FN ៖ នាឱកាសនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៧ ក្រសួងបានចេញផ្សាយនូវសៀវភៅចំណេះដឹងទូទៅ ដ៏មានសារសំខាន់អំពីការផលិតទឹកស្អាត និងកំណត់ថ្លៃលក់ទឹកស្អាត ដើម្បីជាជំនួយស្មារតីសម្រាប់សាធារណជនទូទៅ ជៀសវាងការចាញ់បោកការឃោសនារបស់ជនឆ្លៀតឱកាសមួយចំនួនតូច ដែលបានលើកយកបញ្ហាទឹកស្អាតមកធ្វើជាប្រធានបទ សម្រាប់វាយប្រហារមួលបង្កាច់មកលើរាជរដ្ឋាភិបាល ជាពិសេសនៅអំឡុងពេលមុនការបោះឆ្នោតម្តងៗ។
សៀវភៅចំណេះដឹងទូទៅ ដ៏មានសារប្រយោជន៍មួយក្បាលនេះ មានបកស្រាយអំពីដំណើរការនៃការផលិតទឹកស្អាត ប្រព័ន្ធផលិតកម្មទឹកស្អាត អំពីប្រភពទឹក (ទឹកឆៅ) គ្រោះថ្នាក់នៃការប្រើប្រាស់ទឹកឆៅ ការផ្គត់ផ្គង់ទឹកនៅទីប្រជុំជន និងជនបទ ការកំណត់ថ្លៃលក់ទឹកស្អាតដែលឈរលើមូលដ្ឋានគណនាជាលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងសុក្រឹត្យ និងព័ត៌មានសំខាន់ៗផ្សេងៗ ទៀតទាក់ទងនឹងវិស័យទឹកស្អាតនៅកម្ពុជា និងជាពិសេសបានបង្ហាញពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ទឹកស្អាតទីប្រជុំជន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់នូវទស្សនវិស័យយ៉ាងច្បាស់លាស់ សម្រាប់វិស័យទឹកស្អាត “ប្រជាជនគ្រប់រូបត្រូវទទួលបានទឹកស្អាត ដែលមានគុណភាពល្អ ថ្លៃសមរម្យ និងមានចីរភាព នៅត្រឹមឆ្នាំ២០២៥។
សាធារណជនទូទៅអាច download ឯកសារដ៏មានប្រយោជន៍នេះ និងឯកសារសំខាន់ៗដទៃទៀតជាច្រើន ជា File PDF នៅលើគេហទំព័រផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕