ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា ២០១៦-២០១៧» ដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងយ៉ាងឱឡារិក ក្នុងរយៈពេល ៣ ថ្ងៃ មកនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតមៃ្លខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផល សម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់កាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែ មានការអភិវឌ្ឍ ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ក្នុង ខណៈដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រម ទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ជាការពិត វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ច ខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួង អប់រំ យុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតាសិស្ស-និស្សិត សហគមន៍ និងឤជ្ញាធរដែនដី នៅទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្ស ប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា ការជួយរៀបចំផែនការសកម្មភាព និងការជួយជ្រោមជ្រែងក្នុងការអនុវត្តសកម្មភាពការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា នាពេលកន្លងមក និងការបន្តគាំទ្រ អនុវត្តនៅពេលខាងមុខ។
ពិតណាស់ថា ឈរលើកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ត្រូវបានទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងច្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង សង្គម។ ក្នុងនោះ កម្ពុជាកំពុងស្ថិតលើគន្លងផ្លូវដ៏ត្រឹមត្រូវលើការងារអភិវឌ្ឍន៍ ដែលកាន់តែរីកចម្រើនឡើង ជាលំដាប់ លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមប្រមាណ ៧,៧% ក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ហើយឆ្នាំ ២០១៦ កន្លងទៅនេះ កម្ពុជាសម្រេចបាននូវអត្រាកំណើន ៧,១% វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកាន់តែមានភាពរស់រវើក តភ្ជាប់ គ្រប់ទិសតំបន់ ដែលមិនត្រឹមតែធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័នផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងធ្វើសមាហរណកម្មប្រទាក់ក្រឡាទៅនឹងប្រទេសជិតខាងទៀតផង។ ដោយឡែក លើការងារកសាង ធនធានមនុស្ស កម្ពុជាបានអភិវឌ្ឍខ្លួន តាំងពីមានអ្នកចេះដឹងក្នុងចំនួនតិចតួចបំផុត នៅដើមទសវត្សរ៍ ១៩៨០ ដែលជាដំណាក់កាល «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ» រហូត ឈានដល់បង្កើតបានជាប្រព័ន្ធ ដែលមានស្តង់ដារនៅគ្រប់កម្រិតនៃការអប់រំបណ្តុះបណ្តាល។ ប្រការនេះ សបញ្ជាក់ឱ្យឃើញថា វិស័យអប់រំនៅកម្ពុជាពិតជាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់។
ជារួម វិស័យអប់រំកាន់តែដើរតួនាទីសំខាន់ឡើង ក្នុងការរួមចំណែកដល់ការបង្កើនសក្តានុពលនៃស្រទាប់ យុវជនជំនាន់ថ្មី ឱ្យកាន់តែមានចំណេះដឹង កាន់តែមានសមត្ថភាពខ្ពស់ ក្នុងការចាប់ច្បាមយកការងារ បង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជា រួមចំណែកដល់កិច្ចដំណើរការអភិវឌ្ឍន៍ ប្រទេសជាតិ ព្រមទាំងការពង្រឹងស្មារតី និងឆន្ទៈរួមរបស់ប្រជាជន ឱ្យស្រឡាញ់ និងការពារថែរក្សានូវសុខ សន្តិភាព។ ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅគ្រប់កម្រិតសិក្សា និងការ ប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព គឺជាការចាំបាច់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ តាមរយៈនេះ ខ្ញុំសូមគាំទ្រចំពោះអភិក្រម និងវិធីសាស្ត្រថ្មីៗ ដូចមានក្នុងរបាយការណ៍បូកសរុប លទ្ធផលសន្និបាតរបស់ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ក្នុងគោលដៅបង្កើនសមត្ថភាពភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
ចំពោះមុខនេះ រាជរដ្ឋាភិបាលនឹងបន្តវិភាជថវិកាបន្ថែមប្រចាំឆ្នាំដល់វិស័យអប់រំ ការផ្តល់ឤទិភាពជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្តន៍ ការធ្វើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច ការពង្រឹងសមត្ថភាពគ្រប់គ្រង និង គុណភាពប្រឡង។ ទន្ទឹមនោះ រាជរដ្ឋាភិបាលនឹងបន្តគិតគូរអំពីការដំឡើងប្រាក់បៀវត្សរ៍ជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សាជាបន្តបន្ទាប់ទៀត ព្រមទាំងការខិតខំកៀរគរធនធាន មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីវិនិយោគ ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាស្ថិរភាព ទីផ្សារការងារ ការលើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន។
ក្នុងស្មារតីបន្តលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាឱ្យឈានទៅសម្រេចបានតាមគោលដៅ នៃគោល នយោបាយអភិវឌ្ឍន៍វិស័យអប់រំ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង អប់រំ យុវជន និងកីឡា ដូចខាងក្រោមនេះ៖
ទី ១. បន្តអនុវត្តការងារឱ្យសកម្ម ឱ្យមានប្រសិទ្ធភាព ធានាគុណភាពអប់រំ ដើម្បីឈានទៅសម្រេចបាននូវ សមធម៌ និងការលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ក្នុងនោះ ត្រូវខិតខំ ជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូចៗ តាមគោលដៅកំណត់ គឺកុមារត្រូវសិក្សាឱ្យបានយ៉ាងតិច ៩ ឆ្នាំ សាលារៀនមានបរិស្ថានស្អាត មានការផ្គត់ផ្គង់ទឹកស្អាត និងមានបង្គន់អនាម័យ ស័ក្តិសមជាទីកន្លែងអប់រំ បណ្តុះគំនិតស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយជាដើម។ ទន្ទឹមនោះ ត្រូវបន្តយកចិត្តទុកដាក់លើ ការពង្រីកកម្មវិធីផ្តល់ឤហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ពិសេសសិស្សនារី និងសិស្ស ក្នុងគ្រួសារក្រីក្រ ធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា ផែ្នកគណិតវិទ្យា វិទ្យាសាស្រ្ត បចេ្ចកវិទ្យា វិស្វកម្ម និងភាសាបរទេស ទន្ទឹមនឹងការខិតខំលើកកម្ពស់ការយល់ដឹងអំពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ និងការអប់រំសីលធម៌សង្គម ការពង្រឹងការអប់រំក្រៅប្រព័ន្ធ ការខិតខំអនុវត្តកម្មវិធី សាលារៀនជំនាន់ថ្មី ដោយអនុវត្តឱ្យសកម្មលើការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃសេវាអប់រំនៅ គ្រប់ភូមិសិក្សា។
[ចាប់ផ្តើមអត្ថាធិប្បាយ]
ជម្រុញ និងបន្តសកម្មភាពយុវជន ចូលរួមប្រកួតប្រជែងក្នុងទិវាវប្បធម៌ជាតិ ៣ មីនា
ចំណុចនេះ ពាក់ព័ន្ធនឹងប្រធានបទ នៃទិវាវប្បធម៌ប្រចាំឆ្នាំ ៣ មីនា ដែលយើងត្រូវបន្តនូវសកម្មភាព យុវជន និងវប្បធម៌ជាតិជាបន្តទៀត ដែលកន្លងទៅមានគ្រឹះស្ថានសិក្សាបានចូលរួមច្រើន។ ហើយខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗបន្តទៀត គឺនឹងមានការចូលរួមរបស់យុវជនតាមគ្រឹះស្ថានសិក្សានានា ដើម្បីចូលរួមប្រកួតប្រ ជែងនៅក្នុងទិវាវប្បធម៌ ៣ មីនា របស់យើងជាបន្តទៀត។
[បញ្ចប់អត្ថាធិប្បាយ]
ទី ២. អនុវត្តឱ្យមានភាពរស់រវើកនូវ «គោលនយោបាយ ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់ គ្រងរបស់មន្ត្រីអបរ់គ្រប់លំដាប់ថ្នាក់» ដោយក្នុងនោះ ត្រូវបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាននៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំ ពង្រាយគ្រូបង្រៀនឱ្យបានដល់មូល ដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការ ងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ។
ទី ៣. អនុវត្តឱ្យសកម្មលើការងារយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះយុវជន ឱ្យមានស្មារតី ទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន ពង្រឹងយន្តការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ សំដៅបំផុសចលនារៀបចំបណ្តាញយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា។ ព្រមជាមួយនោះ ត្រូវបន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់ (Soft Skills) សម្រាប់យុវជន ពិសេស លើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និង ភាពរឹងមាំ នៃកោសិកាសង្គម។
ទី ៤. អនុវត្តឱ្យសកម្មលើការងារកីឡា ដោយត្រូវអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត អភិវឌ្ឍកម្មវិធីអប់រំកាយ និងកីឡា និងការហាត់ហ្វឹកហ្វឺនតាមលក្ខណៈជាតិ និងអន្តរជាតិ ពង្រឹង និងពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា។ ជាមួយនេះ ត្រូវខិតខំអនុវត្តគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍការអប់រំកាយ និងកីឡា ព្រមទាំងបំផុសស្មារតីមហាជន ពិសេសយុវជន យើងឱ្យបានចូលរួមគ្រប់ៗគ្នា។ ក្នុងនោះ ការជំរុញវិស័យកីឡា មិនមែនត្រឹមតែដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងត្រូវជំរុញលើកទឹកចិត្តឱ្យវិស័យកីឡាជំនាញ និងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡា ដើម្បីឆ្ពោះទៅទទួលបានជោគជ័យ ក្នុងការរៀប ចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀត ផង។
[ចាប់ផ្តើមអត្ថាធិប្បាយ]
តម្រូវការទីតាំងហ្វឹកហាត់កីឡា មានតាំងពីបឋមសិក្សា
ចំណុចនេះ អនុញ្ញាតឲ្យខ្ញុំទាក់ទាញយកចិត្តទុកដាក់ពីមន្ត្រីគ្រប់ផ្នែកដែលមានការពាក់ព័ន្ធ ទៅលើបញ្ហា វិស័យកីឡានេះ។ ឆ្លងកាត់ការធ្វើដំណើរប្រមាណជាង ៥ ពាន់គីឡូម៉ែត្រ ហើយដែលផ្សារភ្ជាប់តំបន់មួយ ទៅកាន់តំបន់មួយ ខ្ញុំពិនិត្យឃើញថា កុមារ យុវជន និងក្នុងចំណោមគ្រូបង្រៀនរបស់យើង ត្រូវការខ្លាំង ណាស់ជាមួយនឹងទីតាំងហ្វឹកហាត់កីឡានៅតាមសាលារៀន។ មិនមែនគ្រាន់តែតាមវិទ្យាល័យ ឬមហាវិ ទ្យាល័យនោះទេ ប៉ុន្តែ តម្រូវការខាងផ្នែកកីឡានេះ មានតាំងពីបឋមសិក្សាទៅ។ ដូច្នេះ ខ្ញុំសុំស្នើឲ្យមានការ យកចិត្តទុកដាក់បន្ថែមទៀតទៅលើវិស័យកីឡា ចាប់ពីថ្នាក់មូលដ្ឋានឡើងមកតែម្តង។
ខ្ញុំបានធ្វើដំណើរទៅកន្លែងមួយចំនួន ភាសានិយាយដូចគ្នា សម្រាប់សិស្សបឋមសិក្សា និងសិស្សអនុវិទ្យា ល័យ ដែលមាននូវទីតាំងជាប់គ្នា។ ទីតាំងជាប់គ្នានោះ ឧទាហរណ៍៖ បាល់ទាត់ មានខាងអនុវិទ្យាល័យ ប៉ុន្តែ ខាងបឋមសិក្សានៅជាមួយគ្នា(ទីតាំងសាលារួមជាមួយគ្នា) ប៉ុន្តែ ជារបស់អនុវិទ្យាល័យ។ ដល់កូន សិស្សបឋមសិក្សានេះ បានស្នើសុំថា «លោកតា! ឲ្យខ្ញុំស្នើសុំកន្លែងទីតាំងបាល់ទាត់មួយ» ហើយអញ្ចឹងខ្ញុំក៏ និយាយទៅវិញថា «ចុះចៅឯងមិនទៅទាត់នៅតារាងនោះ?» «អាតារាងនៅក្បែរហ្នឹង អត់ទេ ពេលចៅចូលទៅ គេថា ចៅឯងតូចពេលគេអត់ឲ្យទាត់»។ អញ្ចឹង សិស្សខាងអនុវិទ្យាល័យធំជាង ទាត់តែគ្នាគេហ្នឹង អញ្ចឹង អត់អាបឋម(សិក្សា)។
រក្សាដីនៅតាមមូលដ្ឋាន ដើម្បីបណ្តុះបណ្តាលវិស័យកីឡា/ជក់លេងកីឡា ប្រសើរជាងជក់គ្រឿងញៀន
ចំណុចនេះ ខ្ញុំអំពាវនាវមិនមែនគ្រាន់តែបញ្ហាទាក់ទងជាមួយចាងហ្វាង ឬក៏គ្រូប៉ុណ្ណឹងទេ ទាក់ទងទៅហ្នឹងការទទួលខុសត្រូវ(របស់)អាជ្ញាធរថ្នាក់ក្រោមជាតិ ហើយនឹងការចូលរួមនានាពីសប្បុរសជន និងពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធ។ បើនៅតាមមូលដ្ឋាន យ៉ាងហោចណាស់រក្សាបានដីទុកឲ្យបានធំ ដើម្បីជាផ្នែកនៃការបណ្តុះបណ្តាលវិស័យកីឡានេះ ហើយបើយើងឲ្យយុវជន និងកុមាររបស់យើង លេងកីឡាកាន់តែច្រើន អារឿងផ្តេសផ្តាស (ដូចជា)សេពគ្រឿងញៀនស្អីៗនេះ វាកាត់បន្ថយទៅឯងតែម្តង ដោយសារតែជក់(នឹង)កីឡា។ សុខចិត្តឲ្យជក់(នឹង)កីឡា ឲ្យលេងកីឡា ប្រសើរជាងឲ្យទៅជក់គ្រឿងញៀន និងដើរលេងផ្តេសផ្តាស។
ក្រៅពីបាល់ទាត់ បាល់ទះ និងបាល់បោះ ត្រូវយកចិត្តទុកដាក់បង្កើតទីតាំងកីឡាកាយសម្ព័ន្ធ
មួយទៀតខ្ញុំឃើញថា កីឡារបស់យើងច្រើនតែយកចិត្តទុកដាក់នៅតាមសាលាតែបីផ្នែកទេ បាល់ទាត់ បាល់ទះ បាល់បោះ ប៉ុន្តែ មានទីកន្លែងមួយធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ហើយត្រូវកែសម្រួលឡើងវិញនៅក្នុងដំណើររបស់ខ្ញុំ។ នៅពេលដែលខ្ញុំទៅខេត្តព្រៃវែងចុងក្រោយនេះ គ្រូកីឡាបានមកស្នើសុំថា ក្រៅពីតារាងបាល់ទាត់ តារាងបាល់ទះ និងតារាងបោះបោះ សុំកីឡាកាយសម្ព័ន្ធ។ នេះជាការខ្វះការយកចិត្តទុកដាក់របស់យើង មួយ គិតតែពីអារឿងអាទាត់ អាទះ និងអាបោះ ប៉ុន្តែ អាកាយសម្ព័ន្ធ ទាក់ទងនឹងការលោតចម្ងាយ លោត កម្ពស់ ឬចោលដុំដែក ដែលជាប្រភេទកីឡានានា យើងខ្វះការយកចិត្តទុកដាក់អាហ្នឹងទៅវិញ។ អញ្ចឹងទេ បានជាទីតាំងកន្លែងហ្នឹងវាមិនត្រូវការធំពេកទេ។ (រួមជាមួយ)បាល់បោះ យើងក៏ត្រូវរៀបចំនូវទីកន្លែងសម្រាប់ការហ្វឹកហាត់របស់ផ្នែកកាយសម្ព័ន្ធផងដែរ ហោចណាស់ក៏ត្រូវមានការលោតចម្ងាយ ការលោតកម្ពស់ ការចោលស្អីៗ ដើម្បីធានាថា កីឡារបស់យើងវាទៅជាសំណុំ។ ឯក្រៅពីនោះ នៅមានបញ្ហាកីឡាហែលទឹករបស់យើង ហើយកីឡាហែលទឹកឥឡូវហ្នឹង ឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធផង ក្រៅពីកន្លែងកំពង់ចាម មើលកន្លែងដទៃទៀតដែលយើងអាចជម្រុញវិស័យកីឡានេះឲ្យកាន់តែខ្លាំង។
ទាត់បាល់មិត្តភាព រវាងឥណ្ឌា និងកម្ពុជា
ល្ងាចមិញ ការប្រកួតមួយដ៏អស្ចារ្យដែរ ថ្ងៃនេះមានអគ្គរដ្ឋទូតឥណ្ឌាមក ឬអត់? សុំអរគុណដែលបានបន្ធូរដៃ។ តែមិនមែនជាការបន្ធូរទេ គឺជាការទាត់មួយដ៏ស្វិតស្វាញ រវាងប្រទេសមួយ ដែលមានប្រជាជនជិត ១.៣០០ លាននាក់ ជាមួយនឹងប្រទេសមួយដែលមានប្រជាជនត្រឹមតែ ១៥ លាននាក់។ ដោយសារតែប្រវត្តិនៃការជួបគ្នាកាលពីទស្សវត្សរ៍ ៦០ ឥណ្ឌាទាត់ចូលកម្ពុជា ៦-០ ប៉ុន្តែ ទាត់ពីម្សិលនេះ គឺប៉ុណ្ណឹងបានហើយ។ ប៉ុន្តែ យើងត្រូវការឈ្នះនៅ(ពេល)ក្រោយទៀត។ អាតង់ទី ១ ហ្នឹង សង្កត់ឥណ្ឌាជាប់ទៅហើយ ប៉ុន្តែ ដល់ទៅគ្រាប់យើងចាញ់គេទៅវិញ។ ដល់អាចុងក្រោយហ្នឹងគាបជាប់ ប៉ុន្តែ បើសិនជាអ្នកចាំទីរបស់ឥណ្ឌាមិនរហ័សរហួនទេ ចាញ់កម្ពុជាហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះជាការប្រកួតមិត្តភាព។ ពីមុននេះ កម្ពុជាមិនដែលស្គាល់ពាក្យថាឈ្នះទេ ប៉ុន្តែឥឡូវកម្ពុជាស្គាល់ពាក្យឈ្នះហើយ។ អញ្ចឹងទេ យើងក៏ត្រូវបន្ត មិនមែនត្រឹមតែឈ្នះ(ការ)ប្រកួតគ្នាឯងក្នុងស្រុកទេ ត្រូវប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដូចដែលយើងបាននាំមេដាយមាសពីការប្រកួតថ្នាក់តំបន់ និងថ្នាក់ពិភពលោកមកកាន់កម្ពុជាផងដែរ។
បន្តការខិតខំ និងត្រូវហ៊ានវិនិយោគជាមួយនឹងវិស័យកីឡា
អញ្ចឹងទេ ក្នុងវិស័យ អប់រំ យុវជន និងកីឡា របស់យើងផ្នែកកីឡា ត្រូវបន្តការខិតខំ ហើយត្រូវហ៊ានវិនិ យោគជាមួយនឹងវិស័យកីឡានេះ។ តាមរយៈការខិតខំទាំងអស់គ្នា ហើយក្នុងហ្នឹងអាចមានសប្បុរសជន ខ្លះជួយទៅលើវិស័យកីឡា ព្រោះថានៅកន្លែងខ្លះ ខ្ញុំទៅមើលក្មេងៗទាត់ គាត់អត់សូវត្រូវការអីច្រើនប៉ុន្មានទេ។ អាហ្វឹកហាត់ដំបូង គាត់អត់ត្រូវ(ការ)ទីធ្លាដូចនៅស្តាតឯណា? ប៉ុន្តែ ត្រូវធ្វើឲ្យវាស្អាតចៀសវាងក្មេងគ្រេចជើង។ គ្រាន់តែតារាង ហើយនិងមានបាល់ឲ្យទាត់ ស្បែកជើងអីឲ្យទាត់ហ្នឹង គាត់ទាត់(ទៅហើយ)។ ខ្ញុំទៅទាត់ប៉ុន្មានគ្រាប់ មានអាមួយគ្រាប់នោះអស់ទាស់តែម្តង (សម្តេច និងមហាជនសើច) គេបញ្ជូលទៅក្នុង YouTube ទៀត។ បាល់ហ្នឹងដូចបាល់របស់ Beckham អញ្ចឹង។ មិនបានប៉ុន្មាននាទីផង ស្រាប់តែ ឃើញគេដាក់បញ្ជូលក្នុង YouTube បាត់ទៅហើយ។
មាតាបិតា អាណាព្យាបាល យុវជន និងកីឡា បង្កើនសកម្មភាពលើវិស័យកីឡា
អញ្ចឹងទេ ខ្ញុំសុំអំពាវនាវ ហើយក៏អំពាវនាវចំពោះមាតា(បិតា) អាណាព្យាបាល អំពាវនាវចំពោះយុវជន និង កុមារ សុំបង្កើនសកម្មភាពលើវិស័យកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងវិស័យកីឡាផង។ ហើយក៏អំ ពាវនាវចំពោះមនុស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យប្រឹងប្រែងហ្វឹកហាត់ យ៉ាងតិចចេះ(បាន)មួយក្នុងចំណោមកីឡា(ច្រៀនប្រភេទ)។ បើយើងធ្វើអាហ្នឹងបាន គឺថា សកម្មភាពកីឡារបស់យើងផុលផុស។ បើចេះច្រើនជាងមួយ អាហ្នឹងកាន់តែល្អហើយ ប៉ុន្តែ យ៉ាងតិចចេះមួយ។
នៅតាមសួនច្បារសាធារណៈនានា ត្រូវរៀបចំឲ្យបានស្អាត ដើម្បីជាកន្លែងហាត់ប្រាណរបស់ប្រជាជន
… ប្រជាពលរដ្ឋយើងចេះហាត់ប្រាណ។ ហាត់ប្រាណឥឡូវស្រួលទេ។ ឥឡូវមានអាបទ (រាំ)អញ្ចេះៗ អញ្ចឹងទៅ គាត់ទៅសប្បាយរីករាយ ហើយនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ខ្ញុំដូចមកពីណាទេ? កាត់តាមទីស្តីការគណៈរដ្ឋមន្ត្រី កាត់តាមមុខក្រសួងការពារជាតិរហូតទៅ គាត់មានការហាត់ប្រាណនៅតាមហ្នឹង។ អញ្ចឹងទេ យើងត្រូវទុកសួនច្បារទាំងឡាយ (និង)រៀបចំឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋរបស់យើងហាត់ ប្រាណ។ វាកាត់បន្ថយនូវជំងឺនេះជំងឺនោះ រាប់ទាំងជំងឺដាច់សរសៃឈាមផងដែរ តាមរយៈនៃសកម្មភាពកីឡានេះ។
[បញ្ចប់អត្ថាធិប្បាយ]
ទី ៥. បង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដោយត្រូវរៀបចំសកម្មភាពឱ្យឆ្លើយតប ទៅនឹងឤទិភាពនៃការអភិវឌ្ឍជាតិ ផ្សារភ្ជាប់នឹងការអប់រំ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពគោលការណ៍សេរីភាព ប្រជាធិបតេយ្យ ផ្សារភ្ជាប់ នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជម្ងឺអេដស៍ ការលុបបំ បាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងការលុបបំបាត់រាល់ទម្រង់ នៃការរើងអើងគ្រប់ប្រភេទក្នុង សង្គម។
តាមរយៈអនុសាសន៍ ដែលបានលើកឡើងមកនេះ ខ្ញុំជឿជាក់ថា អង្គសន្និបាតនឹងយកធ្វើជាមូលដ្ឋាន ពិចារណា និងរៀបចំជាធាតុចូលបន្ថែម សម្រាប់អនុវត្តក្នុងទិសដៅឆ្នាំសិក្សាថ្មីនេះ និងឆ្នាំបន្តបន្ទាប់ទៀត ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ខណៈដែលការអប់រំនេះ គឺជាកិច្ចការឤទិភាពរបស់ជាតិ ដែលត្រូវ ធ្វើជាប្រចាំ និងត្រូវបន្តធ្វើមិនឈប់ឈរពីជំនាន់មួយទៅជំនាន់មួយទៀត។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា ២០១៦-២០១៧» នាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រី បុគ្គលិកសិក្សា លោកគ្រ អ្នកគ្រូ សាស្រ្តចារ្យ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕