ប្រសាសន៍ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី ១

ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា ​មាន​ការ​រីករាយដែលបានមកចូលរួមបិទការប្រកួតកីឡាជាតិលើកទី ១ បន្ទាប់ ពី​បាន​មកចូលរួមបើក​កាលពីថ្ងៃទី ២៨ ខែ តុលា កន្លងទៅ។ ក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមកោត​សសើរ​ចំពោះកិច្ចសហការ ការខិតខំប្រឹងប្រែងទំាងអស់ ក្នុងរយៈពេលកន្លងមក ពីការរៀបចំការប្រព្រឹត្តទៅយ៉ាងរលូន និង​ល្អប្រសើរ ធ្វើឲ្យគោលបំណង និងគោលដៅនៃការរៀបចំការប្រកួតកីឡាជាតិសម្រេច​បានផ្លែផ្កាយ៉ាង​ត្រចះ​​ត្រ​​ចង់។ មិនថាចាញ់ ឬឈ្នះ ត្រូវបន្តហ្វឹកហាត់បន្ថែម តាម​រយៈរបាយការណ៍​របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​របាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ក៏បានបង្ហាញឲ្យ​ឃើញ​អំពី​ការខិតខំយកចិត្តទុកដាក់ ទៅលើការរៀបចំប្រកួតលើកទី ១ របស់យើងនេះ។ នៅក្នុងឱកាសនេះ ខ្ញុំ​សូម​ថ្លែង​នូវការវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការិនីទំាងអស់ ដែលបានខិតខំប្រឹង​ប្រែងអស់ពី​សមត្ថ​ភាព​ក្នុងការ​ប្រ​កួត​នាពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា កីឡាករ កីឡាការិនីរបស់យើងទំាង​អស់ ទោះបីអ្នកឈ្នះ ឬអ្នកចាញ់ ក៏មិន​មែន​ជាទីបញ្ចប់ នៃអាជីពជាអ្នកកីឡារបស់យើងនោះទេ។ សង្ឃឹមថា អ្នកឈ្នះ​នឹងបន្តហ្វឹក​ហាត់ ដើម្បីបង្កើន​សមត្ថ​ភាពឈានទៅរកជ័យជំនះបន្ថែមទៀតក្នុងកម្រិតថ្នាក់ជាតិក្តី តំបន់ក្តី និង​អន្តរជាតិក្តី។ សម្រាប់​អ្នក​ដែល​មិន​ទាន់ឈ្នះ សង្ឃឹមថានឹងបន្តខិតខំថែមទៀត ដើម្បីឈានទៅរកជ័យជំនះនៅ​ពេល​ក្រោយៗ​ទៀត។…