សម្តេចតេជោ ហ៊ុន សែន ផ្ញើសារក្នុងបណ្តាញសង្គមស្តីពីការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន”

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។ តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រ ជាជាតិ ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះ ទៅឲ្យវៀត ណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ជាការរំពឹងទុក ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផល ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈ(វត្តមាន)ប្រជាជនដែលនៅតាមព្រំដែន ដែលជាព្រំដែនរស់ ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នា ការពារទឹកដី ប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា បំភ្លឺជាថ្មីអំពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ខណៈដែលក្រុមប្រឆាំងញុះញង់មួលបង្កាច់ការពិត ក្នុងបំណងបង្កអោយមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល

ខាងក្រោមជាខ្លឹមសារចម្លង សារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា បំភ្លឺជាថ្មីអំពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ក្នុងខណៈដែលក្រុមប្រឆាំងញុះញង់មួលបង្កាច់ការពិត ក្នុងបំណងបង្កអោយមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល៖ [១] ជូនបង​​ប្អូនកូនចៅទាំងឡាយ ដែលនៅក្នុងគ្រូបនេះ។ ខ្ញុំក៏បានស្ដាប់អស់លោក បងប្អូន (ដោះដូរមតិគ្នា)យូរដែរហើយ។ បងប្អូនកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ ក្នុងហ្នឹង យើងបានស្ដាប់ឮសម្លេងរបស់ ហៃ វណ្ណា ពីក្រៅប្រទេស ដើម្បីឱ្យបងប្អូន(ធ្វើសកម្មភាព)ឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាល តាមផ្លូវកាត់មួយដែលមិនមែនជាដំណើរការប្រជាធិបតេយ្យ។ បងប្អូន ចង់ប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដែស។ ប្រ​ហែលជាបងប្អូនយល់ច្រឡំអំពីសភាពការណ៍កម្ពុជា និងសភាពការណ៍បង់ក្លាដែស។ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់។ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់។ រឿងនេះ វាមិនអាចទៅរួចទេ។ រដ្ឋាភិបាលប្រទេសណាក៏ដូចប្រទេសណា ដោយតម្លៃណាក៏ដោយ ដែលបងប្អូនប៉ុន្មាននាក់មានបំណងបំផ្លាញសន្តិភាព(ជាធរមាន)នៃប្រជាជនរាប់លាននាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ។ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមក(ចូលរួម)បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្ដួ​​លរំលំ។ នៅទីនេះគឺមានបន្ទាត់ក្រហម។ រដ្ឋធម្មនុញ្ញបានចែងអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យើងទទួលយកនូវកង្វល់របស់បងប្អូនស្ដីពីការបាត់បង់ទឹកដី។ យើង(ទទួល)កង្វល់(របស់)បងប្អូន ស្ដីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលសភាពការណ៍ឱ្យច្បាស់ថា តើវាដូចជាអ្វីដែលពួកប្រឆាំងនៅបរទេសញុះញង់ឱ្យបងប្អូនធ្វើនោះទេ។ [២] ម្យ៉ាងទៀត បងប្អូនបានច្បិចយកករណី CLV​…

សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ ២០១៦(និងឆ្នាំ) ២០១៧ មានជាង ២០០០នាក់ ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម TikTok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕