FN ៖ ទីបំផុតទៅមេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានសម្រេចជាឯកច្ឆ័ន្ទហើយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ។ នេះជាការទទួលបានឱកាសលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះ ក្រោយក្លាយជាសមាជិកកាលពីឆ្នាំ២០១៤។
ការសម្រេចបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។
ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ក្នុងការទទួលជាប្រធានសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែងក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបដោយសារៈសំខាន់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកន្លងមក។ ពិសេសក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកតាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕