មេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប សម្រេចឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០

FN ៖ ទីបំផុតទៅមេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានសម្រេចជាឯកច្ឆ័ន្ទហើយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ។ នេះជាការទទួលបានឱកាសលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះ ក្រោយក្លាយជាសមាជិកកាលពីឆ្នាំ២០១៤។ ការសម្រេចបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។ ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ក្នុងការទទួលជាប្រធានសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែងក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបដោយសារៈសំខាន់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកន្លងមក។ ពិសេសក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកតាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕

សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំអាស៊ី-អឺរ៉ុបថា កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិក និងកូរ៉េទាំងពីរ ដើម្បីនាំមកនូវសុខសន្តិភាព

FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំពោះមុខមេដឹកនាំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ។ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។ សម្តេចតេជោ បានលើកឡើងថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា «ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឲ្យបានខ្ជប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក»។ សម្តេចតេជោ បន្ថែមថា «យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព»។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយនៅលើឧបទ្វីបកូរ៉េ៕

សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប ប្រព្រឹត្តនូវកំហុសលើកម្ពុជាជាលើកទី៣ឡើយ ពាក់ព័ន្ធការដក EBA

FN ៖ នៅចំពោះមុខតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពាក់ព័ន្ធបញ្ហាការចង់ដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីកម្ពុជា ដោយសម្តេចបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនអឺរ៉ុបដក EBA ក្លាយជាការពិតមែននោះ អឺរ៉ុបនឹងក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តកំហុសចំពោះកម្ពុជាជាលើកទី៣។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ លោក ម៉ាទីន ហេយ (Martin Hayes) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចកំពុងបំពេញបេសកកម្មការងារ នៅទីក្រុងប្រ៊ុសហ្សែល ប្រទេសប៊ែលហ្ស៊ិក។ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជា កាលពីទសវត្ស៧០ កំហុសទី២ គាំទ្រដល់របបខ្មែរក្រហមជាង១ទសវត្ស ពិសេសគាំទ្រខ្មែរ ក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជាធិបតេយ្យ នៅសហភាពអឺរ៉ុបសម្រាប់កម្ពុជា»។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល…