សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី ពិសារបាយជួបជុំអ្នកសារព័ត៌មានក្នុងស្រុក

កំណត់យក ១៤ មករា រាល់ឆ្នាំ ជួបអ្នកសារព័ត៌មាន ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានជួបជុំជាលើកដំបូងជាមួយនឹងអ្នកសារព័ត៌មាន។ ខ្ញុំក៏សូម​បញ្ជាក់​ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរ​សារទរ​គម្រប់​ខួបលើកទី ៣២ នៃការកាន់ដំណែងជានាយករដ្ឋមន្រ្តី ១៤ មករា ១៩៨៥ – ១៤ មករា ២០១៧ នោះ​ទេ។ ប៉ុន្តែ ការជួបជុំនេះគឺជាការជួបជុំ ដែលគប្បីត្រូវធ្វើប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំនេះ ហើយឆ្នាំក្រោយ យើង​គួរ​ត្រូវធ្វើធំជាងនេះ ហើយយើងគួរត្រូវកំណត់យកថ្ងៃទី ១៤ ខែ មករា ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំបែបនេះ។ ឆ្នាំក្រោយ នឹងបង្កើនចំនួនអ្នកសារព័ត៌មាន ខ្ញុំសូមយកឱកាសនេះជំនួសមុខឲ្យឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមអភ័យទោសពីសំណាក់​បងប្អូន​អ្នក​សារ​ព័ត៌មានមួយចំនួន ដែលបានបង្ហាញនូវការមិនសប្បាយចិត្ត ពីការមិនបានចូលរួមនាក្នុងឱកាសនេះ។ ខ្ញុំ​សង្ឃឹម​​ថា អ្នកទាំងអស់នោះនឹងមានការយោគយល់ មិនថាពេលនេះមិនបានចូលរួម យើងរៀបចំនៅដំណាក់​កាល​​ដំបូងប្រមាណជាង ១.០០០ នាក់។ ប៉ុន្តែ ឆ្នាំក្រោយ យើងអាចធ្វើ ៤.០០០ នាក់ នៃពិធីជួបជុំបែបនេះ។…