សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាត ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងទិសដៅឆ្នាំ ២០១៦-២០១៧

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា ២០១៦-២០១៧» ដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងយ៉ាងឱឡារិក ក្នុងរយៈពេល ៣ ថ្ងៃ មកនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតមៃ្លខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផល សម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់កាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែ មានការអភិវឌ្ឍ ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ក្នុង ខណៈដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រម ទាំងធានាបាននូវភាពសុខដុម និងប្រ​ក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ជាការពិត វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ច ខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួង អប់រំ យុវជន និងកីឡា…

ការដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតក្រសួងអប់រំយុវជន និងកីឡា

បង្វិលឈើដែលចាប់បាន ឲ្យទៅក្រសួងអប់រំ ប្រើប្រាស់ក្នុងវិស័យអប់រំ … ខ្ញុំចង់យក​ឱកាស​នេះ ដើម្បីនិយាយបញ្ហាមួយចំនួន។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បាន​លើក​ឡើង​អំពីបញ្ហាប្រឈម ៣ ហើយក៏បានផ្ញើមកឲ្យខ្ញុំ។ ខ្ញុំចង់ឆ្លើយតបនៅទីនេះតែម្តង ហើយយកកន្លែងនេះ ធ្វើ​ជា​កន្លែងប្រកាសចេញចំណុចខ្លះ ដែលមិនធ្លាប់មានពីមុន។ ទី ១ ទាក់ទងនឹងបញ្ហាខ្វះសាលា ហើយចង់ឲ្យ​មាន​​បញ្ហាទាក់ទិននឹងសាលា​ឈើ។ ឥឡូវនេះ ធ្វើសាលាឈើ សាលាថ្ម ឬសាលាអី អាហ្នឹងរឿងមួយ រឿងធំ​ជាង​គេ ខ្ញុំសុំ​ប្រគល់ជូនឈើទាំងអស់ ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ ជូនក្រសួងអប់រំ យុវជន និង​កី​ឡា។​ មុន​មកនេះ ខ្ញុំបានទូរស័ព្ទសួរនាយឧត្តមសេនីយ សៅ សុខា តើឈើមានប៉ុន្មានឥឡូវហ្នឹង ឈើដែល​យើង​ឲ្យយុទ្ធ​នាការប៉ុន្មានខែនេះ? ថាមានប្រហែលជា ៣-៤ ម៉ឺនម៉ែត្រគូប។ បើអញ្ចឹង សូមឯកឧត្តម ហង់ ជួន​ណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើទ្វារបង្អួចសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើតុ ធ្វើ​កៅ​​អី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូ ក៏យកទៅ…