ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា មានការរីករាយដែលបានមកចូលរួមបិទការប្រកួតកីឡាជាតិលើកទី ១ បន្ទាប់ ពីបានមកចូលរួមបើកកាលពីថ្ងៃទី ២៨ ខែ តុលា កន្លងទៅ។ ក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមកោតសសើរចំពោះកិច្ចសហការ ការខិតខំប្រឹងប្រែងទំាងអស់ ក្នុងរយៈពេលកន្លងមក ពីការរៀបចំការប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ធ្វើឲ្យគោលបំណង និងគោលដៅនៃការរៀបចំការប្រកួតកីឡាជាតិសម្រេចបានផ្លែផ្កាយ៉ាងត្រចះត្រចង់។
មិនថាចាញ់ ឬឈ្នះ ត្រូវបន្តហ្វឹកហាត់បន្ថែម
តាមរយៈរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ក៏បានបង្ហាញឲ្យឃើញអំពីការខិតខំយកចិត្តទុកដាក់ ទៅលើការរៀបចំប្រកួតលើកទី ១ របស់យើងនេះ។ នៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការិនីទំាងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតនាពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា កីឡាករ កីឡាការិនីរបស់យើងទំាងអស់ ទោះបីអ្នកឈ្នះ ឬអ្នកចាញ់ ក៏មិនមែនជាទីបញ្ចប់ នៃអាជីពជាអ្នកកីឡារបស់យើងនោះទេ។ សង្ឃឹមថា អ្នកឈ្នះនឹងបន្តហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពឈានទៅរកជ័យជំនះបន្ថែមទៀតក្នុងកម្រិតថ្នាក់ជាតិក្តី តំបន់ក្តី និងអន្តរជាតិក្តី។ សម្រាប់អ្នកដែលមិនទាន់ឈ្នះ សង្ឃឹមថានឹងបន្តខិតខំថែមទៀត ដើម្បីឈានទៅរកជ័យជំនះនៅពេលក្រោយៗទៀត។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសសើរចំពោះគណៈកម្មការ អាជ្ញាកណ្តាលសម្រាប់ការប្រកួតតាមវិញ្ញាសារនីមួយៗ ដែលបានខិតខំធ្វើឲ្យព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនេះ លេចជារូបរាងឡើង។
ព្រឹត្តិការណ៍កីឡាជាតិ ជាមនុញ្ញផលនៃសន្តិភាព ទទួលបានពីនយោបាយឈ្នះឈ្នះ
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសសើរ អរគុណចំពោះប្រជាជន ដែលបានចូលរួមនៅក្នុងក្របខណ្ឌទូទំាងប្រទេស ដែលបានផ្តល់នូវកំលាំងចិត្តសម្រាប់ក្រុមកីឡារបស់យើង តាមប្រភេទនីមួយៗ។ ខ្ញុំក៏សូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ថ្លែងនូវការកោតសសើរចំពោះកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់ការប្រកួតដ៏ធំមួយនេះ។ (ព្រឹត្តិការកីឡាជាតិ)នេះ បញ្ជាក់ឲ្យឃើញថា នេះហើយគឺជាមនុញ្ញផលនៃសន្តិភាពដែលទទួលបានពីនយោបាយឈ្នះឈ្នះ។ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសន្តិភាព ស្ថេរភាពខាងនយោបាយ ដើម្បីឈានឆ្ពោះទៅរកទិវាបុណ្យជាតិ ថ្ងៃ ៩ វិច្ឆិកា និងឈានឆ្ពោះទៅរកពិធីប្រណំាងទូក អកអំបុក សំពះព្រះខែ នៅពេលខាងមុខនេះ។
ក្រុមហ៊ុនមួយ ឬស្ថាប័នមួយ ឧបត្តម្ភកីឡាមួយ ឬច្រើនប្រភេទ
ខ្ញុំសូមយកឱកាសនេះ ដើម្បីអរគុណចំពោះបណ្តាក្រុមហ៊ុននានា ដែលបានជួយឧបត្ថម្ភចំពោះការប្រកួតនេះ ហើយសង្ឈឹមថា បណ្តាក្រុមហ៊ុននានា ក៏ដូចជាស្ថាប័ន និងអង្គការ តាមការអំពាវនាវរបស់ខ្ញុំនៅពេលបើក ដើម្បីចងសម្ព័ន្ធភាពជាមួយនឹងសហព័ន្ធកីឡាមួយៗ ក្នុងគោលបំណង ក្រុមហ៊ុនមួយ ឬស្ថាប័នមួយ ជួយទៅដល់ចងសម្ព័ន្ធភាពជាមួយនឹងសហព័ន្ធកីឡាមួយ ដើម្បីជម្រុញលើកទឹកចិត្តអោយកីឡារបស់យើងកាន់តែប្រសើរថែមទៀត។
ស្ថាប័នដែលមិនទាន់មានកីឡាចូលរួម ត្រូវត្រៀមសម្រាប់លើកក្រោយ
ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់សារជាថ្មីថា យើងនៅមាន ៣ ពេលទៀតសម្រាប់ការប្រកួត គឺនៅឆ្នាំ ២០១៨ ២០២០ និង ២០២២ ដើម្បីធ្វើការប្រកួត ២ ឆ្នាំម្តង មុននឹងឈានទៅ SEA Games ឆ្នាំ ២០២៣។ យោងទៅលើតារាងពិន្ទុ ដែលបានផ្តល់មកនេះបង្ហាញឲ្យឃើញ ហើយក៏បានដាស់ស្មារតីសម្រាប់បណ្តាស្ថាប័ន ដែលពុំទាន់មានកីឡាចូលរួមប្រកួត ដើម្បីរៀបចំក្រុមកីឡាចូលរួមប្រកួត មិនគ្រាន់តែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃតែប៉ុណ្ណោះទេ សង្ឃឹមថា នៅពេលក្រោយទៀត នឹងមានស្ថាប័នដទៃទៀត មានកីឡាមួយ ឬពីរប្រភេទ ឬច្រើនជាងនេះ ដើម្បីចូលរួមការប្រកួត ក្នុងគោលបំណងរួមចំណែក រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវពីសំណាក់ស្ថាប័នជាតិ។
មិនមែន ខេត្តធំមានប្រជាជនច្រើន សុទ្ធតែអាចឈ្នះខេត្តតូច មានប្រជាជនតិច នោះទេ
តាមរយៈតារាងពិន្ទុ ដែលបានទទួលអំពីបញ្ហាលទ្ធផលទាក់ទងទៅនឹងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិត ក៏បានដាស់អារម្មណ៍សម្រាប់បណ្តាខេត្តទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមខិតខំធ្វើឲ្យមានកីឡាតាមរយៈនៃការហ្វឹកហាត់កីឡាវ័យក្មេងទាំងនោះ ប្រកួតនៅតាមខេត្ត ស្រុករបស់ខ្លួន ហើយឈានឆ្ពោះពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ និងចូលរួមប្រកួតនៅឆ្នាំ ២០១៨ ឲ្យមានមេដាយ។ អ្វីដែលជាការគួរឲ្យភ្ញាក់ផ្អើលនោះ នៅត្រង់ថា ខេត្តត្បូងឃ្មុំដែលមានប្រជាជនជិត ១ លាននាក់ គឺពុំមានមេដាយសោះតែម្តង។ នេះជាការដាស់តឿនដល់ អភិបាល និងគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការទាំងអស់នេះ ហើយក៏បានដាស់តឿនចំពោះខេត្តដទៃៗទៀតដែលមានត្រឹមតែមួយមេដាយតែប៉ុណ្ណោះ។
សង្ឃឹមថា បណ្តាខេត្តទាំងអស់នឹងធ្វើការខិតខំ ដើម្បីហ្វឹកហាត់កីឡាគ្រប់ប្រភេទ ដើម្បីចូលរួមប្រកួតនៅកីឡាជាតិលើកទី ២ ឆ្នាំ ២០១៨ ហើយទទួលយកមេដាយឲ្យបានច្រើន។ សង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងឡាយនឹងបន្តការខិតខំ ហើយខ្ញុំសូមយកឱកាសនេះ ទោះបីថា ខេត្តព្រះវិហារជាខេត្តមួយដែលតូច និងនៅឆ្ងាយ ហើយមិនអាចយកឈ្នះខេត្តកំពត នៅលើកីឡាបាល់ទះបានក៏ដោយចុះ ក៏ប៉ុន្តែ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសម្តែងនូវការកោតសរសើរចំពោះខេត្តព្រះវិហារ ដែលមានប្រជាជនតិច ហើយខេត្តនៅទីឆ្ងាយ ក៏ប៉ុន្តែ អាចទទួលបាននូវមេដាយប្រាក់ ចំណាត់ថ្នាក់លេខ ២ ក្នុងប្រភេទកីឡាបាល់ទះ។
ខ្ញុំក៏សូមកោតសរសើរចំពោះខេត្តសៀមរាប ដែលបានយកឈ្នះលើរាជធានីភ្នំពេញ នៅក្នុងការយកចំណាត់ថ្នាក់លេខ ១ នៅទូទាំងប្រទេស នៅក្នុងការប្រកួតកីឡាបាល់ទាត់។ កីឡាទាំង ២ ប្រភេទនេះ និងកីឡាមួយចំនួនទៀត ខ្ញុំបានមើលការផ្សាយតាមរយៈបន្តផ្ទាល់ហើយកត់សម្គាល់ឃើញថា មិនមែនខេត្តធំ និងប្រជាជនច្រើនសុទ្ធតែខ្លាំងនោះទេ ប៉ុន្តែ ខេត្តតូច និងប្រជាជនតិច ក៏អាចខ្លាំងបានដែរ ប្រសិនបើមានការយកចិត្តទុកដាក់ និងមានការចូលរួមពេញលេញ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជន។
ប្រជាជនម្នាក់ ហាត់កីឡាមួយប្រភេទ ដើម្បីប្រកួត ឬក៏ដើម្បីសុខភាព
នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវសាជាថ្មី ចំពោះប្រជាពលរដ្ឋរបស់យើង ក៏ដូចជាពិសេស ចំពោះយុវជន និងកុមារ សូមខិតខំយកចិត្តទុកដាក់ទៅលើបញ្ហាការហ្វឹកហាត់កីឡាមួយយ៉ាងតិច ដែលអាចចាត់ទុកថាជាប្រភេទកីឡា ដែលមានលក្ខណៈជាការប្រកួតផង ហើយជាផ្នែកនៃបញ្ហាទាក់ទងនឹងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋផង។ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយចាប់យកកីឡាធ្វើជាសកម្មភាព ដើម្បីសាមគ្គីភាព សហប្រតិបត្តិការ និងការយោគយល់គ្នា តាមរយៈវិស័យកីឡា។
ខ្ញុំសូមសម្តែងនូវការអរគុណ និងការកោតសរសើរចំពោះក្មួយៗសិល្បករ និងសិល្បការិនី និងគ្រប់ផ្នែកទាំងអស់ ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមនៅទីនេះក្តី និងនៅតាមរយៈការចូលរួមមើលការផ្សាយបន្តផ្ទាល់ក្តី រាប់ទាំងបងប្អូននៅក្រៅប្រទេស និងកងទ័ពដែលកំពុងឈរជើងនៅក្រៅប្រទេស ទាំងនៅលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល និងម៉ាលី ពិតជាកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។ សង្ឃឹមថា ការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង នឹងធ្វើឲ្យកីឡារបស់យើង កាន់តែខ្លាំងឡើង និងខ្លាំងឡើង ដើម្បីឈានឆ្ពោះទៅរកការប្រកួតប្រជែងមួយ ក្នុងឋានៈជារដ្ឋអធិបតេយ្យ និងជាប្រជាជាតិមួយ ដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។
ជាទីបញ្ចប់ ខ្ញុំសូមប្រកាសបិទការប្រកួតកីឡាជាតិលើកទី ១ នៅពេលនេះ និងសូមជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនីទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើង៕