FN ៖ នៅចំពោះមុខតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពាក់ព័ន្ធបញ្ហាការចង់ដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីកម្ពុជា ដោយសម្តេចបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនអឺរ៉ុបដក EBA ក្លាយជាការពិតមែននោះ អឺរ៉ុបនឹងក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តកំហុសចំពោះកម្ពុជាជាលើកទី៣។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ លោក ម៉ាទីន ហេយ (Martin Hayes) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចកំពុងបំពេញបេសកកម្មការងារ នៅទីក្រុងប្រ៊ុសហ្សែល ប្រទេសប៊ែលហ្ស៊ិក។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជា កាលពីទសវត្ស៧០ កំហុសទី២ គាំទ្រដល់របបខ្មែរក្រហមជាង១ទសវត្ស ពិសេសគាំទ្រខ្មែរ ក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជាធិបតេយ្យ នៅសហភាពអឺរ៉ុបសម្រាប់កម្ពុជា»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា កន្លងមកមានប្រទេសមួយចំនួន ក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ា ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA)។ សម្តេចតេជោបន្តដែរថា កន្លងមក EU បានជួយដល់កម្ពុជា លើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សំរេចដកនូវ EBA គឺហាក់បីដូចជា EU បោះបង់ចោលនូវអ្វីដែលខ្លួនបានធ្វើកាលពីពេលកន្លងមក។
លោក ម៉ាទីន ហេយ (Martin Hayes) ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ វានិងធ្វើឲ្យបះពាល់ដល់ បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះ តំណាងធុរកិច្ចទាំងអស់របស់ EU និងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្តន៍ EBA ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួន សម្រាប់កម្ពុជា។
លោក ម៉ាទីន ហេយ បន្តថា ប្រសិនជាមានការអនុវត្តនូវ EBA មែននោះ តម្លៃទំនិញនិងមានការកើនឡើងរហូតដល់១២% ដែលនាំចូលមកទីផ្សារអឺរ៉ុប ដែលនោះ គឺជាការខាតបង់ដល់ច្រើននៅតំបន់អឺរ៉ុប៕