សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ

“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”

“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”

“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩

សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិតខ្មែរ មកពីបណ្តាប្រទេសក្នុងសហគមន៍អឺរុប

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុង​ឱកាសនេះ! កម្ពុជា ធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌ ដែលមានម្ហូបខ្មែរ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសាជាថ្មីម្ដងទៀត បន្ទាប់ពីការជួបគ្នាខែតុលា កាលពីឆ្នាំទៅ។ ឆ្នាំនេះ បើគិតពីខែតុលា រហូតមកដល់ពេលនេះ គឺរយៈពេលមិនទាន់ដល់មួយឆ្នាំផងទេ ប៉ុន្តែដោយសារមានការចាំបាច់ មានការងារទាក់ទងនៅហ្សឺណែវនេះ វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ គឺជាវត្តមាន សម្រាប់ជាមោទនភាពរបស់កម្ពុជាយើង។ យើងបានដឹងហើយថា ម្សិលមិញនេះ ទោះបីស្ថិតនៅក្នុងស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែ នាយករដ្ឋមន្រ្តីកម្ពុជាជាអ្នកថ្លែងសុន្ទរកថាបើកសន្និ​សីទនេះ ហើយកម្ពុជាក៏ទទួលធ្វើជាម្ចាស់ទៅលើការរៀបចំកម្មវិធីសង្គម និងវប្បធម៌ ដែលមានម្ហូបខ្មែរនៅទីនោះ។ យើងក៏ឆ្លៀតយកឱកាសនេះ បញ្ជាក់ប្រាប់អ្នកទាំងឡាយ នៅក្នុង​ក្របខណ្ឌ នៃអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​ អំពីទស្សនៈរបស់យើង ក៏ដូចជាសភាពការណ៍របស់យើងផងដែរ។ មកជួបនាយករដ្ឋមន្ត្រី ត្រូវគេចោទថាក្នុងម្នាក់ជួល ២០០ ដុល្លារទៅ ២០០០ ដុល្លារ ខ្ញុំព្រះករុណាខ្ញុំសុំអរគុណ ចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលមកពីបារាំងខ្លះនៅស្វ៊ីសខ្លះ មកពីកម្ពុជាយើងខ្លះ។ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញមកពីគ្រប់ទីកន្លែង ក៏ដូចជាក្មួយ​ៗ និស្សិត ដែលបានធ្វើដំណើរវែងឆ្ងាយមកកាន់ទីនេះ … បងប្អូនបានធ្វើដំណើរពីចម្ងាយ ដើម្បីស្កាត់មករកជួបជាមួយខ្ញុំព្រះករុណាខ្ញុំ។ នេះបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពត

ការជួបក្នុងខេត្តកំពតត្រូវបានអាក់ខានដល់ជាង ១ ឆ្នាំ … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនីរបស់យើង ដែលក្នុងរយៈពេលកន្លងទៅ ក្មួយៗត្រូវរង់ចាំអស់រយៈពេលជាងមួយឆ្នាំ។ តាមការរៀបចំកាលពីចុងឆ្នាំ ២០១៧ នៅក្នុងពិធីបុណ្យសមុទ្រ នៅឯខេត្តកែប ពេលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យជួបតាំងពីក្នុងខែធ្នូ ឆ្នាំ ២០១៧ ឯណោះ ប៉ុ​ន្តែដោយសារតែពេលនោះ គឺមានការងាររវល់នៅទីក្រុងភ្នំពេញផង ហើយការធ្វើដំណើរមកកាន់ខេត្តកែបរបស់យើងនេះ ក៏ត្រូវធ្វើដំណើរតាមរថយន្ត។ អញ្ចឹងទេ បានជាស្នើសុំផ្អាកសិន … រហូតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំ។ ចំណុចនេះ ក៏សុំអធ្យាស្រ័យពីសំណាក់ក្មួយៗកម្មករ/ការិនី ដែលទន្ទឹងរង់ចាំក្នុងការជួបនេះ។ ប៉ុន្តែដូចដែលធ្លាប់បាននិយាយហើយថា “មកយឺត ប្រសើរជាងមិនមក”។ យ៉ាងហោចណាស់ ថ្ងៃនេះ បើទោះបីជាយើងមានការយឺតយ៉ាវបន្ដិចក្នុងការជួប ក៏ប៉ុន្តែយើងនៅតែជួបគ្នាបាន ហើយនៅក្នុងស្ថានភាពដ៏ល្អប្រសើរមួយ គឺធាតុអាកាស ដែលមិនមានភ្លៀងធ្លាក់ ហើយក៏ចម្លែកត្រង់ថា ប៉ុន្មានថ្ងៃនេះ រងាបន្ដិចនៅខេត្តមួយចំនួន តែសម្រាប់ខេត្តនៅតាមមាត់សមុទ្រនេះ មិនសូវជារងាប៉ុន្មានទេ អនុគ្រោះសម្រាប់ការជួបគ្នាបែបនេះ។ ខេត្តកំពតមានឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រស៊ីម៉ង់ត៍ ៣ និងវារីអគ្គិសនី ១ ថ្ងៃនេះ ខ្ញុំពិតជាមានការអរគុណជាមួយនឹងម្ចាស់រោងចក្រ…