FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំពោះមុខមេដឹកនាំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ។ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។
សម្តេចតេជោ បានលើកឡើងថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា «ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឲ្យបានខ្ជប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក»។
សម្តេចតេជោ បន្ថែមថា «យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយនៅលើឧបទ្វីបកូរ៉េ៕