សម្តេចតេជោ វិលពីចូលរួមប្រជុំកំពូលសហប្រជាជាតិ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាននិវត្តមកដល់មាតុ​ភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ ការអនុម័តរបៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហប្រជាជាតិ នៅបុរី ញូយ៉ក សហរដ្ឋអាមេ​រិក ពីថ្ងៃ ២៥ ដល់ ២៧ កញ្ញា។

ចំណុចសំខាន់ៗ នៃ ការចូលរួមមតិ ក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពី “សមភាពយ៉េនឌ័រ និងការលើកកំពស់សិទ្ធិអំណាចស្រ្តី” នៅសម័យប្រជុំកំពូលសហប្រជាជាតិ

វាយចម្លងតាមច្បាប់ដើម ឯកឧត្តមប្រធាន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង «កិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពីសមភាព យ៉េនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្រ្តី: ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ»។

សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ ក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាន នូវរបៀបវារៈអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥»

ឯកឧត្តមប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តម ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រជាជាតិ ដើម្បី អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងឱកាសប្រារព្ធខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហ- ប្រជាជាតិ យើងកំពុងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ ដែលជម្រុញឱ្យកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍសកលមានភាពកាន់តែរឹងមាំជាងមុន។ ប្រធានបទ នៃកិច្ចពិភាក្សាយើងថ្ងៃនេះ ដែលផ្តោតលើ «ការផ្លាស់ប្តូរពិភពលោក  តាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥» បានគូស បញ្ជាក់អំពីភារកិច្ច និងការទទួលខុសត្រូវរួមជាសកលរបស់យើងទាំងអស់គ្នា ដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខ ដោយឈរលើសមិទ្ធិ- ផល នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ដែលយើងបាន រួមគ្នាដាក់ចេញមកកាលពី​ ១៥ ឆ្នាំមុន។ ក្នុងស្មារតីនេះ ខ្ញុំរីករាយនឹងជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាន នូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាពពេញលេញ ស្ថេរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម…