សេចក្ដីដកស្រង់ប្រសាសន៍ ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិ និងមន្ត្រីចំណុះក្រសួងព័ត៌មាន

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងអ្នកសារព័ត៌មានរបស់យើង សម្រាប់ឆ្នាំទី ៣។ ជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាព ជាជាតិសាសន៍មួយ រវាងអ្នកដឹកនាំ និងគ្រប់មជ្ឈដ្ឋាន អនុញ្ញាតអោយខ្ញុំសូមអភ័ទោស ពីការអវត្តមានរបស់ភរិយារបស់ខ្ញុំ ដែលមិនបានចូលរួមនៅក្នុងពេលនេះ។ ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយដែលយើងបានជួបជុំគ្នា។ ចាប់ផ្ដើមពីជំហានដំបូងនៅឆ្នាំទី ១ មានចំនួន (អ្នកសារព័ត៌​មានចូលរួម) តិចជាង(ឆ្នាំទី ២), ឆ្នាំទី ២ មានចំនួនច្រើនជាង(ឆ្នាំទី ១) ហើយឆ្នាំទី ៣ នេះគឺមានចំនួនច្រើនជាងឆ្នាំទៅ។ សង្ឃឹមថា ចំនួនអ្នកសារព័ត៌មានរបស់យើងនឹងកើនបន្តទៀត ហើយបើទោះបីជាកើនប៉ុន្មាន ក៏ខ្ញុំនៅតែមានឱកាសដើម្បីនឹងជួបប្រជុំប្រចាំឆ្នាំ។ រឿងជួបប្រជុំប្រចាំឆ្នាំនេះ អាចនិយាយបានថា ឥឡូវនេះ ខ្លួនខ្ញុំម្នាក់នេះ កំពុងតែក្លាយទៅជារបៀបវារៈ ឬក៏មុខសញ្ញានៃការស្នើសុំជួបជាមួយនឹងមជ្ឈដ្ឋាននានា។ យើងមានជំនួបជាមួយនឹងអ្នកសារព័ត៌មាន, យើងត្រូវមានជំនួបជាមួយនឹងសិល្បករ/ការិនី, យើងមានជំនួបជាមួយនឹងកីឡាករ/ការិនី, យើងមានជំនួបជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាមនៅពេលស្រាយបួស, យើងមានជំនួបជាមួយនឹងសមាគមខ្មែរចិន, យើងមានជំនួបផ្សេងៗទៀត ដែលនោះគឺជាការជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាពនៅក្នុងចំណោមជាតិសាសន៍របស់យើង…