សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
វឌ្ឍនភាពនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយនឹងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់និស្សិត ចំនួន ៥.៨០៨ ហើយដែលចាត់ទុកថា ជាចំនួនមួយដ៏ច្រើន ដែលប្រមូលផ្ដុំមកពីរាជធានីភ្នំពេញ និងសាខានៅតាមខេត្តផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា នេះគឺជាផ្នែកដ៏សំខាន់មួយ ដែលប្រទេសជាតិរបស់យើងទទួលបាន នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈនៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងវឌ្ឍនភាព នៃដំណើរការ នៃសាកលវិទ្យាល័យ ដែលនោះចាត់ទុកថា ជានិរន្តរភាព និងការវិវឌ្ឍរីកចម្រើន រីកធំធាត់ នៃសាកលវិទ្យាល័យ ចាប់តាំងពីពេលចាប់កំណើតរហូតមកដល់ពេលនេះ។
អត្រាសិស្សមានការធ្វើខ្ពស់ បង្ហាញពីគុណភាព នៃការសិក្សា
អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីសំដែងជូននូវការកោតសរសើរ ចំពោះជោគជ័យរបស់ក្រុមប្រឹក្សាភិបាល របស់គណៈគ្រប់គ្រងរបស់សាស្រ្តាចារ្យ ដែលបានខិតខំជាមួយនឹងការបង្ហាត់បង្ហាញ ចំពោះនិស្សិត ដែលបានធ្វើការសិក្សានៅទីនេះ រាប់ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះ ក៏បាន និងកំពុងបំពេញការងារនៅតាមស្ថាប័ននានាផងដែរ ដែលក្នុងនោះ មាន ៨៩% នៃអ្នកដែលមានការងារធ្វើ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម ស្ដើង សុខុម បញ្ជាក់ថា បរិញ្ញាបត្ររងមាន ៨០,៧៧% បរិញ្ញាបត្រមាន ៨៨,៣៤% បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៩,១៣% និងថ្នាក់បណ្ឌិតមានចំនួន ១០០%។ នេះគឺជាជោគជ័យមួយ បង្ហាញពីសក្ដានុពល បង្ហាញពីគុណភាពនៃការសិក្សា នៃសាកលវិទ្យាល័យ ហើយដែលធនធានមនុស្សទាំងនោះ ត្រូវបានទទួលដោយស្ថាប័នរបស់រដ្ឋ និងវិស័យឯកជន។
ការសិក្សា គឺគ្មានដែនកំណត់ និងមិនអាចបញ្ចូលតាមឈាមបាន
ខ្ញុំព្រះករុណាខ្ញុំ ក៏សង្ឃឹមថា សាកលវិទ្យាល័យនេះ ទាំងទីតាំងនៅភ្នំពេញ និងទីតាំងនៅតាមបណ្ដាខេត្ត នឹងបន្តការខិតខំលើកកម្ពស់គុណភាពបន្តទៅទៀត។ ក្នុងពេលជាមួយគ្នា ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ សំដែងនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលបានទទួលការបញ្ចប់ការសិក្សា ហើយមានមួយចំនួនបាន និងកំពុងធ្វើការងារ។ ថ្ងៃនេះ ក៏បានមកចូលរួម ដើម្បីទទួលសញ្ញាបត្រជាមួយនឹងគ្នា មានរហូតទៅដល់ជិត ៦.០០០ នាក់ ដែលជាចំនួនមួយដ៏ច្រើន។ សង្ឃឹមថា និស្សិតរបស់យើងដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ក៏នឹងបន្តការខិតខំ ដើម្បីបន្តអភិវឌ្ឍខ្លួនឯង តាមរយៈនៃការសិក្សាបន្ថែមទៅថ្នាក់កាន់តែខ្ពស់ ឬក៏ស្វ័យសិក្សា។ ក្នុងមួយជីវិតមនុស្ស គ្មានអ្នកណាដែលអាចថា រៀនចប់ ឬចេះទាំងអស់នោះទេ។
វិទ្យាសាស្រ្ត បច្ចេកទេស ឬសភាពការណ៍ វាវិវឌ្ឍលឿនណាស់ តម្រូវអោយមនុស្សម្នាក់ៗត្រូវខិតខំដោយខ្លួនឯង។ គ្មានការចេះដឹងណាមួយ ដែលអាចចម្លងពីមនុស្សម្នាក់ទៅដាក់មនុស្សម្នាក់ តាមរយៈដូចជាការផ្ដល់ឈាមពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបាននោះទេ។ ខុសគ្នាជាមួយនឹងការផ្ដល់ឈាម សម្រាប់សង្រ្គោះជីវិតមនុស្ស ដែលគេអាចផ្ដល់ឈាមដែលមានគ្រុបដូចគ្នាពីមនុស្សម្នាក់ ទៅសង្រ្គោះមនុស្សម្នាក់។ ក៏ប៉ុន្តែ សម្រាប់ការចេះដឹងរបស់មនុស្ស គឺមិនអាចធ្វើដូច្នោះបានទេ មិនអាចចាក់ម្ជុលមួយ ហើយទៅចម្លងអោយម្ជុលមួយទៀតបានទេ ក្រៅតែពីការខិតខំផ្ទាល់ខ្លួន ហើយតាមរយៈគួបផ្សំនឹងការបណ្ដុះបណ្ដាលដោយសាស្រ្តាចារ្យ។ នេះគឺជារឿងដែលយើងត្រូវធ្វើបន្ត ធ្វើមិនចេះចប់ មិនចេះហើយ ធ្វើរហូតដល់ពេលដែលយើងបញ្ចប់ជីវិតរបស់យើង។
បដិវត្តឧស្សាហកម្មទី ៤ (គ្រឿងយន្ត) ធ្វើអោយមនុស្សបាត់បង់ការងារធ្វើ
ម្យ៉ាងទៀត សភាពការណ៍នៅលើពិភពលោក វាវិវឌ្ឍលឿនណាស់ សូម្បីតែបញ្ហាកង្វល់មួយចំនួនដែលត្រូវបានលើកឡើងពាក់ព័ន្ធជាមួយនឹងឧស្សាហកម្មទី ៤ ដែលវេទិកាសេដ្ឋកិច្ចពិភពលោកតែងតែបានលើកអំពីបញ្ហានេះ រាប់ទាំងវេទិកាសេដ្ឋកិច្ចពិភពលោក អំពីអាស៊ាន ធ្វើនៅទីក្រុងភ្នំពេញ កាលពីខែ ឧសភា កន្លងទៅ គេក៏នៅតែបន្តចំណាប់អារម្មណ៍ ស្ដីអំពីបញ្ហាបដិវត្តឧស្សាហកម្មទី ៤ ដែលនោះ វាអាចប្រើប្រាស់គ្រឿងយន្តជំនួស មនុស្ស។ វាជាដំណើរជឿនលឿន នៃបច្ចេកទេសហើយ ក៏ប៉ុន្តែ អ្វីដែលវាបានបាត់ទៅវិញ (គឺ)ការងារធ្វើរបស់ប្រជាជន។ ជាចំណុចដែលមានការកង្វល់ច្រើនបំផុត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសប្រទេសក្រីក្រដែលមានពលកម្មវ័យក្មេងច្រើន ដែលតម្រូវការអោយមានការងារធ្វើ ប៉ុន្តែ បែរជាជំនួសទៅដោយគ្រឿងយន្តកសិកម្ម ដែលហៅថា គ្រឿងយន្តដែលប្រើប្រាស់មនុស្សយន្ត ឬក៏ប្រដាប់យន្តជំនួសមនុស្ស ដែលនោះនឹងធ្វើអោយមនុស្សបាត់បង់ការងារធ្វើ។
គោលដៅប្រកបដោយមហិច្ឆតា
សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ននេះ បាន និងកំពុងងើបឡើងយឺតៗ ហើយមិនទាន់ប្រាកដប្រជាថា វានឹងជួបប្រទះនូវបញ្ហាអ្វីបន្ថែមទៀតនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពេលដែលសេដ្ឋកិច្ចពិភពលោក ឬសេដ្ឋកិច្ចតំបន់មានការជួបប្រទះនូវឧបសគ្គ កាលានុវត្តភាពវាក៏បានចាប់ផ្ដើមជាមួយនឹងប្រទេសនានា រាប់ទាំងកម្ពុជាផងដែរ។កម្ពុជាបច្ចុប្បន្ន ដែលកាលពីមុននេះ ត្រូវបានគេមើលឃើញថា ជាទីតាំងនៃការប្រយុទ្ធគ្នា ជាទីតាំងនៃវាលពិឃាដជាទីតាំងនៃសមរភូមិវាយប្រហារគ្នា។ ប៉ុន្តែឥឡូវ គឺជាកម្ពុជាមួយដែលមានសុខសន្ដិភាព និងមានការអភិវឌ្ឍ។ប្រទេសកម្ពុជាមួយ ដែលញាំញីដោយភាពក្រីក្រ ១០០%។ យើងបន្តការខិតខំ ដើម្បីទម្លាក់អត្រានៃភាពក្រីក្រអោយមកនៅត្រឹមប្រមាណ ១៣%។ កម្ពុជាដែលមុននេះ គឺជាប្រទេសដែលមានប្រាក់ចំណូលទាប ប៉ុន្តែឥឡូវនេះ កម្ពុជាក៏បានមកកាន់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងមានមហិច្ឆតាសម្រេចអោយបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ គោលដៅប្រកបដោយមហិច្ឆតា រាប់ទាំងគោលដៅដាក់ចេញជាផែនទីចង្អុលផ្លូវ សម្រាប់ការលូតលាស់របស់ប្រទេសរបស់យើងនៅក្នុងឆ្នាំ ២០៥០ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ នេះគឺជាគោលដៅប្រកបដោយមហិច្ឆតា។
ដើម្បីជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តម្រូវមានធនធានមនុស្សគ្រប់គ្រាន់
ដោយសារការខិតខំរបស់យើងទាំងអស់គ្នា ក្នុងនោះមានការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់អភិវឌ្ឍឈានឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍន៍គឺតម្រូវអោយមានធនធានមនុស្សគ្រប់គ្រាន់ និងបម្រើនៅគ្រប់វិស័យ និងអនុវិស័យទាំងអស់ទើបអាចក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍបែបនេះ។ ខ្ញុំជឿជាក់ថា យើងមានលទ្ធភាពដែលអាចធ្វើទៅបានតាមរយៈការខិតខំ របស់យើងទាំងអស់គ្នា។ មកដល់ពេលនេះ យើងគ្រាន់តែលើកអំពីវិស័យអប់រំមួយទៅចុះ នៅក្នុងចំណោមវិស័យដទៃទៀត ទូទាំងវិស័យ និងអនុវិស័យ ដែលគ្របដណ្ដប់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
យើងពិនិត្យអំពីបញ្ហាវិស័យអប់រំដែលក្នុងប៉ុន្មានថ្ងៃមុននេះ កាលពីថ្ងៃទី ០៥ ខែ តុលា យើងបានរួមគ្នា ដើម្បីប្រារព្ធទិវាគុណគ្រូនេះឡើង យើងបានពិនិត្យអំពីសមិទ្ធផលទាំងឡាយក្នុងរយៈពេលកន្លងទៅ ដែលការចាប់ផ្ដើមនៅឆ្នាំ ១៩៧៩។ ពេលនោះយើងប្រើប្រាស់នូវរបៀប ដែលហៅថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” ប៉ុន្តែមកដល់ដំណាក់កាលបច្ចុប្បន្ននេះ គ្រូសម្រាប់មតេ្ដយ្យសិក្សា សម្រាប់បឋមសិក្សា គឺមានថ្នាក់ ១២ បូក ២ និងសម្រាប់វិទ្យាល័យមានកម្រិតបរិញ្ញាបូកមួយ ហើយយើងកំពុងឈានឆ្ពោះទៅអនុវត្តនៃនិយាម សម្រាប់ការបណ្ដុះបណ្ដាលគ្រូនៅតាមគរុកោសល្យខេត្តភូមិភាគកម្រិត ១២ បូក ៤ ដែលវាស្មើនឹងបរិញ្ញា ដើម្បីអោយប្រព័ន្ធអប់រំរបស់យើងកាន់តែខ្លាំងឡើង។
យុទ្ធសាស្រ្ដអាទិភាព ៤ ត្រូវ ៣០ ឆ្នាំ រួចមកហើយ វានឹងត្រូវ ៣០ ឆ្នាំ បន្តទៀត
ស្ថានភាពបែបនេះ គឺជាស្ថានភាពដែលវាបានផ្លាស់ប្ដូរទាំងស្រុង ពីកម្ពុជានៃសម័យអន់ថយ នៃសម័យដែលយើងកំពុងជួបប្រទះក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដែលពេលនោះនៅសល់បញ្ញវន្តតិចតួចណាស់ អ្នកចេះដឹងតិចតួចណាស់ ដែលបានធ្វើការនៅស្ថាប័នរដ្ឋនៅពេលនោះ ប៉ុន្តែ ការប្រឹងប្រែងរបស់យើងតាមរយៈភាពត្រឹមត្រូវ នៃគោលនយោបាយក្នុងការអភិវឌ្ឍ ដែលផ្ដល់ការយកចិត្តទុកដាក់ទៅលើបញ្ហា “ទឹក ផ្លូវ ភ្លើង មនុស្ស” ហើយឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងដំណាល់កាល នៃការអនុវត្តនូវយុទ្ធសាស្រ្ដចតុកោណ ទាក់ទងជាមួយនឹងអាទិភាពដែលត្រូវផ្ដល់នូវការវិនិយោគគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។
ការខិតខំរបស់យើង នៃការវិនិយោគទៅលើវិស័យអាទិភាពទាំង ៤ នេះ ត្រូវក្នុងរយៈពេល ៣០ ឆ្នាំមកហើយ ខ្ញុំអាចនិយាយបានថា ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការប្រកាសចេញ នៃគោលនយោបាយអាទិភាពទាំង ៤ សម្រប់ការអភិវឌ្ឍប្រទេសកម្ពុជា ទោះបីពេលនោះមិនទាន់ចប់សង្រ្គាមនៅឡើយ ហើយជាឆ្នាំដែលទើបនឹងចាប់ផ្ដើមនូវការចរចាស្វែងរកសន្ដិភាព សម្រាប់កិច្ចព្រមព្រៀង ២៣ តុលា ដែលនឹងឈានមកដល់នៅពេលខាងមុខ ប៉ុន្តែ កម្ពុជាពេលនោះ ខ្លួនខ្ញុំផ្ទាល់ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្ដី ហើយប្រធានក្រុមប្រឹក្សារដ្ឋមន្រ្ដីនោះ គឺជានាយករដ្ឋមន្រ្ដីនេះឯង បានប្រកាសដាក់ចេញថា អំពីអាទិភាពដែលត្រូវវិនិយោគពេលនោះ យើងប្រើពាក្យ ៤ ម៉ាត់ គឺ “ទឹក ផ្លូវ ភ្លើង មនុស្ស” ហើយ ៣០ ឆ្នាំរួចមកហើយដែលត្រូវ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា ៣០ ឆ្នាំទៀត ក៏វានៅតែត្រូវដែរ។
សាកល្បងបំភ្លេចចោល និងមើលរំលងបញ្ហាទាំងបួននេះលមើល។ មិនចាំបាច់ធ្វើអ្វីទេ គឺវាគ្រប់គ្រាន់ ដើម្បីបំផ្លាញចោលនូវសមិទ្ធផលដែលយើងបាន និងកំពុងមាន។ ឧទាហរណ៍៖ គ្រាន់តែរឿងបញ្ហាផ្លូវមួយចុះ បើខ្វះការយកចិត្តទុកដាក់ទៅលើការសាងសង់បន្ថែមរឿងមួយ។ ប៉ុន្តែ រឿងទាក់ទងជាមួយនឹងបញ្ហាការមិនជួសជុល ឬប្រើប្រាស់មិនបានត្រឹមត្រូវ វាក៏នឹងបង្កើតនូវឧបសគ្គភ្លាម សម្រាប់វិស័យសេដ្ឋកិច្ច សម្រាប់វិស័យសង្គម ក្នុងនោះប្រជាពលរដ្ឋនឹងជួបការលំបាកភ្លាមទៅលើការធ្វើដំណើរ។
ក្នុងន័យនេះ ខ្ញុំសុំបញ្ជាក់ឡើងវិញ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ឡើងវិញ កាលពីថ្ងៃទី ០៥ កន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសរួចហើយ យើងនៅសល់ផ្លូវ និងស្ពានមួយខ្សែ ដែលការវិនិយោគត្រូវធ្វើក្នុងរយៈពេល ៤០ ឆ្នាំ សម្រាប់ស្ពានព្រែកព្នៅ និងផ្លូវ ដែលផ្លូវ និងស្ពាននោះ គឺប្រើប្រាស់ទំហំផ្ទៃដី បើគិតតែផ្លូវសុទ្ធ គឺមានរហូតទៅដល់ជាង ៤០ ហិកតា។ ហ្នឹងគិតតែផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A មកដល់ស្ពានឆ្លងកាត់ពីផ្លូវជាតិភ្ជាប់ផ្លូវជាតិលេខ ៦ មកផ្លូវជាតិលេខ ៥។ ក្រុមហ៊ុនទើបនឹងអនុវត្តបានរយៈពេល ៧ ឆ្នាំ នៅសល់ ៣៣ ឆ្នាំទៀត ប៉ុន្តែ ដោយឃើញថា ប្រជាពលរដ្ឋរបស់យើងជួបការលំបាកក្នុងការធ្វើដំណើរ ហើយយើងចង់បំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ យើងក៏បានទិញយកស្ពាននេះត្រឡប់មកវិញ ហើយចាប់តាំងពីម៉ោង ០០ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅនឹងមិនចាំបាច់បង់ថ្លៃទៀតទេ។
រដ្ឋត្រូវចំណាយថវិការាប់សិបលានដុល្លារ ដើម្បីទិញយកនូវផ្លូវ និងស្ពាននេះ ដើម្បីបម្រើអោយសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ យើងគ្រាន់តែឃើញថា ការទ្រុឌទ្រោមស្ពានជ្រោយចង្វារ១ ដែលហៅថា ស្ពានមិត្តភាពកម្ពុជា/ជប៉ុន វាបានធ្វើអោយមានការកកស្ទះរួចស្រេចទៅហើយ ដូច្នេះ គ្រាន់តែមើលរំលងលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងការដឹកជញ្ជូន គឺទាក់ទងនឹងផ្លូវថ្នល់នេះឯង គឺវាបង្កើតជាឧបសគ្គភ្លាម សម្រាប់ការអភិវឌ្ឍនិយាយជារួម។ កង្វះនូវការយកចិត្តទុកដាក់លើការអភិវឌ្ឍបន្ថែមលើបញ្ហាអគ្គិសនី ការផ្គត់ផ្គងអគ្គិសនី និងស្ថេរភាព នៃការផ្គត់ផ្គង់ព្រមទាំងតម្លៃ វាក៏បង្កើតបាននូវឧបសគ្គភ្លាមដែរ ហើយម៉្យាងដូចជាធនធានមនុស្ស បើសិនជាយើងថាឥឡូវចាប់ផ្ដើមរឹតត្បិត ហើយកំណត់ដូចប្រទេសខ្លះថា មួយឆ្នាំប្រទេសខ្លះកំណត់អោយមួយឆ្នាំថា ចេញបរិញ្ញាបត្រតែប៉ុន្មាននាក់ទេ កំណត់អោយមួយឆ្នាំចេញថ្នាក់បណ្ឌិតអោយតែប៉ុន្មាននាក់ទេ។ បើកំណត់បែបនេះ តើស្ថានភាពនៅប្រទេសរបស់យើងយ៉ាងម៉េច?
ឧទាហរណ៍៖ រដ្ឋចាប់ផ្ដើមរឹតបន្តឹងដោយមិនអនុញ្ញាតអោយវិស័យឯកជនចូលរួម ក្នុងការវិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស តើវានឹងមានអ្វីកើតឡើង? ចំណុចនេះហើយ បានជាខ្ញុំហ៊ានអះអាងថា ឆ្នាំនេះគឺជាខួបលើកទី ៣០ នៃការដាក់ចេញនូវយុទ្ធសាស្រ្ដអាទិភាព ៤ យ៉ាង សម្រាប់ការវិនិយោគ “ទឹក ផ្លូវ ភ្លើង មនុស្ស” ត្រូវ ៣០ ឆ្នាំរួចមកហើយ តែខ្ញុំព្រះករុណាខ្ញុំ ព្យាករថា វានឹងត្រូវ ៣០ ឆ្នាំបន្តទៀត ព្រោះមិនអាចមើលរំលងទៅលើស្ថានភាពបញ្ហាទាំង ៤ នេះបានទេ ព្រោះវាជាមូលដ្ឋានទ្រទ្រង់ នៃកំណើន សម្រាប់ជម្រុញអោយការលូតលាស់របស់ប្រទេស។ ការមើលស្រាលលើបញ្ហាទឹក គឺមិនអាចដោះស្រាយបាន ត្រឹមតែបញ្ហាកសិកម្ម ការដាំដុះរបស់ប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែ សូម្បីតែទឹកស្អាតសម្រាប់បម្រើអោយសេចក្តីត្រូវការ នៃការប្រើប្រាស់របស់ប្រជាជន ក៏មិនអាចដោះស្រាយបានផងដែរ។
កុំសន្យាជ្រុល អនុវត្តជ្រុល ដល់ពេលធ្វើ ធ្វើមិនកើត
ដូច្នេះ ក្នុងការគ្រប់គ្រងរដ្ឋ បក្សនយោបាយដែលគ្រប់គ្រងរដ្ឋ ដឹកនាំប្រទេស ទាមទារនូវចក្ខុវិស័យវែងឆ្ងាយ មិនមែនកញ្ឆក់កណ្តៀតទៅតាមដំណាក់កាល នៃយុទ្ធនាការឃោសនាបោះឆ្នោតម្តងម្កាលទេ ក៏ប៉ុន្តែទាមទារធ្វើអោយត្រូវ។ ប្រទេសខ្លះ អ្នកនយោបាយអនុវត្តជ្រុល សន្យាជ្រុល ទីចុងបំផុត ឥឡូវដល់ពេលឡើងគ្រប់គ្រងអំណាច គឺបានសេចក្តីថា ធ្វើមិនកើត។ ប្រទេសខ្លះសន្យាថា នឹងបញ្ឈប់ការរើសអើងចំពោះជនជាតិភាគតិច ប៉ុន្តែឥឡូវនេះ គឺប្រទេសនោះ កំពុងតែញាំញីទៅដោយជម្លោះលើបញ្ហាជនជាតិភាគតិច។ បទឈប់បាញ់ដែលបានកើតមានរយៈកន្លងទៅ ក៏ត្រូវបានបាញ់គ្នាឡើងវិញ។ នៅអឺរ៉ុប ប្រទេសក្រិច ដើម្បីតែការឈ្នះឆ្នោត Alexis Tsipras បានសន្យាថា បើសិនជាខ្លួនឈ្នះ ខ្លួននឹងបញ្ឈប់ការយកពន្ធទាំងអស់។ ពេលហ្នឹងយើងកំពុងនៅដាវ៉ូស ហើយគាត់នឹងចាកចេញ គាត់ថាលែងស្តាប់ពួកអឺរ៉ុប។ គាត់នឹងដកខ្លួនចេញ ហើយគាត់បន្ថយពន្ធ។ មានអី(ដល់តែឈ្នះ) គាត់យកពន្ធឡើងខ្ទេច កាត់ប្រាក់ខែហើយតម្លើងពន្ធទៀត ហើយបញ្ឈប់ការងារ។ បញ្ឈប់ទូរទស្សន៍ជាតិមុនគេ។
មោទនភាពដែលបានរួមសុខរួមទុក្ខ និងកសាងប្រទេសជាមួយគ្នា
អាហ្នឹងជាចំណុចដែលគោលនយោបាយដឹកនាំរដ្ឋ មិនមែនគ្រាន់តែបញ្ហាធ្វើដើម្បីឃោសនា ហើយយកសន្លឹកឆ្នោតនោះទេ ក៏ប៉ុន្តែ ទាមទារអោយគិតគូរហ្មត់ចត់ តាំងពីចំណុចថវិកាទ្រទ្រង់បាន ឬក៏មិនបាន។ ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយនឹងព្រះតេជព្រះគុណ ជាមួយនឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខ។ ខ្ញុំព្រះករុណាខ្ញុំ មិនមែនត្រឹមតែរួមសុខទេ រួមទុក្ខជាមួយគ្នា។ ពាក្យរួមសុខរួមទុក្ខ មានពីរពាក្យជាប់គ្នា អ្នកខ្លះរួមតែសុខទេ តែទុក្ខមិនបានរួមទេ។ ទទួលខុសត្រូវហ្នឹងក៏អញ្ចឹងដែរ ទទួលខុសត្រូវ ប៉ុន្តែ អ្នកខ្លះទទួលបានត្រឹមតែត្រូវទេ ខុសអត់ទទួលទេ។ យើងបានរួមសុខរួមទុក្ខជាមួយគ្នា កសាងប្រទេសតាំងពីគំនរផេះផង់ ដែលក្មួយៗ ប្អូនៗ ជានិស្សិត ដែលបានទទួលសញ្ញាបត្រថ្ងៃនេះ ព្រះតេជព្រះគុណក៏អាចយល់បានដែរ បានបួសបានរៀន ក៏មិនមែនងាយស្រួលទេ។ និយាយរួម ផ្នែកសាសនាស្អីក៏ងាប់អស់ក្នុងជំនាន់ ប៉ុល ពត ដែរ ប៉ុន្តែ ឥឡូវ លទ្ធភាពសូម្បីតែព្រះសង្ឃ ក៏បញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាច្រើនណាស់ ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ដែលនេះជាចំណុចល្អ ដែលយើងត្រូវរួមគ្នារក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍជាបន្តទៀត។
អាហារូបករណ៍ ១.១៩៩ កន្លែង ដែលសាកលវិទ្យាល័យបានផ្តល់ជូននាពេលកន្លងមក
ខ្ញុំសូមកោតសរសើរជាមួយនឹងការរីកលូតលាស់ នៃសាកលវិទ្យាល័យឯកទេស (នៃកម្ពុជា) ក៏ដូចជា សូមស្វាគមន៍ និងសូមកោតសរសើរ ថ្លែងនូវការកោតសរសើរ ចំពោះជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹមថា ទាំងសាកលវិទ្យាល័យ ក៏ដូចជា និស្សិតទាំងអស់នៅទីនេះ ក៏ដូចជា និស្សិតដែលកំពុងរៀនបន្ត គឺនឹងបន្តការខិតខំតទៅទៀត។ យោងទៅលើរបាយការណ៍បានអោយដឹងថា ៣១.៨២៦ នាក់ បានបញ្ចប់ការសិក្សា តាំងពីឆ្នាំ ២០០៣ រហូតមកដល់ពេលនេះ រាប់មកដល់ថ្ងៃនេះផង គឺរាប់ដល់ ៣១.៨២៦ នាក់។ ឯនិស្សិតដែលកំពុងសិក្សានៅទីនេះ មានចំនួន ១០.០៣៧ នាក់។ ជាចំនួនមួយដ៏ច្រើន។ ក្នុងហ្នឹង ខ្ញុំក៏សូមអរគុណ ជាមួយនឹងការផ្តល់អោយខ្ញុំនូវអាហារូបករណ៍ ដែលរហូតមកដល់ពេលនេះ មានចំនួន ១.១៩៩ កន្លែង សម្រាប់ផ្តល់បន្តទៅចំពោះនិស្សិតដែលមានការលំបាក។ ថ្ងៃនេះ ពិតជាមាននិស្សិតដែលមានទទួលអាហារូបករណ៍របស់ខ្ញុំ ហើយពីសាកលវិទ្យាល័យនេះ មកទទួលនូវសញ្ញាបត្រនៅថ្ងៃនេះផងដែរ។
នៅលើពិពភលោក ប្រទេសណាក៏មានបញ្ហាលំបាកដែរ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយខ្លាំងណាស់ ជាមួយនឹងអ្វីដែលវាបានកើតឡើងនៅព្រះរាជាណាចក្រកម្ពុជារបស់យើង នៅក្នុងសម័យទំនើបនេះ។ ពិតមែនតែវានៅសេសសល់នូវការលំបាកនានា ដែលយើងបន្តដោះស្រាយ គ្មានប្រទេសណាមួយដែលមិនពិបាកទេ។ គ្រប់ប្រទេសទាំងអស់លើលោក គ្មានប្រទេសណាមួយដែលមិនប្រឈមនឹងការលំបាកទេ ប្រទេសដែលមាន ដូចជា អារ៉ាប៊ីសាអូឌីត គង់នៅមានបញ្ហាភេរវកម្ម គង់នៅមានការបាញ់ប្រហារនៅទីក្រុងរីយ៉ា។ ឥឡូវរឿងរ៉ាវលើពិភពលោកនេះ វាបានកើតឡើងច្រើនណាស់។ ប៉ុន្មានថ្ងៃនេះ យើងកំពុងពិនិត្យមើលសភាពការណ៍នៅតំបន់ដទៃ ជាមួយនឹងសភាពការណ៍នៅតំបន់របស់យើង ទាក់ទងជាមួយនឹងបញ្ហាកោះម៉ារ៉ាវី ដែលយប់ម្សិលម្ង៉ៃនេះ ខ្ញុំព្រះករុណាខ្ញុំ ជួបជាមួយនឹងប្រធានាធិបតីហ្វីលីពីន សួរថាយ៉ាងម៉េចទៅហើយ? ជាទូទៅរដ្ឋាភិបាលគ្រប់គ្រងបានហើយ ប៉ុន្តែ នៅសល់កងឈ្លបវារាយប៉ាយ។ ប្រធានាធិបតីហ្វីលីពីន គឺគាត់ធ្វើកិច្ចការងារនេះ។
ឯនៅមីយ៉ាន់ម៉ា ក៏កំពុងមានបញ្ហា ដែលហៅថា រ៉ូហ៊ីងយ៉ា ឬក៏ បង់កាលី ប្រជាជនគេហៅនៅខាងក្រៅ គេថា ពួករ៉ូហ៊ីងយ៉ា ប៉ុន្តែ មីយ៉ាន់ម៉ា ដែលគេហៅថា ភូមា មិនអោយប្រើពាក្យ រ៉ូហ៊ីងយ៉ាទេ អោយប្រើពាក្យ បង់កាលី ថាអ្នកហ្នឹងមកពីបង់ក្លាដេស។ វិបត្តិមនុស្សធម៌ នៃបញ្ហាជនភៀសខ្លួន គឺបានកើតមាននៅច្រើនកន្លែង។ ឥឡូវបញ្ហាពីរដែលកំពុងតែក្តៅ។ ទី ១. ការធ្វើប្រជាមតិនៅតំបន់ Kurds របស់អ៊ីរ៉ាក់ អ្នកធ្វើប្រជាមតិបានឈ្នះហើយ ប៉ុន្តែ រដ្ឋបាលកណ្តាលរបស់ទីក្រុងបាដាដ របស់ប្រទេសអ៊ីរ៉ាក់ អាមេរិក និងប្រទេសខ្លះទៀត មិនយល់ព្រមអោយ Kurds ឯករាជ្យទេ។ ដូច្នេះ តើ Kurds គឺនៅតែបន្តប្រកាសឯករាជ្យឬយ៉ាងណា? បើសិនជា Kurds នៅតែប្រកាសឯករាជ្យ ពេលនោះ អ៊ីរ៉ាក់មិនមែនគ្រាន់តែប្រឈមនឹងការវាយជាមួយនឹងពួក ISIS ទេ អាចវាយប្រហារជាមួយនឹង Kurds តែម្តង។ គឺផ្ទៃក្នុងដែលត្រូវបំបែក។
នៅអេស្ប៉ាញឯណោះវិញ ក្រុមធ្វើប្រជាមតិ គឺបានឈ្នះហើយ។ ការបង្ក្រាបដ៏ខ្លាំងរបស់នគរបាល ដើម្បីធានាអនុវត្តនូវរដ្ឋធម្មនុញ្ញ មិនត្រូវបានគេយកចិត្តទុកដាក់ អំពីបញ្ហាទាក់ទងថា សិទ្ធិមនុស្សទេ នៅតំបន់កាតាលីណា។ អញ្ចឹងទេ ប្រជាជនដែលមានប្រមាណ ៥ លាននាក់ ត្រូវបានធ្វើប្រជាមតិ គឺជាអ្នកឈ្នះ ប៉ុន្តែ រដ្ឋធម្មនុញ្ញអេស្ប៉ាញ ក៏ដូចជារដ្ឋធម្មនុញ្ញរបស់កម្ពុជាដែរ មិនអាចអោយមានតំបន់អបគមន៍ ឬផ្តាច់រដ្ឋនោះទេ។ ឥឡូវ តើអ្នកណាដកថយ? ក្រុមប្រជាពលរដ្ឋនៅកាតាលីណា គឺអត់ដកថយទេ បាតុកម្មកាន់តែធំ។ រដ្ឋបាលនៅអេស្ប៉ាញ រាប់ទាំងព្រះមហាក្សត្រអស្ប៉ាញ ដែលព្រះអង្គចេញមកថ្កោលទោសជាមួយនឹងការធ្វើប្រជាមតិ ធ្វើអោយប្រជាជននៅតំបន់នោះកាន់តែខឹងសម្បារ។
បញ្ហាតំបន់ ឬពិភពលោក ទាមទារអោយមានការតាមដាន
បញ្ហាទាំងអស់នេះ វាសុទ្ធតែជាបញ្ហាដែលលេចឡើង មិនមែនគ្រាន់តែនៅកម្ពុជា ឬនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទេ បញ្ហាកាំជ្រួចមីស៊ីលនៅអឺរ៉ុប ពិសេស នៅកូរ៉េខាងជើង វាសុទ្ធតែជាបញ្ហាលេចឡើងដែលទាមទារអោយយើងតាមដាននូវសភាពការណ៍ទាំងអស់នោះ។ ភេរវកម្មបានកើតពីកន្លែងមួយទៅកាន់កន្លែងមួយ។ ការបាញ់ប្រហារនៅរដ្ឋ Las Vegas មិនទាន់ច្បាស់ថា តើអ្នកនោះជាបណ្តាញរបស់ ISIS ឬក៏បាញ់ដោយឯកឯងដោយគ្មានបណ្តាញ។ អាវុធរាប់សិបដើមរបស់ឃាតករ ត្រូវបានរកឃើញ ដែលធ្វើអោយមនុស្សស្លាប់ជិត ៦០ នាក់ និងរបួសរហូតដល់ជាង ៥០០ នាក់។ អញ្ចឹង បញ្ហាដែលកើតនៅប្រទេសនេះ ប្រទេសនោះ វាស្ទើរតែជារឿងធម្មតាទៅហើយ។ ប្រទេសណាក៏មានបញ្ហាប្រឈមដែរ។ ឯយើងក៏មានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយជាមួយគ្នា តែយើងបានឆ្លងកាត់ខុសគេខុសឯង ពីដំណាក់កាលដែលគ្មានអ្វីទាំងអស់ មកកាន់ជាជំហានដូចជាកាំជណ្តើរឡើងបន្តិចម្តងៗ។
គោលនយោបាយជាតិគាំពារសង្គម ផ្តល់អាទិភាព ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេ
សាជាថ្មីម្តងទៀត អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ ថ្លែងនូវការកើតសរសើរ ចំពោះសាកលវិទ្យាល័យ។ ថ្លែងនូវការកោតសរសើរ ចំពោះ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធការ ក៏ដូចជា ក្រុមប្រឹក្សា និងសាស្ត្រាចារ្យ។ ថ្លែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ។ ឯថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សុំយកកន្លែងនេះ ធ្វើជាទីកន្លែង នៃការប្រកាសចេញនូវចំណុចដែលវាមានការពាក់ព័ន្ធនៅក្នុងពេលសម្ពោធដាក់អោយប្រើប្រាស់ នូវនយោបាយជាតិគាំពារសង្គម។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានជម្រាបទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដើម្បីអោយផ្តល់អាទិភាពអនុវត្តសម្រាប់ស្ត្រីមានផ្ទៃពោះជាមុន។ បន្ទាប់ទៅ នៅក្នុងដំណើរចុះសួរសុខទុក្ខ ចំពោះកម្មករ/រិនី យើងក៏បានអនុវត្តនូវកម្មវិធីផ្តល់សាច់ប្រាក់ សម្រាប់ស្ត្រីឆ្លងទន្លេ និងការពិនិត្យផ្ទៃពោះជាទូទៅ សម្រាប់ស្ត្រីដែលមានផ្ទៃពោះ ហើយផ្តល់សាច់ប្រាក់សម្រាប់កម្មការិនី ដែលឆ្លងទន្លេកូនមួយ គឺបាន ៤០ ម៉ឺនរៀល។ បើកើតបានកូនភ្លោះពីរ (គឺបាន) ៨០ ម៉ឺនរៀល។ បើកើតបានកូនភ្លោះបី (គឺបាន) ចំនួន ១ លាន ២ សែនរៀល។ ហើយកូនភ្លោះបីនេះ សម្រាប់ខ្ញុំព្រះករុណាខ្ញុំ គឺមានរហូតទៅដល់ ៣១៩ គ្រួសារទៅហើយ ពេលណាមួយនឹងចាត់តាំងពិធីជួបជុំនៃក្រុមគ្រួសារដែលមានកូនភ្លោះបី ព្រោះនេះសុទ្ធតែជាកូន ដែលខ្ញុំព្រះករុណាខ្ញុំ បានផ្តល់នូវការឧបត្ថម្ភសម្រាប់ពួកគេ ហើយគួរតែត្រូវមានពិធីជួបជុំកូនភ្លោះបី ដើម្បីអោយពួកគេមកជួបស្គាល់គ្នា។
ថ្ងៃ ១ មករា ២០១៨ អនុវត្តគោលនយោបាយថ្មី ស្ត្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពេលសម្រាលកូន
ក្នុងពេលដែលអនុវត្ត ចំពោះកម្មការិនី មានការចោទសួរពីសំណាក់មន្ត្រីរាជការរបស់យើង ហើយមានការចោទសួរដោយផ្ទាល់ផង និងមានការចោទសួរដោយតាមហ្វេសប៊ុកផង។ តើពួកខ្ញុំជាមន្ត្រីរាជការបាន យ៉ាងម៉េច? ទទួលបានឬអត់? រឿងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ថា មានសេចក្តីសម្រេចលេខ ៥២ ស.ស.រ ចុះហត្ថលេខាដោយ ខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០០៥ ហើយចាប់អនុវត្តតាំងពីថ្ងៃ(ទី) ១ ខែ មករា ឆ្នាំ ២០០៦ ហើយស៊ីញ៉េអមដោយ សម្តេចវិបុលបញ្ញា សុខ អាន គឺបានអនុវត្ត សម្រាប់មន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលសម្រាលកូន និងលំហែមាតុភាព ត្រូវបានទទួលថវិកាឧបត្ថម្ភ ក្នុងមួយនាក់ ចំនួន ៦០ ម៉ឺនរៀល។ ប៉ុន្តែ ម្សិលមិញនេះ មានការត្រួតពិនិត្យឡើងវិញ អំពីបញ្ហានេះ ហើយអោយ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការស្រាវជ្រាវអំពីបញ្ហានេះ។ យើងក៏បានរកឃើញថា មិនទាន់គ្របដណ្តប់អស់នូវស្ត្រីដែលស្ថិតនៅក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព ទាំងនគរបាល ទាំងអាវុធហត្ថ និយាយរួមមានតែពីរប្រភេទទេ ដែលសំខាន់ ព្រោះកងទ័ព និងអាវុធហត្ថ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។
ខ្ញុំសុំយកឱកាសនេះ ប្រកាសជូនថា ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល ស្ត្រីដែលជានគរបាល ស្ត្រីដែលជាកងទ័ព និងត្រូវទទួលបាននៅពេលឆ្លងទន្លេ កូនមួយ (គឺទទួលបាន) ៨០ ម៉ឺនរៀល។ ហើយបើបានកូនភ្លោះពីរ (គឺ)ឡើងដល់ ១ លាន ៦ សែន(រៀល)។ បើបានកូនភ្លោះបី អាហ្នឹងឡើង ២ លាន ៤ សែន(រៀល)។ អាហ្នឹងក្លាយទៅជាគ្រួសារក្រុមភ្លោះបីទៀតហើយ។ ពិនិត្យអំពីបញ្ហានេះ តួលេខនេះ លទ្ធភាពនៃថវិការបស់យើងវាមិនលំបាកទេ។ ស្ត្រីរបស់យើងនៅក្នុងក្របខណ្ឌរដ្ឋផ្នែកស៊ីវិល និងកងទ័ព និងកម្លាំងប្រដាប់អាវុធ សរុបទាំងអស់ គឺមាន ៩២.១៩៨ នាក់។ ក្នុងនេះ រដ្ឋបាលស៊ីវិលមាន ៨២. ៥១៧ នាក់។ នៅរដ្ឋបាលកណ្តាលនេះមាន ១៦.៥០៣ នាក់ និងជំនាញថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនានាមាន ៦៦.០១៤ នាក់។ នគរបាលមាន ៣.៨៧៥ នាក់ និងយោធាមានចំនួន ៥.៨០៦ នាក់។ បើយើង គិត អំពី លទ្ធ ភាព អ្នកដែលមានកូនទៅវិញ មិនមែនបានសេចក្តីថា ៩ ម៉ឺននាក់ ហ្នឹងមានកូនទាំងអស់គ្នាទេ។ ស្ថិតនៅក្នុង វ័យ ដែលមានកូនតែប៉ុណ្ណោះ។ គិតខ្ពស់ណាស់ទៅហើយ។ គឺរហូតទៅដល់ប្រមាណជា ១០% ឯណោះ។ ប៉ុន្តែ យើងគិតថា ក្នុងស្ត្រីដែលមានលទ្ធភាពមានកូន គឺមាន ១០.៨៤៤ នាក់។ ក្នុងនេះ រដ្ឋបាលស៊ីវិល គឺមាន ១០.៣៦០ នាក់។ ឯនគរបាលជាតិមាន ១៩៤ នាក់។ កងទ័ពមាន ២៥០ នាក់ តែប៉ុណ្ណោះ។
ចំណុចនេះ គឺស្រ្តីដែលនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលច្រើនជាងគេ នៅក្នុងក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌពេទ្យ។ ដូច្នេះ ទាំងគ្រូបង្រៀន ទាំងគ្រូពេទ្យ គឺសុទ្ធតែទទួលបានបន្ថែម ជាមួយនឹងប្រាក់បៀវត្សកើនឡើង ឯគ្រូបង្រៀន ជាពិសេស គ្រូបង្រៀនក្មួយៗជាស្រ្តី ដែលចាប់ផ្តើមបង្រៀន ហើយនៅពេលវេលាដែលខ្លួនមានផ្ទៃពោះ មានកូននោះ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភបែបនេះបន្ថែមនៅពេលឆ្លងទន្លេ ជាមួយនឹងច្បាប់ដែលមាន។ បញ្ហានេះ ក្រសួងកិច្ចការនារីនឹងសប្បាយរីករាយហើយ ព្រោះកន្លងទៅនេះ ដើរដោះស្រាយបញ្ហានារីច្រើនជាង ទាំងក្នុងកម្មករ ក៏ដោះស្រាយបញ្ហានារីច្រើនជាង។ ឥឡូវនេះ យើងអនុវត្ត ចំពោះមន្រ្តីរាជការរបស់យើង និងកម្លាំងប្រដាប់អាវុធ ដែលមុននេះ មិនទាន់បានគ្របដណ្តប់ទេ។
នៅឆ្នាំ ២០១៧ នេះ គឺយើងបានអនុវត្តសម្រាប់មន្រ្តីរាជការស៊ីវិលអស់ ៦.២០៧ លាន(រៀល) ស្មើនឹង ១.៥៣២.៤៦៩ ដុល្លារ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៨ តទៅ យើងនឹងប្រើប្រាស់ថវិកាប្រមាណ ២ លាន ១ សែន ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះ គឺសម្រាប់តែផ្នែកកម្មករទាំងក្នុង និងក្រៅប្រព័ន្ធ អស់ប្រមាណ ១០ លានដុល្លារ។ សម្រាប់ស្រ្តីជាមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ អស់ប្រមាណជា ២ លានដុល្លារ។ ដូច្នេះ នេះជាគោលនយោបាយថ្មីលើវិស័យសង្គមរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយយើងនឹងបន្តពិនិត្យមើលតទៅទៀត តើយើងនឹងឈានទៅដល់ការអនុវត្តទូទៅបាននៅពេលណា អំពីកម្មវិធីផ្តល់សាច់ប្រាក់សម្រាប់ប្រជាជនដែលសម្រាលកូន។ កម្មករបានទទួល ៤០ ម៉ឺនរៀល មន្រ្តីរាជការស៊ីវិលរបស់យើង និងកងកម្លាំងប្រដាប់អាវុធដែលជាស្រ្តី អោយតែស្រ្តីទេណា មិនអោយប្រុសទេ ប្រុសមិនដែលកើតកូនទេ។ អញ្ចឹងទេ បាន ៨០ ម៉ឺនរៀល។ នេះគឺជាការប្រកាសសម្រាប់ការយល់ដឹង។
សង្ឃឹមថា ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន និងឯកឧត្តម ពេជ្រ ប៊ុនធិន នឹងរួមគ្នា ដើម្បីធ្វើសេចក្តីសម្រេចថ្មី ហើយសេចក្តីសម្រេចនេះ វាពាក់ព័ន្ធនឹងបញ្ហាដទៃទៀត ប្រាក់ឧបត្ថម្ភគោលនយោបាយធានារ៉ាប់រងសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល។ ក៏ប៉ុន្តែ មានពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដែលក្នុងនោះ មានអ្នកទទួលមរណភាពដោយជំងឺ មានអ្នកទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម ដែលអាចនឹងបង្កើននូវចំនួនទឹកប្រាក់អំពីអ្នកដែលទទួលមរណភាពទាំងដោយសារជំងឺ និងទាំងដោយគ្រោះថ្នាក់ក្នុងការងារ ក្នុងពេលបំពេញបេសកកម្ម។ ខ្ញុំយកមកនិយាយនេះ ទាក់ទងជាមួយបញ្ហាស្រ្តីតែប៉ុណ្ណោះ ក៏ប៉ុន្តែ សំណុំមួយនេះវាមានតភ្ជាប់ជាមួយនឹងបញ្ហាដទៃទៀត។ តែនេះក៏សូមបញ្ជាក់អោយបានច្បាស់ អ្នកដែលចូលមកសួរនៅក្នុងហ្វេសប៊ុកផេករបស់ខ្ញុំថាចុះខ្ញុំជាមន្រ្តីរាជការទទួលបានឬអត់? ប៉ុន្តែ ការពិតបានទទួល ១២ ឆ្នាំ រួចមកហើយ ប៉ុន្តែ ដោយសារគាត់មិនទាន់មានកូន។
ចៅទី ២០
អញ្ចឹងទេ គោលនយោបាយនេះ យើងបានគិតគូរអំពីបញ្ហា។ នេះខ្ញុំព្រះករុណាខ្ញុំមានប៉ុណ្ណឹងទៅចុះ ហើយសង្ឃឹមថា មន្រ្តីរាជការរបស់យើង និយាយរួមប្រជាជនទូទៅ បានទទួលផលពីនយោបាយដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្ត។ ឥឡូវម៉ោង ៨ និង ៥០ នាទី នៅសល់ ២៥ នាទីទៀត គឺចៅទី ២០ របស់ខ្ញុំព្រះករុណាខ្ញុំ នឹងកើតហើយ។ សង្ឃឹមថា គេនឹងមានសុខភាពល្អទាំងម្តាយ និងកូន។ កាលពីជាង ៤០ ឆ្នាំមុន កម្សត់ណាស់។ នៅកម្លោះ។ ប៉ុន្តែ របួសពិការ វេទនាពិបាកម្នាក់ឯង។ បន្ទាប់ទៅមានគ្រួសារ។ ស្លាប់កូន។ ព្រាត់ប្រាស់គ្នា។ ប៉ុន្តែឥឡូវក្លាយជាគ្រួសារមួយជាគ្រួសារដ៏ធំ មានចៅរហូតទៅដល់ ២០ ហើយឥឡូវមានព័ត៌មានអាចនឹងលើស ២០ ព្រោះខ្លះ គេថា គេចង់បានស្រីមួយទៀត ខ្លះគេថា ចង់បានប្រុសមួយទៀត។ ម្សិលមិញ បង្កក់ចៅទី ១៩ …។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ៥.៦០៨ អង្គ/នាក់ ក្នុងម្នាក់ៗ ប្រគេណ និងជូន (ថវិកា) ចំនួន ៥ ម៉ឺនរៀល។ សម្រាប់សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យ ចំនួន ១.១៨៦ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (ថវិកា)ចំនួន ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនៈភាព នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា និងការអបអរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេណពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕