នៃការប្រើប្រាស់ទឹកឆៅ ការផ្គត់ផ្គង់ទឹកនៅទីប្រជុំជន និងជនបទ ការកំណត់ថ្លៃលក់ទឹកស្អាតដែលឈរលើមូលដ្ឋានគណនាជាលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងសុក្រឹត្យ និងព័ត៌មានសំខាន់ៗផ្សេងៗ ទៀតទាក់ទងនឹងវិស័យទឹកស្អាតនៅកម្ពុជា និងជាពិសេសបានបង្ហាញពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ទឹកស្អាតទីប្រជុំជន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់នូវទស្សនវិស័យយ៉ាងច្បាស់លាស់ សម្រាប់វិស័យទឹកស្អាត “ប្រជាជនគ្រប់រូបត្រូវទទួលបានទឹកស្អាត ដែលមានគុណភាពល្អ ថ្លៃសមរម្យ និងមានចីរភាព នៅត្រឹមឆ្នាំ២០២៥។ សាធារណជនទូទៅអាច download ឯកសារដ៏មានប្រយោជន៍នេះ និងឯកសារសំខាន់ៗដទៃទៀតជាច្រើន ជា File PDF នៅលើគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕

រដ្ឋមន្ត្រីក្រសួងរ៉ែ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ចុះផ្អាក និងទប់ស្កាត់ស្ថានីយប្រេងឥន្ធនៈ ដែលគ្មានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព

FN ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើលិខិតផ្ញើទៅដល់ គ្រប់អភិបាលរាជធានី-ខេត្ត ទាំងអស់ទូទាំងប្រទេស ដោយជំរុញឲ្យមានការរិតបន្តឹង ចំពោះស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលបើកអាជីវកម្មក្នុងភូមិសាស្ត្ររាជធានីខេត្ត ឲ្យគោរពនូវលក្ខខណ្ឌ បច្ចេកទេសសុវត្ថិភាព ដើម្បីកាត់បន្ថយទប់ស្កាត់ និងបង្ការនូវឧប្បទវហេតុផ្ទុះ ឬឆាបឆេះនានាកើតឡើង។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យ អភិបាលរាជធានីខេត្តទាំងអស់ ធ្វើការផ្អាកនិងទប់ស្កាត់រាល់ការសាងសង់ ស្ថានីយប្រេងឥន្ធនៈថ្មីណា ដែលពុំមានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពល៕