Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

ដកស្រង់ប្រសាសន៍ សារសំឡេងស្នើឲ្យប្រជាពលរដ្ឋនឹងនរចិត្ត ដោយរដ្ឋនឹងចាក់ជូនបងប្អូនទៅតាមលំដាប់អាទិភាពនៅពេលវ៉ាក់សាំងមកដល់

ជូនថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់ អ្វីដែលខ្ញុំវាយតម្លៃ ហើយដែលថ្នាក់ដឹកនាំយើងមួយចំនួនដឹង គឺនៅត្រង់ថា ការវាយតម្លៃរបស់ខ្ញុំ ពិតជាបានត្រឹមត្រូវ។ មុននេះ ជាពិសេសនៅថ្ងៃទី ៤ ខែមីនា ពេលទើបទទួលបានវ៉ាក់សាំង ពេលនោះ ខ្ញុំបានគិតថា ពេលវេលានេះ គឺពួកវានឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែដល់ពេលវេលាមួយ​ ពួកវានឹងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង។ ពិតប្រាដកណាស់ (ពួកគេបានធ្វើ)ការបំផុសបំផុលឱ្យប្រជាជន(កុំ)មកទទួលវ៉ាក់សាំង ហើយឃោសនាថា វ៉ាក់សាំងចិនជាវ៉ាក់សាំងចាក់ដើម្បីសម្លាប់ប្រជាជន។ ថ្ងៃនេះ (ពួក)វាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែគោលបំណងធំបំផុតរបស់វា គឺដើម្បីជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់។ នេះជាចំណុចដែលខ្ញុំបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ នឹងចេញមកតាមទិសដៅហ្នឹងហើយ។​ ឥឡូវនេះ គឺពិតប្រាកដណាស់ (វាបាន)ចេញមកតាមទិសដៅហ្នឹងមែន។ ដូច្នេះ ទាមទារឱ្យយើងត្រូវអនុវត្តតាមផែនការមេរបស់យើងជាក់លាក់។ គោលបំណងវាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។ យើងដឹងហើយថា យើងត្រូវការចាក់(វ៉ាក់សាំង)ឱ្យប្រជាជនចំនួន ១០ លាននាក់យ៉ាងតិច ដែលត្រូវការ ២០ លានដូស។ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់បានត្រឹមតែ ១ លានដូសតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវការជិត ២០…

សារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ​ព្រះសង្ឃគ្រប់អង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេន​ និងជម្រាបជូនបងប្អូនជនរួមជាតិនូវបញ្ហាមួយចំនួន​។​ មុននឹងចូលដល់បញ្ហា ដែលខ្ញុំព្រះករុណាខ្ញុំត្រូវលើកមកបញ្ជាក់ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានទទួលមរណភាពក្នុងរយៈពេលកន្លងទៅដែលគិតមកដល់ត្រឹមពីម្សិលមិញនេះ គឺមានចំនួន ២៤ នាក់ ដែលនេះគឺជាមរណភាពលើកដំបូងនៅក្នុងដំណាក់កាលកូវីដ-១៩ជាងមួយឆ្នាំកន្លងផុតទៅ។ ជាមួយគ្នានេះអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខចំពោះអ្នកដែលមានជំងឺកូវីដ-១៩​​ ក៏ដូចជាចំពោះអ្នកដែលកំពុងជាប់ចត្តាឡីស័ក។​ ការត្រៀមបច្ឆាសម្រាប់បូជាសព និងដីសម្រាប់បញ្ចុះសពកូវីដ-១៩ ត្រូវបានចោទថាមើលងាយជីវិតមនុស្ស ដូចដែលព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និង​បងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា មុនពេលហេតុការណ៍មកដល់ ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដីឱ្យត្រៀមបម្រុងទុកនូវបច្ឆា​សម្រាប់ការបូជាសព ក៏ដូចជាដីធ្លីដើម្បីបញ្ចុះសពទៅតាមប្រពៃណីនៃជនជាតិនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនោះមានមនុស្សមួយចំនួនក៏បានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំគឺជាអ្នកមើលងាយជីវិតរបស់ប្រជាជនទើបធ្វើបច្ឆាសម្រាប់ដុត។ ប៉ុន្តែសូមបងប្អូនជនរួមជាតិ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ គិតមើល ប្រសិនបើខ្ញុំព្រះករុណាខ្ញុំមិនដើរមួយជំហានមុនទេ នៅពេលដែលមានសាកសពកើតឡើងដូចរយៈពេលកន្លងទៅ តើវិធានការសុខាភិបាល​ និង​វិធានការដទៃទៀតទាក់​ទង​ទៅនឹងការបញ្ចុះសព ឬការបូជាសពនេះ តើគួរធ្វើយ៉ាងណា? ដោយសារតែយើងបានដើរមុនមួយជំហាន យើងអាចដោះស្រាយបានបញ្ហានេះ/នេះ។ កូវីដ-១៩ក្លែងភេទ និងអភិបាលកិច្ចមិនបានត្រឹមត្រូវ ជាបច្ច័យធ្វើឱ្យចំនួនឆ្លងកើនឡើង ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ ដែលយើងហៅថា ព្រឹត្តិការណ៍ ២០​ កុម្ភៈ មកដល់ពេលនេះគ្មានការថម​ថយ​ទេ ប៉ុន្តែបែរជាធ្ងន់ កាន់តែធ្ងន់លើសមុន។ បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថាកូវីដ-១៩ក្លែងភេទ ហើយនិងការអភិបាលកិច្ចនៅទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់…

សេចក្តីដកស្រង់ប្រសាសន៍ សារសំឡេងស្នើឲ្យមានសិក្សា និងរៀបចំក្រមប្រតិបត្តិព្យាបាលអ្នកជំងឺ កូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ (ករណីព្រឹត្តិការណ៍ ២០ កុម្ភៈ មិនថមថយ)

  ជូនឯកឧត្តម លោកជំទាវ នៅក្នុងក្រុមដែលខ្ញុំទើបរៀបចំឡើងនេះ ដើម្បីពិចារណា និងរៀបចំឱ្យបានមួយជំហានមុន។ កាលពីពេលប្រជុំអន្តរក្រសួង ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើអំពីការរៀបចំការព្យា​បាលតាមផ្ទះ។ ឥឡូវនេះ យើងត្រូវព្យាករសភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យ។ ប្រសិនបើជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។ ដូច្នេះ យើងត្រូវតែមានការរៀបចំមួយ ដែលយកវិធីសាស្ត្រតាមបណ្តាប្រ​ទេស ដែលមានអ្នកជំងឺច្រើន ដូចជានៅអាមេរិក នៅបារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀតដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន។ ដូចជា ករណីមន្ត្រីការទូតរបស់យើងពីរនាក់ឆ្លងកូវីដ-១៩ នៅប្រទេសបារាំង មន្ទីរពេទ្យគេមិនទទួលឱ្យការព្យាបាលទេ។ គេឱ្យត្រឡប់មកព្យាបាលនៅតាមផ្ទះ។ បងប្អូនខ្មែរយើងនៅក្រៅប្រទេស ទាំងនៅអាមេរិក នៅបារាំងបានផ្តល់យោបល់ឱ្យខ្ញុំថាគួរតែចាត់វិធានការដើម្បីរៀបចំឱ្យមានការព្យាបាលតាមផ្ទះ ហើយទទួលយកទៅព្យាបាលនៅតាមមន្ទីរពេទ្យតែអ្នកជំងឺធ្ងន់។ ខ្ញុំសូមស្នើឱ្យក្រុមការងាររបស់យើង រៀបចំនូវក្រមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត។ អ្នកជាតិច អ្នកចូលច្រើន។ ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏វាមិនគ្រប់ដែរ។ អញ្ចឹង វិធីដោះស្រាយគឺមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩ ស្រាលព្យា​បាលនៅតាមផ្ទះ។ ប៉ុន្តែ ត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច ២។ ចំណុចទី១ ដែលថាទុកនៅតាមផ្ទះ អ្នកនោះត្រូវតែអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចព្យាបាលបាន ទើបយើងទុកនៅតាមផ្ទះ។…