ដកស្រង់សារជាសម្លេង អំពី ការប្រកាសបិទបញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ”

សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិ​ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បង​ប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែល​យើង​ចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង​ ដោយសារកូវីដ–១៩ ដោយចាប់​ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់​យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ​១២៤,០២៣  នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។ ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមាន​មនុស្ស​ស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការ​លំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លង​រាប់​រយនាក់ និងមានស្លាប់រាប់សិបនាក់​។ ​យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅ​សល់តែមួយលេខ គឺក្រោម ១០ នាក់…

ដកស្រង់ប្រសាសន៍ជាសារសំឡេង ផ្ដើមយុទ្ធនាការ ១៥ ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង AstraZeneca ចំពោះប្រជាពលរដ្ឋទូទៅ ដែលមានអាយុលើស ៦០ ឡើង នៅរាជធានីភ្នំពេញ

ផ្ញើជូនលោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅក្នុងគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាបណ្ដាមន្ទីរពេទ្យ និងបងប្អូនជនរួមជាតិ! ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ មិនទាន់ស្រាកស្រាន្ដ​នៅឡើយទេ។ ពិតមែនដែលយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងញាំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏កំពុងតែស្ថិតក្នុងស្ថានភាពនៃការទប់ទល់។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង ១០០០ នាក់ ដែលវាច្រើនជាង ២ ដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ជំងឺរាតត្បាតនេះ ​កំពុងតែបន្តគំរាមគំហែងនៅទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀត ទៅលើការប្រយុទ្ធប្រឆាំង កូវីដ-១៩ តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹង ទាក់ទិននឹង ៣ កុំ និង ៣ ការពារ។ ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ គឺយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំណាក់កាលទី ១ គឺតាំងពីថ្ងៃ ១០ កុម្ភៈ គឺចាក់វ៉ាក់សាំង Sinopharm​…