ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុងឱកាសនេះ!
កម្ពុជា ធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌ ដែលមានម្ហូបខ្មែរ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសាជាថ្មីម្ដងទៀត បន្ទាប់ពីការជួបគ្នាខែតុលា កាលពីឆ្នាំទៅ។ ឆ្នាំនេះ បើគិតពីខែតុលា រហូតមកដល់ពេលនេះ គឺរយៈពេលមិនទាន់ដល់មួយឆ្នាំផងទេ ប៉ុន្តែដោយសារមានការចាំបាច់ មានការងារទាក់ទងនៅហ្សឺណែវនេះ វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ គឺជាវត្តមាន សម្រាប់ជាមោទនភាពរបស់កម្ពុជាយើង។ យើងបានដឹងហើយថា ម្សិលមិញនេះ ទោះបីស្ថិតនៅក្នុងស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែ នាយករដ្ឋមន្រ្តីកម្ពុជាជាអ្នកថ្លែងសុន្ទរកថាបើកសន្និសីទនេះ ហើយកម្ពុជាក៏ទទួលធ្វើជាម្ចាស់ទៅលើការរៀបចំកម្មវិធីសង្គម និងវប្បធម៌ ដែលមានម្ហូបខ្មែរនៅទីនោះ។ យើងក៏ឆ្លៀតយកឱកាសនេះ បញ្ជាក់ប្រាប់អ្នកទាំងឡាយ នៅក្នុងក្របខណ្ឌ នៃអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពីទស្សនៈរបស់យើង ក៏ដូចជាសភាពការណ៍របស់យើងផងដែរ។
មកជួបនាយករដ្ឋមន្ត្រី ត្រូវគេចោទថាក្នុងម្នាក់ជួល ២០០ ដុល្លារទៅ ២០០០ ដុល្លារ
ខ្ញុំព្រះករុណាខ្ញុំសុំអរគុណ ចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលមកពីបារាំងខ្លះនៅស្វ៊ីសខ្លះ មកពីកម្ពុជាយើងខ្លះ។ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញមកពីគ្រប់ទីកន្លែង ក៏ដូចជាក្មួយៗ និស្សិត ដែលបានធ្វើដំណើរវែងឆ្ងាយមកកាន់ទីនេះ … បងប្អូនបានធ្វើដំណើរពីចម្ងាយ ដើម្បីស្កាត់មករកជួបជាមួយខ្ញុំព្រះករុណាខ្ញុំ។ នេះបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន តាមរយៈតំណាងស្របច្បាប់របស់ប្រទេស។ ប៉ុន្តែ ជាអកុសលណាស់ ដែលខ្ញុំព្រះករុណាខ្ញុំបានឃើញនូវការបង្ហោះតាមហ្វេសប៊ុក ដោយមនុស្សខ្លះថា បងប្អូនត្រូវបានជួលក្នុងម្នាក់ពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ។ ខ្ញុំគិតថា នេះជាការប្រមាថធ្ងន់ធ្ងរពេកហើយ សម្រាប់បងប្អូនជនរួមជាតិដែលបានធ្វើដំណើរដ៏វែងឆ្ងាយមួយ ខ្លះធ្វើដំណើរដោយយន្តហោះ ខ្លះក៏ធ្វើដំណើរដោយរថយន្តជាង ១០ ម៉ោងក៏មាន ប៉ុន្តែ បែរជាត្រូវទទួលការប្រមាថ។ ខ្ញុំព្រះករុណាខ្ញុំនឹកមិនដល់ថាមានជនជាតិខ្មែរ ដែលអាចធ្វើការប្រមាថជនជាតិខ្លួនឯងបែបនេះទៅរួច។
មេដឹកនយោបាយខ្លះ ពេលនៅជាមួយខ្លួន គឺស្នេហាជាតិ ចាកចេញ គឺក្បត់ជាតិ
ខ្លួនខ្ញុំព្រះករុណាខ្ញុំ បានចូលទាក់ទិនក្នុងរឿងនយោបាយ តាំងពីអាយុ ២៥ ឆ្នាំ ហើយបើនិយាយឱ្យវែងឆ្ងាយជាងនេះទៅទៀត តាំងពីអាយុ ១៨ ឯណោះ។ ខ្ញុំព្រះករុណាខ្ញុំមិនដែលមានចិត្តគំនិតណាមួយ ប្រមាថចំពោះជាតិឯងយ៉ាងដូច្នេះទេ។ មានសមាជិកសមាជិកាគណបក្សប្រជាជនមួយចំនួន ដែលបានចាកចេញពីគណបក្សប្រជាជនហើយបានចូលទៅគណបក្សផ្សេង តែខ្ញុំព្រះករុណាខ្ញុំមិនដែលចាត់ទុកថាពួកគេក្បត់បក្ស ពួកគេលក់ឧត្តមគតិនោះទេ។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់គិត ទី ១ នោះជាសេរីភាពរបស់បុគ្គលម្នាក់ៗ ដែលពួកគេជ្រើសរើសផ្លូវដើរដោយខ្លួនឯង ព្រោះស្ថានភាពប្រទេសរបស់យើង គឺជាប្រទេសពហុបក្ស ដូច្នេះគេមានសេរីភាពរស់នៅជាមួយគណបក្សរបស់យើង តែគេក៏មានសេរីភាពអាចទៅជ្រើសរើសបក្សផ្សេង ដើម្បីនឹងធ្វើដែរ។ ផ្ទុយទៅវិញ មួយទៀត ខ្ញុំព្រះករុណាខ្ញុំគិតថា ប្រហែលជាយើងមិនអាចបំពេញបំណងអ្វីសម្រាប់ពួកគេបាន ឬក៏យើងអាចកសាងកំហុសអ្វីទៅលើពួកគេ ទើបពួកគេចាកចេញពីយើង។ យើងជាគិតបែបនេះ។ យើងអត់នឹកដល់ថា មានមេដឹកនាំបក្សនយោបាយខ្លះ បើគេនៅជាមួយខ្លួនចាត់ទុកថាជាអ្នកស្នេហាជាតិ បើគេដើរចេញពីខ្លួន គឺក្បត់ជាតិភ្លាម រាប់ទាំងបងប្អូននៅទីនេះ ក្លាយទៅជាទំនិញដែលទិញដូរបានទៅហើយ។ ជាការគួរឱ្យសោកស្ដាយ ដែលយើងមានជនជាតិយើង ដែលប្រៀបមិនដល់ទាំងតិរច្ឆានផងនោះ។ ខ្ញុំព្រះករុណាខ្ញុំគិតថាជាបាបកម្មរបស់ពួកគេ។
ចោទថាគេ តើហ៊ានស្បថទេ?
យើងគ្មានអ្វីទេព្រះតេជព្រះគុណ ប្រទេសរបស់យើងគឺជាប្រទេសគោរពព្រះពុទ្ធសាសនា ជំនឿតាមផ្លូវព្រះពុទ្ធ ឬតាមផ្លូវណាក៏ដោយចុះ ពាក្យស្បថស្បែគឺជារឿងធម្មតាខ្លាំងណាស់។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ប្រសិនបើរឿងការជួល(មនុស្ស)ជាការពិត ហើយបងប្អូនទាំងឡាយក៏ត្រូវជាអ្នកទទួលការជួលពីខ្ញុំព្រះករុណាខ្ញុំ យើងទាំងអស់គ្នាសុខចិត្តឱ្យស្លាប់ទាំងអស់គ្នាទៅចុះ។ ប៉ុន្តែ បើរឿងនេះមិនពិតទៅវិញ សុំឱ្យអ្នកទាំងនោះទទួលនូវសេចក្ដីវិនាស និងការស្លាប់ដូចគ្នាដែរ។ មានតែពាក្យសម្បថទេ។ ពួកនេះមិនហ៊ានស្បថទេ បបួលស្បថមិនដែលហ៊ានស្បថទេ ព្រោះគេខ្លាចងាប់ដែរ។ រួចហើយគេបែរជានិយាយថារឿងស្បថគឺជារឿងល្បែងក្មេងលេង។ ប៉ុន្តែសូមបញ្ជាក់ថា នៅលើលោកនេះ មុនឡើងធ្វើប្រធានាធិបតី ឬធ្វើនាយករដ្ឋមន្ត្រី ឬធ្វើសមាជិកសភាតែងស្បថជានិច្ច។ ក្នុងតុលាការក៏ដោយ សុទ្ធតែមានសម្បថទាំងអស់ អ្នកធ្វើសាក្សីក៏ត្រូវស្បថ អញ្ចឹងទេ ពាក្យសម្បថវាជាន័យសកល មិនមែនគ្រាន់តែជនជាតិកម្ពុជាទេ។
សូមអ្នកឯងទទួលយកទៅនូវផលកម្មដែលអ្នកបានសាង ប៉ុន្តែប្រជាជនយើងដែលនៅទីនេះ ក៏ដូចជាប្រជាជនដ៏ទៃទៀត ដែលត្រូវទទួលការប្រមាថអំពីការទិញដូរនេះ គួរត្រូវបានពិចារណាឱ្យបានដិតដល់។ ខ្លួនខ្ញុំតើមានហេតុផលអ្វីទៅជួលបងប្អូនឱ្យមកស្ដាប់ខ្ញុំនេះ? ឯបងប្អូនមានហេតុផលអ្វីមកស៊ីឈ្នួលខ្ញុំ ដើម្បីមកជួបជាមួយខ្ញុំយ៉ាងនេះ? ប៉ុន្តែ នេះឈាមរត់រកគ្នា រវាងជាតិសាសន៍តែមួយរបស់យើង។ សូម្បីតែបងប្អូនខ្លះ គឺជនជាតិបរទេស ប៉ុន្តែមានចំណងលោហិតជាមួយនឹងជនជាតិខ្មែរយើង ក៏បានមកកាន់ទីនេះ។ ប៉ុន្តែ ខ្ញុំមិនស្មានថា ពួកគេអាចនិយាយទៅរួច និយាយទៅកើត អំពីការលក់ឧត្តមគតិ សូម្បីតែមកជួបជាមួយនាយករដ្ឋមន្ត្រីផ្លូវការ ដែលជិះឡានដាក់ទង់ជាតិចូលទៅគ្រប់ទីកន្លែង …។
ទទួលស្គាល់ទៅថា បរាជ័យក្នុងការប្រមូលមនុស្សមកធ្វើបាតុកម្មមិនបាន
រឿងមួយទៀត ត្រូវនិយាយបង្ការទុកឱ្យហើយ ហេតុអ្វីទៅបានគេសុំធ្វើបាតុកម្មនៅថ្ងៃទី ៥? រឿងនេះបើយើងមិនបង្ការជើងទុកឱ្យហើយទេ គេនឹងចូលតាមច្រកហ្នឹង ព្រោះជាធម្មតា ខ្ញុំព្រះករុណាខ្ញុំធ្វើនយោបាយដឹកនាំតែងតែចង្អុល។ ឧទាហរណ៍ថា ហេតុអ្វីទៅបានជាគេធ្វើបាតុកម្មថ្ងៃទី ៥? យើងត្រូវចោទចេញសំណួរថា វានឹងមានរឿងអ្វី? ច្បាស់ណាស់ថា បើសិនជាបាតុកម្មគេអាចធ្វើមែន គេថាលោក ហ៊ុន សែន រត់ដោយសារការធ្វើបាតុកម្មរបស់ពួកគេ។ នេះគឺជារឿងដែលត្រូវនិយាយបង្ការទុកឱ្យហើយ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំបានជម្រាបហើយ បានប្រកាសតាំងពីមុនហើយ ខ្ញុំព្រះករុណាខ្ញុំមានវត្តមានពីថ្ងៃទី ២ – ៥ កក្កដា ។ ហេតុអ្វីមិនធ្វើថ្ងៃទី ២ ឬ ៣ ឬ ៤ មកធ្វើថ្ងៃទី ៥ (ដែល)ថ្ងៃដែលខ្ញុំត្រឡប់ទៅវិញ។ ឆ្ងល់នោះ វាឆ្ងល់ពេកហើយ។ បើថាខ្លួនឯងបរាជ័យក្នុងការប្រមូលមនុស្សមកធ្វើបាតុកម្មមិនបាន ទទួលស្គាល់ពីបរាជ័យរបស់ខ្លួនទៅ។
ក្របីស៊ីស្រូវបងមិនហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល
មានបុរសម្នាក់ដែលជាអតីតរដ្ឋមន្ត្រីជំនាន់ លន់ នល់ ដែលមាននៅក្នុងរូបភាពឈរនិយាយនេះ កំពុងតែជេរគ្នាថា បើធ្វើបាតុកម្មលើកនេះមិនបានទេ ទៅបើកហាងលក់ដូរ ឈប់ធ្វើនយោបាយទៅ។ ឥឡូវនេះ បើសិនជាធ្វើបាតុកម្មនៅថ្ងៃស្អែក តើបាតុកម្មនោះវាមានប្រយោជន៍អី? មកដេញ ហ៊ុន សែន នោះ បើ ហ៊ុន សែន ទៅបាត់ហើយ។ វាមិនខុសពី ហ៊ុន ម៉ាណែត ព្រឹកមិញ បង្ហោះក្នុងហ្វេសប៊ុក ថា «ក្របីស៊ីស្រូវបងមិនហ៊ានដេញ ក្របីដើរចេញបងដេញឱ្យស្រីមើល»។ អញ្ចឹងត្រូវបង្ការជើងទុកឱ្យហើយបងប្អូនជនរួមជាតិ ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ជាតិ ហើយមិនដឹងថា តើមានទូរទស្សន៍ប៉ុន្មានទេ ដែលកំពុងផ្សាយបន្តផ្ទាល់នៅទីនោះ និងតាម Fresh News និងតាមហ្វេសប៊ុកផេក ត្រូវចាំឱ្យច្បាស់។
ហ៊ុន សែន ទៅបាត់ហើយ ទើបសុំច្បាប់ប៉ូលីសស្វ៊ីសធ្វើបាតុកម្ម
ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ទទួលបានព័ត៌មាន គេទើបនឹងសុំប៉ូលីសរបស់ស្វ៊ីស នៅប៉ុន្មានម៉ោងនេះទេ។ យោងតាមបញ្ញតិ្តជាធរមានរបស់ស្វ៊ីស បើខ្ញុំព្រះករុណាខ្ញុំដឹង ៤៨ ម៉ោងក្រោយ ទើបអាចធ្វើបាន។ បើដូច្នេះស្អែកនេះ ក៏ធ្វើមិនបានដែរ ទាល់តែខានស្អែក បានអាចធ្វើបាន។ ហ៊ុន សែន ទៅវាយកូនហ្គោលនៅភ្នំពេញបាត់ទៅហើយ ព្រោះខ្ញុំព្រះករុណាខ្ញុំទៅដល់ថ្ងៃសៅរ៍ ទៅហើយ។ ដល់ថ្ងៃអាទិត្យ ជាកម្មវិធីវាយកូនហ្គោល។ លើកលែងតែមានករណីគ្រោះអាសន្ន បើគ្មានករណីគ្រោះអាសន្នទេ ទុកខ្ញុំព្រះករុណាខ្ញុំវាយកូនហ្គោល ព្រោះឥឡូវហ្នឹង club ថ្មី គេទើបនឹងផ្ញើពីជប៉ុនមក យកទៅសាកមើលថាវាយ៉ាងម៉េច។ ម្យ៉ាងទៀត តាមគម្រោងដើមនៃកម្មវិធីហោះហើរ ត្រូវចេញនៅម៉ោង ៩(ព្រឹក) ស្អែកនេះ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំពិនិត្យមើលចុះចតនៅទីក្រុងភ្នំពេញម៉ោង ៣ ភ្លឺ អ្នកណាមកទទួលយើង? យើងត្រូវគិតដល់អ្នកនៅភ្នំពេញផង។ ខ្ញុំព្រះករុណាខ្ញុំបានកាត់បន្ថយមនុស្សជូនដំណើរ ដោយថ្នាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការអីច្រើនណាស់ អញ្ចឹងដើម្បីជាការសន្សំសំចៃ ខ្ញុំព្រះករុណាខ្ញុំឱ្យជូនតែមនុស្សប៉ុន្មាននាក់ទេ។ ឧបនាយករដ្ឋមន្ត្រីមិនចាំបាច់មកទាំងអស់គ្នាទេ តែ ៤ ឬ ៥ នាក់ទៅបានហើយ ប៉ុន្តែ យើងក៏គួរអាណិត ៤ ឬ ៥ នាក់នោះ គ្នាមកទទួលយើងទាំងយប់ អញ្ចឹងទេបានពន្យារម៉ោងហោះចេញពីហ្សឺណែវម៉ោង ១២ ថ្ងៃត្រង់ រួចហើយយើងទៅដល់ភ្នំពេញម៉ោង ៧ ព្រឹក ថ្ងៃសៅរ៍។ អញ្ចឹងទេ យើងពិនិត្យមើលបើតាមការទទួលព័ត៌មាននេះមិនខុសទេ យើងទើបនឹងទទួលបានព័ត៌មានបានថា ខាងប៉ូលីសស្វ៊ីសទើបនឹងទទួលបាននូវការសុំធ្វើបាតុកម្មនៅប៉ុន្មានម៉ោងនេះទេ។ បើគិតរយៈពេល ៤៨ ម៉ោងក្រោយ ទើបមានការឆ្លើយតប អញ្ចឹងបាតុកម្មនៅពេលដែល ហ៊ុន សែន កំពុងតែវាយកូនហ្គោលនៅទីក្រុងភ្នំពេញឯណោះទេ។ អញ្ចឹងបងប្អូនខ្មែរ បើទោះបីជាគាំទ្រអ្នកប្រឆាំង ហើយប្រឆាំងនឹងខ្ញុំក៏ដោយចុះ បងប្អូនមកអត់ប្រយោជន៍ទេ ព្រោះ ហ៊ុន សែន ទៅបាត់ហើយ មកធ្វើអីទៀត? គោលដៅបាតុកម្ម គឺដេញ ហ៊ុន សែន។ ដល់ ហ៊ុន សែន ទៅបាត់ បានធ្វើបាតុកម្ម។ ហើយ ២ ដង រួចមកហើយ ឆ្នាំទៅ ស្ងាត់ឈឹងនៅកន្លែងនេះ ហើយអួតក្អេងក្អាងពីការធ្វើបាតុកម្ម …។
ទៅអង្គការសហប្រជាតិ ប៉ូលីសអាមេរិកការពារ
ខ្ញុំព្រះករុណាខ្ញុំសុំទោស ជំពាក់ត្រូវតែនិយាយ បើមិននិយាយ គឺមិនបាន។ ឆ្នាំទៅ គេថា អាមេរិកមិនឱ្យជាន់ដីទេ អង្គការសហប្រជាជាតិ ដកហូតកៅអីហើយ។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំទៅអង្គការសហប្រជាតិ មានអីប៉ូលីសអាមេរិកការពារទេតើ ព្រោះអាមេរិកជាម្ចាស់ផ្ទះ។ យើងជារដ្ឋអធិបតេយ្យ ជានាយករដ្ឋមន្ត្រីក្នុងតំណែង ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវទៅលើសន្តិសុខ។ មួយទៀត នៅក្នុងអង្គការសហប្រជាជាតិ អ្នកណាមានសិទ្ធិដេញកម្ពុជាចេញពីអង្គការសហប្រជាជាតិនោះ? វាខុសពីស្ថានភាពដណ្ដើមកៅអីគ្នា នៅក្នុងឆ្នាំ ១៩៧០-១៩៧៥ រវាងរណសិរ្សរួបរួមជាតិរបស់សម្ដេចព្រះនរោត្តម សីហនុ និងរដ្ឋាភិបាល លន់ នល់ និងពីឆ្នាំ ១៩៧៩-១៩៩១ រវាងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម និងក្រោយមកត្រីភាគី ដែលជ្រកក្រោមទង់ និងធម្មនុញ្ញរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងម្ខាងទៀតរដ្ឋកម្ពុជា។ ឥឡូវ អត់មានអ្នកណាដណ្ដើមទេ គឺជារបស់រាជរដ្ឋាភិបាលកម្ពុជាតែមួយគត់ ហើយប្រកាសខ្លួនឯងដឹកនាំធ្វើបាតុកម្ម។ ដល់ថ្ងៃធ្វើបាតុកម្ម ប្រកាសថា ខ្លួនទៅអាហ្រ្វិកខាងត្បូង។ (តាមពិតមកតែពី)ព្រោះអត់មានមនុស្ស។ មនុស្សវាតិចពេក ប្រៀបធៀបជាមួយមនុស្សដែលមកទទួល ហ៊ុន សែន។
នាយករដ្ឋមន្ត្រីស្របច្បាប់ មានភារកិច្ចការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្លួន
ខ្ញុំព្រះករុណាខ្ញុំក៏បន្តមកប៊ែលហ្ស៊ិក គេធ្វើបាតុកម្មប្រៀបធៀបជាមួយមនុស្សដែលមកទទួលជួបជាមួយ ហ៊ុន សែន វាតិចពេក អញ្ចឹងទេ គិតស្មានគេមកហ្សឺណែវ ដល់មកហ្សឺណែវស្ងាត់ឱ្យឈឹង។ ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានបើកឆាក បែរជារឿងអកុសល។ ប៉ុន្តែ វាជាការចាំបាច់ ដោយសារនេះវាទាក់ទងទៅនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមកកាន់ទីនេះ ហើយត្រូវទទួលការប្រមាថ ដែលខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្លួនផងដែរ។ បងប្អូននឹងបន្តការពារកិត្តិយសរបស់ខ្លួន តាមអ្វីដែលអាចធ្វើទៅបាន ចំពោះមុខការមួលបង្កាច់របស់ពួកជនថោកទាបពេកនេះ។
សកម្មភាពយុវជនក្រៅប្រទេសជួយជាថវិកា ដល់គ្រួសារជនរងគ្រោះនៃការបាក់រលំអគារ
ឥឡូវ វិលមកដល់រឿងការជួបគ្នានៅពេលនេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការអរគុណ ជាមួយនឹងការធ្វើដំណើរដ៏វែងឆ្ងាយមកកាន់ទីនេះដើម្បីការជួបជុំ។ អម្បាញ់មិញ … បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការចូលរួមរំលែកមរណទុក្ខ ចំពោះជនរួមជាតិរបស់យើង សម្រាប់ឧបទ្ទវហេតុនៅខេត្តព្រះសីហនុក្នុងការដួលរលំអគារ។ សូមជម្រាបជូនបងប្អូនជនរួមជាតិនៅក្នុងប្រទេសឱ្យបានជ្រាបថា តាមរយៈសកម្មភាពរបស់យុវជនខ្មែរយើងនៅក្រៅប្រទេស បានមានការចូលរួមជាថវិកាចំនួនដល់ ១៧.៧០៦៩ ដុល្លារអាមេរិក ក្នុងនោះ នៅទ្វីបអឺរ៉ុបទទួលបាន ២២.១៥៥ ដុល្លារ ដែលរួមមានប្រទេសបារាំង ៩.៨០០ ដុល្លារ ស្វ៊ីស ៣.០៧០ ដុល្លារ ប៊ែលហ្សិក និងហូឡង់ ២.៤៥៥ ដុល្លារ អង់គ្លេស ៣.៨៣០ ដុល្លារ អាល្លឺម៉ង ឆែក ហុងគ្រី ៣.០០០ ដុល្លារ អាមេរិក ៧.៤០៩៥ ដុល្លារ អូស្ត្រាលី ណូវែលហ្សេឡង់ ៤២.០២០ ដុល្លារ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ចំនួន ២២.៩៩៩ ដុល្លារ កាណាដា ចំនួន ១៥.៨០០ ដុល្លារ សហរដ្ឋអាមេរិក។
នេះគឺជាការចែករំលែក ចំពោះការលំបាកសម្រាប់ជនរងគ្រោះរបស់យើង ដែលខ្ញុំព្រះករុណាខ្ញុំសូមអរគុណជំនួសមុខឱ្យជនរងគ្រោះ ទាំងអ្នកស្លាប់ ទាំងអ្នករបួស ក្រុមគ្រួសារនៃជនរងគ្រោះអ្នកស្លាប់ សូមអរគុណចំពោះសប្បុរសជនទាំងឡាយ។ ខ្ញុំសូមស្នើឱ្យអង្គការចាត់តាំងយុវជន យកថវិកាទៅជូនតាមគ្រួសារនីមួយៗតែម្តង ដែលឥឡូវនេះ ថវិកាប្រមូលពីសប្បុរសជន ក៏ដូចជាថវិការបស់រាជរដ្ឋាភិបាល ផ្តល់ជូនក្នុងមនុស្សម្នាក់ បានកើនឡើងប្រហាក់ប្រហែលជិត ១០ ម៉ឺនដុល្លារ ហើយមានទីកន្លែងខ្លះ បានដល់ទៅជាង ១០ ម៉ឺនដុល្លារ។
ការដែលបាត់បង់បង្គោលគ្រួសារ គឺវាលំបាកណាស់
ឥឡូវ យើងបន្ថែមបានថវិកានេះទៀត ខ្លះមានចូលទៅថាចំនួនច្រើនពេក។ ត្រូវយល់ថា ការបាត់បង់បង្គោលគ្រួសារមិនមែនជារឿងងាយទេ។ ឥឡូវ យើងបានរកឃើញអ្នកដែលបានស្លាប់ទៅ វាជាការបាត់បង់បង្គោលគ្រួសារ គឺលំបាកណាស់។ អ្នកដែលធ្លាប់រកប្រាក់ចិញ្ចឹមគ្រួសារ ហើយបែរជាបាត់បង់បង្គោលនោះ គឺលំបាក។ កាន់តែលំបាកជាងទៀត ដែលយើងត្រូវតាមមើលជាទៀតទាត់ គឺមានដូចជា ៣ គ្រួសារ ដែលឪពុកម្តាយស្លាប់ទាំងអស់ ហើយកូនមិនទាន់គ្រប់វ័យ។ រឿងនេះគឺជារឿងដែលយើងត្រូវតាមមើលឱ្យបានជាប់លាប់ … ធ្វើម៉េចបណ្តុះបណ្តាលពួកគេ ឱ្យពួកគេរៀនសូត្ររហូតទៅដល់កម្រិត ដែលផ្តល់នូវចំណេះដឹងឱ្យពួកគេ។ មិនមែនគ្រាន់តែពឹងពាក់ទៅលើបញ្ហាប្រាក់ប៉ុណ្ណោះទេ យើងត្រូវអមដំណើរ ផ្តល់ឱ្យនូវការរៀនសូត្រ និងផ្តល់អាហារូបករណ៍ ជួយចិញ្ចឹម ព្រោះពួកគេក្លាយទៅជាក្មេងកំព្រាទៅហើយ។
មោទនភាពចំពោះជនរួមជាតិរបស់យើង ដែលចេះសាមគ្គីគ្នា
រឿងដែលគួរឱ្យសោកស្តាយនោះវាបានកើតឡើងរួចទៅហើយ។ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ក៏មានមោទនភាពចំពោះជនរួមជាតិរបស់យើង ដែលចេះសាមគ្គី ហើយ ខ្ញុំព្រះករុណាខ្ញុំ បានបង្ហោះតាមរយៈហ្វេសប៊ុក ២ ដង ដោយប្រើពាក្យថា «ស្រឡាញ់គ្នាក្នុងពេលក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក» នៅឃ្លាខាងចុងទាំង ២លើក។ នេះយើងបិទមិនទទួលបន្ថែម ប្រសិនបើទទួលបន្ថែម ថវិកានោះវាកើន ប៉ុន្តែយើងបិទត្រឹមប៉ុណ្ណឹង។ ស្មារតីបងប្អូនយើងទទួលខុសត្រូវខ្ពស់ណាស់។
គ្រាន់តែរឿងសម្លៀកបំពាក់ហ្នឹង ក៏ទើសដែរ
… ខ្ញុំព្រះករុណាខ្ញុំ ចេះតែឆ្ងល់ទៅទៀត ខ្ញុំព្រះករុណាខ្ញុំ អត់បានមើលអាហ្វេសប៊ុក គេ live ពីប្រទេសណាទៅទេ ខ្ញុំព្រះករុណាខ្ញុំ មើលអី អង្គព្រោកប្រាជ្ញ លោក ខាន់ សុវណ្ណ នោះប្រតិកម្មជាមួយម្នាក់ណានោះថា ខ្ញុំព្រះករុណាខ្ញុំ ស្លៀកពាក់យោធាខុសរឿង។ ព្រះអើយព្រះ។ ខ្ញុំព្រះករុណាខ្ញុំ មានទម្លាប់ប្រើឯកសណ្ឋានទៅវាលស្រែគេមានឯកសណ្ឋានផ្សេង។ ចូលមកធ្វើការទូតមានឯកសណ្ឋានផ្សេង។ ចុះជួបជាមួយកម្មករ មានឯកសណ្ឋានផ្សេង។ ក្នុងប្រតិបត្តិការដែលទាក់ទងជាមួយរឿងរ៉ាវបែបនេះគឺ ខ្ញុំព្រះករុណាខ្ញុំត្រូវប្រើឯកសណ្ឋានយោធាជាចាំបាច់ ព្រោះកម្លាំងប្រដាប់អាវុធភាគច្រើន ដែលចូលរួមនៅក្នុងប្រតិបត្តិការនោះ ហ្នឹងគឺជារឿងមួយហើយ។ ប៉ុន្តែ យើងត្រូវពិនិត្យមើល តើស្បែកជើងឃ្វៀរនោះ វាអាចទប់ទល់ជាមួយនឹងអាដែកគោល … ថ្ងៃហ្នឹង ស៊ុន គន្ធរ ដូចនៅហ្នឹងដែរ យើងឡើងរួចទេ? បើស្បែកជើងផ្ទាត់យើងឡើងរួចទេ? ម៉្យាងទៀត ខ្ញុំព្រះករុណាខ្ញុំជាឧត្តមសេនីយ៍ផ្កាយមាស ៥ ផុតលេខ ហើយបើទោះបីខ្ញុំព្រះករុណាខ្ញុំមិនកាន់ទ័ពផ្ទាល់ ប៉ុន្តែក្នុងឋានៈតួនាទីជាអនុប្រធានក្រុមប្រឹក្សាការពារជាតិ ដែលរដ្ឋធម្មនុញ្ញតម្រូវ និងច្បាប់តម្រូវ តើខ្ញុំព្រះករុណាខ្ញុំមានសិទ្ធិនឹងពាក់ខោអាវបែបហ្នឹងទេ? ពាក់ច្រើនដងហើយ អស់លោកចង់ស្លៀកអីស្លៀកទៅ ក៏ប៉ុន្តែ ហេតុអីបានមកយកកម្មយកពារតាំងពីយើងស្លៀកពាក់? វាហួសពេកហើយ។ ប្រហែលជាចង់ឱ្យខ្ញុំព្រះករុណាខ្ញុំតឺនុយដោយមានស្បែកជើងឃ្វៀរ រួចហើយដើរសែងដូចជាប៉ូលីសនៅប្រទេសណាមួយនោះ ឆ្លងទឹកអត់ហ៊ានឆ្លងទឹក ឱ្យគេសែង។ បើអញ្ចឹងមិនបាច់ទៅទេ។
បើគ្មានការប្រជុំអាស៊ាននៅបាងកកទេ ប្រហែលខ្ញុំនៅកន្លែងកើតហេតុ ត្រឹមតែមួយទៅពីរម៉ោងក្រោយ
ខ្ញុំព្រះករុណាខ្ញុំ បានចុះទៅដល់ទីកន្លែង ហើយនេះគឺជាអារម្មណ៍ ខ្ញុំព្រះករុណាខ្ញុំ អត់ទាន់បាននិយាយចេញក្រៅទេ។ ថ្ងៃនោះ នៅថ្ងៃបាក់អាគារ ប្រសិនបើមិនមានការប្រជុំ មានការចាំបាច់ប្រជុំអាស៊ាននៅទីក្រុងបាងកកទេ ខ្ញុំព្រះករុណាខ្ញុំមានវត្តមាននៅកន្លែងកើតហេតុ ត្រឹមតែមួយម៉ោងក្រោយ ឬពីរម៉ោងក្រោយ ប៉ុណ្ណឹងទៅចុះ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ ទៅចុះនៅទីនោះតែម្តង ដើម្បីបញ្ជាផ្ទាល់។ នេះជាទម្លាប់ទទួលខុសត្រូវរបស់ខ្ញុំព្រះករុណាខ្ញុំ។ ប៉ុន្តែ ទោះបីនៅទីក្រុងបាងកក អ្នកទៅជាមួយ គេអាចមើលឃើញថា ខ្ញុំព្រះករុណាខ្ញុំត្រចៀកម្ខាងស្តាប់មីក្រូហ្វូនសម្រាប់អង្គប្រជុំ ម្ខាងស្តាប់ទទួលសម្លេងតាម WhatsApp ព្រោះអត់មានពេលវាយទេ។ បញ្ជាការដោះស្រាយនៅនឹងកន្លែង។ អភិបាលខេត្តព្រះសីហនុ យន្ត មីន មេបញ្ជាការកងទ័ព វង្ស ពិសេន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ដែលជាប្រធានក្រុមការងារនៅទីនោះ រាយការណ៍ជាប់រហូត រកឃើញរស់មានប៉ុន្មាន? ដល់កន្លែងណាហើយ? អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ នៅដល់ម៉ោង ២ ភ្លឺ។ សម្រាកបានបន្តិច មុនម៉ោង ៥ ភ្ញាក់ ហើយត្រូវមកអង្គុយប្រជុំ។ ប្រជុំហើយតាមពិតត្រូវចាកចេញភ្លាម ក៏ប៉ុន្តែយើងផ្តល់កិត្តិយសសម្រាប់ម្ចាស់ផ្ទះ យើងក៏នៅទទួលទានអាហារ។
មកពីបាងកកភ្លាម បង្ហើយឯកសារ ចេញដំណើរទៅកន្លែងកើតហេតុភ្លាម
… ពេលដែលមកទីក្រុងភ្នំពេញ ចុះតែពីលើយន្តហោះមក ជិះឡាន ហាក់ដូចជាមានសម្លេងស្រែកឱ្យជួយ នេះដូចជាវិញ្ញាណរបស់ខ្ញុំព្រះករុណាខ្ញុំ។ អញ្ចឹងទេ ខ្ញុំមកដល់បោសសម្អាតឯកសារអីទាំងឡាយ ពាក្យថា បោសសម្អាត មិនមែនមានន័យថា ហែកចោលនោះទេ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ជំពាក់បំណុលដែលពេលខ្ញុំព្រះករុណាខ្ញុំទៅក្រៅប្រទេសមកវិញ ឬក៏ទៅធ្វើការនៅខាងណា មកវិញ គឺនៅលើតុ ខ្ញុំព្រះករុណាខ្ញុំត្រូវបោសសម្អាតឯកសារហ្នឹងពីលើតុឱ្យអស់។ ប៉ុន្តែ ហាក់ដូចជាមានសម្លេងស្រែកនៅនឹងត្រចៀក ខ្ញុំព្រះករុណាខ្ញុំ មានអារម្មណ៍ថា ពលរដ្ឋរបស់យើងមាននៅរស់។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំក៏សម្រេចចិត្ត ហើយភរិយាខ្ញុំព្រះករុណាខ្ញុំ ក៏ដូចចិត្តទៅទៀត រៀបចំខោអាវព្រិបៗ ហើយចេញដំណើរ។ នៅពេលដែលចេញដំណើរនោះក៏បង្ហោះតាមហ៊្វេសប៊ុក មួយថាកំពុងធ្វើដំណើរ ក៏ប៉ុន្តែដោយសារអត់មានរូបថត ខ្ញុំព្រះករុណាខ្ញុំ មានអារូបថតធ្លាប់ធ្វើដំណើរទៅស្ទឹងត្រែង ក៏បង្ហោះតាមហ្នឹង។ ក៏មានមួយចំនួនយល់ច្រឡំថា ខ្ញុំព្រះករុណាខ្ញុំទៅតាមឧទ្ធម្ភាគចក្រ ព្រោះអារូបថតហ្នឹងជារូបថតសម្លៀកបំពាក់ដូចគ្នា ប៉ុន្តែរូបថតហ្នឹងរូបថតលើឧទ្ធម្ភាគចក្រ។ ការពិតគឺឡានទេ។
ទៅដល់កំពង់សោមនោះម៉ោង ១២ យប់ ទៅហើយ ទៅដល់ នៅកន្លែងដែលខ្ញុំព្រះករុណាខ្ញុំឈរនោះ គឺជាកន្លែងដែលគេប្រាប់ថា ខាងនេះស្លាប់ ៣ នាក់ ខាងនេះស្លាប់ ២ នាក់ ឈរកន្លែងដែលមានសាកសពស្លាប់ តែបានយកចេញទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ សម្លឹងទៅខាងមុខ ប្រាប់ថា កន្លែងហ្នឹងគឺជាកន្លែងដែលមានមនុស្ស ហើយត្រូវតែប្រុងប្រយ័ត្ន។ ការគិតគូរម៉ោងពេលវេលា មិនទាន់ដល់ ៤៨ ម៉ោងទេ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់មានពិសោធន៍ ហើយនេះគឺជាការសិក្សាវិទ្យាសាស្ត្រផងដែរ បើមិនទាន់ដល់ ៧២ ម៉ោងទេ ហើយកុំតែមានការប៉ះទង្កិចដោយការសង្កត់ មិនទាន់ដល់ ៧២ ម៉ោងទេ គឺមិនទាន់មានបញ្ហាទេ … ក្បែរភ្លឺបាន ខ្ញុំព្រះករុណាខ្ញុំ ទៅសម្រាក ហើយបញ្ជាយកគ្រឿងចក្រពីកន្លែងដទៃ ខាងវិស្វកម្មក៏យក និងផ្នែកខាងក្រុមដែលមានប្រដាប់ចាប់ ព្រោះយើងត្រូវផ្សារដែកម្តងបន្តិចៗ ដំណើរការយឺត។
ប្រសិនបើ ខ្ញុំព្រះករុណាខ្ញុំមិនមានវត្តមាននៅទីនោះ ដើម្បីបន្តដោះស្រាយទេ ២ នាក់ ចុងក្រោយនេះ ដែលចាត់ទុកថាជីវិតថ្លៃបំផុតហើយ គឺមិនអាចរស់បានទេ។ ថ្ងៃហ្នឹង វាគាប់ជួនខ្លាំងណាស់នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ មកដល់ទីកន្លែងហ្នឹងគ្រាន់តែចុះពីលើឡាន ជើងខាងស្តាំដល់ដី គេស្រែកប្រាប់ថា មាន ២នាក់ នៅរស់។ នេះហាក់ដូចជារឿងចម្លែកខ្លាំងណាស់។ ពេលហ្នឹង ឧត្តមសេនីយ៍ វង្ស ពិសេន ថា អាចនឹងមិនមានមនុស្សនៅរស់ទេ អាចធ្វើប្រតិបត្តិការរហ័ស។ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនឆ្លើយតបអ្វីទេ ដើម្បីធ្វើដំណើរមកពិនិត្យជាក់ស្តែង។ គំនរបាក់បែក កាលណាវាធ្លាក់ទាបទៅនឹងដី បានសេចក្តីថា សង្កត់មនុស្សហើយ ប៉ុន្តែនេះវានៅខ្ពស់ ដូច្នេះអាចនឹងមានមនុស្សនៅក្នុងហ្នឹង។ ដូចការគិតមែន ចុងក្រោយ ក្នុងចំណោម ៤ នាក់ ដែលនៅ ២ នាក់ បានស្លាប់ ២ នាក់ គឺនៅរស់។ គេស្គាល់ (ខ្ញុំ ទោះបីថានៅ) ៦០ ម៉ោងក្នុងគំនរបាក់បែក។ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំឡើងឡានទៅជួបពួកគេនៅលើឡានសង្គ្រោះនោះ ពួកគេស្គាល់ខ្ញុំព្រះករុណាខ្ញុំច្បាស់ ហើយហៅសម្តេច។ ចុះពីលើឡាន ហ្នឹងរួចទៅជួបនៅលើឡានមួយទៀតគេស្គាល់ច្បាស់។ បន្ទាប់ទៅ ខ្ញុំព្រះករុណាខ្ញុំទៅតាមដល់មន្ទីរពេទ្យ ហើយជួបអ្នករបួសនៅទីនោះ។
មានអ្នកជួយសង្គ្រោះ ជួយឈឺឆ្អាល តែក៏មានអ្នកគិតតែពីជេរ ដកដាក់ៗ
… យើងសោកស្តាយហើយ ក៏ប៉ុន្តែយើងក៏បានឃើញពីសមត្ថភាពរបស់ជនជាតិខ្មែរយើង និងការទទួលខុសត្រូវរបស់អ្នកដែលចូលរួមចំណែកសង្គ្រោះ និងការចូលរួមចំណែកឈឺឆ្អាលនៅក្នុងរឿងនេះ។ ទោះបីបានចូលថវិកា ឬមិនបានចូលថវិកា ក៏ប៉ុន្តែ គ្រាន់តែបានចូលរួមប៉ុណ្ណឹងគឺជាការសមរម្យហើយ។ ជាទម្លាប់ បុណ្យខ្មោច គេអត់ដែលធ្វើសំបុត្រអញ្ជើញទេ គេវាយតែគងទេ ដើម្បីជាសញ្ញាថា មានមនុស្សស្លាប់ គេមិនដែលធ្វើអញ្ជើញថា នេះ ឪ ម៉ែ ខ្ញុំស្លាប់ហើយ សូមអញ្ជើញ។ អត់ទេ។ គេវាយតែគងទេ ហើយសម័យឥឡូវ គេឈប់វាយគងហើយ គេជូនដំណឹងតាមវិទ្យុ ឬទូរទស្សន៍ តែប៉ុណ្ណឹងទេ។ អ្នកណាមក ឬមិនមក យើងបានឃើញពលរដ្ឋយើងច្រើនណាស់ទាំងក្នុង និងក្រៅប្រទេស បង្ហាញពីការសោកស្តាយ។ ក៏ប៉ុន្តែ មានមួយក្រុមនោះ មិនត្រឹមតែមិនបានបង្ហាញពីការសោកស្តាយទេ គិតតែពីរឿងជេរ។ ដកដាក់ៗ (មន្ត្រីនេះមន្ត្រីនោះ) វាទៅជារឿងអញ្ចឹងទៅ …។
ចុងខ្សែ ២ នៃចំណងមួយនៅតែបន្ត
ឥឡូវ ចូលដល់សភាពការណ៍ក្នុងស្រុកមួយចំនួនដែល ខ្ញុំព្រះករុណាខ្ញុំ គួរធ្វើគេហៅថា បច្ចុប្បន្នភាព លើរឿងរ៉ាវមួយចំនួនដែលខ្ញុំព្រះករុណាខ្ញុំបាននិយាយនៅទីនេះ ហើយក៏បាននិយាយនៅប៊ែលហ្សិក។ យើងនិយាយពីត្រឹមខែតុលាមក តើមានអ្វីកើតឡើងខ្លះនៅក្នុងប្រទេសរបស់យើង? ដំបូងគួរតែត្រូវនិយាយអំពី យុទ្ធសាស្ត្រនៃការគ្រប់គ្រងប្រទេស ដែលមានពីនោះរហូតដល់ពេលនេះ ហើយពីនេះទៅមុខទៀត។ ចុងខ្សែពីរនៃចំណងមួយនៅតែបន្ត។ ជាយុទ្ធសាស្ត្រគន្លឹះសម្រាប់ដោះស្រាយគ្រប់បញ្ហា។ អ្វីទៅជាចុងខ្សែពីរ? ចុងខ្សែទី ១៖ គឺរក្សានូវសន្តិភាពឱ្យខាងតែបាន ឯចុងខ្សែទី ២៖ គឺរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះជារឿងចាំបាច់សំខាន់ណាស់ ព្រោះដំណាក់កាលណាក៏ដោយចុះ អាពីរហ្នឹង វាមានចំណងទាក់ទងគ្នាទៅវិញទៅមក។
យុទ្ធសាស្រ្តវាយបំបាក់បន្លាគ្រវាត់ចោលតែម្ដង
ពីខែតុលា រហូតមកដល់ពេលនេះ វាទោះជាយើងជួបរឿងរ៉ាវខ្លះទាក់ទងនឹងកង្វះទឹកភ្លៀង ធ្វើឱ្យមានបញ្ហាពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី ក៏ប៉ុន្ដែជាទូទៅប្រទេសរបស់យើងមានសុខសន្ដិភាពពេញលេញ។ គ្មានការគំរាមកំហែងដោយភេរវកម្ម ការវាយប្រហារដោយភេរវកម្មណាមួយកើតឡើងនៅក្នុងប្រទេសនោះទេ។ ចំណុចនេះ គឺជាចំណុចដែលយើងបានបន្តក្នុងក្ដីសប្បាយរីករាយ រាប់ទាំងទិវានំបញ្ចុកថ្ងៃទី ៩ កន្លងទៅ។ មិនមែនតែនំបញ្ចុកថ្ងៃ ៩ ហ្នឹងទេ។ ម្សិលមិញក៏នំបញ្ចុកដែរ ដល់ស្នាក់ការ WTO នោះ។ មើលកុំឱ្យអ្នកឯងយកនំបញ្ចុកបង្កើតជារឿងនយោបាយ។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់យកឈ្នះយុទ្ធសាស្រ្តច្រែះស៊ីដែករបស់ពួក ប៉ុល ពត។ យើងយកដែកទៅដុតហើយដំវាកាំបិត ពូថៅតែម្តង។ អាហ្នឹងងាប់ អាពត ដដែល។
ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំមិនប្រើយុទ្ធសាស្រ្ត យកបន្លាជួសបន្លាទេ យកពូថៅវាយបំបាក់បន្លាគ្រវាត់ចោលតែម្ដង ឥឡូវនំបញ្ចុកទៅជានំបញ្ចុកខ្មែរទាំងអស់គ្នា។ មានសិទ្ធិអីស៊ីតែឯង។ មាននំបញ្ចុកស្នេហាជាតិ នំបញ្ចុកក្បត់ជាតិ វាទៅជាបែងចែក។ សូម្បីនំបញ្ចុកក៏ចេះបែងចែក បើអញ្ចឹងដាក់មួយពូថៅឱ្យទៅបណ្ដោយ វាចប់នំបញ្ចុករួបរួមជាតិ នំបញ្ចុកសាមគ្គីភាពជាតិ អាហ្នឹងវាជាអត្តសញ្ញាណជាតិខ្មែរ។ ម្សិលមិញ លោកជំទាវអនុប្រធានាធិបតី Gambia ទទួលទានជាមួយខ្ញុំ។ គាត់ថា ឆ្ងាញ់ណាស់។ អនុប្រធានាធិបតី Gumbia គាត់ជាស្ដ្រី។ ដាក់មួយចានមក ខ្ញុំក៏ជូនគាត់មុន។ គាត់មិនទាន់ទទួលទាន ព្រោះរឿងកាន់ចង្កឹះ កាន់អីនោះ។ អញ្ចឹងចាំមួយចានមកទៀត ខ្ញុំព្រះករុណាខ្ញុំក៏ឱ្យទៅម្នាក់ទៀត ដល់មួយចានទៀតសម្រាប់ខ្ញុំព្រះករុណាខ្ញុំ។ ដល់ខ្ញុំព្រះករុណាខ្ញុំដាក់មួយឆ្ងាញ់។
ស្ថានភាពក្នុងស្រុកល្អ ផ្ដល់ឱកាសជម្រុញកំណើនសេដ្ឋកិច្ច, រក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច
ជាទូទៅសភាពការណ៍ក្នុងស្រុកល្អប្រសើរ ផ្ដល់ឱកាសឱ្យយើងស្រូបយកនូវទេសចរក្នុងចំនួនដ៏ច្រើន។ ផ្នែកម្ខាងទៀត ការខិតខំរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គឺជាការចាំបាច់ណាស់ ធ្វើយ៉ាងម៉េចដើម្បីធានាថា ការតម្លើងបៀវត្សរ៍ឱ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ/ការិនី របស់យើងនេះ វាមានតម្លៃពិតរបស់វានៅទីនេះ។ ប្រសិនបើយើងតម្លើងបៀវត្សរ៍ បែរជាអតិផរណាកើតឡើង ដូច្នេះតំលៃទិញពិតប្រាកដ កម្លាំងទិញពិតប្រាកដវាអត់មានទេ។ ដូច្នេះរាជរដ្ឋាភិបាលត្រូវខិតខំទៅលើរឿងនេះ ដើម្បីធានាថា បៀវត្សរ៍ដែលត្រូវបានបង្កើនចំពោះមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនី ត្រូវតែក្លាយទៅជាបៀវត្សរ៍ ដែលមានកំណើនពិត ទាំងកំណើនជាសាច់ប្រាក់ និងកំណើនជាកម្លាំងទិញ។
ដូច្នេះការគ្រប់គ្រង ដែលមានអតិផរណាទាប បូករួមទាំងការគិតគូរ ឧទាហរណ៍ ថ្លៃសាំង ដើម្បីធានាថា ថ្លៃសាំងរបស់យើង វាមិនថ្លៃពេក រដ្ឋចេញ ២ សេន ឯកជន ចេញ ២ សេន ដើម្បីកាត់បន្ថយ ថ្លៃសាំងនៅលើទីផ្សារ។ ឥឡូវថ្លៃសាំងប៉ុន្មាននៅភ្នំពេញរបស់យើង? (៣៦០០ រៀលជាង)។ ប៉ុន្ដែ អ្នកមកពីបារាំង ដឹងរឿងអាវកាក់ពណ៌លឿងទេ? វាក៏ផ្ដើមចេញពីការតម្លើងថ្លៃប្រេងមួយចំណែកដែរ។ ខ្ញុំក៏មិនយល់ដែរទេ បើគិតពីតម្លៃដែលកំពុងលក់នៅបារាំង (ជាតម្លៃនៅខ្មែរ)ស្មើនឹងប្រហែល ៧ ពាន់ រៀលឯណោះ។ ឯ(តម្លៃនៅ)កម្ពុជាក្រោម ៤ ពាន់រៀលទេ។ អគ្គិសនីក៏យើងកាត់បន្ថយថ្លៃ ជាមួយនឹងការជម្រុញអនុវត្តកម្មវិធីគាំពារសង្គមសម្រាប់ជនក្រីក្រ ក៏ដូចជាសម្រាប់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនីរបស់យើង។
កំណើនសេដ្ឋកិច្ច ២០១៨ លើសការព្យាករ
អញ្ចឹងទេសេដ្ឋកិច្ចរបស់យើងល្អប្រសើរ។ ដាច់ឆ្នាំ ២០១៨ យើងបានឃើញថាកំណើនសេដ្ឋកិច្ចរបស់យើងមានដល់ទៅ ៧,៥% ប្រៀបធៀបទៅនឹងគោលដៅដែលយើងដាក់ចេញត្រឹមតែ ៧,១% តែយើងធ្វើសម្រេចទៅដល់ ៧,៥% ដែលនេះគឺជាលទ្ធផលធំណាស់នៅក្នុងកាលៈទេសៈនៃសង្គ្រាមពាណិជ្ជកម្ម ដែលបាននឹងកំពុងកើត ហើយការចុះខ្សោយនៃសេដ្ឋកិច្ចធំៗតាមតំបន់ក្នុងប្រទេសខ្លះ។
វិបត្តិខ្វះទឹកឆ្នាំ ២០១៦ ផ្ដល់មេរៀនជីកអណ្ដូងជ្រៅជាងមុន
ប៉ុន្ដែ យើងក៏មានបញ្ហាប្រឈម នឹងបានផ្ដល់មេរៀនឱ្យយើងច្រើនដែរ។ ខ្ញុំសូមជម្រាបជូន វារីអគ្គិសនីរបស់យើងដែលមានកម្លាំងជិត ១៤០០ មេហ្គាវ៉ាត់ ពេលខ្លះបញ្ចេញបានត្រឹមជាង ១០០ មេហ្គាវ៉ាត់តែប៉ុណ្ណោះ។ សមត្ថភាពផលិតរបស់វារីអគ្គិសនីយើងទាំងអស់គឺមាន ១៣២៨ មេហ្គាវ៉ាត់ ប៉ុន្ដែមានពេលខ្លះយើងចេញបានតែ ១០០ ឬ ២០០ ឬ៣០០ មេហ្គាវ៉ាត់ ហើយបានតែ ៤ ឬ ៥ ម៉ោង ទៅទៀត។ ម្សិលមិញយើងដើរបានចន្លោះ ៤៧០ ទៅ ៩៥៧ មេហ្គាវ៉ាត់ ដោយសារភ្លៀងចាប់ផ្ដើមធ្លាក់នៅតំបន់មួយចំនួន។ នេះជាការផ្ដល់មេរៀនឱ្យយើង។ ស្ថានភាពខ្វះទឹកនៅតំបន់មួយចំនួនឆ្នាំ ២០១៦ ក៏បានផ្ដល់មេរៀនឱ្យយើងម្ដងរួចមកហើយ នៅត្រង់ថាអណ្ដូងទឹករបស់ប្រជាពលរដ្ឋរបស់យើង ដែលធ្លាប់ជីកត្រឹមជម្រៅ ១០ ម៉ែត្រទឹកចេញ ប៉ុន្ដែពេលនោះ ទឹកស្រកស្រុតចុះ អញ្ចឹងធ្វើឱ្យអណ្ដូងស្ទើរតែពាក់កណ្ដាលអណ្ដូងគឺរីង។ បទពិសោធន៍មួយនោះ ផ្ដល់មេរៀនឱ្យយើងជីកអណ្ដូងជ្រៅជាង កាត់បន្ថយនូវផលប៉ះពាល់ សម្រាប់ដើមឆ្នាំ ២០១៩។
ការខ្វះទឹក និងនាំខ្វះអគ្គិសនីឆ្នាំ ២០១៩ តម្រូវទិញម៉ាស៊ីនភ្លើងទុក
ឥឡូវនេះបទពិសោធន៏នៅក្នុងឆ្នាំនេះ វារីអគ្គិសនីក្នុងរដូវប្រាំង មិនអាចផ្តល់ឱ្យយើងនូវថាមពលពេញលេញដូចរដូវវស្សាទេ ហើយរហូតទៅដល់ មានពេលខ្លះអាចនឹងប្រើដល់ពាក់កណ្តាល។ ប៉ុន្តែ លើកនេះគឺបាត់បង់ទៅដល់ជាង ១ ពាន់មេហ្គាវ៉ាត់ទេ គឺច្រើនណាស់។ អញ្ចឹង ដើម្បីជៀសវាងនូវស្ថានភាពច្រំដែល ដែលវានឹងអាចកើតដល់ឆ្នាំ ២០២០ យើងត្រូវបញ្ចេញប្រាក់ប្រមាណជិត ៤០០ លានដុល្លារទិញម៉ាស៊ីន ១ គ្រឿង ២០០ មេហ្គាវ៉ាត់ ពីប្រទេសហ្វាំងឡង់ និងមួយទៀត ២០០ មេហ្គាវ៉ាត់ ចេញពីអាល្លឺម៉ង់។ (យើងនឹងបង្កើតបាន) ៤០០ មេហ្គាវ៉ាត់ យកទៅដាក់សឺគួរនៅទីក្រុងភ្នំពេញតែម្តង។ បើកាលណាវារីអគ្គិសនីបញ្ចេញមិនគ្រប់ (យើង)បញ្ឆេះ(ម៉ាស៊ីនបំពេញបន្ថែម) ដើម្បីកុំឱ្យមានការដាច់ភ្លើងនៅទីក្រុងភ្នំពេញ។ សុំជម្រាបជូន ប្រទេសរបស់យើងកាលពីដើម នៅក្នុងរង្វង់ទសវត្សរ៍ ៨០-៩០ មួយទូទាំងប្រទេសរបស់យើង ប្រើប្រមាណជា ៤០ មេហ្គាវ៉ាត់តែប៉ុណ្ណោះ។ ទីក្រុងភ្នំពេញ ប្រើមិនដល់ ៣០ មេហ្គាវ៉ាត់ទេ។ ប៉ុន្តែ ឥឡូវទីក្រុងភ្នំពេញឈានទៅដល់ជាង ១ ពាន់មេហ្គាវ៉ាត់ឯណោះ ទើបគ្រប់។ វាច្រើនណាស់។ ឥឡូវ អាគារធំៗបានកើតឡើងច្រូងច្រាង។ អាគារធំៗហ្នឹង គ្រាន់តែអគារ ១ ត្រូវផ្គត់ផ្គង់ឱ្យវា ១០ ឬ ១៥ មេហ្គាវ៉ាត់ ឬ ២០ មេហ្គាវ៉ាត់ឯណោះ ព្រោះលេង ៥០ ជាន់ ៤០ ជាន់ អញ្ចឹងវាត្រូវផ្តល់ឱ្យវា។
ចុង ២០២០ ដើម ២០២១ គ្រប់ភូមិមានអគ្គិសនីប្រើប្រាស់
… យើងត្រូវរកប្រភពបន្ទាន់ រៀបចំផែនការថ្មី ដើម្បីដោះស្រាយបញ្ហាទាំងការផលិត ទាំងបណ្តាញចែកចាយ ហើយធានាថា នៅចុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១ ត្រូវឱ្យគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់។ ឥឡូវជាង ៩០% ហើយ សល់តែប៉ុន្មានទៀតទេ។ ស្ថានភាពដុតចន្លុះ ដុតជ័រ ដុតខ្លាញ់ត្រី ដុត ចង្កៀងប្រេងកាត បានឆ្លងផុតហើយ។ អញ្ចឹងបានថា ក្មេងសម័យបច្ចុប្បន្ននេះ វាសំណាងណាស់ បើប្រៀប ធៀបនឹងសម័យចាស់ៗ ដែលយើងប្រើត្រឹមតែចង្កៀងប្រេងកាត។ ឥឡូវ អគ្គិសនីត្រូវដើរមួយជំហានមុន ទើបអាចនឹងទាញនូវការជម្រុញវិស័យឧស្សាហកម្ម កសិកម្មឱ្យឡើង។
បង្កើនវិនិយោគការផលិតអគ្គិសនី ដោយប្រើធ្យូងថ្មស្អាត ហ្គាស ពន្លឺព្រះអាទិត្យ និងខ្យល់
បញ្ហានេះក្លាយទៅជាប្រធានបទដ៏ធំមួយ ក៏ប៉ុន្តែយើងជឿថា យើងដោះស្រាយបានបញ្ហា។ ឆ្នាំនេះ យើងក៏បានទទួលនូវការជួយពីសំណាក់ខាងវៀតណាមបញ្ជូនថែម។ ពីមុនយើងទិញវៀតណាមត្រឹម ២០០ មេហ្គាវ៉ាត់ ប៉ុន្តែពេលដែលយើងខ្វះ ខ្ញុំបានទូរស័ព្ទផ្ទាល់ជួបនាយករដ្ឋមន្ត្រីវៀតណាម សុំទិញថែមដល់ ២៥០ មេហ្គាវ៉ាត់។ ថៃក៏ជួយបន្ថែម ឡាវក៏ជួយបន្ថែម។ ប៉ុន្តែឥឡូវនេះ មានថ្ងៃខ្លះ យើងនាំចូលពីវៀតណាមត្រឹមតែ ៨០ ទៅ ១០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ រដូវវស្សាយើងទិញតិចទេ។ យើងត្រូវបង្កើនការវិនិយោគខ្លួនឯងទៅលើធ្យូងថ្មស្អាត ទៅលើបញ្ហាហ្គាស ពន្លឺព្រះអាទិត្យ និងថាមពលដើរដោយខ្យល់។
គម្រោងទាំង ៤ របស់ក្រុមហ៊ុនស្វ៊ីស សុខាភិបាល អគ្គិសនី ព័ត៌មានវិទ្យា និងអប់រំ
ព្រឹកមិញ ខ្ញុំជួបក្រុមហ៊ុនរបស់ស្វ៊ីស។ គម្រោងរបស់ក្រុមហ៊ុនស្វ៊ីសដែលជួបជាមួយខ្ញុំមាន ៤ ហើយសុទ្ធតែជាគម្រោងដែលខ្ញុំស្វាគមន៍ ទី ១ គឺ គម្រោងបង្កើតមន្ទីរពេទ្យ។ យើងត្រូវការណាស់ ព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋរបស់យើងយកប្រាក់ទៅឱ្យសាំងហ្គាពួរ យកប្រាក់ទៅឱ្យវៀតណាម យកប្រាក់ទៅឱ្យថៃច្រើនណាស់ក្នុងការពិនិត្យព្យាបាល។ អញ្ចឹងបើយើងមានមន្ទីរពេទ្យល្អ ពលរដ្ឋរបស់យើងអាចព្យាបាលនៅក្នុងប្រទេស។ ម្យ៉ាងទៀត អ្នកទេសចរ ឬក៏ធុរកិច្ច គេសម្លឹងទៅក្នុងប្រទេសរបស់យើង តើមានសេវាសុខាភិបាលគ្រប់គ្រាន់ ដើម្បីឱ្យគេទៅធ្វើទេសចរណ៍ ឬទៅធុរកិច្ចនៅទីនោះឬអត់? ក្នុងគម្រោងពេទ្យនេះក៏មានគម្រោងទាក់ទងនឹងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រផងដែរ។ គម្រោងទី ២ គឺគម្រោងទាក់ទងជាមួយនឹងអគ្គិសនី។ យើងក៏ស្វាគមន៍ឱ្យគេធ្វើសិក្សា ព្រោះយើងនៅមានតម្រូវការនៃការវិនិយោគដែលខ្ញុំបានប្រាប់គេថា មិនមែនគ្រាន់តែបញ្ហាផលិតអគ្គិសនីទេ តែយើងត្រូវការទាំងខ្សែបញ្ជូន ការផលិតត្រឹមតែអគ្គិសនីខ្វះខ្សែបញ្ជូន ដូចជា ផលិតឡាន តែអត់មានផ្លូវបើកទេ។ ឯទី ៣ គឺទាក់ទងជាមួយនឹងព័ត៌មានវិទ្យា គាត់និយាយពី e-government ខ្ញុំថាខ្ញុំអត់ត្រូវការត្រឹមតែ e-government ទេ ខ្ញុំត្រូវការ e-people ទៅទៀត ដើម្បីធានាឱ្យប្រជាជនរបស់យើងកាន់តែលឿន កាន់តែរហ័ស។ គម្រោងទី ៤ អប់រំ សុទ្ធតែត្រូវរឿង។ ខ្ញុំបានស្នើឱ្យគាត់ ទៅពិនិត្យមើល គាត់អាចធ្វើខ្លួនឯងក៏បាននូវសាកលវិទ្យាល័យ ឬការបណ្តុះបណ្តាល។ គាត់មានទាំងផ្នែកបណ្តុះបណ្តាលបច្ចេកទេស ទាំងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចនឹងគាត់ធ្វើខ្លួនឯង ឬគាត់ចាប់ដៃគូជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក៏គាត់ចាប់ដៃគូជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សា ដែលមានប្រមាណជាង ១០០ គ្រឹះស្ថានឧត្តមសិក្សា សព្វថ្ងៃនេះ។ អញ្ចឹងសុទ្ធតែជាគម្រោងដែលមានតម្រូវការ។
ហ្វាំងឡង់ចង់វិនិយោគ កែច្នៃកាកសំណង់ សំរាម
ម្សិលមិញជួបរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការរបស់ហ្វាំងឡង់ គាត់និយាយអំពីការចូលទៅវិនិយោគ … គាត់ពូកែខាងកែច្នៃកាកសំណល់សំរាមនេះ។ អញ្ចឹង ប្រសិនបើគាត់ទៅបាន វាជាការល្អណាស់ ប៉ុន្តែខ្ញុំក៏បានប្រាប់គាត់ហើយថា វិបត្តិសំរាម ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ហើយកម្ពុជាយើង ក៏មានធុនបោក មកដាក់នៅក្នុង manifest ថា ជាទំនិញ។ ប៉ុន្តែដល់ទៅក្នុងកុងទើន័រថា សុទ្ធតែសំរាម។ ឥឡូវយើងកំពុងបង្ខំឱ្យដឹកចេញវិញ។
បញ្ហាធំ ២ នៅភ្នំពេញ៖ ចំណតរថយន្ត និងសំរាម
បើនិយាយពីភ្នំពេញ បញ្ហាធំ ២ សំខាន់ ទី ១ ចំណតរថយន្តខ្វះ ទី ២ សំរាម។ ១ ថ្ងៃ ៣ ពាន់តោន ដល់សំបូរស៊ីពេក។ ឥឡូវខ្ញុំបានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ជា សុផារ៉ា និងអភិបាលក្រុង ឃួង ស្រេង ពិនិត្យរកកន្លែងណាដែលអាចធ្វើចំណតរថយន្តបាន។ សួនច្បារមួយចំនួនប្រើប្រាស់ផ្នែកខាងក្រោម ជាន់ខាងក្រោម ដើម្បីធ្វើចំណតរថយន្តនៅខាងក្រោម។ បើមិនអញ្ចឹងទេ ចិញ្ចើមផ្លូវរបស់យើងចតដោយរថយន្ត។ ភ្នំពេញ បើសិនជារថយន្តចេញតែ ៥០% មធ្យោបាយធ្វើដំណើរចេញតែ ៥០% (នឹងមានការ)កកស្ទះ។ យើងធ្វើតាំងពីអត់មានរថយន្ត។ សម័យមុន ១៩៧៩ មានកង់ ១ គ្រឿងស្មើនឹងមានម៉ូតូ ១ គ្រឿង មានម៉ូតូ ១ គ្រឿង ស្មើនឹងមានឡាន ១ គ្រឿង មានឡាន ១ គ្រឿង សឹងតែថា ស្មើនឹងមានយន្តហោះ ១ គ្រឿង ប៉ុន្តែឥឡូវគេលែងគិតហើយរឿងនោះ។ រថយន្ត និងម៉ូតូ រាប់លានគ្រឿង។ អញ្ចឹង(ក៏មាន)គ្រោះថ្នាក់ចរាចរណ៍។ (រដ្ឋត្រូវមាន)វិធានការណ៍របស់រដ្ឋ យកចិត្តទុកដាក់ទៅលើបញ្ហានេះ។
… រឿងពាក់ព័ន្ធជាមួយនឹងវិបត្តិអគ្គិសនីនេះ ឥឡូវនេះពុំមានកន្លែងណាមួយត្រូវកាត់ភ្លើងទៀតទេ។ ដោយសារតែតម្រូវការភ្លើងរបស់យើងបានផ្គត់ផ្គង់គ្រប់គ្រាន់។ តែបញ្ហាត្រូវដោះស្រាយនោះ គឺសម្រាប់ឆ្នាំខាងមុខ កុំឱ្យជួបរឿងច្រំដែល ដែលត្រូវបញ្ជូនម៉ាស៊ីន ភ្លើង ២ គ្រឿង ១ គ្រឿង ២០០ មេហ្គាវ៉ាត់ ចេញពីហ្វាំងឡង់ និងអាឡឺម៉ង់ ទៅកាន់កម្ពុជា ដើម្បីតម្លើងឱ្យទាន់ ប្រមាណជាខែ ១០ ឬ ១១ ត្រូវធ្វើឱ្យទាន់ ព្រោះរដូវប្រាំងវានឹងមកដល់ក្នុងពេលខាងមុខ។ បន្ថែមលើនោះ ការវិនិយោគត្រូវដាក់ឱ្យដំណើរការម៉ាស៊ីនណាខ្លះៗ រាប់ទាំងអាប្រើដោយពន្លឺព្រះអាទិត្យ។ ឯអា ២០០ មេហ្គាវ៉ាត់នេះ អានេះសឺគួរទេ ព្រោះអានេះដើរដោយប្រេងខ្មៅ។ វាថ្លៃ។ ប៉ុន្តែថ្លៃក៏ដោយ បើសិនជាវារីអគ្គិសនី ចេញមិនគ្រប់ អានេះត្រូវបញ្ចេញមក បានវាជួយទប់។ យើងកំពុងសិក្សា ដើម្បីបញ្ចុះតម្លៃអគ្គិសនីបន្តទៀត ដើម្បីឱ្យមានការប្រកួតប្រជែងជាងមុន។
ជម្រុញទាំងឧស្សាហកម្ម និងមិនភ្លេចកសិកម្ម
រាជរដ្ឋាភិបាលបានខិតខំ ដើម្បីធ្វើកំណែទម្រង់ សំដៅបង្កើនការប្រកួតប្រជែង។ កម្ពុជាពេលនេះ មិនមែនកម្ពុជាដូចកាលពីពេលមុនទេ បានផ្លាស់ប្តូរមុខមាត់ហើយ។ កម្ពុជាពីការខ្វះអង្ករទទួលទាន ទៅជាកម្ពុជាកំពុងតែនាំចេញស្បៀង។ ខ្ញុំអាចបញ្ជាក់បានថា ជាមួយនឹងការបន្តអនុវត្តនូវគោលនយោបាយផលិតស្បៀង និងការនាំចេញអង្ករ។ យើងក៏កំពុងអនុវត្តផងដែរនូវនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ត្រូវទៅជាមួយគ្នា មិនមែនពេលដែលយើងដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ហើយបំភ្លេចចោលនូវវិស័យកសិកម្ម ដែលយើងកំពុងខិតខំនេះនោះទេ។ ផ្នែកទឹកត្រូវខិតខំបន្តដោះស្រាយ ធ្វើអនុត្តរភាព និយាយតាមន័យម្យ៉ាង តាមន័យស្រួលស្តាប់ វាតទីនិយមផ្នែកទឹក ឱ្យទឹកគ្របដណ្តប់លើផ្ទៃដីស្រោចស្រព ដើម្បីប្រជាពលរដ្ឋយើង ដែលអាចធ្វើការដាំដុះម្តង ឬធ្វើ ២ ដង ឬ ៣ ដង។
បែងចែកតំបន់ដាំដុះ កន្លែងណាដែលត្រូវធ្វើស្រូវ កន្លែងណាត្រូវធ្វើមុខដំណាំផ្សេងទៀត។ ខ្ញុំព្រះករុណាខ្ញុំ កំពុងតែមានការជឿជាក់ថា នៅពេលខាងមុខគម្របព្រៃឈើរបស់យើង នឹងមានការកើនឡើង ហេតុអ្វីបានជាគម្របព្រៃឈើមានការកើន? មូលហេតុនៅត្រង់ថាដើមកៅស៊ូក៏ជាប្រភេទនៃគម្របព្រៃឈើដែរ។ អញ្ចឹងនៅពេលដែលកៅស៊ូវាលូតលាស់ ព្រោះកៅស៊ូគ្រួសារច្រើនណាស់ ដែលបាន និងកំពុងដាំដុះ ហើយកំពុងទទួលផល ដែលសព្វថ្ងៃនេះ នៅពេលតម្លៃកៅស៊ូធ្លាក់ចុះ បងប្អូនមួយចំនួនទៅកាប់កៅស៊ូ លក់ដើមកៅស៊ូហ្នឹង រួចហើយទៅដាំស្វាយចន្ទី។ អញ្ចឹងបានឥឡូវត្រូវអប់រំពួកគាត់។ ប្រភេទស្វាយចន្ទី ឬក៏ប្រភេទដើមឧស្សាហកម្មផ្សេងទៀត វាអាចក្លាយទៅជាគម្របព្រៃឈើមួយសម្រាប់យើងផងដែរ ដែលជួយទៅដល់បញ្ហាការប្រែប្រួលអាកាសធាតុ។
បន្តជម្រុញការផលិត និងនាំចេញស្រូវ
យើងបន្តជម្រុញការផលិតស្រូវ ដែលឆ្នាំនេះយើងសល់រហូតទៅដល់ ៥ លាន ៨ សែនតោន ដែលស្មើនឹងអង្ករជិត ៤ លានតោនឯណោះ ហើយយើងនាំចេញដោយខ្លួនឯង ទៅកាន់ប្រទេសចិនបាន ៤០ ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាមបាន ៣០ ម៉ឺនតោន ទាំង ២ ហ្នឹង បានតែ ៧០ ម៉ឺនតោនទេ។ អញ្ចឹងការនាំចេញក្រៅផ្លូវការ វានៅបន្ត ក្នុងនោះ គឺនាំចេញមកអឺរ៉ុប ក៏ត្រូវបន្តនាំចេញ ទោះបីត្រូវាយពន្ធ ក៏អង្ករកម្ពុជាមានវត្តមាននៅក្នុងទីផ្សាររបស់អឺរ៉ុបផងដែរ។ ពិតហើយ រឿងហ្នឹង អង្កររបស់កម្ពុជាមិនមែនជារឿងថ្មីទេ ប្រទេសអ៊ីតាលី ប្រទេសអេស្បាញ គាត់ផលិតអង្ករដែរ។ ដល់គាត់លក់អត់ដាច់ គាត់មករករឿងអង្ករខ្មែរ …យើងក៏ត្រូវខិតខំ ដើម្បីធ្វើយ៉ាងណាធានាថា បើទោះបីជាមានរឿងអ្វីកើតឡើង សេដ្ឋកិច្ចកម្ពុជាមិនត្រូវបានដួលរលំ ដោយសារការបាត់បង់ផ្នែកនេះ ឬផ្នែកនោះ ប្រៀបដូចជាយើងថា ក្នុងពេលធ្វើដំណើរ យើងមានស្ពាយត្រីអាំង យើងមានឆៃប៉ូវ យើងមានត្រសក់ត្រាំ ចាត់ទុកថា យើងជ្រុះបាត់ត្រសក់ត្រាំ តែយើងនៅសល់ត្រីអាំង យើងនៅសល់ឆៃប៉ូវគ្រាន់ស៊ីដែរ។
លុបចោលកាំសាប ពន្ធកាត់ទុក, មិនឱនក្បាល ឬលក់អធិបតេយ្យ ទៅដូរជាមួយអ្នកណាដាច់ខាត
កំណែទម្រង់ដែលយើងបានធ្វើកន្លងទៅនេះ គ្រាន់តែពាក់ព័ន្ធជាមួយសេវាដឹកជញ្ជូន និងសេវានៅកំពង់ផែ បានកាត់បន្ថយថ្លៃដើមនៃការផលិតបានយ៉ាងច្រើន ឧទាហរណ៍ ដកកាំកុងត្រូល ព្រោះសេវានេះក៏ត្រូវចំណាយពេលវេលារបស់ធុរជន និងចំណាយប្រាក់កាក់របស់ធុរជន។ យើងដកចេញ។ លុបចោលនូវអង្គភាពមួយដែលមានអាយុ ៤០ ឆ្នាំ គឺអង្គភាពកាំសាប។ យើងហ៊ានធ្វើ។ មុននេះ យើងស្កេនគ្រប់កុងតើន័រ តែឥឡូវអត់ទេ យើងស្កេនកុងតើន័រណា ដែលយើងមានការសង្ស័យតែប៉ុណ្ណោះ។ រឿងបង់ថ្លៃវាម្យ៉ាង តែរឿងយឺតយ៉ាវគឺជារឿងម្យ៉ាង។ ពន្ធកាត់ទុក ក៏យើងត្រូវលុបចោលទៀត។ អញ្ចឹង គ្រាន់តែទំហំការកាត់បន្ថយនេះ បើសិនជាគេតម្រូវឱ្យបង់ពន្ធ យើងក៏រកស៊ីបង់ពន្ធដែរ។ យើងមិនឱនក្បាលដាច់ខាត រឿងលក់អធិបតេយ្យ ឬយកអធិបតេយ្យទៅដូរជាមួយអ្នកណា។ យើងគ្រាន់តែស្នើសុំឱ្យគេប្រព្រឹត្តដោយយុត្តិធម៌ចំពោះយើងតែប៉ុណ្ណោះ។
មាន EBA ក៏មិនក្លាយជាអ្នកមាន បាត់ EBA ក៏មិនស្លាប់, ប្រឹងខ្លួនឯង បារម្ភតែមន្រ្តីស្ពឹកស្រពន់
មានបានមើលការសម្ភាសន៍របល់លោកជំទាវ (Cecilia) Malmström ទេ? និយាយអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU ជាមួយនឹងវៀតណាមក្នុងពេលដែលគាត់ព្រមានចំពោះកម្ពុជា ចំពោះមីយ៉ាន់ម៉ា និងចំពោះបង់ក្លាដែស។ ខ្ញុំបានមើលដោយយកចិត្តទុកដាក់ទៅលើបទសម្ភាសន៍របស់គាត់។ អញ្ចឹងទេ ខ្ញុំបានបញ្ជាក់ហើយមាន EBA ក៏មិនអាចក្លាយទៅជាអ្នកមាន បាត់ EBA ក៏វាមិនងាប់ទេ។ តែយើងត្រូវប្រឹងខ្លួនឯងមួយជាពីរ អ្វីដែលខ្ញុំបារម្ភមិនមែនបញ្ហាបាត់ EBA ឬមិនបាត់ EBA ទេ បារម្ភក្រែងលោភាពស្ពឹកស្រពន់ក្នុងមន្រ្តីរាជការរបស់យើង។ ត្រឡប់ទៅវិញ នឹងមានការប្រជុំបក្សនៅថ្ងៃទី ១០ មានពេលមួយព្រឹក ដើម្បីខ្ញុំនិយាយ។ ឆវី ត្រូវបានកោះហៅដែរ (តែជាប់បេសកកម្មទូតមិនបានចូលរួម) … យើងធ្វើរឿងនេះឱ្យបានច្បាស់។ EBA ជាស្អី? វាជាប្រព័ន្ធអនុគ្រោះ សម្រាប់ប្រទេសដែលមិនទាន់រីកចម្រើន។ វានឹងបាត់នៅពេលណាមួយ វាត្រូវតែបាត់។ ឱ្យតែសេដ្ឋកិច្ចយើងឡើងបន្តិច វាបាត់ហើយ។ នៅក្នុងប្រទេសអាស៊ានមានតែ ៣ ទេ ដែលទទួល EBA ហ្នឹង។ ប្រទេសដែលមានការលូតលាស់ជាងយើង ជាងឡាវ ជាងមីយ៉ាន់ម៉ា ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី គេមានទទួល EBA ហ្នឹងពីអង្កាល់? គេអត់មានទេ។ ប្រទេសនៅអាហ្រ្វិកមួយចំនួន គេអត់លេងចូលទេ។ ព្រោះគេដឹង។ គេមិនយកផង។
រកស៊ីជាមួយដៃគូច្រើនណាស់ អត់ជាសត្រូវជាមួយអ្នកណាក្នុងអឺរ៉ុបទេ
យើងខិតខំទៅ ដូចជាកន្លងទៅលើការជាក់ស្តែង គេឱ្យយើងបង់ពន្ធអង្ករ។ ឥឡូវអង្ករនៅតែមកដដែលបានសេចក្តីថា យើងមានសមត្ថភាពបង់ពន្ធឱ្យគេ។ អញ្ចឹង យើងត្រូវគិតបន្ថយថ្លៃដើមនៃការផលិតនៅខាងក្នុង ផ្តល់លទ្ធភាពឱ្យបណ្តាក្រុមហ៊ុននោះមានលទ្ធភាពនាំចេញ ហើយបង់ពន្ធឱ្យគេទៅ។ បើសិនជាគេ(ដកចេញនូវ)ភាពអនុគ្រោះ គេក៏ត្រូវតែយល់ សមិទ្ធផលដែលអ្នកទាំងឡាយបានជួយខ្ញុំរយៈពេលកន្លងទៅដូចជាអំបិលត្រូវទឹក អាហ្នឹងទី ១។ ទី ២ អ្នកបានរួមចំណែកសម្លាប់ពួកផ្កាប់មុខ។ ខ្ញុំគ្រាន់តែផ្តាំតែប៉ុណ្ណឹងទេ ព្រោះអ្នកឯងអត់មានសិទ្ធិអីមកនិយាយជាមួយខ្ញុំទេ។ កុំមកនិយាយ(ពីរឿងថា) សេដ្ឋកិច្ចរបស់កម្ពុជាពេលនេះត្រូវពឹងអាស្រ័យ។ យើងមិនមែនរកស៊ីតែជាមួយអឺរ៉ុបឯណា យើងរកស៊ីជាមួយដៃគូច្រើនណាស់។ ក្នុងអឺរ៉ុបយើងអត់ជាសត្រូវជាមួយអ្នកណាទេ។ ប្រទេសជាច្រើនកំពុងធ្វើដៃគូជាមួយយើង។ កម្មវិធីសហប្រតិបត្តិការទាំងឡាយដែលផ្តល់ឱ្យយើង។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ទើបនឹងចុះហត្ថលេខាជាមួយនឹងធនាគារអឺរ៉ុប ផ្តល់ប្រាក់ឥណទាននៅតែផ្តល់ធម្មតា ពីប្រទេសមួយទៅកាន់ប្រទេសរបស់យើង វានៅធម្មតាតែវាទាក់ទងទៅនឹងទំនិញតែប៉ុណ្ណឹងទេ។
ខ្ញុំនៅតែបើកការសន្ទនា ក៏ប៉ុន្តែ នៅពេលដែលខ្ញុំនៅប៊ែលហ្សិកខ្ញុំបានប្រាប់ហើយថាមាន ៣ យ៉ាង។ ទី ១ អ្វីដែលខ្ញុំធ្វើបាន ខ្ញុំធ្វើ។ ឧទាហរណ៍ ខ្ញុំក៏មិនដឹងដែរទេ ក្រសួងមហាផ្ទៃចេញបទបញ្ញត្តិមួយថា នៅពេលដែលអង្គការក្រៅរដ្ឋាភិបាលចេញធ្វើសកម្មភាពត្រូវជូនដំណឹង ៤៨ ម៉ោងមុន។ វាគ្មានការចាំបាច់។ ប៉ុន្តែធ្វើបាន។ វាអត់អីទេ។ អ្វីដែលមិនអាចធ្វើបាន ដែលមិនយល់ ត្រូវពន្យល់គ្នាឱ្យយល់ ស្វែងយល់គ្នា។ តែរឿងផ្លូវច្បាប់ដែលទាក់ទងនឹងឯករាជ្យអធិបតេយ្យ នេះជាបន្ទាត់ក្រហម។ ឧទាហរណ៍ រកឱ្យឃើញណា ស្លាប់មនុស្សអស់មិនតិចទេណា ចុងឆ្នាំ ២០១៣ ដើមឆ្នាំ ២០១៤ អ្នកឯងមិនទាន់រួចខ្លួនទេ។ ត្រូវតែច្បាស់។ កុំយូរៗភ្លេចខ្លួន ហើយចាត់ទុកថា រឿងមិនមែនជារឿង(ធំដុំអី)។ កម្ពុជាមិនឱនក្បាលទេ។ បើគេឱ្យយើងក៏អរ បើគេយកទៅវិញអាហ្នឹងយើងក៏មិនដឹងធ្វើម៉េច ពេលណាមួយវាគង់តែបាត់។ អញ្ចឹងពង្រឹងសមត្ថភាពពីឥឡូវ។
ឥឡូវ EU មានក្បាលម៉ាស៊ីនថ្មី ប៉ុន្តែ ខ្ញុំក៏មិនទាន់ដឹង ទទួលបានឈ្មោះថាអ្នកណាទទួល ឬលោកជំទាវ (Cecilia) Malmström ហ្នឹងបន្តទៅទៀត ព្រោះគាត់ជាអ្នកធ្វើកិច្ចការហ្នឹង តែដូចជាមិនទាន់ឃើញ។ ឯអ្នកទទួលខាងកិច្ចការបរទេសចេញពីរដ្ឋមន្រ្តីការបរទេសអេស្បាញ ប្រធានស្នងការ ដូចជាចេញពីអាឡឺម៉ង់ ហើយនិងនាយករដ្ឋមន្រ្តីបែលហ្សិក ស្គាល់គ្នារួចហើយ។ គាត់ក៏ត្រូវទៅកម្ពុជានៅឆ្នាំ ២០២០ ដែរ ព្រោះគាត់ជាអតីតប្រធានក្នុងការប្រជុំម្ចាស់ផ្ទះនៅទីនេះ។ យើងនឹងធ្វើម្ចាស់ផ្ទះអាស៊ី-អឺរ៉ុប នៅឆ្នាំ ២០២០ ខាងមុខ។ យើងអត់មានយកអ្នកណាធ្វើជាសត្រូវទេ។ គោលការណ៍ពាណិជ្ជកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងលក្ខខណ្ឌនយោបាយបែបនេះ គឺអ្នកខ្លះនិយាយអ្នកឯងធ្វើអត្ថាធិប្បាយអី ធ្វើអត្ថាធិប្បាយចុះ ក៏ប៉ុន្តែខ្ញុំអាចបញ្ជាក់រឿងនេះបាន។
ចាប់តែអ្នកមានដីកាចាប់ខ្លួន នរណាជូនមកជូនទៅអត់មានចាប់អ្នកនោះទេ
ឥឡូវស្អី មានអ្នកណាតំណាងរាស្រ្ត ៦ នាក់ អមដំណើរចូលស្រុក។ ខ្ញុំបញ្ជាក់រឿងហ្នឹងបន្តិច។ ពលរដ្ឋកម្ពុជាចង់ទៅប្រទេស(ខ្លួន) ជាសិទ្ធិរបស់ពលរដ្ឋកម្ពុជា គ្មានអ្នកណាហាមឃាត់ទេ។ សូមអញ្ជើញទៅពេលណាក៏បាន។ អាហ្នឹងសូមឱ្យច្បាស់ជាមួយគ្នា។ មិនមែន ហ៊ុន សែន ជាអ្នកកំណត់ឱ្យអ្នកឯងចូល ឬមិនចូលទេ។ ក៏ប៉ុន្តែ អ្នកដែលមានដីកាចាប់ខ្លួន ក៏ត្រូវតែទៅកន្លែងជាប់គុក។ វាតែប៉ុណ្ណឹង។ និយាយគ្នាឱ្យច្បាស់ជាមួយគ្នាអញ្ចឹង។ អ្នកឯងកំពុងតែរត់ពីគុក។ ឥឡូវបើទៅវិញ ខ្ញុំសប្បាយចិត្ត ដើម្បីយកអ្នកឯងចូលគុក។ ចំពោះជនបរទេស ធម្មតាអ្នកឯងត្រូវសុំវីសា។ បើខ្ញុំមិនឱ្យ អ្នកឯងចូលសាកមើល។ តំណាងរាស្រ្តថៃចូលកម្ពុជា(មិនបានសុំ) កម្ពុជាកាត់ទោសតំណាងរាស្រ្តថៃ។ សុំចាំឱ្យច្បាស់។ ឥឡូវតំណាងរាស្រ្តមកប៉ុន្មានជូនទៅ។ ខ្ញុំអត់ធ្វើអីតំណាងរាស្រ្ត តែសុំវាយវីសាហើយ ចាំចូល។ បើមានវីសាហើយចូលទៅ ខ្ញុំអត់ធ្វើអីអ្នកឯង។ ទៅដេកនៅសណ្ឋាគារទៅ ខ្ញុំយកតែអ្នកទោសទៅញាត់គុកតែប៉ុណ្ណឹងទេ។ បែងចែកគ្នា។
កុំពឹងពាក់អ្នកដែលជួយខ្លួនឯងមិនបានឱ្យមកជួយខ្លួន
ក្រុមហ្នឹងកំពុងតាមមើលហ្នឹង។ បើតាមមើលអញ្ចឹង យើងនិយាយឱ្យច្បាស់អញ្ចឹងតែម្តង។ (ស្អី) “មិនមែនទៅឱ្យ ហ៊ុន សែន ចាប់ទេ ទៅចាប់ ហ៊ុន សែន” ឱព្រះអើយព្រះ។ ព្រះតេជព្រគុណហើយ ព្រះតេជព្រះគុណធ្លាប់នៅកម្ពុជា ព្រះតេជព្រះគុណក៏ជាមិនទាន់ចាស់ប៉ុន្មានដែរទេ។ ឆ្នាំ ១៩៨៩ ខ្ញុំព្រះករុណាខ្ញុំទៅទទួលការប្រមាថពីខ្មែរក្រហម និងត្រីភាគីថា បើកងទ័ពវៀតណាមដកចេញ រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស។ តែផ្ទុយទៅវិញ រដ្ឋាភិបាល ហ៊ុន សែន មិនត្រឹមតែមិនដួលរលំទេ តែវាយដណ្តើមដីរហូតដល់… ថ្ងៃ ២ ខែមិថុនា ឆ្នាំ ១៩៩១ ព្រះករុណាបិតា នៅទីក្រុងហ្សាកាតា មានព្រះរាជបន្ទូលប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ឯកឧត្តម ខ្ញុំទៅនៅជាមួយឯកឧត្តម ព្រោះខ្មែរក្រហមបោកខ្ញុំថា ឱ្យតែកងទ័ពយួនដក គឺរដ្ឋាភិបាលឯកឧត្តមប៉ើងដូចក្រដាស។ ឥឡូវ មិនត្រឹមតែប៉ើង ឯកឧត្តមវាយចូលដល់ប៉ៃលិន។ បានពេលហ្នឹងព្រមព្រៀងគ្នា ក្នុងការដែលព្រះអង្គយាងទៅភ្នំពេញ រឿងរ៉ាវអាថ៌កំបាំងនៅទីនេះ។
នេះគ្រាន់តែនិយាយភាសាប្រមាថរបស់ខ្មែរក្រហម ដែលមានប្រដាប់អាវុធមិនធម្មតា ត្រីភាគីក៏មានកម្លាំង ប៉ុន្តែ ធ្វើរដ្ឋាភិបាល ហ៊ុន សែន មិនរលំទេ។ ក្នុងពេលនោះ សេដ្ឋកិច្ចក៏លំបាក។ ហេតុអីបានសុខៗបែរជាត្រូវទទួលទៅចាប់ខ្លួន ហ៊ុន សែន ងាយម្ល៉េះ? សុំផ្តាំផ្ញើបងប្អូនទាំង ឡាយ សុំកុំពឹងពាក់អ្នកដែលជួយខ្លួនឯងមិនបានឱ្យមកជួយខ្លួន។ យើងសង្កេតមើល អ្នកខ្លះជួយខ្លួនឯងអត់បាន តែបែជាប្រឹងស្រែករកជួយគេ ខ្លួនឯងនៅក្នុងអណ្តូងសោះ ហើយប្រុងឱ្យគេលោតចុះទៅឱ្យគាត់ជួយ។ កោតតែទៅរួច … បញ្ជូនឈ្មោះមក គឺស្រួលឱ្យយើង។ ទូតនៅតាមប្រទេសនានានេះ។ គេវាយឈ្មោះតំណាងរាស្រ្តនេះ នៅប្រទេសនេះ ឈ្មោះនេះ ស្រួលហើយឃើញឈ្មោះហ្នឹងកុំឱ្យវីសាចប់។ ក្នុងករណីជ្រុលឱ្យវីសា ពេលដែលទៅដល់យើងកុំទៅធ្វើបាបគេ … នរណាមានដីកាចាប់តែអ្នកហ្នឹងទៅបាន។ សូម្បីតែខ្មែរ បើទៅមួយយន្តហោះ គឺចាប់តែអាមួយ ឬអាពីរហ្នឹង ព្រោះអាហ្នឹងមានដីកាចាប់ខ្លួន។ អាហ្នឹងវាទៅព្រៃសទៅ …។ និយាយគ្នាច្បាស់ៗ ព្រោះអីគេថាខែ ៩ ទៅហើយៗ មកបបួលភ្នាល់។ ដល់ភ្នាល់ចាញ់គេទៅរករឿងឯណា។ ខ្ញុំមិនចង់និយាយចំឈ្មោះ ប៉ុន្តែ វាជំពាក់វាត្រូវតែនិយាយ ដើម្បីឱ្យវាឃើញ។ ថ្ងៃខ្លះ គេគប្បីមានតំណមខ្លះ។ សូម្បីតែថ្ងៃពិសាខបូជា ក៏យកថ្ងៃពិសាខបូជា(មក)ជេរ។ ព្រះតេជគុណអើយ! គួរតែមានតំណមខ្លះទៅ … ចំជាទមិឡតែម្តង។
អប់រំតែគ្នាឯងទៅ មិនបាច់មកជួយស្រាយបញ្ហាផ្ទៃក្នុង CPP ទេ
អញ្ចឹងៗ ទៅរកឈ្នះអីលោកអើយ។ សូម្បីតែមេបក្សប្រឆាំងនៅវេណេហ្សូអេឡា ក៏គេហ៊ានទទួលសារភាពថា គេទុកចិត្តជ្រុលទៅលើកងទ័ពវេណេហ្សូអេឡា ក្នុងការផ្តួលរំលំ Maduro។ ប៉ុន្តែ នេះបែរជាទុកចិត្តជ្រុលហួសទៅលើថា ស ខេង នឹងដឹកនាំផ្តួលរំលំ ហ៊ុន សែន។ កម្លាំងប្រដាប់អាវុធ កម្មករ និងប្រជាជន បាក់មកដើម្បីចាប់ ហ៊ុន សែន រួចហើយលើកបន្តុបគាត់វិញ។ ឆ្ងាញ់ប្រើគេឱ្យវាយ ហ៊ុន សែន ខ្លួនឯងទៅយកអំណាចលេង វាឆ្ងាញ់អាត្រង់នោះ។ ប្រើអនុប្រធានបក្សឱ្យធ្វើបក្សប្រហារ ប្រើឧបនាយករដ្ឋមន្រ្តីឱ្យធ្វើបក្សប្រហារទម្លាក់នាយករដ្ឋមន្រ្តីក្នុងតំណែងមានតម្លៃស្មើអី? គឺស្មើនឹងរដ្ឋប្រហារ។ តើសម្តេចក្រឡាហោម គាត់ល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងទេ? តែនេះ គឺជាល្បែងកូនក្មេង។ ឥឡូវផ្តាំទៅ អប់រំសាមគ្គីតែគ្នាឯងឱ្យបានគ្រប់ទៅ អារឿងនេះ ជេរគ្នានៅក្នុងនេះថា បើសិនជាធ្វើបាតុកម្មមិនបានទេ អ្នកឯងកុំធ្វើនយោបាយតទៅទៀត ទៅបើកហាង បើកអីទៅ។ បែកបាក់គ្នាហ្នឹង សូម្បីតែនៅក្នុងស្វីសនេះ ខ្ញុំក៏ដឹងដែរទៅជាប៉ុន្មានបក្សប៉ុន្មានពួក។ អប់រំតែគ្នាឯងហ្នឹងបានហើយ មិនចាំបាច់មកជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ CPP ទេ …។
បងប្អូនចង់ដឹង EBA ខ្ញុំត្រូវនិយាយពី EBA
ឥឡូវ ខ្ញុំនិយាយរឿងនេះវាទាក់ទងជាមួយនឹងបងប្អូនចង់ដឹងអំពី EBA ខ្ញុំក៏ត្រូវនិយាយ ដើម្បីបង្ហាញបងប្អូនអញ្ចឹង ថាយើងប្រកាន់យកវិធានការណ៍ចាំបាច់ក្នុងករណីរឿងហ្នឹងវាដើរទៅដល់។ យើងត្រូវទ្រទ្រង់។ (បើទោះថា) ធ្លាប់ចំណេញ ១០ នៅសល់ ៥ ឬ ៦ ក៏វាគ្រាន់បើដែរ។ នៅតែរកស៊ីបាន។ បាត់ភាពអនុគ្រោះ និងបាត់ផ្សារវាខុសគ្នា។ អានេះផ្សារ។ វានៅតែមាន។ មានទៅមានមក។ ម្សិលមិញ ខ្ញុំបង្ហាញតួលេខឱ្យហ្វាំងឡង់គាត់ស្តាប់។ ខ្ញុំអត់និយាយ(តួលេខឆ្នាំ) ២០១៨ ទេ ព្រោះមិនដឹងស្ថិតិហ្នឹងវាយ៉ាងម៉េច? ២០១៧ យើងនាំពីហ្វាំងឡង់ទៅ ៥២ លាន(ដុល្លារ) ឯនាំទៅហ្វាំងឡង់តែ ៥ លាន(ដុល្លារ)។ អញ្ចឹង បានសេចក្តីថា យើងនាំពីហ្វាំងឡង់ច្រើនជាង។ មានទៅមានមក។ ក្រុមហ៊ុនអឺរ៉ុបប្រមាណ ៤០០ ក្រុមហ៊ុន ដែលកំពុងរកស៊ីនៅស្រុកខ្មែរ យើងនៅតែស្វាគមន៍គេ។ ក្រុមហ៊ុនអាមេរិកជាច្រើន ក៏មករកស៊ីនៅស្រុកខ្មែរ យើងនៅ(តែ)ស្វាគមន៍គេ។ យើងអត់ធ្វើសត្រូវជាមួយអ្នកណាទេ។ តែនេះជាបញ្ហាទម្រង់ពាណិជ្ជកម្ម។
ការញុះញង់អំពីវត្តមានយោធាចិន និងអ្នកវិនិយោគិនចិន ជារឿងភូមិសាស្ត្រនយោបាយមួយ
កង្វល់ ឬការឃោសនាញុះញង់ច្រើនរបៀប អំពីបញ្ហាវត្តមានយោធាចិន អ្នកវិនិយោគិនចិន។ ខ្ញុំសុំនិយាយ រឿងនេះឱ្យបានច្បាស់។ ដំបូងខ្ញុំគួរបញ្ជាក់ជាមុនថា មានមនុស្សមួយចំនួនលើកឡើងច្រំដែលៗអំពីអន្ទាក់ បំណុល ប៉ុន្តែយើងគួរតែចោទសួរថា បណ្តាប្រទេសនៅក្នុងអឺរ៉ុបនេះ តើប្រទេសណាមួយដែលគ្មានបំណុលសោះនោះ? ប្រហែលជាបំណុលនេះខ្ពស់ជាងហើយឆ្ងាយណាស់។ អនុបាតបំណុល ដែលអនុញ្ញាតឱ្យខ្ចី គឺ ៤០% នៃផលិតផលសរុប។ កម្ពុជាទើបនឹងខ្ចីគេ ២១% រាប់ទាំងបំណុលចាស់។ ចិនមានគំនិតផ្តួចផ្តើមទាក់ទងនឹងខ្សែក្រវាត់ និងផ្លូវ។ ប្រទេសច្រើនណាស់ រាប់ទាំងអឺរ៉ុបបានទៅចូលរួមប្រជុំ ក្នុងនោះមានអ៊ីតាលី ហើយឥឡូវយើងឃើញទេ 5G ប្រើនៅអេស្ប៉ាញមុនគេទៅទៀត។
អន្ទាក់បំណុល យើងក៏មិនចង់។ ចិនក៏មិនចង់ដែរ។ នេះជារឿងធម្មតានៃការរកស៊ី ក្នុងការអភិវឌ្ឍប្រទេស។ ឥឡូវ សុទ្ធតែមានវ៉ែបសាយត៍រៀងៗខ្លួនបើកមើលទៅ។ នៅក្នុងប្រទេសអឺរ៉ុបប្រហែលជាមានប្រទេសតិចណាស់ ដែលជំពាក់បំណុលក្រោម ១០០%។ អ្នកនៅអង់គ្លេសបើកមើលនៅអង់គ្លេសទៅ។ អ្នកនៅបារាំងបើកមើលបារាំង។ បើតាមខ្ញុំចាំ លុចហ្សំបួ ជំពាក់ច្រើនជាងគេ។ បញ្ហាដែលលំបាក គឺគេមិនឱ្យខ្ចីលុយ តែបើគេឱ្យខ្ចី (គឺ)យើងមានមាយាទក្នុងការប្រើ។ យកមក។ ការគ្រប់គ្រងបំណុល កម្ពុជាធ្វើហ្មត់ចត់ណាស់លើបញ្ហានេះ មិនអនុញ្ញាតឱ្យខ្ចី ដោយអត្រាការប្រាក់ពាណិជ្ជកម្ម គឺយកតែអត្រាការប្រាក់សម្បទានតែប៉ុណ្ណោះ។ យើងខ្ចីមិនមែនតែពីចិនទេ។ យើងខ្ចីពីជប៉ុន យើងខ្ចីពីកូរ៉េខាងត្បូង យើងខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី យើងខ្ចីពីធនាគារពិភពលោក យើងខ្ចីពីធនាគារអឺរ៉ុប យើងខ្ចីពីបារាំង យើងខ្ចីគ្រប់តែកន្លែង។ ម៉េចក៏មានរឿងអីតែជាមួយចិន? តាមរករឿងចិនដោយសារអី? នេះជាភូមិសាស្ត្រនយោបាយមួយ។
កម្ពុជាគ្មានការចាំបាច់មានវត្តមានកងទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ
រឿងយោធារបស់ចិន។ ម្តងហើយម្តងទៀតៗ (និយាយ)អំពីថា កំពង់់ផែសមុទ្ររាម ឬក៏តំបន់ទេសចរណ៍តារាសាគរ អាចនឹងក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹកចិន។ ប៉ុន្តែ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូន ជនរួមជាតិ ពិចារណាជាមួយគ្នាមើល តើយើងត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអីនៅស្រុកខ្មែរនេះ? តើមានការចាំបាច់ទេ? ហើយទៅវាយជាមួយអ្នកណា? វាគ្មានការចាំបាច់សោះ។ ហ្នឹងសំរាប់កម្ពុជា។ ឯសម្រាប់ចិនវិញ គាត់ចាំបាច់មកដាក់កងទ័ពនៅស្រុកខ្មែរធ្វើអី បើចិន និងយើង(នៅ)ជិតគ្នាហ្នឹង? ឥឡូវ និយាយឱ្យវាស្រួលស្តាប់ ចិន និងយើង ជិតគ្នាណាស់ បើយើងហោះទៅ ហៃណាន គឺតែ ១ ម៉ោងជាង។ អញ្ចឹង គាត់ចាំបាច់មកដាក់ទ័ពនៅស្រុកខ្មែរនាំបង្កើតរឿងរ៉ាវធ្វើអី? គាត់ដាក់ទ័ពនៅស្រុកគាត់ បើសិនមានបញ្ហាកើតឡើងនៅសមុទ្រចិនខាងត្បូង ឬក៏ស្អី តែមួយភ្លែតគាត់ចល័តបាន គាត់ចាំបាច់ដាក់នៅស្រុកខ្មែរ នាំឱ្យមានរឿង? យើងនិយាយអញ្ចឹងទៅចុះ។ បើយើងសិក្សាពីប្រវត្តិសាស្ត្ររបស់ចិនទៅវិញ ចិនដូចជាមិនដែលធ្លាប់នាំកងទ័ពចេញក្រៅព្រំដែនរបស់ខ្លួនទេ។ យើងសិក្សាមើល តាំងពីជំនាន់រជ្ជកាល ស្តេចថាង ជំនាន់ សុង មានតែគេនាំទ័ពចូលទៅគាត់។ ដូចជារជ្ជកាល យាន ក្រោយរជ្ជកាល សុង។ រជ្ជកាល យាន គឺជារជ្ជកាលរបស់ម៉ុងហ្គោលទៅត្រួតត្រា។ ក្រោយមកពួកអង់គ្លេស ពួក ព័រទុយហ្គាល់ ពួកជប៉ុនអីចូលទៅ។ (តែបើ)ឱ្យគាត់នាំកងទ័ពចេញក្រៅព្រំដែនរបស់់គាត់ គឺដូចជាមិនដែលឃើញ។
មិនមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាទេ ក្រៅពីការហ្វឹកហាត់រួមគ្នា
ខ្ញុំមិននិយាយកាន់ជើងចិនទេ ក៏ប៉ុន្តែ ឱ្យវាសមហេតុសមផលនៅអាកន្លែងហ្នឹងបន្តិចទៅមើល។ ជាពិសេស កម្ពុជាខ្លួនឯង ចំណងនៅក្នុងរដ្ឋធម្មនុញ្ញ ហាមឃាត់ទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ឬទីតាំងយោធាខ្លួននៅក្នុងទឹកដីប្រទេសក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមកដល់ពេលនេះ កងទ័ពរបស់យើងកំពុងតែនៅអាហ្វ្រិកកណ្តាល នៅម៉ាលី នៅស៊ូដង់ នៅស៊ូដង់ខាងត្បូង នៅលីបង់។ ឥឡូវនេះ យើងត្រូវបំពាក់រថពាសដែកដោយលុយរបស់យើងផ្ទាល់ ជំនួសឱ្យលុយអង្គការសហប្រជាជាតិ ដែលកំពុងខ្វះលុយ។ យករថពាសដែកទៅបំពាក់ឱ្យកម្លាំងយើងនៅប្រទេសម៉ាលីឯណោះ ព្រោះពួកឧទ្ទាម វាវាយ. អានោះវាមានដឹងអង្គការសហប្រជាជាតិឯណា? ដូចខ្មែរក្រហមវាយពួកអ៊ុនតាក់អញ្ចឹង។ ខ្ញុំសូមបញ្ជាក់ជាឱឡារិក មិនថា(ទ័ព)ចិន ឬក៏អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីកម្ពុជាទេ។ ការហ្វឹកហាត់រួមគ្នា គឺជារឿងធម្មតាខ្លាំងណាស់ ហើយការចុះចូលចតរបស់នាវាចម្បាំងរបស់ប្រទេសក្រៅនៅកំពង់ផែក្រុងព្រះសីហនុយើងនៅបន្តទទួល។ អាមេរិកមុនគេបង្អស់ចូលស្រុកខ្មែរ។ តាមចាំមានកងទ័ពអាមេរិក មានឥណ្ឌា មានបារាំង មានជប៉ុន មានចិន មានអូស្ត្រាលី។ អញ្ចឹង ចូលទៅ កម្ពុជាស្វាគមន៍តែទាំងអស់ហ្នឹង។ គាត់ចូលចាក់សាំង គាត់ឡើងលេងកម្សាន្ត ជួនកាលធ្វើសកម្មភាពមនុស្សធម៌ ទទួលទាំងអស់។ ហើយចុះម៉េចឃើញតែ(បញ្ហាពី)ចិន បើខ្លួនឯងចូលដែរហ្នឹង? វាពិបាករឿងអញ្ចឹង។
បបួលថៃ និងវៀតណាម ធ្វើសមយុទ្ធរួមគ្នានៅព្រំដែន
ខ្ញុំចង់បបួលថៃ និងវៀតណាម ដើម្បីធ្វើសមយុទ្ធរួមគ្នានៅព្រំដែន។ តើខ្ញុំមានគោលដៅអី? បើសិនជាធ្វើសមយុទ្ធរួមគ្នានៅព្រំដែន គឺការសង្គ្រោះមហន្តរាយឆ្លងដែន។ រឿងនេះតែងតែកើត ឧទាហរណ៍៖ ទឹកជំនន់ ដូចជាយើងនៅខាងមណ្ឌលគិរីមានម្តងហើយ ដែលខ្ញុំសុំអន្តរាគមន៍ពីខាងវៀតណាម ព្រោះដោយសារតែ ព្រែកតំបន់នេះ ពេលដែលទឹកជំនន់ខ្លាំង យើងយកប្រជាជនមកខាងយើងអត់បានទេ។ អញ្ចឹង សុំវៀតណាមជួយជម្លៀសប្រជាជនយើងទៅខាងនោះ។ រឿងភ្លើងឆេះព្រៃ វាអត់ដឹងទល់ដែននៅត្រង់ណាទេ។ អញ្ចឹង បើសិនមានករណីភ្លើងឆេះព្រៃកើតឡើង យើងគួរសហការគ្នាពន្លត់ភ្លើង។ អញ្ចឹង បានមានកិច្ចព្រមព្រៀង ស្តីអំពីការរួមគ្នាសង្គ្រោះមហន្តរាយ។ ពេលធ្វើរួចហើយគេទៅនៅដីគេ យើងទៅនៅដីយើង។ ពេលសមយុទ្ធ យើងប្រើប្រាស់ឧបករណ៍ខាងនោះ ហើយខាងនោះខ្វះឧបករណ៍អី ហើយបញ្ជាការយ៉ាងម៉េចអីយ៉ាងម៉េច ជួនកាលស្រាប់តែឆេះពេញទឹក/ដី រាលមកខាងយើង រាលទៅខាងថៃ រាលទៅខាងវៀតណាម រាលទៅខាងឡាវ។
ជប៉ុន កូរ៉េខាងត្បូង និងចិន ជួយលើ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា
មុនចូលដល់អ្នកវិនិយោគ ខ្ញុំសុំលើកចំណុចមួយ ដើម្បីឱ្យទាំងអស់គ្នាបានឃើញក្នុងទំនាក់ទំនងកម្ពុជា-ចិន។ អ្នកដែលជួយយើងច្រើនទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បើពិនិត្យជាប្រទេស គឺមានប្រទេសតែបីទេ ដែលជួយលើហេដ្ឋារចនាសម្ព័ន្ធ។ ដំបូងគេ គឺជប៉ុន ចាប់ផ្តើមជួយ។ បន្ទាប់ទៅបានចិន និងកូរ៉េខាងត្បូង។ បី(ប្រទេស)ហ្នឹង។ ជប៉ុនជួយបានស្ពានគីហ្ស៊ូណានៅកំពង់ចាម និងត្សឺបាសានៅអ្នកលឿង ផ្លូវជាតិលេខ ១ បន្តផ្លូវជាតិលេខ ៥។ កូរ៉េខាងត្បូងជួយយើងទៅលើបញ្ហាផ្លូវលេខ ៤៨ ផ្លូវជាតិលេខ ៤ តភ្ជាប់ទៅកោះកុង ឥឡូវនេះ ត្រូវចាប់ផ្តើមធ្វើ ដើម្បីពង្រីកឱ្យទៅជាហាយវេ (Highway) តែម្តង។ ផ្លូវជាតិលេខ ២ និងផ្លូវជាតិ លេខ ២២ ពីមុនផ្លូវជាតិលេខ ៣ ប៉ុន្តែ ផ្លូវជាតិលេខ ៣ ពីសម័យមុនតែ ៧ ម៉ែត្រទេ ដល់ពេលកូរ៉េធ្វើ ១១-១២ ម៉ែត្រ ឥឡូវ ត្រូវពង្រីកវាឱ្យទៅ ២៤ ម៉ែត្រ ទើបអាចទ្រទ្រង់រួច។
ព្រះតេជព្រះគុណអើយ ឥឡូវ ថាជប៉ុន និងកូរ៉េខាងត្បូងគាត់ជួយបានប៉ុណ្ណឹង បើកុំមានវត្តមានរបស់ចិន តើស្ពានជ្រោយចង្វារទី ២ វាបានកើតទេ? ឥឡូវ វាមានមួយទៅ/មក។ ស្ពានព្រែកក្តាមវាកើតទេ? ស្ពានព្រែកតាមាក់វាកើតទេ? ស្ពានកោះធំទន្លេបាសាក់វាកើតទេ? ស្ពានឆ្លងទន្លេសេកុងនៅស្ទឹងត្រែងវាកើតទេ? ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រែងវាកើតទេ? ឥឡូវ កំពុងកសាងស្ពានមួយទៀត ខ្ញុំព្រះករុណាខ្ញុំ ជិតទៅតភ្ជាប់ហើយ (គឺ)នៅកំពង់ចាម នៅស្ទឹងត្រង់/ក្រូចឆ្មារ។ ផ្លូវប្រមាណ ២ ពាន់គីឡូម៉ែត្រ តើវាបានលុយមកពីណា បើអត់មានចិន? អ្នកណាជួយ? ឆ្លើយមក។ ផ្លូវដែលយើងបានតភ្ជាប់ក្លាយទៅជារបៀង ដែលមិនចាំបាច់ដើរថយក្រោយ គឺចិនបានជួយតភ្ជាប់ផ្ទៃក្នុងរបស់យើង។ ឥឡូវ នៅសល់ចន្លោះតែមួយទេ ដែលគ្រោងនឹងបើកការដ្ឋាននៅពេលខាងមុខ គឺផ្លូវតភ្ជាប់ពីសំឡូតតាសាញ់របស់ខេត្តបាត់ដំបង កាត់មកថ្មដារបស់់ពោធិ៍សាត់ និងកាត់មកខេត្តកោះកុង ជិតបើកការដ្ឋានហើយ។
យុទ្ធសាស្ត្រពីរ៖ សមរភូមិក្លាយជាទីផ្សារ និងព្រំដែនជាតំបន់មិត្តភាព សហប្រតិបត្តិការ
តំបន់អតីតសមរភូមិទាំងអស់ កំពុងក្លាយទៅជាទីផ្សារ និងការអភិវឌ្ឍហើយ ដែលនឹងសម្រេចបាននូវយុទ្ធ សាស្ត្រពីររបស់ខ្ញុំព្រះករុណាខ្ញុំ។ ក្រោយពេលសម្រេចនយោបាយឈ្នះឈ្នះហើយ និងប្រទេសមានសន្តិភាព (ខ្ញុំបាន)ដាក់ចេញនូវយុទ្ធសាស្ត្រពីរ៖ ទី ១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍។ ឥឡូវ ប្រមាណជាង ៩០% ហើយដែលបានធ្វើរួច ប៉ុន្តែ នៅសល់ប្រមាណ ១០% ទៀតវានៅសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលដីទាំងនោះមិនទាន់អនុញ្ញាតឱ្យប្រជាជនបង្ក បង្កើនផលបានទេ។ ឯផ្នែកទី ២. ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ ជាង ៦ ពាន់លាន(ដុល្លារ)។ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ជិត ៥ ពាន់លាន(ដុល្លារ) តើបានមកពីណា? អញ្ចឹង ប្រព័ន្ធដឹកជញ្ជូនរបស់យើងដែលបានតភ្ជាប់មកនេះ ចិនបានជួយយើង។
មិនមែនជាអន្ទាក់ចិន តែនេះជាការជួយឧបត្ថម្ភពីចិន
ឥឡូវនេះ ៥ ឆ្នាំ ធនាគារពិភពលោកត្រៀមឱ្យយើង ១ ពាន់លាន, ធនាគារ(អភិវឌ្ឍន៍)អាស៊ី ៦០០ លាន, ជប៉ុនក៏មានមួយផ្នែក ចិនក៏មានមួយផ្នែក ធនាគារអឺរ៉ុបក៏មានមួយផ្នែក បារាំង អង់គ្លេសក៏មានមួយផ្នែក។ វាជាតម្រូវការ ហើយយើងប្រើខួរក្បាលគិតមើល បើសិនជាអត់មានចិនទេ អ្នកណាបំពេញចន្លោះប្រហោង ដែលជប៉ុន និងកូរ៉េខាងត្បូង ឬក៏ធនាគារពិភពលោក ឬក៏ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយ? អ្នកណាអ្នកបំពេញ? អញ្ចឹងទេ សាឡាងក៏នៅតែសាឡាង ទូកដក៏នៅតែទូកដនោះឯង។ ឥឡូវបងប្អូនធ្វើដំណើរចេញពីភ្នំពេញ ឡើងទៅលេងទៅ ទៅដល់មណ្ឌលគិរី ចេញពីមណ្ឌលគិរីទៅដល់រតនគិរី រួចហើយចុះមកស្ទឹងត្រែង មិនបាច់ចុះមកក្រចេះវិញទេ ឡើងបកភ្ជាប់ទៅព្រះវិហារ ឆ្លងស្ពានទន្លេមេគង្គទៅព្រះវិហារតែម្តងទៅ។ មួយជុំវិញប្រទេស ទៅមើលឱ្យឃើញអំពីកន្លែងហ្នឹង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធជនបទរបស់យើងកើនឡើង បានធ្វើឱ្យសេដ្ឋកិច្ចជនបទរបស់យើងរស់រវើក ធ្វើឱ្យកំណើនសេដ្ឋកិច្ចខ្ពស់។ ប្រសិនបើគ្មានផ្លូវដឹកជញ្ជូន តើប្រជាកសិកររបស់យើង គាត់ធ្វើបានហើយ តើគាត់យកទៅលក់ឯណា? រឿងគឺវានៅកន្លែងនេះ។ អាហ្នឹងនិយាយអំពីអន្ទាក់បំណុលរបស់ចិន (ដែលការពិតជា)ការជួយឧបត្ថម្ភរបស់ចិន។
ពន្យារពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ប្រើលុយធ្វើហេដ្ឋារចនាសម្ព័ន្ធសិន
ពិតហើយ ខ្ញុំក៏សូមជម្រាបថា ដំណាក់កាលចុងក្រោយ ដោយសារយើងមានកាតព្វកិច្ចត្រូវធ្វើជាម្ចាស់ផ្ទះ(ស៊ីហ្គេម) យើងបានស្នើសុំគេពន្យារ។ ទាំងឡាវទាំងអី គេមានសមត្ថភាពធ្វើស៊ីហ្គេមមុនយើង។ ខ្ញុំបានស្នើទៅកាន់មេដឹកនាំអាស៊ានថា ឱ្យយោគយល់ដល់ការលំបាករបស់កម្ពុជា។ ខ្ញុំត្រូវការយកលុយធ្វើផ្លូវ ធ្វើស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យសិន ផ្អាកស៊ីហ្គេម ចាំដល់ឆ្នាំ ២០២៣។ អញ្ចឹង ដើម្បីការប្រកួតស៊ីហ្គេមមួយបាន មួយផ្នែកចេញលុយខ្លួនឯង តែមួយផ្នែកពឹងពាក់ចិនឱ្យធ្វើស្តាតមួយយ៉ាងធំ អស់ប៉ុន្មានរយលានឯណោះ។ ចុះបើគេឱ្យស្តាតមួយហើយ ម៉េចក៏មិនយក? ស្តាតហ្នឹងមានកសាងលើទឹកដីចិនឯណា? កសាងលើទឹកដីខ្មែរ គេកសាងឱ្យ។
បើខ្លាចឥទ្ធិពលចិន ប្រទេសនានាមកវិនិយោគនៅកម្ពុជាឱ្យច្រើន
ចំពោះអ្នកវិនិយោគ ការទាក់ទាញវិនិយោគពីចិន ដើម្បីឱ្យមកវិនិយោគនៅកម្ពុជាបាន មិនមែនជារឿងធម្មតាពេកទេ។ និយាយរួម យើងមិនមែនទាក់ទាញត្រឹមតែចិនទេ តាមពិតចិនមានវត្តមានក្រោយប្រទេសមួយចំនួនផ្សេងទៀតផងទេ។ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនងើបឡើងខ្លាំង ទើបចិនចាប់ផ្តើមមកវិនិយោគនៅកម្ពុជា។ ក៏ប៉ុន្តែ មុនៗមានក្រុមហ៊ុនវិនិយោគពីប្រទេសផ្សេងទៅកាន់កម្ពុជា។ បានគេមកវិនិយោគហើយហ្នឹង វាទៅជា(ថា)គេមកដាក់អាណានិគម។ យើងមិនយល់អំពីបញ្ហាហ្នឹង។ ប្រទេសនានាប្រសិនបើខ្លាចចិនមានឥទ្ធិពលពេក (មក)វិនិយោគឱ្យច្រើនដែរទៅ ដើម្បីឱ្យមានតុល្យភាព។ ច្បាប់វិនិយោគនៅកម្ពុជាអត់មានកំណត់ថា ត្រូវតែឱ្យចិនទេ។ ឱ្យគ្រប់តែប្រទេសចូលទៅ។ មិនមែនគ្រាន់តែច្បាប់វិនិយោគកម្ពុជា និងការវិនិយោគជាក់ស្ដែងនៅកម្ពុជា គ្មានការរើសអើងប្រទេសនេះ/នោះទេ គ្មាន(ទាំង)ការរើសអើងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីក្រៅប្រទេស(ទៀតផង)។ នោះហើយគឺជារឿងដែលខ្ញុំគួរតែបញ្ជាក់។ ដីស្រុកខ្មែរឡើងថ្លៃ ព្រោះចិនចូលវិនិយោគបានជាឡើងថ្លៃ។ ខ្ញុំសូមបញ្ជាក់ ប្រទេសដទៃដែលអស់លោកនៅ ប្រទេសខ្លះមាន China Town ម៉េចក៏មិននិយាយ? ចុះខ្មែរមាន China Town មកពីអង្កាល់? អាគាររបស់ចិនមាន តែ China Town វាអត់មានទេ។ រួចមិនប្រកាច់ថាផង? វាពិបាកអញ្ចឹងព្រះតេជព្រះគុណ តែវាចង់រករឿងយើងហើយ ស្អីក៏ពិបាកដែរ។ ប៉ុន្តែ វាចូលចិត្តហូបម្ហូបចិនដែរ។
ក្រុមហ៊ុនលក់ម៉ាស៊ីនភ្លើងអាឡឺម៉ង់ និងហ្វាំងឡង់ សុំឱ្យក្រុមហ៊ុនចិនមកជួយតម្លើង
យើងស្វាគមន៍ទាំងអស់ គ្មានការរើសអើង។ លើការជាក់ស្ដែង ឥឡូវ យើងពិនិត្យមើលតែប៉ុណ្ណេះ រឿងដែលល្អមើលរឿងវាអញ្ចេះ ទិញម៉ាស៊ីនភ្លើង ម៉ាស៊ីនរបស់ហ្វាំងឡង់ អាហ្នឹង ២០០ មេហ្គាវ៉ាត់ អាមួយទៀត គឺមកពីអាឡឺម៉ង់ ២០០ មេហ្គាវ៉ាត់ទៀត។ ស្រាប់តែក្រុមហ៊ុនរបស់អាឡឺម៉ង់ និងរបស់ហ្វាំងឡង់ ថាសុំឱ្យក្រុមហ៊ុនចិនមកជួយតម្លើង។ ឥឡូវ គិតធ្វើម៉េច? ជួយគិតគ្នាមើល? លើការជាក់ស្ដែង ក្រុមហ៊ុនចិនបានចុះហត្ថលេខាជាមួយអគ្គិសនីកម្ពុជា ដោយមានវត្តមានរបស់ទូតអាឡឺម៉ង់ និងទូតហ្វាំងឡង់នៅហ្នឹង។ វាទៅជាអញ្ចេះ ព្រោះគេថា ចិនហ្នឹងគាត់តម្លើងលឿន អស់លុយតិច។ ឥឡូវ អាហ្នឹងថាម៉ាស៊ីនរបស់អាឡឺម៉ង់ និងរបស់ហ្វាំងឡង់ ប៉ុន្តែ អ្នកវិនិយោគម៉ាឡេស៊ី គាត់ទិញម៉ាស៊ីនរបស់អាមេរិកាំងពី GVE គាត់ទៅជួលក្រុមហ៊ុនចិនតម្លើងទៀត។
ឥឡូវធ្វើម៉េច? ហ្នឹងគេហៅសកលភាវូបនីយកម្ម ឬតំបន់ភាវូបនីយកម្ម។ គេបែងចែក។ គេធ្វើអញ្ចឹង។ ចុះម៉េចក៏ហ្វាំងឡង់ពេញចិត្តជាមួយចិន (ដែលអោយ)មកតម្លើង? អាឡឺម៉ង់ពេញចិត្តជាមួយចិនក្នុងការតម្លើង? ម៉ាឡេស៊ីពេញចិត្តជាមួយចិន យកម៉ាស៊ីនអាមេរិកទៅឱ្យចិនតម្លើង ឥឡូវធ្វើម៉េច? អ្នកដទៃប្រឹងទាក់ទាញចិនខ្លាំងណាស់។ រកស៊ីជាមួយចិនច្រើន តែគេអត់មានរឿងអី បែរជាធ្វើបាបតែកម្ពុជា។ ដាក់កម្ពុជាទៅជាកូនជឹងរបស់ចិនអីអញ្ចេះអញ្ចុះទៅ។
កម្ពុជាដើរតួសំខាន់រក្សាទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន
… ចិនគ្មាននយោបាយដើរទៅត្រួតត្រាអ្នកណា។ ខ្ញុំធ្វើការជាមួយមេដឹកនាំចិន ៣ ជំនាន់ហើយ។ ពិតមែនតែខ្ញុំក្មេង ប៉ុន្តែ ឥឡូវហ្នឹងមិនមែនក្មេងទេ … (និយាយលេង) … ការរកស៊ីគឺជារឿងធម្មតាខ្លាំងណាស់ ប្រទេសនានាសូម្បីតែអាមេរិក បើទោះបីជាអាមេរិកវាយពន្ធទៅលើចិន ក៏កាន់តែបង្ហាញច្បាស់ថា អាមេរិក និងចិនរកស៊ីជាមួយគ្នាច្រើនណាស់។ អឺរ៉ុបរកស៊ីជាមួយចិនច្រើនណាស់។ កម្ពុជាបានដើរតួនាទីសំខាន់មួយ គឺរក្សាទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត រវាងអាស៊ាន-ចិន ដែលផលប្រយោជន៍ភាគច្រើនផ្តល់ឱ្យពួកអាស៊ាន ព្រោះចិនគឺប្រជាជន ១៣០០ លាននាក់ ត្រូវការច្រើនណាស់។ យើងក៏ត្រូវធ្វើប្រើប្រាស់ឱ្យអស់សក្តានុពល នូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន ដើម្បីនាំទៅប្រទេសចិន។ តំបន់ពាណិជ្ជកម្មសេរីអាស៊ានខ្លួនឯងប្រើប្រាស់ទំនិញគ្នាឯង។ តែថ្ងៃមុន ប្រជុំនៅ បាងកក ខ្ញុំជាមួយ (នាយករដ្ឋមន្ត្រី) មហាធៀរ ជម្រុញឱ្យទិញទំនិញគ្នាឯងឱ្យច្រើនបន្តិច។
ជូនកាដូសៀវភៅរូបភាពពីអតីតកាល និងបច្ចុប្បន្នរបស់កម្ពុជា និងក្រមាមួយម្នាក់
ខ្ញុំហាក់ដូចជានិយាយច្រើនពេកហើយ។ តែបើឱ្យខ្ញុំនិយាយៗ ពីរបីម៉ាត់ ម៉េចនឹងអស់? បើនិយាយពីប្រទេសមួយវាច្រើនវិស័យ រាប់ទាំងគុក … ស្អីៗឡើង ទៅហ្នឹងមិនមែនទៅឱ្យ ហ៊ុន សែន ចាប់ទេណា ទៅចាប់ ហ៊ុន សែន … ថ្ងៃនេះ អ្វីដែលជារបស់(អនុស្សាវរីយ៍)សម្រាប់បងប្អូន … មានត្រឹមតែរូបភាព កាលពីដែលខ្ញុំមកលើកមុន។ ខ្ញុំយកសៀវភៅក្រមង៉ុយ និងអាចារ្យ អ៊ូ ចុង យកមកដើម្បីជាកាដូ។ ហ្នឹងហើយជាអ្វីដែលខ្ញុំជូន។ ជាកាដូសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមកសួរសុខទុក្ខខ្ញុំ និងជួបជាមួយខ្ញុំ … យើងនឹងមានការថតរូបជាមួយគ្នាទៀត។ អ្នកដែលហត់ពិតប្រាកដ គឺមិនមែនអ្នកដែលអង្គុយស្តាប់ទេ គឺអ្នកនិយាយ បែកញើសហើយ។ ដល់ទៅពេលឈរថតរូប អ្នកដែលឡើងមកថតតែមួយភ្លែត គឺអត់បញ្ហា តែអ្នកដែលឈរម្នាក់ឯងទើបជាបញ្ហា។
(រូប)នេះគ្រាន់តែអាចឱ្យបងប្អូនយើងធ្វើការប្រៀបធៀបថា តំបន់វិមានឯករាជ្យរបស់យើងកាលពីឆ្នាំ ១៩៨០ និងឆ្នាំ ២០១៩ វាបែបណា ដើម្បីធ្វើការប្រៀបធៀបអំពីការរីកចម្រើនរបស់ស្រុកទេស។ ប៉ុន្តែ បើទៅខ្លួនឯងបាន អាហ្នឹងវាល្អ ទៅមើលខ្លួនឯងតែម្តងទៅ។ ត្រង់ព្រះសក្យមុនីចេតិយ កាលពីឆ្នាំ ១៩៦០ និងឆ្នាំ ២០១៩ វាខុសគ្នាដូចម្តេច? ប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីអតីតកាល ដែលជំនាន់ខ្មែរក្រហម ហើយនិងបច្ចុប្បន្នកាល ដែលពោរពេញទៅដោយទេសចរ។ តំបន់ស្ពានជ្រោយចង្វារ ដែលមុននេះ ត្រូវវាយបំបាក់ដោយសង្គ្រាម ឥឡូវនេះទៅជាស្ពាន ២ គ្រាន់តែជាការបង្ហាញ នឹងមានកាដូក្រមា មានតែប៉ុណ្ណឹង អាហ្នឹងតម្លៃ ២ ពាន់ ហើយ។
ខ្នោះ រង់ចាំ (អ្នកនយោបាយជាប់ពិរុទ្ធ) នៅគ្រប់ច្រក
សូមផ្ដាំ ពេលខ្ញុំចេញទៅផុត សុំកុំមកធ្វើបាតុកម្មថាដេញ ហ៊ុន សែន ថា ហ៊ុន សែន ខ្លាច ទើបចេញពីហ្សឺណែវ។ ហ៊ុន សែន ត្រូវតែចាកចេញតាមពេលវេលាកំណត់ បើមិនតាមពេលវេលាកំណត់ត្រូវសុំច្បាប់ហោះហើរឡើងវិញ។ ត្រូវដឹងច្បាប់ទម្លាប់ ក្នុងការសុំច្បាប់ឡើងវិញនេះ។ បើមិនទាន់មានប្រទេសណាមួយឆ្លើយតប គឺមិនអាចហោះចេញពីហ្សឺណែវបានទេ ទាល់តែឆ្លើយទាំងអស់ ព្រោះយើងត្រូវកាត់ដែនអាកាសរបស់គេ។ អញ្ចឹងបានមានអ្នកខ្លះសួរថា បើគេមក រួចហើយគេអត់ចុះ។ ខ្ញុំថាល្អតើ បើចូលដែនអាកាសកម្ពុជា ហើយមិនព្រមចុះ គិតមើលទៅ កងការពារអាកាសវានៅឯណា? សួរថា ម្នាក់ហ្នឹង តើវាមានយន្តហោះខ្លួនវាទៅហោះបញ្ឈឺចិត្តយើងនៅឯលើនោះទេ? … រួចគេសួរទៀត ចុះបើគេទៅ គេមិនព្រមចុះពីលើយន្តហោះ។ បានតើ បើកទ្វារយន្តហោះ ចាប់ទៅ។ មានស្អីពិបាកផងហ្នឹង។ អាហ្នឹងនិយាយពីផ្លូវច្បាប់ គេចាំឱ្យតែទៅទេតើ។ គេថា ចូលតាមប្រទេសថៃ នាំពលករចូលសម្រុកពីប្រទេសថៃ។ ស្រួលទេតើ មកតាមច្រកផ្លូវការណា ខុសច្រកផ្លូវការ ត្រូវមីនងាប់ណា។ ឥឡូវដោះមីនមិនទាន់អស់ទេ។
កុំលេងសើចរឿងហ្នឹង មកតាមច្រកត្រឹមត្រូវ ហើយមកដល់ច្រក ធម្មតាទេអាហ្នឹង ព្រោះអាហ្នឹងគេបិទរូបអីនៅហ្នឹង ដីកាអីមាននៅហ្នឹង មកតាមអាកាស ក៏ដាក់ខ្នោះនៅអាកាសយានដ្ឋានទៅ មកតាមច្រកផ្លូវគោកក៏ដាក់នៅហ្នុងទៅ វាមានទាស់ខុសអី។ វាដូចតែគ្នា ខ្នោះដូចតែគ្នា … ចង់ខ្នោះរបៀបអាគាំងក៏បាន។ ដឹងទេខ្នោះរបៀបអាគាំង(យ៉ាងម៉េច)? ខ្នោះរបៀបអាគាំងមិនដែលដាក់ខាងមុខទេ ខ្នោះអាគាំងតែវ៉ាប់ហើយទៅក្រោយហើយ។ អាខ្នោះទៅមុខនេះ ប៉ូលីសរបស់យើងគ្រោះថ្នាក់ប៉ុន្មានករណីហើយ។ ដាក់ទៅមុខ ដល់ទៅជាមួយគ្នាអញ្ចឹង វាលូកទាញកាំភ្លើងបាន … អញ្ចឹងបានយកពិសោធន៍អាគាំង តែដាក់គឹប ទៅក្រោយ។
សូមអរគុណជាមួយនឹងការចូលរួម ហើយក៏សូមតាមរយៈបងប្អូនទាំងអស់ អនុញ្ញាតឱ្យខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខអ្នកដែលមិនបានមកចូលរួម ហើយសូមអភ័យទោសចំពោះការនិយាយដ៏វែងអន្លាយរបស់ខ្ញុំ ក៏ប៉ុន្តែ ខ្ញុំមានការចាំបាច់ ដើម្បីជាសារប្រាប់បងប្អូន ទាំងអ្នកនៅទីនេះ និងអ្នកដទៃទៀតដែលកំពុងតាមមើល រាប់ទាំងអ្នកដែលប៉ុនប៉ងធ្វើបាតុកម្មដេញខ្ញុំ។ ថាកុំប្រើពាក្យដេញ ហ៊ុន សែន ព្រោះ ហ៊ុន សែន ទៅបាត់ហើយ ប្រើពាក្យផ្សេងទៅ ហើយឱ្យបានធ្វើពិតប្រាកដ។ ចាំមើលបានប៉ុន្មាននាក់? យើងនៅទីនេះជាង ១ ពាន់នាក់ ព្រោះឥឡូវចូលមកក្នុងនេះអត់អស់ទេ នៅខាងក្រៅមានទៀត ហើយខ្ញុំត្រូវឈរថតរូបជាមួយនឹង ១ ពាន់នាក់ហ្នឹង។
ចុងបញ្ចប់ ប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕