បង្វិលឈើដែលចាប់បាន ឲ្យទៅក្រសួងអប់រំ ប្រើប្រាស់ក្នុងវិស័យអប់រំ
… ខ្ញុំចង់យកឱកាសនេះ ដើម្បីនិយាយបញ្ហាមួយចំនួន។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងអំពីបញ្ហាប្រឈម ៣ ហើយក៏បានផ្ញើមកឲ្យខ្ញុំ។ ខ្ញុំចង់ឆ្លើយតបនៅទីនេះតែម្តង ហើយយកកន្លែងនេះ ធ្វើជាកន្លែងប្រកាសចេញចំណុចខ្លះ ដែលមិនធ្លាប់មានពីមុន។ ទី ១ ទាក់ទងនឹងបញ្ហាខ្វះសាលា ហើយចង់ឲ្យមានបញ្ហាទាក់ទិននឹងសាលាឈើ។ ឥឡូវនេះ ធ្វើសាលាឈើ សាលាថ្ម ឬសាលាអី អាហ្នឹងរឿងមួយ រឿងធំជាងគេ ខ្ញុំសុំប្រគល់ជូនឈើទាំងអស់ ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា។ មុនមកនេះ ខ្ញុំបានទូរស័ព្ទសួរនាយឧត្តមសេនីយ សៅ សុខា តើឈើមានប៉ុន្មានឥឡូវហ្នឹង ឈើដែលយើងឲ្យយុទ្ធនាការប៉ុន្មានខែនេះ? ថាមានប្រហែលជា ៣-៤ ម៉ឺនម៉ែត្រគូប។ បើអញ្ចឹង សូមឯកឧត្តម ហង់ ជួនណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើទ្វារបង្អួចសាលា ក៏ធ្វើទៅ ចង់យកទៅធ្វើតុ ធ្វើកៅអី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូ ក៏យកទៅ ចូលក្នុងវិស័យអប់រំទាំងអស់។
ចាប់ពីថ្ងៃនេះតទៅ ឈើទាំងឡាយ ដែលកាប់ខុសច្បាប់ទាំងប៉ុន្មាន រឹបអូសបាន ពីមុនមក ឲ្យតែរឹបអូសបាន តែងតែរកអ្នកដេញថ្លៃនាំចេញ។ ដល់វាបានសិទ្ធិនាំចេញ វានៅតែកាប់ទៀត។ ឥឡូវឈប់ហើយ ពីថ្ងៃនេះទៅ ដឹងក្បួនហើយ បង្វិលមកប្រើក្នុងវិស័យអប់រំទាំងអស់។ ចាប់បានប៉ុន្មានបង្វិលឲ្យ(ក្រសួង)អប់រំទាំងអស់តែម្តង។ សូមបញ្ជាក់ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យហើយ មិនមែនប្រគល់ឈើឲ្យ ១ ម៉ឺនម៉ែត្រគូប ទៅកាត់លុយក្រសួងអប់រំទេ។ នេះបានសេចក្តីថា បំពេញបន្ថែមឲ្យ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អត់មានកាត់ទេ។ ឧបមាឲ្យ ៥ ម៉ឺនម៉ែត្រគូបទៅ ទៅកាត់លុយប៉ុន្មានពាន់លាន ស្មើនឹងថ្លៃឈើ ងាប់គ្នាបាត់ហើយ។ ឥឡូវមានប្រគល់ថែម អាហ្នឹងវិនិយោគបន្ថែម។ មើល! កាប់យកទៅណាទៀត បើអត់ឲ្យចេញ រួចមិនឲ្យឈើហ្នឹងពុកទេ។ ឯកឧត្តម អង្គ វង្សវឌ្ឍនា ជួយផង បើសិនជារឿងហ្នឹងក្តីក្តាំនៅតុលាការ ឲ្យកាត់ឲ្យលឿន ដើម្បីយកឈើហ្នឹងមកប្រើប្រាស់។ ត្រូវរឹបអូសឲ្យលឿន បើមិនអញ្ចឹង ទម្រាំតែកាត់ក្តីរួច ឈើពុកអស់។ ទាក់ទងនឹងតុលាការ ខ្ញុំឆ្ងល់អញ្ចេះ កាលគេលួចកាប់ឈើ គេអត់បានទៅសុំតុលាការឯណា? ដល់ទៅយើងចាប់ឈើបាន វាទៅសុំតុលាការ។ អាហ្នឹងដូចមិនទំនងទេ។ អ្នកឯងទៅលួចកាប់ រដ្ឋបាលមានសិទ្ធិចាប់រឹបអូស។ ប៉ុន្តែ មានរឿងខ្លះ បើសិនជាទៅដល់តុលាការហើយ សូមឲ្យតុលាការពន្លឿននីតិវិធី ដើម្បីយកឈើហ្នឹងមកប្រើប្រាស់ឲ្យទាន់ពេល។
យល់ព្រមសំណើដាក់ព្រៃមួយចំនួន ឲ្យទៅជាព្រៃការពារតែម្តង
សូមឯកឧត្តម ហង់ ជួនណារ៉ុន ក្នុងឋានៈជាមេដឹកនាំ គ្រប់គ្រងលើបញ្ហាហ្នឹង។ ខ្ញុំដឹងតែថា ប្រគល់ឈើទាំងឡាយដែលរឹបអូនបានជូនក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់ក្នុងវិស័យអប់រំ ធ្វើជាសាលាក្តី ទ្វារ បង្អួចក្តី ការជួសជុល ធ្វើតុ កៅអី ផ្ទះគ្រូនៅក្បែរៗហ្នឹង ដើម្បីពង្រាយគ្រូទៅមូលដ្ឋាន គឺថាល្អជាងគេ គឺធ្វើផ្ទះឲ្យគ្រូ រឿងវាតែប៉ុណ្ណឹងទេ។ វិទ្យាល័យមេមត់ ខ្ញុំធ្វើ មានផ្ទះគ្រូ ដល់អញ្ចឹងទៅ គ្រូគាត់ទៅនៅហ្នឹងទៅ អញ្ចឹងវាស្រួលរបស់គាត់ទៅ។ រឿងលួចកាប់ហ្នឹងនៅតែបន្តហ្នឹង។ ឥឡូវហ្នឹង ខ្ញុំក៏សូមជម្រាបជូនដែរ ខ្ញុំបានយល់ព្រមហើយ ជាមួយនឹងសំណើពិគ្រោះពិភាក្សារបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ និងសំណើរួមគ្នាជាមួយក្រសួងកសិកម្ម និងបរិស្ថាន។ យើងដាក់ព្រៃមួយចំនួន ទៅជាព្រៃការពារតែម្តង ដូចព្រៃឡង់ហ្នឹង ទុកវាធ្វើអីទៀត ត្រូវដាក់វាជាព្រៃការពារតែម្តង។ អ្នកណាដែលទៅបំបួសស្អីៗ ទាំងសង្គមស៊ីវិលស្អីៗ ទៅរុំឈើស្អីៗហ្នឹង ដាក់ឲ្យចូលរួមក្នុងចលនាការពារព្រៃឈើហ្នឹងតែម្តង។ តំបន់ភ្នំក្រវាញក៏ដូចគ្នាដែរ ឲ្យវាទៅជាតំបន់ព្រៃការពារ ហើយម្យ៉ាងទៀត កាលពីដើមទសវត្សរ៍ ៩០ ព្រៃសម្បទានមានច្រើនណាស់ ច្រើនយកតែមែនទែន។ ព្រៃសម្បទានខ្លះ រហូតដល់គូរយកទីរួមខេត្ត ដល់ទៅមើលមានក្រុមហ៊ុនមួយ ខ្ញុំមិនចេញឈ្មោះទេ ជាង ១ លាន ហិកតា ដែលរដ្ឋមន្រ្តីកសិកម្មស្នើឡើង ដល់គូរយកទាំងអស់ ទីរួមខេត្តរតនគិរី និងបណ្តាស្រុកទាំងអស់ …។ តើមានការចាំបាច់ទុកព្រៃសម្បទានទៀតអត់? អត់មានការចាំបាច់ទេ ខ្ញុំឲ្យ សាយ សំអាល់ ពិភាក្សាជាមួយគ្នា ដកហូតមកវិញទាំងអស់នូវព្រៃសម្បទាន ព្រោះទុកព្រៃសម្បទានឥឡូវនេះ អ្នកណាគ្រប់គ្រងឲ្យប្រាកដ ឈ្មោះជាព្រៃសម្បទាន ប៉ុន្តែអ្នកឯងអត់មានសិទ្ធិកាប់ទេ។ អញ្ចឹងគួរដកហូតត្រឡប់មកវិញទាំងអស់ ហើយព្រៃណាដែលល្អ គឺដាក់ជាព្រៃការពារតែម្តងទៅ ដើម្បីរក្សាព្រៃឈើរបស់យើង។
ប៉ុន្តែឥឡូវបកមកនិយាយអានេះ ទទួលបានទេ ហ៊ានទទួលទេឈើ? ចង់បានអត់ ខាងអប់រំ? ប៉ុន្តែឥឡូវគ្រាន់ តែសួរជាគោលការណ៍ទេ ហ៊ានទទួលអត់ បើខ្ញុំឲ្យឈើ ត្រង់ធ្វើអីៗ អាហ្នឹងនៅនីតិវិធីបន្តទៀត ព្រោះអញ្ចេះ យើងត្រូវទៅដឹកឈើខ្លះ គេអាររួចហើយ ឈើខ្លះគេអត់ទាន់អារទេ យើងត្រូវធ្វើយ៉ាងម៉េច អីយ៉ាងម៉េច ត្រូវគិត មួយដំណាក់កាលទៀត ប៉ុន្តែខ្ញុំគ្រាន់តែសួរថា ពេលដែលឈើដែលយើងទទួលបាននេះ ប្រគល់ទៅជូន តើ ហ៊ានទទួលឬអត់? ឥឡូវយើងមានយន្តការជួយគ្នា។ ឧទាហរណ៍ យើងត្រូវការធ្វើសាលានៅខេត្តណាប៉ុន្មាន ក្នុងហ្នឹងយើងមានរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាជាមួយធ្វើ … យើងបានឈើអត់មានបង់ថ្លៃទៀត។ ត្រូវគិតអញ្ចេះ ក្រសួងអប់រំចុះទៅធ្វើវាមិនកើតទេ ប៉ុន្តែគ្រាន់តែថា លោកឯងជាមេអប់រំ ទទួល ឬមិនទទួលឈើនោះ? របៀបចាត់ចែងខាងក្រោមទេ គួរតែសប្បាយចិត្តទៅ ព្រោះមួយឆ្នាំ ៣-៤ ម៉ឺនម៉ែត្រគូប តម្លៃវាចូលដល់រយលាន អាហ្នឹងវាស្រូបចូលទៅក្នុងវិស័យអប់រំ វិនិយោគថែមទៅក្នុងវិស័យអប់រំ ប៉ុន្តែគ្រាន់តែថា ដាក់ទៅខេត្តណាប៉ុន្មាន ហើយ អាណិតសូមអញ្ចេះ កុំលេងដឹកសម្លាប់ផ្លូវ …។
ពង្រឹងជម្រុញការពង្រាយគ្រូបង្រៀនតាមជនបទ ដោយធ្វើផ្ទះ និងឲ្យប្រាក់មួយចំនួនសម្រាប់ថ្លៃឈ្នួលផ្ទះ
បញ្ហាទី ២ ជាបញ្ហាប្រឈម គឺបញ្ហាខ្វះខាតគ្រូ និងលើសគ្រូ។ ចំណុចនេះមិនមែនជាចំណុចថ្មីទេ គឺជាចំណុច ចាស់។ ក្នុងក្របខណ្ឌវិស័យអប់រំ និងវិស័យសុខាភិបាល មុននេះ ខ្ញុំតែងតែនិយាយក្នុងវិស័យសុខាភិបាលថា គ្រូពេទ្យ ៧០% បម្រើប្រជាជន ៣០% នៅឯទីក្រុង ទីប្រជុំជន ឯគ្រូពេទ្យ ៣០% បម្រើប្រជាជន ៧០% នៅឯ ជនបទ។ អញ្ចឹង បានជាពង្រឹងជម្រុញការពង្រាយគ្រូពេទ្យឡើងវិញនៅពេលនោះ ហើយក៏ដំណើរការបាន ជោគជ័យបណ្តើរៗរបស់វាដែរ។ ឥឡូវនេះ ក្រសួងអប់រំខ្លួនឯងត្រូវខិតខំធ្វើរឿងនេះ។ យើងមានលើកទឹកចិត្តចំពោះការពង្រាយគ្រូឡើងវិញ ឲ្យស្របជាមួយនឹងសេចក្តីត្រូវការ ព្រោះឥឡូវគ្រូប្រមូលផ្តុំនៅទីក្រុងទីប្រជុំជន ប៉ុន្តែខ្វះគ្រូនៅទីជនបទ។ យើងត្រូវមានវិធីដើម្បីដោះស្រាយបញ្ហាគ្រូដែលត្រូវទៅជនបទ។ ខ្ញុំបានផ្តល់គំនិតសម្រាប់សាលាមួយចំនួន ខ្ញុំថាបើសិនចង់បានគ្រូល្អ វិធីល្អជាងគេ គឺធ្វើផ្ទះគ្រូ ព្រោះបញ្ហាលំបាកក្នុងការពង្រាយគ្រូ គឺបញ្ហាកង្វះផ្ទះគ្រូហ្នឹងឯង។ អញ្ចឹង កន្លែងខ្លះ គឺយើងត្រូវប្រឹងតែម្តង នេះអា ៣-៤ ម៉ឺនម៉ែត្រគូបនេះ មានមួយចំនួនអាចធ្វើផ្ទះគ្រូបានតើ ដើម្បីឲ្យគេទៅ គេអាចមានផ្ទះនៅ ហើយបើសិនក្នុងករណីគ្មានផ្ទះ យើងបានផ្តល់នូវប្រាក់មួយចំនួន សម្រាប់ឲ្យពួកគាត់ជួលផ្ទះ អាហ្នឹងជាវិធីដោះស្រាយ។
ករណីកន្លែងនាយកនៅទំនេរ រយៈពេល ១ ខែ រដ្ឋមន្រ្តីក្រសួងអប់រំ ជាអ្នកតែងតាំងវិញ
… មួយទៀតអំពីបញ្ហាថាលំបាករឿងតែងតាំងនាយកសាលា។ ក្រសួងអប់រំ និងក្រសួងបរិស្ថាន ពីរក្រសួងនេះ រដ្ឋមន្រ្តីពីរនេះ រដ្ឋមន្រ្តីដែលហ៊ាននៅក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ប្រគល់អំណាចឲ្យមូលដ្ឋាន ប៉ុន្តែ មូលដ្ឋានអត់ចេះប្រើអំណាច។ ពីមុន ក្រសួងអ្នកតែងតាំង ក្រោយមក ក្រសួងបានបញ្ជូនរឿងហ្នឹងឲ្យទៅតាមថ្នាក់។ ឧទាហរណ៍ ថ្នាក់វិទ្យាល័យ ដូចជាខាងខេត្តអ្នកតែងតាំង ប៉ុន្តែស្រុកជាអ្នកវាយតម្លៃ។ អញ្ចឹងបានសេចក្ដីថា អាជ្ញាធរថ្នាក់ក្រោមជាតិទាំងខេត្ត ទាំងស្រុក គាត់មិនចេះប្រើអំណាច, គាត់ចង់បានអំណាច ប៉ុន្តែផ្ទុយទៅវិញ អំណាចនោះ គាត់មិនបានប្រើទេ។ បើអញ្ចឹងអំណាចគាត់មិនប្រើ យើងគួរយកមកប្រើវិញដែរ។ ឥឡូវអស់លោកចៅហ្វាយខេត្តស្ដាប់ឲ្យបាន បើអស់លោកមិនតែងតាំងទេ ទុកឲ្យចំហរនាយកសាលា? គ្រូមាន ១១ ម៉ឺន ឬ ១២ ម៉ឺននាក់។ លោកឯងខ្វះគ្រូ?
ឥឡូវយើងដាក់កំណត់អញ្ចេះ ស្ថានភាពទំនេរយូរបំផុត ១ ខែ។ យើងឲ្យអញ្ចឹងតែម្ដង។ បើសិនជាថ្នាក់ខេត្តមិនព្រមតែងតាំង គឺរដ្ឋមន្រ្តីអប់រំតែងតាំងតែម្ដង។ ឲ្យអំណាចទៅហើយ មិនព្រមធ្វើ យើងមានតែធ្វើខ្លួនឯង។ ឥឡូវធ្វើបែបបទ ហើយបើឲ្យខ្ញុំស៊ីញ៉េ ខ្ញុំក៏ស៊ីញ៉េដែរ ព្រោះយើងចាត់ចំណាត់ថ្នាក់តែងតាំងនាយកវិទ្យាល័យ តែងតាំងនាយកអនុវិទ្យាល័យ តែងតាំងនាយកបឋមសិក្សា (ដែល)ខេត្តជាអ្នកតែងតាំង ប៉ុន្តែត្រូវបានវាយតម្លៃដោយថ្នាក់ស្រុក ហើយនៅក្នុងនេះអត់មានត្រូវការឆ្លងក្រុមបឹ្រក្សាស្រុកឯណា? បើអត់ឆ្លង ចាំបាច់ទៅសុំឆ្លង? អត់មានច្បាប់ត្រូវឆ្លង។ យើងធ្វើឲ្យវា(បានល្អ) អត់មាន(យូរ)ទេ។ (ត្រូវ)គ្រប់គ្រងកូនចៅគេរាប់រយរាប់ពាន់ ហើយអត់មាននាយក(សាលា)អញ្ចឹងម៉េចកើត!។ យើងកំណត់គ្នាអញ្ចឹង។ រៀបចំជាស្ដង់ដារមួយ «ផ្ទេរសិទ្ធិឲ្យអភិបាលរាជធានី/ខេត្ត ជាអ្នកតែងតាំង លើមូលដ្ឋាននៃការវាយតម្លៃរបស់មូលដ្ឋាន ក្នុងករណីដែលកន្លែងនាយកនៅទំនេរ ក្នុងរយៈពេល ១ ខែ គឺសិទ្ធិនេះនឹងត្រូវធ្លាក់មករដ្ឋមន្រ្តីក្រសួងអប់រំ ជាអ្នកតែងតាំងវិញ» យើងដាក់អញ្ចឹងទៅវិញ។
នៅចាំបានទេ យប់មួយ ខ្ញុំទូរស័ព្ទក្នុងម៉ោងប្រហែលជា ១០:៣០ យប់ ទូរស័ព្ទរក(ឯ.ឧ ហង់ ជួនណារ៉ុន) ខ្ញុំថា ឥឡូវគេវាយ Whatsapp ចូលមកខ្ញុំ ដើម្បីសួរបញ្ជាក់អំពីរឿងហ្នឹង។ ខ្ញុំសួរទៅថា ចុះវិទ្យាល័យហ្នឹងម៉េចបានអត់មាននាយក(សាលា)? ថាអាហ្នឹងប្រគល់ឲ្យមូលដ្ឋានហើយ។ ប៉ុន្តែមូលដ្ឋានអត់តែងតាំង អញ្ចឹងឆ្លើយដាក់គ្នា។ ឥឡូវកុំឲ្យឆ្លើយដាក់គ្នា មានតែកំណត់ថា តែកាលណាម្នាក់ចូលនិវត្តន៍ ម្នាក់ត្រូវឡើងជំនួស ហើយបើក្នុងរយៈពេលមួយខែមិនតែងតាំងទេ យើង(រដ្ឋមន្រ្តីក្រសួងអប់រំ)តែងតាំងទៅ។ ប៉ុណ្ណឹងអាចទទួលរួចទេ? វាត្រូវតែទទួល ខ្ញុំជួយរកដំណោះស្រាយឲ្យលឿន។
ការរំកិលប្រាក់បៀវត្សរ៍លោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍
ប៉ុន្តែមានរឿងមួយក៏ត្រូវធ្វើដែរ នឹងបាន និងកំពុងធ្វើ ក៏ប៉ុន្តែក៏សូមបញ្ជាក់ជូនលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យដែលចូលនិវត្តន៍កាលពេលមុនថា កាលពីមុន អ្នកចូលនិវត្តន៍នេះ ប្រាក់ខែគ្រូត្រឹមបឋមសិក្សា ត្រឹមតែ ៤០០.០០០ រៀលទេ។ គាត់ចូលនិវត្តន៍ទៅ។ អ្នកចូលនិវត្តន៍បានប្រាក់ខែ ៦០%។ អញ្ចឹងគាត់ចូលនិវត្តន៍នៅក្នុងពេលដែលគ្រូនោះ មានប្រាក់ខែតែ ៤០០.០០០ រៀល។ ពេលចូលនិវត្តន៍ទៅ ប្រាក់ខែគាត់នៅតិច។ ឥឡូវ ថ្ងៃស្អែកនេះ ប្រាក់ខែទាបបំផុតសម្រាប់គ្រូបឋមសិក្សា និងគ្រូមត្តេយ្យ គឺស្មើនឹង ៨០០.០០០ រៀល ឬ ២០០ ដុល្លារ។ ដល់ពួកគាត់ចូលនិវត្តន៍ ប្រាក់ហ្នឹងនៅខ្ពស់។ យើងមានកម្មវិធីមួយ ខ្ញុំទើបនឹងចុះហត្ថលេខាកាលពីអាទិត្យមុន។ បានសេចក្ដីថា រំកិលអ្នកដែលចូលនិវត្តន៍មុន ដែលមានប្រាក់បៀវត្សរ៍ទាប ឲ្យវាឡើង ប៉ុន្តែមិនមែនរំកិលម្ដងឡើងរហូតភ្លាមទេ ត្រូវមានវិធីរបស់វា មើលក្នុងអនុក្រឹត្យដែលខ្ញុំបានចេញក្នុងប៉ុន្មានថ្ងៃមុននេះ។ ជម្រាបទៅលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍កាលពីពេលមុន យើងកំពុងមានកម្មវិធីរុញឡើង ដើម្បីកុំឲ្យគម្លាតវាធំពេក។ កាលពីមុន ប្រាក់ខែវាតិច ដល់ចូលនិវត្តន៍ទៅគ្នាបានតិច ដល់អ្នកប្រាក់ខែខ្ពស់ ថ្នាក់ប៉ុនគ្នា គ្រូបឋមដូចគ្នា ប៉ុន្តែចូលនិវត្តន៍ទៅបានប្រាក់ខែខ្ពស់។ អញ្ចឹងមានតែវិធីមួយ គឺរុញអ្នកពីខាងក្រោមហ្នឹង ឲ្យវាឡើងមកកៀកខាងលើ អត់មានចាប់អ្នកខាងលើឲ្យចុះក្រោមទេ។ អញ្ចឹងសូមការយោគយល់អំពីបញ្ហាហ្នឹងផងដែរ។
ប្រាក់ខែមុនសម្រាប់ខែ មេសា និងខែ ឧសភា
… សាច់ប្រាក់ដូចមិនមានបញ្ហាទេ ដោយសារតែប្រាក់ខែ មីនា បានបើកហើយ នៅតែប៉ុន្មានថ្ងៃទៀត ចាប់ផ្ដើមបើកប្រាក់ខែ មេសា ហើយ បូកបន្ថែម ៥០.០០០ រៀល ឧបត្ថម្ភចូលឆ្នាំទៀត។ លុយនៅលើទីផ្សារកកកុញ ក៏ប៉ុន្តែមិនបញ្ហាទេ។ ប្រាក់របស់យើង អត្រាប្ដូរប្រាក់ ៤០៥០ រៀល(ក្នុងមួយដុល្លារ) ប៉ុន្តែឥឡូវនេះនៅ ៤០៧០ រៀល។ មិនទាន់អីទេ។ វាមិនហើមទេ។ ប៉ុន្តែកម្មវិធីបង់ពន្ធក៏ត្រូវតែលឿនត្រឡប់មកវិញដែរ ហើយអាហ្នឹងត្រូវគិតតទៅទៀតហើយ។ ឯកឧត្តម ពេជ្រ ប៊ុនធិន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឥឡូវយើងត្រូវបើកបៀវត្សរ៍ឲ្យមន្រ្តីរាជការបានមុនចូលឆ្នាំ បានសេចក្ដីថា អាទិត្យទីពីរ ចាប់បើកប្រាក់ខែឲ្យហើយ ដល់ខែឧសភា ត្រូវបើកប្រាក់ខែនៅអាទិត្យទីបីវិញ ព្រោះមិនអញ្ចឹងយកទៅចាយអស់លុយរលីង។
កាលពីម្តាយខ្ញុំគាត់នៅកាលពីក្មេង គាត់បាននិយាយជាមួយខ្ញុំថា ដើម្បីចិញ្ចឹមក្បាលពួកហ្អែងរស់ ឲ្យពួកហ្អែង បានរៀនសូត្រ សក់អញមួយច្រៀកជា ១០ ដល់តែខ្ញុំប្រាប់គាត់វិញ ម៉ែ! កាលពីដើមសក់ម៉ែ ១ គ្រាន់តែច្រៀកជា១០ ទេ ឥឡូវសក់ខ្ញុំមួយច្រៀកជា ១០០០ ព្រោះខ្ញុំមិនមែនទទួលខុសត្រូវគ្រាន់តែ ៦ នាក់ (ដូច) ម៉ែឯងមានកូន៦ នាក់ នោះទេ។ ខ្ញុំមានបញ្ហាច្រើនណាស់ តែធ្វើមិនស្រួល ភ្លូកទឹក ភ្លូកដី បែកម៉ាក្រូសេដ្ឋកិច្ច ឬស្អីៗ សង្គ្រាម ពេញទឹកពេញដី ងាប់ប្រជាជនបណ្តោយ មិនមែនជារឿងលេងសើចទេ។ អញ្ចឹង ឯកឧត្តម ហង់ ជួនណារ៉ុន យើងអាចនិយាយគ្នាបាន គាត់ឆ្លាតដែរ(ហង់ ជួនណារ៉ុន) គាត់ប្រឹងរុញអានេះទៅដល់ខ្ញុំមុន …។
កម្ពុជាត្រូវតែពង្រឹងសមត្ថភាពទៅលើវិស័យអប់រំកាយ និងកីឡាឲ្យក្លាយទៅជាចលនាជាតិ
ល្ងាចថ្ងៃ ៤ មេសា ខ្ញុំនឹងជួបកីឡា ហើយសំណេះសំណាលមួយពេល និងទទួលទានអាហារជាមួយគ្នាមួយពេល។ បានដឹងហើយ។ ក៏ប៉ុន្តែ ខ្ញុំទូរស័ព្ទរកឯកឧត្តម ថោង ខុន មិនឃើញ។ ប៉ុន្តែ ឯកឧត្តម ហង់ ជួនណារ៉ុន ប្រយ័ត្ន ហៅតែកីឡា តែមិនហៅអាប៊ីត ឲ្យមានទាំងអស់ណា ឲ្យហៅមកទាំងអស់ បានសេចក្តីថាជួបជុំកីឡាមួយពេល នៅល្ងាចថ្ងៃទី ៤ ដើម្បីពង្រឹងវិស័យនេះ ឆ្ពោះទៅកាន់ ២០២៣។ ប៉ុន្តែ បើទោះបីគ្មាន ២០២៣ ក៏កម្ពុជាត្រូវតែពង្រឹងលើសមត្ថភាពរបស់ខ្លួនទៅលើវិស័យកីឡា អប់រំកាយ និងកីឡានេះ ដើម្បីឲ្យក្លាយទៅជាចលនាជាតិមួយ សម្រាប់កុមារ និងយុវជនរបស់យើង។ ខ្ញុំកំពុងតែប៉ងប្រាថ្នាធ្វើម៉េចឲ្យចៅរបស់ខ្ញុំក្លាយទៅជា ជម្រើសជាតិផ្នែកបាល់ទាត់មួយឲ្យខានតែបាន អាចបានមួយក្នុងចំណោមចៅប្រុសៗ ១០ យ៉ាងហោច មាន មួយនៅឆ្នាំ ២០២៣ ត្រូវតែហ្វឹកហាត់ចៅហ្នឹងមួយឲ្យចូលទាត់ក្នុងជម្រើសជាតិ ព្រោះឥឡូវទារទៅតាមហើយ កោះពេជ្រថ្ងៃ ៤ ហ្នឹង សុទ្ធតែប្រុសៗ៕