សុន្ទរកថា ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាម​ពល អាកាសធាតុ បរិស្ថាន»

ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី; ជាបឋម, ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងត្រេកអរយ៉ាងក្រៃលែង ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» ដ៏មានសារៈសំខាន់នេះឡើង។ ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុង ការស្វែងរកដំណោះស្រាយសកលរួម។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ, ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល អាកាសធាតុ និង  បរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។…

វ៉ាក់សាំងចំនួន ៤ លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាទៀតហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤ លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែកក្កដា ឆ្នាំ ២០២១នេះ។ វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស។ វ៉ាក់សាំង ៤ លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតចាប់តាំងពីថ្ងៃទី ០៧  ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ១៧ លានដូសរួចហើយ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕

វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន ១ លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ព្រឹកថ្ងៃចន្ទ ទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ១​ លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥ លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣ លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាបន្ថែមទៀតផងដែរ។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣ លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។ គិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤ លាននាក់ ស្មើនឹងជិត ៤០ ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ​១៩បានល្អ…