សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាត ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងទិសដៅឆ្នាំ ២០១៦-២០១៧

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា ២០១៦-២០១៧» ដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងយ៉ាងឱឡារិក ក្នុងរយៈពេល ៣ ថ្ងៃ មកនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតមៃ្លខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផល សម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់កាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែ មានការអភិវឌ្ឍ ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ក្នុង ខណៈដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រម ទាំងធានាបាននូវភាពសុខដុម និងប្រ​ក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ជាការពិត វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ច ខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួង អប់រំ យុវជន និងកីឡា…