ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយប្រតិភូ កីឡាករ/រិនី ចូលរួម SEA Games លើកទី ២៩ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

កីឡា គឺស្មើភាព ស្មើសិទ្ធិ ថ្ងៃនេះ ខ្ញុំរួមជាមួយថ្នាក់ដឹកដទៃទៀត ពិតជាមានការរីករាយ ដើម្បីជួបសំណេះសំណាល​ ក៏ដូចជា ការជូនដំណើរ ចំពោះកីឡាករ/រិនី​ ព្រោះទាំងប្រតិភូដែលដឹកនាំកីឡាករ សម្រាប់ការចូលរួមស៊ីហ្គេម លើកទី ២៩ នៅម៉ាឡេស៊ី។ ដូចមុនៗដែរ អស់លោក លោកស្រី អ្នកនាង កញ្ញា ធ្វើដំណើរទៅកាន់ទីលានប្រកួតមួយ ដែលជាកិច្ចដំណើរការ ធម្មតា នៃសមាជិកអាស៊ានរបស់យើង​។ ពិតហើយ សម្រាប់ប្រទេសកម្ពុជា យើងចូលអាស៊ាន​ក្រោយគេ ក៏ប៉ុន្តែ បញ្ហាវាមិនស្ថិតនៅត្រង់មុន ឬក្រោយ ហើយក៏មិនស្ថិតនៅត្រង់បញ្ហាប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេស តូចទេ​​ កីឡាត្រូវតែស្មើភាព។ វឌ្ឍនភាពវិស័យកីឡា និងការខិតខំរបស់កីឡាករ/រិនី ការរៀបចំត្រៀមលក្ខណសម្បតិ្តពីមួយឆ្នាំទៅមួយឆ្នាំរបស់យើងកាន់តែប្រសើរឡើង។ ដូចឯកឧត្តម បណ្ឌិត សភាចារ្យ ហង្ស ជួនណារ៉ុន បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងការរៀបចំនានា រាប់ទាំងលក្ខណ សម្បត្តិ លក្ខខណ្ឌដែលតម្រូវពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់សម្រាប់ជម្រើសជាតិ។ យើងវិនិយោគកាន់តែច្រើន​ទៅៗ ទៅលើវិស័យអប់រំ យុវជន និងកីឡា ហើយការវិនិយោគនៅក្នុងវិស័យកីឡានេះ ក៏កាន់តែច្រើនទៅៗ…

ប្រសាសន៍ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី ១

ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា ​មាន​ការ​រីករាយដែលបានមកចូលរួមបិទការប្រកួតកីឡាជាតិលើកទី ១ បន្ទាប់ ពី​បាន​មកចូលរួមបើក​កាលពីថ្ងៃទី ២៨ ខែ តុលា កន្លងទៅ។ ក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមកោត​សសើរ​ចំពោះកិច្ចសហការ ការខិតខំប្រឹងប្រែងទំាងអស់ ក្នុងរយៈពេលកន្លងមក ពីការរៀបចំការប្រព្រឹត្តទៅយ៉ាងរលូន និង​ល្អប្រសើរ ធ្វើឲ្យគោលបំណង និងគោលដៅនៃការរៀបចំការប្រកួតកីឡាជាតិសម្រេច​បានផ្លែផ្កាយ៉ាង​ត្រចះ​​ត្រ​​ចង់។ មិនថាចាញ់ ឬឈ្នះ ត្រូវបន្តហ្វឹកហាត់បន្ថែម តាម​រយៈរបាយការណ៍​របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​របាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ក៏បានបង្ហាញឲ្យ​ឃើញ​អំពី​ការខិតខំយកចិត្តទុកដាក់ ទៅលើការរៀបចំប្រកួតលើកទី ១ របស់យើងនេះ។ នៅក្នុងឱកាសនេះ ខ្ញុំ​សូម​ថ្លែង​នូវការវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការិនីទំាងអស់ ដែលបានខិតខំប្រឹង​ប្រែងអស់ពី​សមត្ថ​ភាព​ក្នុងការ​ប្រ​កួត​នាពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា កីឡាករ កីឡាការិនីរបស់យើងទំាង​អស់ ទោះបីអ្នកឈ្នះ ឬអ្នកចាញ់ ក៏មិន​មែន​ជាទីបញ្ចប់ នៃអាជីពជាអ្នកកីឡារបស់យើងនោះទេ។ សង្ឃឹមថា អ្នកឈ្នះ​នឹងបន្តហ្វឹក​ហាត់ ដើម្បីបង្កើន​សមត្ថ​ភាពឈានទៅរកជ័យជំនះបន្ថែមទៀតក្នុងកម្រិតថ្នាក់ជាតិក្តី តំបន់ក្តី និង​អន្តរជាតិក្តី។ សម្រាប់​អ្នក​ដែល​មិន​ទាន់ឈ្នះ សង្ឃឹមថានឹងបន្តខិតខំថែមទៀត ដើម្បីឈានទៅរកជ័យជំនះនៅ​ពេល​ក្រោយៗ​ទៀត។…