FN ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើលិខិតផ្ញើទៅដល់ គ្រប់អភិបាលរាជធានី-ខេត្ត ទាំងអស់ទូទាំងប្រទេស ដោយជំរុញឲ្យមានការរិតបន្តឹង ចំពោះស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលបើកអាជីវកម្មក្នុងភូមិសាស្ត្ររាជធានីខេត្ត ឲ្យគោរពនូវលក្ខខណ្ឌ បច្ចេកទេសសុវត្ថិភាព ដើម្បីកាត់បន្ថយទប់ស្កាត់ និងបង្ការនូវឧប្បទវហេតុផ្ទុះ ឬឆាបឆេះនានាកើតឡើង។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យ អភិបាលរាជធានីខេត្តទាំងអស់ ធ្វើការផ្អាកនិងទប់ស្កាត់រាល់ការសាងសង់ ស្ថានីយប្រេងឥន្ធនៈថ្មីណា ដែលពុំមានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពល៕