Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី! និង អង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ- ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តួចផ្តើមរៀបចំគោលនយោបាយ ដ៏មានសារ សំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេសធនាគារអភិវឌ្ឍន៍ឤស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងគោលនយោបាយនេះ រហូតបានចប់ជាស្ថាពរ។ ជារួម ការប្រកាសដាក់ឱ្យអនុវត្តនូវ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នេះ ពិតជាមានភាពចាំបាច់ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកប​ដោយផលិតភាព ជូនប្រជាជនកម្ពុជាគ្រប់រូបដោយសមធម៌, ការលើកកម្ពស់ជីវភាព, ភាពថ្លៃថ្នូររបស់ប្រ ជាជន, ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា…

សារលើហ្វេសប៊ុក ស្តីពី ការឈប់លក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា

សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយនឹងសាកល​វិទ្យាល័យ​ឯក​ទេស នៃកម្ពុជា ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់និស្សិត ចំនួន ៥.៨០៨ ហើយដែលចាត់ទុកថា ជាចំនួនមួយ​ដ៏​ច្រើន ដែលប្រមូលផ្ដុំមកពីរាជធានីភ្នំពេញ និងសាខានៅតាមខេត្តផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា នេះ​គឺជាផ្នែកដ៏សំខាន់មួយ ដែលប្រទេសជាតិរបស់យើងទទួលបាន នៅក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្ស តាមរយៈនៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធិការ​បាន​ធ្វើ​របាយ​ការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងវឌ្ឍនភាព នៃដំណើរការ នៃសាកលវិទ្យាល័យ ដែលនោះ​ចាត់​ទុក​ថា ជានិរន្តរភាព និងការវិវឌ្ឍរីកចម្រើន រីកធំធាត់ នៃសាកលវិទ្យាល័យ ចាប់តាំងពីពេលចាប់​កំណើត​រហូត​មកដល់ពេលនេះ។ អត្រាសិស្សមានការធ្វើខ្ពស់ បង្ហាញពីគុណភាព នៃការសិក្សា អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីសំដែងជូននូវការកោតសរសើរ ចំពោះជោគជ័យរបស់​ក្រុម​ប្រឹក្សា​ភិបាល របស់គណៈគ្រប់គ្រងរបស់សាស្រ្តាចារ្យ ដែលបានខិតខំជាមួយនឹងការបង្ហាត់បង្ហាញ…