ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយ ដែលបានមកចូលរួមជាមួយនឹងលោកជំទាវអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន។ ចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជាមួយឯកឧត្តម លោកជំទាវ និង បងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវ(ប្រវែង) ១៤០ គីឡូម៉ែត្រ និយាយលេខគត់ ដែល តភ្ជាប់ពីច្បារមន ឱរ៉ាល់ ឧត្តុង្គ នៅក្នុងខេត្តកំពង់ស្ពឺ។ ព្រមជាមួយនឹងពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវផ្លូវដ៏ មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ ក៏យកឱកាសប្រកាសអោយប្រើប្រាស់នូវផ្លាកសុវត្ថិភាព ដែលបន្ដិច ទៀតនេះ នឹងពន្យល់អំពីចំណុចខ្លះដែលទាក់ទិនជាមួយនឹងសុវត្ថិភាពនៃចរាចរណ៍។ អនុញ្ញាត អោយខ្ញុំព្រះករុ ណាខ្ញុំ សំដែងនូវការរីករាយជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺរបស់យើងនេះ ដែលមុននេះ ជាតំបន់ប្រ យុទ្ធស៊ីសាច់ហុតឈាម ហើយជាតំបន់ដែលមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ជាពិសេស ការធ្វើដំ ណើរពីផ្លូវជាតិលេខ ៤ របស់យើងនេះ ទៅកាន់ស្រុកឱរ៉ាល់ និងបណ្ដាស្រុកផ្សេងៗទៀត ដែលមានការតភ្ជាប់ នៅក្នុងតំបន់នេះ។ ប៉ុន្តែពេលនេះ ស្ថានភាពបានផ្លាស់ប្ដូរពីតំបន់ដែលមានសង្រ្គាមរាំងជល់ ទៅជាតំបន់ដ៏ មានភាពសុខសាន្ត ហើយពីតំបន់ដែលមានការលំបាកក្នុងការធ្វើដំណើរ (ក្លាយ)ទៅកាន់តំបន់ ដែលងាយ ស្រួលក្នុងការធ្វើដំណើរ ដែលនោះជាចំណុចដ៏ល្អមួយសម្រាប់ជាការឈានឡើងរបស់ប្រជាជនកម្ពុជា។
មិត្តចិនបានផ្តល់ហិរញ្ញប្បទានកសាងផ្លូវ ១.៩៨១ គីឡូម៉ែត្រ, ៦៧៦ កំពុងសាងសង់
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ តាមរយៈលោកជំទាវអគ្គរដ្ឋទូត ពូ ជីនហ្គោ(BU Jianguo) នៃសាធារណរដ្ឋប្រជាមានិតចិន សូមផ្ដាំផ្ញើការអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវការគាំទ្រទាំងឡាយសម្រាប់ការកសាងផ្លូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានផ្លូវជាតិលេខ ៤៤ នេះផងដែរ។ នៅក្នុងចំណោមផ្លូវដែលមិត្តចិនបានផ្ដល់ហិរញ្ញប្បទានសម្រាប់យើង មកដល់ពេលនេះ ផ្លូវដែលបានកសាងរួចហើយ មានចំនួន ១.៩៨១ គីឡូម៉ែត្រ។ ផ្លូវដែលកំពុងសាងសង់មាន ៦៧៦ គីឡូម៉ែត្រ ហើយនិងផ្លូវដែលនឹងត្រៀមសាងសង់នៅមានមួយចំនួនទៀត។ ក្នុងឱកាសនៃការជួបចរចាជាមួយនឹងប្រធានាធិបតី ស៊ី ជីងពីន (Xi Jinping) និងការចរចាជាមួយនឹងនាយករដ្ឋមន្រ្តី Li Keqiang កាលពី ២ អាទិត្យមុននេះ ព្រមដោយការចរចាពីម្សិលមិញ ជាមួយនឹងរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ចិន ទាក់ទងជាមួយនឹងការផ្ដល់ហិរញ្ញប្បទានសម្រាប់កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកសុំអោយមិត្តចិនផ្ដល់នូវការគាំទ្រទាំងឡាយ សម្រាប់កម្ពុជាអភិវឌ្ឍ ក្នុងនោះ គឺមានមួយផ្នែកធំទាក់ទងនឹងការតភ្ជាប់របស់យើងនេះឯង។
អត្ថប្រយោជន៍នៃផ្លូវជាតិលេខ ៤៤
សម្រាប់ប្រជាជនអ្នកខេត្តកំពង់ស្ពឺនេះ បានទទួលផលយ៉ាងច្រើន។ មួយផ្នែកសម្រាប់ខាងស្ដាំដៃបើពីទីក្រុងភ្នំពេញ ដែលទាក់ទងជាមួយផ្លូវជាតិលេខ ៤៤ នេះ ដែលតភ្ជាប់រវាងក្រុងច្បារមន ស្រុកឱរ៉ាល់ ទៅស្រុកឧត្តុង ដែលគេអាចធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ផ្លូវជាតិលេខ ៥ ដោយមិនចាំបាច់ឆ្លងកាត់ទីក្រុងភ្នំពេញ ឬទៅណាវែងឆ្ងាយនោះទេ។ ឯសម្រាប់អ្នកដែលធ្វើដំណើរទៅកាន់កំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តបាត់ដំបង គឺមិនចាំបាច់ធ្វើដំណើរទៅកាត់ទីក្រុងភ្នំពេញទេ លើកលែងតែអ្នកមានតម្រូវការទៅកាន់ទីក្រុងភ្នំពេញតែប៉ុណ្ណោះ។ អញ្ចឹង នេះជាការធ្វើដំណើរតាមរយៈផ្លូវកាត់មួយ ដែលជាប្រព័ន្ធដឹកជញ្ជូនសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ផ្ទុយទៅវិញ អ្នកមកពីខាងបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ កំពង់ឆ្នាំង ដែលចង់ធ្វើដំណើរទៅកាន់ខេត្តកំពត ចង់ធ្វើដំណើរទៅកាន់ខេត្តតាកែវ ចង់ធ្វើដំណើរទៅក្រុងព្រះសីហនុ ឬខេត្តកោះកុង ក៏មិនបាច់ឆ្លងទីក្រុងភ្នំពេញដែរ គឺអាចធ្វើដំណើរឆ្លងកាត់តាមតំបន់នេះតែម្ដង។ ដូច្នេះ ផ្លូវនេះមិនគ្រាន់តែផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាជននៅក្នុងតំបន់នេះប៉ុណ្ណោះទេ ក៏ប៉ុន្តែបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេង សម្រាប់អ្នកដែលត្រូវទទួលផលពីផ្លូវជាតិលេខ ៤៤ នេះ។ សម្រាប់ខាងឆ្វេងដៃវិញ គឺមានផ្លូវមួយចំនួន ដែលបានតភ្ជាប់ពីខេត្តកំពង់ស្ពឺរបស់យើង ទៅកាន់ខេត្តតាកែវ ខេត្តកំពត ហើយគឺជាផ្នែកៗ ដើម្បីដោះស្រាយបញ្ហា នៃទំនាក់ទំនងផ្ទៃក្នុងរបស់យើង។
អរគុណរដ្ឋាភិបាល និងប្រជាជនចិន/ការចូលរួម ៦៨ ដងនៃ ក្នុងរយៈពេល ៣ ឆ្នាំ របស់លោកជំទាវ ប៊ូ ជានហ្គូ
សូមលោកជំទាវពាំនាំនូវការអរគុណទាំងឡាយរបស់ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាល ផ្ដល់នូវការគាំទ្រសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយគ្មានការភ្ជាប់នូវលក្ខខណ្ឌនយោបាយណាមួយ។ ដូច្នេះហើយ សូមអរគុណណាស់ ដែលបានកត់ត្រាថា នៅពេលដែលលោកជំទាវបានធ្វើជាអគ្គរដ្ឋទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជំនួបក្នុងរយៈពេល ៣ ឆ្នាំ គឺមានរហូតទៅដល់ ៦៨ ដង។ នេះបង្ហាញពីភាពសកម្មនៃទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ហើយក្រៅពីនោះ លោកជំទាវពិតជាមានការហត់នឿយច្រើនក្នុងការធ្វើដំណើរ ដើម្បីនឹងចូលរួមសម្ពោធបើកការដ្ឋាន ឬក៏សម្ពោធដាក់អោយប្រើប្រាស់ ហើយក្នុងប៉ុន្មានថ្ងៃទៀត គឺលោកជំទាវ (នៅ)ពេលព្រឹក ថ្ងៃទី ១១ យើងនឹងធ្វើដំណើររួមគ្នាទៅតភ្ជាប់ស្ពានឆ្លងកាត់ទន្លេបាសាក់ ហើយបន្ទាប់មកវិញ តាមការផ្លាស់ប្ដូរកម្មវិធី គឺជួបលោកជំទាវក្នុងពេលល្ងាច ដើម្បីជាការលាគ្នា ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា មិនទាន់ជាការលាគ្នាចុងក្រោយនោះទេ។
ប្រវែងស្ពានដែលមិត្តចិនបានជួយ និងការស្នើសុំបន្ថែមនូវស្ពានពីរទៀត
សម្រាប់ស្ពានវិញ គឺពេលនេះ មិត្តចិនបានជួយហិរញ្ញប្បទានកសាងស្ពានសម្រាប់ប្រទេសកម្ពុជារបស់យើង រហូតទៅដល់ ៧ ស្ពាន ដែលមានស្ពានកសាងរួចហើយនោះ គឺមាន(ប្រវែង) ៦.៤០៩ ម៉ែត្រ។ បានសេចក្ដីថា ៦,៥ គីឡូម៉ែត្រ ដែលបានកសាងរួចហើយ បន្ថែមដោយស្ពានដែលនៅសេសសល់។ ក៏ប៉ុន្តែមិនទាន់អស់ទេ នៅសល់ស្ពានពីរទៀត ដែលយើងកំពុងតែស្នើសុំ ហើយស្ពានមួយកំពុងតែធ្វើការចរចាតម្លៃ គឺស្ពានស្ទឹងត្រង់ និងក្រូចឆ្មារ នៅខេត្តកំពង់ចាម និងស្ពានមួយទៀត ដែលតភ្ជាប់នៅឯទន្លេមេគង្គខាងខេត្តក្រចេះ ដើម្បីតភ្ជាប់ផ្លូវទៅកាន់ខេត្តកំពង់ធំ។ នេះគឺជាការរួមចំណែកដ៏ធំ ក្នុងការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលខ្ញុំព្រះករុណាខ្ញុំ នៅតែមានមោទនភាពនៅក្នុងការធ្វើការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងនីមួយៗ ត្រូវមានថវិកាបដិភាគ, កងប្រតិបត្តិការរក្សាសន្ដិភាព ជួយដោះមីន និងគ្រាប់មិនទាន់ផ្ទុះ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធក្នុងថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងការកសាងនូវសមិទ្ធផល គឺផ្លូវជាតិលេខ ៤៤ នេះ។ ក្នុងនោះ ក្រសួងទាំងពីរ ជាពិសេសក្រសួងសាធារណការ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ដល់ថវិកាសម្រាប់ថវិកាបដិភាគ។ គម្រោងនីមួយៗ យើងសុទ្ធតែមានតម្រូវការនៃថវិកាបដិភាគទាំងអស់ ប៉ុន្តែអ្វីដែលសំខាន់នោះ នៅត្រង់ថា អាជ្ញាធរថ្នាក់ក្រោមជាតិនៃខេត្តកំពង់ស្ពឺ បណ្ដាស្រុក ឃុំ ដែលមានការតភ្ជាប់នៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋបានចូលរួមសហការ ក្នុងការដោះស្រាយផលប៉ះពាល់ទាំងឡាយនៅក្នុងតំបន់ ដែលផ្លូវនេះធ្វើការឆ្លងកាត់។
ម្យ៉ាងទៀត ក៏សូមថ្លែងនូវការកោតសរសើរចំពោះកងប្រតិបត្តិការរក្សាសន្ដិភាព ដែលធ្វើការដោះមីននៅតាមដងផ្លូវនេះ។ ប្រទេសរបស់យើង គឺជាប្រទេសដែលមានសង្រ្គាម ហើយគ្រាប់មិនទាន់ផ្ទុះ គឺមានច្រើនណាស់ ដែលទាមទារនូវការចាំបាច់ទៅលើការចំណាយ ដែលមិនអាចខកខានបាន សម្រាប់ការដោះស្រាយមីន។ ក្នុងនោះ យើងបានបោសសំអាតមីនលើផ្ទៃដីចំនួនជាង ៨ លានម៉ែត្រការេ ដែលរកឃើញមីនប្រឆាំងនឹងថ្មើរជើងចំនួន ៤៤ គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៧៤ គ្រាប់ និងលោហធាតុផ្សេងៗទៀតចំនួន ៦៥០ គីឡូក្រាម។ ដែលចំណុចទាំងអស់នេះហើយ យើងកសាងផ្លូវផង យើងផ្ដល់នូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋតាមរយៈការបំផ្លាញចោលមីន និងគ្រាប់មិនទាន់ផ្ទុះផងដែរ។
ការស្វែងរកសន្ដិភាព នៅក្នុងខេត្តកំពង់ស្ពឺ ស្រុកឱរ៉ាល់
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការសប្បាយរីករាយជាមួយនឹងការតភ្ជាប់ ដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិកាលពីមុននេះ ហាក់ដូចជាគ្មានអ្នកណាសង្ឃឹមថា នឹងមានផ្លូវនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ហើយអនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្ដិចទៅដល់ប្រវត្តិសន្ដិភាពនៅក្នុងតំបន់ឱរ៉ាល់របស់យើងនេះ។ មិនគួរត្រូវបានលាក់លាមតទៅទៀតទេ នូវចំណុចដែលថា តើត្រូវធ្វើវិធីយ៉ាងណា ដើម្បីបញ្ចប់សង្រ្គាមនៃតំបន់មួយ ដែលធ្លាប់តែជាតំបន់ជាទីកន្លែងប្រយុទ្ធស៊ីសាច់ហុតឈាម ជាពិសេស គឺនៅស្រុកឱរ៉ាល់ ដែលតភ្ជាប់តាមផ្លូវរបស់យើងនេះ។ បើយើងនិយាយពីសារបានប្រវត្តិតំបន់ឱរ៉ាល់ រលាក់កងជើងអីនេះ គឺជាតំបន់ដែលរដ្ឋាភិបាលមុនៗ មិនអាចគ្រប់គ្រងបានទេ មិនដែលគ្រប់គ្រងបានតែម្ដង រាប់ទាំងរដ្ឋាភិបាលជំនាន់បារាំង រាប់ទាំងជប៉ុនចូលស្រុកខ្មែរ ហើយនិងបន្តបន្ទាប់មកទៀត តំបន់ឱរ៉ាល់នេះ គឺជាតំបន់ជ្រកកោន ដែលតភ្ជាប់ រលាក់កងជើង រហូតតភ្ជាប់ទៅសំឡូតនោះ គឺជាតំបន់សុវត្ថិភាពបំផុត នៃកម្លាំងប្រដាប់អាវុធ ដែលតស៊ូប្រឆាំងនឹងរដ្ឋបាល។
អាចថា ជាតំបន់មជ្ឍិមនៃខ្មែរក្រហម ដែលជាកម្លាំងតស៊ូមួយនៅក្នុងដំណាក់កាលនៃការគ្រប់គ្រងរបស់បារាំងផង ហើយនៅក្នុងដំណាក់កាលក្រោយមកទៀត មុនឆ្នាំ ១៩៧០ ផង និងក៏ជាតំបន់ដែល(សម្រាប់)ជ្រកកោន និងជាតំបន់ប្រយុទ្ធ បន្ទាប់ពីឆ្នាំ ១៩៧៩ ដែលយើងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រឿងមួយ ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកបញ្ចេញថា តើសិល្បៈនៃការស្វែងរកសន្ដិភាព ដំណើរការបែបណានៅក្នុងតំបន់នេះ? ជាតំបន់ដែលចាប់ផ្ដើមសាកល្បងនៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ មិនដឹងថាថ្ងៃនេះ នាយឧត្តមសេនីយ៍ កែវ ពង្ស មកកាន់ទីនេះឬអត់? នាយឧត្តម សេនីយ៍ កែវ ពង្ស គឺជាមេវ៉ៃកន្លែងហ្នឹងហើយ។ អង្គុយចុះ អរគុណណាស់។ ហ្នឹងជាមេ ដែលចូលរួមក្នុងបទពិសោធន៍នៃការដោះស្រាយបញ្ហាតាមនយោបាយឈ្នះឈ្នះ ហើយខ្ញុំព្រះករុណាខ្ញុំ ជាមួយឯកឧត្តម ទៀ បាញ់ ឯកឧត្តម ប៉ុល សារ៉ឿន និងអ្នកដឹកនាំដទៃទៀត បានមកធ្វើសមាហរណកម្មនៅតំបន់ឱរ៉ាល់ (ចង្អុលទៅខាងណាត្រូវតាពង្ស)។
ខ្ញុំព្រះករុណាខ្ញុំ លើកឡើងចំណុចមួយ បើគិតខុសតែបន្តិច អត់ជោគជ័យទេ។ ពេលនោះ យើងទាក់ទងបានជាមួយនឹង កែវ ពង្ស ដែលមានបំណងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល។ កែវ ពង្ស បានបញ្ជូនកូនទៅរៀននៅទីក្រុងភ្នំពេញដោយស្ងាត់ស្ងៀម អត់មានអ្នកណាដឹងទេ ប៉ុន្តែ កែវ ពង្ស នៅដឹកនាំប្រតិបត្តិការសឹក នៅតំបន់ឱរ៉ាល់ ដែលតភ្ជាប់នៅភាគនិរតីរបស់កម្ពុជានេះ។ កែវ ពង្ស បានធ្វើដំណើរដោយសម្ងាត់ចូលទៅក្នុងទីក្រុងភ្នំពេញ។ ពេលដែលធ្វើការរួចហើយ ត្រូវឲ្យ កែវ ពង្ស ត្រឡប់មកកាន់តំបន់នេះវិញ។ ពេលនោះ មានបងប្អូនខ្លះ បានលើកឡើងថា ចុះបើសិនជា កែវ ពង្ស ក្បត់ជាមួយយើង មិនព្រមអនុវត្តនូវផែនការ តើនឹងដោះស្រាយបញ្ហានេះរបៀបណា។ ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយតបជាមួយនឹងអ្នក មន្រ្តីនៅក្រោមឱវាទថា ប្រសិនជា កែវ ពង្ស ក្បត់យើង មិនព្រមអនុវត្តនូវផែនការនោះ គ្មានការបាត់បង់អ្វីទាំងអស់ មិនលើស ហើយក៏មិនខ្វះ នៅត្រង់ថា បើសិនជា កែវ ពង្ស នៅជាមួយយើងតែម្នាក់ឯង ខ្មែរក្រហមបាត់កម្លាំងតែម្នាក់គត់ គឺបាត់ កែវ ពង្ស ហ្នឹងឯង ក្រៅពីនេះ ខ្មែរក្រហមនៅរក្សានូវកម្លាំងរបស់គេ និងតំបន់ដែលគេគ្រប់គ្រងទាំងអស់។
ឯកឧត្តម ប៉ុល សារឿន មាស សោភា ទៀ បាញ់ នៅចាំទេ? អានេះ គេហៅថាសិល្បៈនៃការបញ្ជាកម្លាំង ដែលត្រូវធ្វើគណិតសាស្រ្តឲ្យច្បាស់។ ពេលហ្នឹងបើថា កែវ ពង្ស ត្រឡប់មកវិញ មិនព្រមអនុវត្ត មិនលើស មិនខ្វះ នៅត្រង់ថា បើសិនជាទុក កែវ ពង្ស តែម្នាក់ឯងនៅទីក្រុងភ្នំពេញ ខ្មែរក្រហម បាត់កម្លាំងតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែ បើ កែវ ពង្ស ត្រឡប់មកវិញ កែវ ពង្ស មិនអនុវត្ត ខ្មែរក្រហម គឺអត់លើសអត់ខ្វះ គឺកម្លាំងនៅដដែល ប៉ុន្តែ បើកែវពង្សអនុវត្ត យើងយកតំបន់ឱរ៉ាល់ទាំងមូលតែម្តង។ នេះជាចំណុចដែលត្រូវគិតឲ្យឃើញ ជួនកាលគិតមិនជ្រៅ ទៅមិនឆ្ងាយ គឺគិតថា កែវ ពង្ស ម្នាក់ អាចកំណត់ចាញ់ឈ្នះ ទៅលើសមរភូមិមួយនេះបាន។ ប៉ុន្តែ កែវ ពង្ស បានធ្វើកិច្ចការងារនេះដ៏ជោគជ័យ។ ក្នុងនោះនៅដើមឆ្នាំ ១៩៩៦ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ឆ្នាំនោះជាឆ្នាំរងា យើងបានធ្វើសមាហរណកម្មនៅតំបន់ឱរ៉ាល់នេះ បន្ទាប់ពីឱរ៉ាល់ជោគជ័យហើយ បានយើងចាប់ផ្តើម បញ្ចូលនូវទ្រឹស្តីនៃនយោបាយឈ្នះឈ្នះ ទៅកាន់តំបន់ដទៃទៀត ដូចជាប៉ៃលិន សំឡូត កំរៀង ភ្នំព្រឹក្ស មេឡៃ និងតំបន់រហូតទៅដល់តំបន់ខាងនៅខាងក្នុងនេះ មានតាកែនកោះស្លា។
ចំណុចត្រង់នេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវនិយាយ ឲ្យបានថា ការគិតខុសតែបន្តិច សន្តិភាពនឹងមិនអាចកើតមាន ប៉ុន្តែ បើយើងគិតត្រូវ យើងនឹងទទួលបានផលធំ។ ន័យដូចគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននិយាយប្រាប់ទៅដល់ម្តាយរបស់ខ្ញុំ ទៅដល់ម្តាយធំរបស់ខ្ញុំ ដែលគាត់បាននិយាយមកកាន់ខ្ញុំថា៖ ហ្អែង! ចូលទៅក្នុងតំបន់ខ្មែរក្រហម មិនខ្លាចគេសម្លាប់ទេអី? ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយតបជាមួយ គាត់ថា ម៉ែ! ធំ! បើសិនជាស្លាប់ ស្លាប់តែខ្ញុំម្នាក់ និងអ្នកអមដំណើរខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែ បើបានត្រឡប់មកវិញ គឺបានផែនដីទាំងមូលតែម្តង។ ពិតណាស់ការអនុវត្តនយោបាយឈ្នះឈ្នះ ត្រូវហ៊ានលះបង់ដល់ជិវិត ទើបអាចទទួលបាននូវសមិទ្ធផលដែលមាននៅថ្ងៃនេះ។ គ្មានសន្តិភាព មិនអាចនឹងធ្វើផ្លូវ ៤៤ បានទេ គ្រាន់តែ យើងធ្វើស្ពានឈើ ធ្វើមួយ វ៉ៃមួយ ធ្វើ ២ វ៉ៃ ២។ កែវ ពង្ស បញ្ជាវ៉ៃដាច់ទាំងអស់។ នេះជារឿងពិត ជាបទពិសោធន៍ ដែលកម្ពុជាមាននៅក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីការបង្រួបបង្រួមជាតិរបស់យើង។ នេះហើយជាប្រវត្តិនៃសន្តិភាព ដែលបានកើតមាននៅតំបន់នេះ តាំងពីឆ្នាំ ១៩៩៦ ហើយចំណុចគន្លឹះនៅត្រង់ថា តើឲ្យ កែវ ពង្ស ត្រឡប់មកវិញ ឬទុកនៅភ្នំពេញ។ បើទុកកែវ ពង្ស នៅភ្នំពេញ បាត់ខ្មែរក្រហមតែម្នាក់។ ប៉ុន្តែ បើឲ្យ កែវ ពង្ស ត្រឡប់មកវិញ មាន ២ លទ្ធភាព៖ មួយលទ្ធភាព កែវ ពង្ស មិនអនុវត្ត គឺអត់លើស អត់ខ្វះអ្វីទាំងអស់ ខ្មែរក្រហមនៅដដែលកម្លាំង អត់មានបាត់អីទេ។ ទី ២ ប៉ុន្តែ បើបានអនុវត្តវិញ គឺបានសេចក្តីថាតំបន់ឱរ៉ាល់នេះ បញ្ចប់សង្រ្គាមទាំងស្រុង។ ប៉ុន្តែ អ្វីដែលទៅលើសពីនេះ គឺឥទ្ធិពលរបស់វា ពីតំបន់ឱរ៉ាល់នេះ ទៅកាន់តំបន់ដទៃទៀត ដែលដឹងឮទៅដល់នាយទាហាន និងពលទាហានរបស់ខ្មែរក្រហម។
មានសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធល្អ ប្រជាជនមានភាពងាយស្រួល បែងចែកផលដោយសមធម៌
ដូច្នេះ គេទទួលយកដោយស្ម័គ្រចិត្តនូវនយោបាយឈ្នះឈ្នះនេះ ដែលធ្វើឲ្យកម្ពុជាបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ ដែលផ្តល់លទ្ធភាពពេលបច្ចប្បន្ននេះ ធ្វើដំណើរទៅណា ក៏វាមិនខ្លាចអ្វីដែរ។ សុំមេត្តាតែម្យ៉ាង គឺកុំធ្វើដំណើរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការធ្វើដំណើរដោយបើកលឿនហួសការកំណត់ ការធ្វើដំណើរដោយមិនគោរពច្បាប់ចរាចរណ៍។ ការធ្វើផ្លូវនៅទីនេះ វាបង្កើតឱកាសច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកំពង់ស្ពឺ ហើយវាក៏បានបង្កើតឱកាសនៃការដឹកជញ្ជូន សម្រាប់អ្នកដែលធ្វើការដឹកជញ្ជូនតភ្ជាប់រវាង ក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅ ជាមួយនឹងតំបន់ដទៃទៀត ទៅភាគពាយ័ព្យកម្ពុជា។ ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នេះ ដែលមុននេះ ធ្លាប់តែធ្វើដំណើរគ្រាន់តែពីហ្នឹងរហូតទៅដល់ទីរួមខេត្ត។ ពីនេះទៅដល់ទីរួមខេត្ត ៧ គីឡូម៉ែត្រ កាលពីមុននេះ អាចធ្វើដំណើរដល់ទៅកន្លះម៉ោង ប៉ុន្តែ ៧ គីឡូម៉ែត្របច្ចុប្បន្ននេះ ធ្វើដំណើរត្រឹមតែមួយប៉ប្រិចភ្នែកហ្នឹង។
… ប៉ុន្តែ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងតំបន់យើងនេះ ដែលមុននេះលំបាកណាស់ ក្នុងការធ្វើដំណើរ ហើយក៏លំបាកថែមទៀត មានរបស់របរ ដើម្បីនឹងដឹកជញ្ជូនទៅលក់ដូរ ប៉ុន្តែ តម្លៃលក់ដូរ។ តម្លៃដឹកជញ្ជូននោះវាថ្លៃណាស់ ដូច្នេះ ពេលនេះតម្លៃដឹកជញ្ជូនវាបានធ្លាក់ចុះហើយ រាប់ទាំងផ្លូវជាតិលេខ ៤ ដែលមុននេះ យើងខ្វះលទ្ធភាព យើងផ្តល់ឲ្យឯកជន ដើម្បីថែទាំផ្លូវនេះ នឹងពង្រីកផ្លូវនេះ ហើយពេលនោះត្រូវធ្វើការបង់ថ្លៃ ប៉ុន្តែ នៅពេលដែលយើងមានលទ្ធភាព យើងបានដកយកផ្លូវនេះ មកឲ្យរដ្ឋគ្រប់គ្រង។ ដូច្នេះ ចាប់ពីទីក្រុងភ្នំពេញរហូត ទៅទល់ទីក្រុងព្រះសីហនុ ពុំមានការបង់ថ្លៃមួយរៀលថែមទៀត ទៅលើការធ្វើដំណើរលើផ្លូវនោះទេ។ បន្ថែមលើនោះ ផ្លូវខ្នែងៗទៅសងខាងផ្លូវ ដែលតភ្ជាប់ ខាងណេះតភ្ជាប់ជាមួយនឹងកំពង់ឆ្នាំង និងទៅខាងពោធិសាត់ និងម្ខាងទៀតតភ្ជាប់ទៅខាងកំពត ផ្នែកខ្លះទៅខេត្តកណ្តាល ខេត្តតាកែវ ហើយនិងខេត្តកែប។ ការដឹកជញ្ជូន ការធ្វើដំណើរ ចំណេញសោហ៊ុយ និងពេលវេលា … ព្រះតេជព្រះគុណ ក៏មិនព្រួយបារម្ភនឹងដាច់ចង្ហាន់ទេ ទោះបី ខ្ញុំព្រះករុណាខ្ញុំ និយាយដល់ម៉ោង ១០ កន្លះ ក៏មិនព្រួយរឿងដាច់ចង្ហាន់ ព្រោះផ្លូវវាស្រួលហើយៗ ព្រះមេគណ ព្រះអនុគណអី សុទ្ធតែឡានហើយកុំព្រួយ …។
សម័យដើម ឆ្នាំ ១៩៧៩ គេហៅកង់ឌុប ឥឡូវអស់កង់ឌុបហើយ នៅសល់ម៉ូតូឌុប នៅសល់ស៊ីក្លូ ហើយ ស៊ីក្លូ ក៏មិននៅសល់ប៉ុន្មានដែរ។ អញ្ចឹងចំណុចនេះហើយ ជាចំណុចដែលលោកជំទាវ ពូ ជីនហ្គោ បានលើកឡើងអម្បាញ់មិញ រវាងទ្រឹស្តីរបស់កម្ពុជា ទ្រឹស្តីរបស់កម្ពុជាថា មានផ្លូវ មានសង្ឃឹម។ ឯនៅប្រទេសចិន មានទ្រឹស្តីតាំងពីដើមមកថា បើចង់មាន ឲ្យធ្វើផ្លូវមុន អញ្ចឹង បើអត់មានផ្លូវ ទៅណា? ហើយសម្រាប់ប្រជាពលរដ្ឋរបស់យើង តែងតែស្រែកសួរគ្នាថា បើទៅរកស៊ី ថាទៅរកស៊ីបាន ឬមិនបាន ថាមានផ្លូវឬអត់? រាប់ទាំងការទៅប្រឡង បើប្រឡងជាប់ ឬមិនជាប់ មានផ្លូវ ឬអត់? បើឆ្លើយថាមានផ្លូវហើយលោកអ៊ំ អាហ្នឹងជាប់ហើយ ប៉ុន្តែ បើស្រែកថាអត់ផ្លូវទេ អាហ្នឹងមានន័យថាប្រឡងធ្លាក់ហើយ អញ្ចឹង គេប្រើរហូតដល់ពេលប៉ុណ្ណឹង។ ហើយការដែលយើងធ្វើផ្លូវនេះ គឺផ្តល់ឱកាសច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋរបស់យើង … ជាការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចរវាងទីក្រុង និងជនបទ រវាងអ្នកមាន និងអ្នកក្រ ដ៏សមធម៌បំផុត … ហើយជួយដល់ការតភ្ជាប់ផ្ទៃក្នុងរបស់យើង។
សម្តេចទៅទទួលពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ
បានធ្វើដំណើរទៅកាន់តំបន់មួយចំនួន ខ្ញុំព្រះករុណាខ្ញុំ ចេះតែគិតក្នុងចិត្ត ចេះតែស្រមៃថា កាលមុននេះវាលំបាកណាស់ផ្លូវនេះ ប៉ុន្តែឥឡូវនេះផ្លូវនេះបែរជាងាយស្រួល។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើដំណើរនៅទិសនិរតីម្តង។ អាទិត្យមុនមួយ ត្រូវធ្វើដំណើរនៅទិសពាយ័ព្យបូកនឹងទិសឧត្តរ បានសេចក្តីថា ទៅកាន់បាត់ដំបង ទៅកាន់បន្ទាយមានជ័យ អាហ្នឹងទិសពាយ័ព្យ រួចហើយមកកាន់ទិសឧត្តរ គឺសៀមរាប និងកំពង់ធំ រួចហើយចូលភ្នំពេញវិញ។ ដល់អាទិត្យកន្លងទៅនេះ ត្រូវធ្វើដំណើរទៅកាន់ទិសឥសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ អាទិត្យនេះត្រូវធ្វើដំណើរទៅទិសនិរតីម្តង ដែលរួមមានទាំងកំពង់ស្ពឺ កំពត កែប និងកំពង់សោម ឬក្រុងព្រះសីហនុ ហើយអាទិត្យក្រោយមួយទៀត។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សូមជម្រាបជូនប្រជាពលរដ្ឋបន្តិច ខ្ញុំព្រះករុណាខ្ញុំត្រូវធ្វើដំណើរទៅកាន់ប្រទេសឡាវ ដែលនាំទៅជាមួយនូវឧបនាយករដ្ឋមន្ត្រីច្រើនដែរ ត្រូវធ្វើដំណើរទៅជាមួយ … ខ្ញុំព្រះករុណាខ្ញុំ នឹងទទួលពានរង្វាន់ ឥឡូវខ្លះគេថា ពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ ប៉ុន្តែមានខ្លះគេនិយាយថា សមិទ្ធផលអាស៊ានមួយជីវិត។ ក្នុងសុន្ទរកថាព្រាងរបស់ខ្ញុំ គេប្រើពាក្យថា សមិទ្ធផលអាស៊ានមួយជីវិត។ អ្នកដែលទទួលមុនខ្ញុំព្រះករុណាខ្ញុំ បើមិននិយាយពី ស៊ុលតង់ មួយ នៅក្នុងរដ្ឋមួយនៃប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីនៃប្រទេសពីរ ដែលបានទទួលនូវពានរង្វាន់នេះ គឺអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ របស់សាំងហ្គាពួរ និងអតីតនាយករដ្ឋមន្ត្រី មហាធៀរ មហាមេដ របស់ម៉ាឡេស៊ី។ ដូច្នេះ បើគិតទាំង ស៊ុលតង់ ម៉ាឡេស៊ីផង ខ្ញុំព្រះករុណាខ្ញុំ គឺជាមនុស្សទីបួនដែលទទួលនូវពានរង្វាន់នេះ។ ប៉ុន្តែ បើគិតទៅលើមេដឹកនាំរដ្ឋ ខ្ញុំព្រះករុណាខ្ញុំ គឺជាមនុស្សទីបីដែលទទួលនូវសមិទ្ធផលនេះ។ ដែលខ្ញុំព្រះករុណាខ្ញុំ សូមចែករំលែកទុកជាមុន ជូនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនចំពោះជនរួមជាតិកម្ពុជាទាំងអស់ដែលបានគាំទ្រចំពោះនយោបាយខ្ញុំព្រះករុណាខ្ញុំលើបញ្ហាអន្តរជាតិ។
ភាពជាដៃគូយុទ្ធសាស្រ្ត អាស៊ាន–ចិន មានប្រយោជន៍ដល់ប្រទេសអាស៊ានទាំង ១០
នេះហើយដែលហៅថា ការដឹកនាំប្រទេស មិនមែនជាការស្រមើស្រមៃ ហើយក៏មិនមែនជាការសន្យានោះដែរ។ អម្បាញ់មិញ លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន លើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា-ចិន។ នោះជាអាទិភាពនយោបាយការបរទេសរបស់កម្ពុជា ដែលត្រូវពង្រឹងជាមួយនឹងដៃគូខាងក្រៅ ដែលក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងក្របខណ្ឌអាស៊ាន ទំនាក់ទំនងរវាងអាស៊ាន និងចិន គឺផ្តល់ផលប្រយោជន៍ដល់អាស៊ានខ្លាំងណាស់។ ដូច្នេះ ជានិច្ចជាកាល កម្ពុជារកការសម្របសម្រួល ធ្វើយ៉ាងណាធានាឲ្យមានសុខដុមភាវូបនីយកម្ម ក្នុងទំនាក់ទំនងរវាងអាស៊ាន និងចិន ទំហំពាណិជ្ជកម្មធំណាស់រវាងអាស៊ាននិងចិន ក្នុងនោះផលិតផលច្រើនណាស់ដែលអាស៊ាននាំចេញទៅកាន់ប្រទេសចិន។ ប្រទេសចិននាំចេញមកបណ្តាប្រទេសអាស៊ានទាំង ១០ មានទំហំតូចជាងទំហំដែលអាស៊ាននាំចូលទៅប្រទេសចិន។ ដូច្នេះភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន-ចិន គឺមានផលប្រយោជន៍សម្រាប់ប្រទេស អាស៊ានទាំង ១០ សូម្បីតែទេសចរចិន ខ្ញុំព្រះករុណាខ្ញុំ កំពុងប្រឹងនិយាយជាមួយប្រធានាធិបតីចិន តាំងពីប្រធានាធិបតីមុន រហូតដល់ប្រធានាធិបតីបច្ចុប្បន្ន។
ខ្ញុំព្រះករុណាខ្ញុំ បាននិយាយថា ខ្ញុំត្រូវការអ្នកទេសចរ ចិនត្រឹមកម្រិត ០,០១%។ បើនិយាយពីតួលេខ ០,០១% វាតូចណាស់ ក៏ប៉ុន្តែត្រូវដឹងថា ចិនមានប្រជាជនជាង ១.៣០០ លាននាក់ បើគិតតាម ០,០១% ស្មើនឹង ១.៣០០.០០០ នាក់ ទេសចរចិនត្រូវមកកម្ពុជា។ ១.៣០០ លាននាក់ គ្រាន់តែនោមស្មើគ្នាអាចទៅជាទឹកជំនន់បាន។ ឥឡូវ យើងគិតចំនួនប្រជាជនយើងតែ ១៥ លាននាក់ យើងពិបាកណាស់ទៅហើយ ស្មើនឹងស្រុកមួយរបស់ចិនតែប៉ុណ្ណោះ មិនបានស្មើនឹងមួយខេត្តទេ ខេត្តសានទុងរបស់ចិន មានជាង ១០០ លាននាក់ ប៉ុន្តែទោះបីយើងមានត្រឹមតែ ១៥ លាននាក់ ព្រុយនេមានតែជាង ៤០ ម៉ឺននាក់ និងប្រទេសខ្លះទៀត មានតែជាង ៤,៥ ម៉ឺននាក់នៃប្រជាពលរដ្ឋ ប៉ុន្តែគឺជារដ្ឋមួយដែរ ដែលត្រូវធ្វើទំនាក់ទំនងដោយស្មើភាព និងស្មើសិទ្ធិ ហើយប្រទេសចិនគឺជាប្រទេសមួយ ដែលតែងតែគោរពនូវឯករាជ្យអធិបតេយ្យភាពចំពោះប្រទេសដទៃទៀត ក្នុងនោះយកចិត្តទុកដាក់ធ្វើទំនាក់ទំនងជាមួយប្រទេសដៃគូនៃប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា។
អរគុណប្រជាពលរដ្ឋកំពង់ស្ពឺ ដែលបានបោះឆ្នោតម្តងហើយម្តងទៀត គាំទ្រគណបក្សប្រជាជន
ទំនាក់ទំនងរវាងអាស៊ាន-ចិន ទំនាក់ទំនងរវាងកម្ពុជា-ចិន ហើយដែលកម្ពុជានៅក្នុងក្របខណ្ឌអាស៊ាន ដែលខ្ញុំព្រះករុណាខ្ញុំ សូមថា ថ្ងៃសៅរ៍នេះធ្វើដំណើរទៅកាន់ទីក្រុងវៀងចន្ទន៍ ដែលពេលនេះ ឡាវជាប្រធានអាស៊ាន ដើម្បីទទួលយកនូវពានរង្វាន់សមិទ្ធផលអាស៊ានអមតៈ។ មិនមែនជាការចៃដន្យទេ ក៏ប៉ុន្តែបានមកពីការខិតខំប្រឹងប្រែងរបស់ជនរួមជាតិកម្ពុជាយើង ដែលបានគាំទ្របោះឆ្នោតឲ្យគណបក្សប្រជាជន បោះឆ្នោតគាំទ្រឲ្យខ្ញុំព្រះករុណាខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រី ទើបមានសមិទ្ធផលនេះឡើង។ វាមិនដូចគ្នាទេ រវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬរវាងគណបក្សប្រជាជន ជាមួយគណបក្សដទៃ ប៉ុន្តែអ្វីដែលបានកើតរួចហើយ រាប់ទាំងផ្លូវជាតិ ដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ វាជាសមិទ្ធផលដែលគណបក្សប្រជាជនបានដឹកនាំ ហើយវាក៏ជាសមិទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំដោយផ្ទាល់លើរឿងនេះ។
សូមអរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋដែលនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានបោះឆ្នោតម្តងហើយម្តងទៀត ឲ្យគណបក្សប្រជាជន ឲ្យខ្ញុំព្រះករុណាខ្ញុំ មានលទ្ធភាពដឹកនាំប្រទេសជារៀងរហូតមក។ មិនទាន់ដល់ពេលវេលានៃយុទ្ធនាការបោះឆ្នោតទេ តែខ្ញុំព្រះករុណាខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តដទៃទៀត នៅទូទាំងប្រទេស នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជន បន្តបោះឆ្នោតគាំទ្រខ្ញុំព្រះករុណាខ្ញុំ បន្តដឹកនាំប្រទេសតទៅទៀត សូមអរគុណទុកជាមុនទៅលើដំណើរការនេះ។
ផ្លូវល្អ យានយន្តកើនឡើង គ្រោះថ្នាក់ចរាចរណ៍កើនឡើង/ខិតខំបញ្ចៀសឲ្យបានគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងសមិទ្ធផលនេះ យើងបានទទួលសមិទ្ធផលហើយ ក៏ប៉ុន្តែព្រះតេជព្រះគុណ លោកយាយ លោកតា បងប្អូន ញាតិញោម បើសិនធ្វើផ្លូវហើយ ដើម្បីតែស្លាប់មនុស្ស ខ្ញុំព្រះករុណាខ្ញុំ ចង់រាងចាល ចង់ឈប់ធ្វើផ្លូវតែម្តង ព្រោះក្លាយជាអំពើបាបមួយ ព្រោះគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក។ ខ្ញុំធ្លាប់និយាយពីបងស្រីម្នាក់នៅក្រាំងយ៉ូវ មកទារឲ្យខ្ញុំព្រះករុណាខ្ញុំសងជ្រូកគាត់។ ដំបូង ស្មានតែឡានអង្គរក្សខ្ញុំព្រះករុណាខ្ញុំទៅបុកជ្រូកគាត់ឲ្យងាប់ ឆ្នាំ ១៩៩៥ គាត់ពរកូនគាត់មក គាត់ថា សម្តេចៗ សងជ្រូកខ្ញុំមក។ ខ្ញុំសួរបងស្រី ជ្រូកម៉េច? ឡានបុកងាប់។ ខ្ញុំថាឡានអ្នកណា? ឡានអង្គរក្សខ្ញុំ? ពួកនោះឆ្លើយថា ឡានដឹកស្រូវ។ ដល់រួច ហើយខ្ញុំថាឡានដឹកស្រូវ ហើយបងឯងមកទារលុយខ្ញុំ។ ឡានអ្នកណាក៏ដូចឡានអ្នកណាដែរ ដោយសារតែធ្វើ ផ្លូវល្អ បានបុកជ្រូកខ្ញុំងាប់។ វាទៅជាអញ្ចេះទៅទៀត ខ្ញុំថា ជ្រូកទៅណាហើយ? លក់ស៊ីសាច់អស់ហើយ។ ខ្ញុំក៏ផ្តល់លុយឲ្យគាត់មួយចំនួនទៅ។
ឥឡូវនេះ ដោយសារតែរឿងផ្លូវល្អនេះ និងចំនួនយានយន្តកើនឡើង បានជាមានគ្រោះថ្នាក់ចរាចរណ៍ ជួនកាលប្រជាពលរដ្ឋខ្លះអាចគិតថា មកពីវាធ្វើផ្លូវល្អពេក បានពួកនោះបើកលឿន ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា មិនដូច្នោះទេ។ គួរឲ្យភ័យខ្លាចណាស់ នៅពេលដែលអ្នកធ្វើដំណើរមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ធ្វើដំណើរដោយឥទ្ធិពលគ្រឿងស្រវឹង ដោយមិនពាក់មួកសុវត្ថិភាព ដោយមិនពាក់ខ្សែក្រវ៉ាត់ ដោយល្បឿនមួយលឿនហួសកំណត់ ធ្វើដំណើរតាមរថយន្តដឹកលើសចំណុះ និងសំពីងសំពោង រាប់ទាំងរ៉ឺម៉ក់កង់បីផង នោះហើយសុទ្ធតែជាចំណុចគ្រោះថ្នាក់។ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស ខិតខំធ្វើយ៉ាងណាបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលខ្ញុំព្រះករុណាខ្ញុំបានលើកជាទ្រឹស្តីថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ហើយក៏មានទ្រឹស្តីបន្តមកទៀត «បើស្រវឹងកុំបើកបរ បើបើកបរកុំស្រវឹង» ប៉ុន្តែមានគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើង បណ្តាលមកពីការខ្វះសុវត្ថិភាពចរាចរណ៍ក្នុងពេលយប់។
បើកយុទ្ធនាការបិតផ្លាកសុវត្ថិភាពដើម្បីបញ្ចៀសគ្រោះថ្នាក់ពេលយប់
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះបើកយុទ្ធនាការ ដោយប្រជាជនយើងពិបាកហៅ គេហៅផ្លាកចំណាំង តែឥឡូវ ខ្ញុំព្រះករុណាខ្ញុំសូមហៅវាថា ផ្លាកសុវត្ថិភាព ទៅចុះ ដោយសារយើងធ្លាប់ហៅថា «ខ្សែសុវត្ថិភាព» យើងហៅ ពាក់មួកសុវត្ថិភាព ឥឡូវយើងហៅវាថា ផ្លាកសុវត្ថិភាព ទៅចុះ។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវបានប៉ូលីសផាក (ដោយសារពេល)ទៅកោះកុង សុខមិនសុខទៅឡើងជិះម៉ូតូគេ ទៅដល់ចុះពីឡាន អត់មានអ្នកណាដឹងថា ខ្ញុំព្រះករុណាខ្ញុំចុះគ្រឹបទៅ សូម្បីអង្គរក្សក៏តាមអត់ទាន់ ទៅដល់ឃើញម៉ូតូគេទំនេរក៏ឡើងទៅ ឃើញស្ពាននៅខាងមុខ ក៏ហៅប្អូនម៉ូតូហ្នឹងឡើងមក មួកសុវត្ថិភាពគេនៅមុខក៏អត់ព្រមពាក់ អាហ្នឹងមួយទៅ មួយទៀតម៉ូតូគាត់អត់មានលេខ។ អាពេលហ្នឹងគេ Live តាម Facebook និង Fresh News ផង។ អញ្ចឹងពេលគេចូលមកទិតៀនតែម្តង តែមានអ្នកខ្លះការពារ (ដោយថា)គាត់ធ្វើដំណើរមិនបានគ្រោងទុក ហើយគាត់ធ្វើដំណើរតែប៉ុន្មានម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែ(ទោះ)ជាប៉ុន្មានម៉ែត្រក៏ដោយ ត្រូវតែពាក់។ ពេលខ្ញុំព្រះករុណាខ្ញុំមកដល់ភ្នំពេញវិញ ក៏យកប្រាក់ទៅបង់ថ្លៃផាកពិន័យមិនពាក់មួកហើយ ថែមទាំងម៉ូតូអត់លេខ អញ្ចឹងត្រូវបង់ឲ្យម្ចាស់ម៉ូតូនោះ ហើយម្ចាស់ម៉ូតូសំណាង ថ្ងៃនោះគាត់បាន ១.០០០ ដុល្លារអាមេរិក ព្រោះជិះម៉ូតូគាត់។ ប៉ុន្តែឥឡូវ ពេលខ្ញុំព្រះករុណាខ្ញុំធ្វើដំណើរតាមឡាន មានអ្នកចូលមកប្រាប់ថា លោកអ៊ំសូមដាក់ខ្សែក្រវាត់ផង ដើម្បីបញ្ចៀសគ្រោះថា្នក់ចរាចរណ៍ ក៏វ៉ៃ(ឆ្លើយតប)ទៅវិញថាអរគុណក្មួយ ដែលបានរំលឹក តាំងពីប៉ូលីសផាកម្តង អ៊ំរាងចាល។ គ្រាន់តែប៉ុន្មានបន្ទាត់វាយឆ្លើយត្រឡប់ទៅវិញ យើងអត់មានអីលំបាកទេ។
ប៉ុន្តែ ថ្ងៃនេះដើម្បីដោះស្រាយបញ្ហាការធ្វើចរាចរណ៍ពេលយប់ គ្រោះថ្នាក់កើតឡើងពេលឡានវ៉ាគ្នា ឬឡានមើលមិនឃើញដោយសារតែគោយន្ត ឬរ៉ឺម៉ក ឬរថយន្ត ឬរទេះ វាអត់មានអ្វីដែលភ្លើងចាំងទៅ វាអត់មកវិញបាន(ចំណាំងផ្លាត) ជន្លៀសខ្លួនតែបន្តិចបុកផាំង ធ្វើឲ្យមានគ្រោះកើតឡើង។ អញ្ចឹងទេ ឥឡូវយើងចាប់ផ្តើមបើកយុទ្ធនាក្នុងការបិតផ្លាកសុវត្ថិភាពចំនួន ៣ លាន ៤ សែន ផ្លាក។ ហើយផ្លាកនេះពេលដែលញាតិញោមទទួលបាន ខ្ញុំព្រះករុណាខ្ញុំ ប្រគល់ឲ្យអាជ្ញាធរខេត្ត ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះតាមបណ្តាខេត្ត រួមចំណែកចែកដល់ផ្ទះ កុំដាក់កន្លែងមួយ ហើយឲ្យប្រជាជនមកយក យកពេលហ្នឹងចុះ(ចែក)តែម្តងទៅ កុំខ្ជិល ដើរទៅតាមផ្ទះទៅ ព្រោះខែនេះប្រជាពលរដ្ឋគាត់ជាប់ស្ទូងដក អញ្ចឹងយើងដើរទៅ បើផ្ទះគាត់មានរទេះគោយកអាហ្នឹងទៅបិតឲ្យគាត់តែម្តងទៅ បើកយុទ្ធនាការបិត ជួយបិតឲ្យគាត់។ បើរ៉ឺម៉ក់របស់គាត់ជិះមកអត់ទាន់មាន ឃើញគាត់ភ្លាម យើងអាចធ្វើដំណើរតាមផ្លូវជាមួយគាត់ (ហៅ)គាត់ឈប់ភ្លាមថា ខ្ញុំអត់មានធ្វើអីទេ សុំបិតផ្លាកជូន អានេះយើងហែកវាទៅយើងបិត បិតទៅវាចេញអាពណ៌នេះមក។ ពេលយប់ រទេះរបស់យើងដូចជារទេះគោ រទេះសេះ ឬក៏រ៉ឺម៉កដែលអត់មានសញ្ញានៅពីក្រោយ ភ្លើងដែលចាំងមក វាបានធ្វើឲ្យមានពន្លឺដែលថាមានរ៉ឺម៉កម៉ូតូ ឬមានគោយន្ត ឬមានរទេះសេះ រទេះគោនៅពីមុខ។ យើងបិតលើរបស់អីដែលធ្វើដំណើរទៅលើ(ថ្នល់) តិចយកទៅបិតលើផ្ទះ អាហ្នឹងខុសរឿង បិតទៅលើអ្វីដែលបានធ្វើដំណើរទៅលើដងផ្លូវ ពេលខ្លះកុងតឺន័រដឹកឥវ៉ាន់ អាហ្នឹងវាពេលខ្លះវាអត់មានស្អីសោះទទេ អាភ្លើងក៏អត់ ស្អីក៏អត់ ដូច្នេះត្រូវប្រើប្រាស់វា(ផ្លាកសុវត្ថិភាព) ហើយខិតខំធ្វើ។
ផ្លាកសុវត្ថិភាពត្រូវបានចែកជូនដោយឥតគិតថ្លៃ និងអាចចែកជូនដល់ផ្ទះ
ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយក៏សង្ឃឹមលើសមាជិក សមាជិកា គណបក្សប្រជាជនប្រឹងធ្វើការងារនេះឲ្យដល់ផ្ទះ។ ព្រោះបក្សប្រឆាំងគេមិនធ្វើទេ ហើយខ្ញុំព្រះករុណាខ្ញុំក៏មិនពឹងពាក់បក្សប្រឆាំងណាដែរ ព្រោះអ្នកគាំទ្រគណបក្សប្រជាជនមានសំបូរបែបមិនចាំបាច់ពឹង ព្រោះកាលពីអំពាវនាវឲ្យគាត់ដោះស្រាយទឹក គាត់អត់ធ្វើ ឥឡូវលើកនេះក្រែងគាត់ចង់បានចំណេញគាត់មកធ្វើដែរ (តែ)កុំធ្វើអី បើបានតែមិនធ្វើហើយ មិនបាច់ធ្វើតែម្តងទៅ …។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងប្រើប្រាស់វា អត់ធ្ងន់អីទាំងអស់ ហើយស្អាតទៀត ប្រើបាន ៣ ឆ្នាំ។ ព្រោះធម្មតារបស់យើងប្រើតែងមានការថែទាំវាយកទៅដាក់ក្រោមម្លប់ កុំឲ្យត្រូវទឹកភ្លៀង បើសិនជាខ្វះ យើងបោះបន្ថែមទៀត។ ក្រុមហ៊ុន ជីបម៉ុង និងមីស៊ុយប៊ីស៊ី របស់ជប៉ុន រួមគ្នាផ្តល់អោយក្រសួងសាធាណៈការចំនួន ៣ លាន ៤ សែន ហើយប្រសិននៅខ្វះយើងនឹងស្នើសុំឲ្យសប្បុរសជន និងក្រុមហ៊ុនដទៃ ឬយើងធ្វើខ្លួនឯង ដើម្បីឲ្យប្រជាជន។ ហើយសុំឲ្យប្រជាពលរដ្ឋយល់ឲ្យបានច្បាស់តិចមានអ្នកណាយកទៅលក់ឲ្យប្រជាពលរដ្ឋ ១ ម៉ឺនរៀល ឬ ៥ ពាន់រៀល សុំចាប់ទុកនៅនឹងកន្លែងប្រគល់អោយខ្ញុំព្រះករុណាខ្ញុំ ព្រោះមានអ្នកខ្លះវាខូចដែរ ចង់បានលុយយកអាហ្នឹង ទៅលក់ឲ្យប្រជាពលរដ្ឋ ចាប់អាហ្នឹងឲ្យខ្ញុំព្រះករុណាខ្ញុំ កុំឲ្យខូច។ អញ្ចឹងទេ ប្រជាពលរដ្ឋត្រូវទទួលបានដោយឥតគិតថ្លៃ ហើយខ្ញុំព្រះកុរណាខ្ញុំចេញបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមចំណែកធ្វើការងារនេះ បន្ថែមទៅដោយសមាជិក សមាជិកាគណបក្សប្រជាជន ចូលរួមយករបស់នេះទៅបិតដល់ផ្ទះ។ ហើយសួរគាត់ផងបិតត្រង់ណា ព្រោះជួនកាលខាងក្រោយបិតត្រង់ណាសម ប៉ុន្តែយើង ត្រូវតែច្បាស់ថា បិតត្រង់ណាដែលវាធានាសុវត្ថិភាពឲ្យភ្លើងបញ្ចាំងមក(ផ្លាត) តិចទៅបិតនៅកន្លៀតភ្លើងបញ្ចាំងមកអត់ឃើញអាហ្នឹងទៀតនៅតែបុកដដែល។
សុំ ៤ ចំណុច ទាក់ទងនឹងរឿងបិតផ្លាកសុវត្ថិភាព
អញ្ចឹងញាតិញោមដែលឃើញ(គេចុះទៅ)សូមអនុញ្ញាតឲ្យបិតអ្វីដែលជារបស់យើងធ្វើដំណើរតាមផ្លូវ អាហ្នឹងសុំអនុញ្ញាតឲ្យបិតផង ហើយទី ២ សុំកុំបង់ថ្លៃអោយសោះ អ្នកណាទារក៏កុំឲ្យ ហើយបើអ្នកឯងនៅតែចចេស នាយករដ្ឋមន្រ្តីទើបតែនិយាយ អញ្ចឹងបានសេចក្តីថាអ្នកណាក៏ដោយ យកអាហ្នឹងប្តូរជាមួយប្រាក់ ត្រូវទប់ស្កាត់ឲ្យហើយ ព្រោះក៏មានមនុស្សខូចដែរ។ ហើយសូមអំពាវនាវមន្ត្រីរាជការទាំងឡាយ សូមកុំប្រមូលប្រជាជនមករហូតទៅដល់ ពីររយ ទៅបីរយនាក់ ទើបចែកអោយម្តង ខាតការងារប្រជាពលរដ្ឋ ដែលខ្ញុំព្រះករុណាខ្ញុំសូមនិយាយបន្តិចទៅចុះកន្លែងហ្នឹងដើម្បីអោយភ្លឺភ្នែកទាំងអស់គ្នា ព្រោះរាល់ដងខ្ញុំព្រះករុណាខ្ញុំទៅប្រជុំមានប្រជាជនទៅចូលរួមមិនច្រើនទេ។ តែខ្ញុំព្រះករុណាខ្ញុំនិយាយអញ្ចេះ អ្នកខ្លះអត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ ពេលដែលគាត់ទៅដល់ (គេ)អត់ទាន់ចែកទេ ចាំបានពីរទៅបីរយនាក់បានចែក ហៅប្រជាពលរដ្ឋមកជុំគ្នា រួចហើយថតដាក់ទូរទស្សន៍ គិតស្មានថាលោក ហ៊ុន សែន សរសើរ តែចាំតែ ហ៊ុន សែន សរសើរតើ ជេរតែម្តង ព្រោះអី? បានមុនមក ៥០ បានក្រោយមក ៥០ មិនទាន់ចែកទេ បានក្រោយមកទៀត ៥០ បាន ១៥០ ក៏មិនទាន់ចែកដែរ បានក្រោយមកទៀត ៥០ បានគ្រប់ ២០០ ក៏មិនទាន់ចែកដែរ ចាំបានគ្រប់ ៣០០ ប្រជុំប្រជាជនម្តង ទេសនាមួយព្រឹក រួចហើយចាំចែកអត្តសញ្ញាណបណ្ណ។ ធ្វើយ៉ាងនេះកុំស្មានតែ ហ៊ុន សែន សរសើរ ហ៊ុន សែន ជេរតែម្តង។ អញ្ចឹងអ្នកដែលធ្វើអត្តសញ្ញាណបណ្ណរួចហើយ អត់បានទទួល គាត់ចេះតែថា ខ្ញុំធ្វើយូរហើយ ម៉េចមិនបានទទួល? មានពេលខ្លះមកពីអាចរិកនេះ។
អញ្ចឹង សូមអស់លោកមេឃុំ អស់លោកជំទប់ អស់លោកសមាជិកក្រុមប្រឹក្សា អស់លោកមេប៉ុស្តិ មេប៉ូលីសទាំងឡាយ បើបានហើយ ទៅ ជិះកង់ក្តី ជិះម៉ូតូក្តី ដើរទៅដល់ អើយ! លោកបង អត្តសញ្ញាណបណ្ណលោកបងឯងធ្វើរួចហើយ ឥឡូវខ្ញុំយកមកហើយ យកទៅចែកគាត់ឲ្យដល់ផ្ទះទៅ។ អាហ្នឹងវាមានទាស់ខុសអី? យើងជាអ្នកបម្រើប្រជាពលរដ្ឋ បម្រើរាស្រ្ត ហើយយើងគិតតែចាំប្រមូលផ្តុំឲ្យរាស្រ្តមកអង្គុយ ហើយធ្វើវេទិកាដ៏ធំ ថតទូរទស្សន៍ ហើយចូលចិត្តណាស់។ ថ្ងៃក្រោយ ទូរទស្សន៍ណាក៏ដោយ ក៏កុំយកទៅផ្សាយឲ្យ ព្រោះគេដឹងថាខ្ញុំមើលប៉ុស្តិ៍បាយ័នជាងគេ ចូលចិត្តឲ្យបាយ័នផ្សាយ ប៉ុន្តែ ចាំតែ ហ៊ុន សែន សរសើរទេតើ អត់ទេ ជេរបណ្តោយ ព្រោះអី? ព្រោះប្រជុំប្រជាពលរដ្ឋម្តងៗ គាត់ខាតការងាររបស់គាត់ អត្តសញ្ញាណបណ្ណមួយសន្លឹកសោះ ដើរយកទៅឲ្យដល់ផ្ទះទៅ អាហ្នឹងខ្ញុំប្រាប់ និយាយជាសាធារណៈតែម្តង អំពើទាំងឡាយដែលឃើញថាខុស កែតម្រូវវាទៅ ធ្វើម៉េចឲ្យប្រជាជនចំណេញពេលវេលា ហើយស្រួល។ អាហ្នឹងសេវាតម្រូវការឲ្យប្រជាពលរដ្ឋ។ អានេះក៏ដូចគ្នាដែរ អត់ត្រូវការអ្នកណាប្រជុំប្រជាពលរដ្ឋ បើសិនខ្ញុំស៊ើបដឹងគឺមានរឿង។
អត់ទេ អញ្ចឹង លោកខេត្តនីមួយៗ ផ្តាំតាមខេត្តនីមួយៗ ស្រុកនីមួយៗ អស់លោកឯងត្រូវមើលអ្នកខាងក្រោម បើអ្នកខាងក្រោមធ្វើ ចាំប្រមូលម៉ូតូ គោយន្តមក នាំគ្នាមួយប្រឹប ៣០០ គោយន្ត បាននាំគ្នាបិទម្តង អាហ្នឹងដឹងតែមានរឿងជាមួយខ្ញុំតែម្តង។ លោកឯងទាស់ជាមួយនាយករដ្ឋមន្រ្តីតែម្តង មិនមែនជាមួយប្រជាជនទេ។ អញ្ចឹងសូមញាតិញោម ទី ១ ពេលគេទៅដល់ សុំអនុញ្ញាតឲ្យបិត។ ទី ២ ពេលធ្វើដំណើរតាមផ្លូវ ប្រសិនមានករណីដែលអ្នកណាគេឃើញថា យើងអត់មាន ឬក៏នៅតាមផ្លូវហ្នឹង ស្រាប់តែមានយុវជនមួយក្រុម ព្រោះឥឡូវមានយុវជនគេធ្វើការងារហ្នឹង ដូចជា យុវជនដើម្បីសន្តិភាព គេធ្វើយុទ្ធនាការដើរបិតផ្លាក មិនដឹងថាបានផ្លាកហ្នឹងមកពីណាទេ គេដើរបិត ឃើញគេបញ្ជូនទៅខាងកំពង់ឆ្នាំង ពោធិសាត់។ ជួនកាលក្រុមយុវជននេះ គេធ្វើចល័តតាមផ្លូវ គេចូលរួមបិតអានេះតាមផ្លូវ។ ជួនកាលយុវជនកាកបាទក្រហមនៅតាមផ្លូវ ឃើញខ្វះយុវជនកាកបាទក្រហមស្នើសុំបិត សូមអនុញ្ញាតឲ្យបិត ប្រើពេលតែបន្តិចដើម្បីបិត ធានាសុវត្ថិភាពសម្រាប់យើងធ្វើដំណើរ។ ឯទី ៣ បើគេហៅប្រជុំ គ្រាន់តែបិត កុំមក ជឿខ្ញុំទៅ បើអ្នកណាហ៊ានបង្ខំប្រជាជនឲ្យមកអញ្ចឹង ព្រោះបានសេចក្តីថាពួកគាត់ខ្ជិល មិនព្រមទៅ អញ្ចឹងកុំមក អាហ្នឹងទី ៣។ ទី ៤ អ្នកណាបង្ខំឲ្យបង់ថ្លៃ កុំឲ្យ មិនត្រឹមតែមិនឲ្យ វែកមុខអ្នកហ្នឹង បើអ្នកឯងមិនព្រមទេ ខ្ញុំចងចាប់ទុកនៅផ្ទះខ្ញុំ ប៉ុន្តែ កុំប្រើហិង្សា ខន្តីញោម ដល់ពេលត្រូវមួយដុំដី ព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ និយាយរឿងហ្នឹងបន្តិច ហើយធ្លាប់និយាយនៅខេត្តកំពង់ស្ពឺនេះឯង ដែលបើកឆាកនិយាយអាហ្នឹងនៅកន្លែងជីកប្រឡាយរលាំងជ្រៃខាងត្បូង និទានរឿងខន្តីញោមនេះ …។
បើកវេទិកាបរិស្ថាន ស្តីពីការការពារធនធានធម្មជាតិ
… លោកជំទាវ អាទិត្យក្រោយ(ជួបគ្នាម្តងទៀត) ទោះបីថាថ្ងៃសៅរ៍ ខ្ញុំចេញទៅ(ឡាវ) ថ្ងៃអាទិត្យ ខ្ញុំត្រឡប់មកវិញ។ ថ្ងៃច័ន្ទ យើងទៅកោះធំ ល្ងាចឡើងមកវិញ យើងជួបគ្នា។ បន្ទាប់ទៅ ខ្ញុំចុះទៅខេត្តទៀត តែមិនទាន់ប្រាប់ទិសទេ ថាទៅណា។ ដើរគ្រប់ ២៥ ខេត្ត ក្រុង រួចហើយនឹងបន្ត ដើម្បីពិនិត្យមើលសមិទ្ធផលពាក់កណ្តាលអាណត្តិ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់យើងតទៅទៀត។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ក៏ធ្វើដំណើរច្រើនដែរ ខែសីហានេះ ត្រូវចេញទៅក្រៅប្រទេស ៣ ដង៖ មួយទៅឡាវ មួយទៅម៉ាឡេស៊ី និងមួយទៀតទៅទស្សនកិច្ចនៅទីម័រឡេស។ ប៉ុន្តែ ក៏មិនឲ្យខកខាននូវការធ្វើដំណើរនៅខាងផ្ទៃក្នុងរបស់យើងនេះ ហើយមានទាំងវេទិកាទាក់ទងនឹងបញ្ហាបរិស្ថាន ដូចជា ខ្ញុំកំណត់ថ្ងៃទី ២២ ដែលនឹងធ្វើវេទិកាទាក់ទងនឹងការការពារធនធានធម្មជាតិ ដែលនឹងអញ្ជើញគ្រប់តួអង្គទាំងអស់ អង្គការក្រៅរដ្ឋាភិបាលចូលរួម ក្នុងហ្នឹង ខ្ញុំនឹងសំណេះសំណាល ហើយផ្តល់ឱកាសឲ្យអ្នកសួរលើកឡើងជាសំណួរ ដើម្បីយើងរួមគ្នាការពារនូវធនធានធម្មជាតិសម្រាប់ប្រទេសរបស់យើង។
រោងចក្រស្ករស ផ្តល់ការងារ ផលិតផលនាំចេញ និងផ្តល់ជាអគ្គិសនី
… នៅនេះក៏មានរោងចក្រស្ករសមួយដ៏ធំ ដែលវាផ្តល់នូវការងារធ្វើ និងផលិតផលសម្រាប់ការនាំចេញ និងផ្តល់ជាអគ្គិសនី ដែលដើរដោយកាកអំពៅ ផ្តល់ឲ្យប្រជាពលរដ្ឋរបស់យើង ហើយបញ្ចេញអគ្គិសនីមកប្រើប្រាស់ ២០ មេហ្គាវ៉ាត់ កន្លងទៅប្រើអស់ ៥ មេហ្គាវ៉ាត់ យើងទិញពីគាត់ ១៥ មេហ្គាវ៉ាត់។ អញ្ចឹងទេ តំបន់សង្រ្គាមមួយនេះ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ហើយ តំបន់សង្គ្រាមរ៉ាំរ៉ៃនេះ កំពុងទទួលបានសមិទ្ធផលថ្មីៗ បន្ថែម រាប់ទាំងផ្លូវជាតិលេខ ៤៤ ថ្ងៃនេះ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៥ ហើយបង្កើតនូវការងាយស្រួលដល់ប្រជាពលរដ្ឋរបស់យើង នៅសងខាងផ្លូវ នៅក្នុងតំបន់ជិតខាងនេះផងដែរ ក៏ដូចជាប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ពីផ្លូវនេះ …៕