ជូនថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់
អ្វីដែលខ្ញុំវាយតម្លៃ ហើយដែលថ្នាក់ដឹកនាំយើងមួយចំនួនដឹង គឺនៅត្រង់ថា ការវាយតម្លៃរបស់ខ្ញុំ ពិតជាបានត្រឹមត្រូវ។ មុននេះ ជាពិសេសនៅថ្ងៃទី ៤ ខែមីនា ពេលទើបទទួលបានវ៉ាក់សាំង ពេលនោះ ខ្ញុំបានគិតថា ពេលវេលានេះ គឺពួកវានឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែដល់ពេលវេលាមួយ ពួកវានឹងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង។
ពិតប្រាដកណាស់ (ពួកគេបានធ្វើ)ការបំផុសបំផុលឱ្យប្រជាជន(កុំ)មកទទួលវ៉ាក់សាំង ហើយឃោសនាថា វ៉ាក់សាំងចិនជាវ៉ាក់សាំងចាក់ដើម្បីសម្លាប់ប្រជាជន។ ថ្ងៃនេះ (ពួក)វាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែគោលបំណងធំបំផុតរបស់វា គឺដើម្បីជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់។ នេះជាចំណុចដែលខ្ញុំបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ នឹងចេញមកតាមទិសដៅហ្នឹងហើយ។ ឥឡូវនេះ គឺពិតប្រាកដណាស់ (វាបាន)ចេញមកតាមទិសដៅហ្នឹងមែន។ ដូច្នេះ ទាមទារឱ្យយើងត្រូវអនុវត្តតាមផែនការមេរបស់យើងជាក់លាក់។ គោលបំណងវាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។
យើងដឹងហើយថា យើងត្រូវការចាក់(វ៉ាក់សាំង)ឱ្យប្រជាជនចំនួន ១០ លាននាក់យ៉ាងតិច ដែលត្រូវការ ២០ លានដូស។ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់បានត្រឹមតែ ១ លានដូសតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវការជិត ២០ ខែទើបអាចចាក់អស់ចំនួនវ៉ាក់សាំង(ដែលត្រូវការ) បើសិនយើងមានវ៉ាក់សាំងគ្រប់ ២០ លានដូស។ (ការ)ជំរុញឱ្យប្រជាជន(មកទទួលវ៉ាក់សាំង) មិនមែនជាបំណងល្អរបស់វាទេ។ ទិសដៅរបស់វា មានចំណុចផ្សេង គឺជំរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយ ដែល(នោះ)ជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ។
មុននេះ ខ្លួនវាផ្ទាល់ បានឱ្យមនុស្សរបស់វាបំផុស(ថា) វ៉ាក់សាំង(ចិនសម្រាប់យកមក)សម្លាប់ប្រជាជន។ ថ្ងៃនេះ វាសរសើរវ៉ាក់សាំងចិន មិនមែនជាបំណងល្អរបស់វាទេ។ គោលដៅគឺនៅម្ខាងទៀត នោះគឺការដណ្ដើមវ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់គ្រាន់។ ខ្ញុំសូមស្នើឱ្យប្រជាពលរដ្ឋរបស់យើងនឹងនរចិត្ត។ រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព។ នៅពេលដែលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណាត្រូវចាក់មុន និងក្រុមណាដែលនៅចាក់ក្រោយ។ យើងក៏មានការចែងចែកទៅតាមអាយុ។ (វ័យ) ៥៩ ឆ្នាំចុះ ត្រូវទទួលវ៉ាក់សាំង Sinopharm, អាយុពី ១៨ ឆ្នាំឡើងលើ ទទួល Sinovac និងអាយុ ៦០ ឆ្នាំឡើងលើទទួល AstraZeneca។ នេះជាផែនការមេរបស់យើង ដែលប្រជាជនយើងមិនត្រូវជ្រួលច្របល់មកទទួលយកវ៉ាក់សាំងនោះទេ។
(សូមបញ្ជាក់ថាការបំផុសនេះ)មិនមែនជាបំណងល្អរបស់ (ដែលខ្ញុំនិយាយធ្ងន់បន្តិចចុះ) កូនអាក្បត់ជាតិនេះ(នោះទេ)។ គឺមិនអាចទទួលយកនូវផែនការរបស់វាបានទេ។ ដូច្នេះ យើងនៅតែដំណើរការចាក់វ៉ាក់សាំងទៅតាមការគ្រោងទុករបស់យើង និងលទ្ធភាពនៃការផ្គត់ផ្គង់ ដែលយើងនឹងទទួលវ៉ាក់សាំងក្នុងឆ្នាំនេះ និងបន្តបន្ទាប់ទៅទៀត រហូតដល់យើងទទួលគ្រប់តាមផែនការរបស់យើង។
ប្រជាជនក៏មិនត្រូវសម្រុកមកទីកន្លែងដែលគ្មានការរៀបរយនោះដែរ។ ថ្ងៃនេះ ល្បិច(ពួកវា)បានចេញមកហើយ។ អ្វីដែលខ្ញុំព្យាករជាងមួយខែមុន គឺច្បាស់លាស់ថា (ពួកវា)ចាប់ផ្ដើមពីការរារាំង និងរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងតែម្ដង។ ដូច្នេះ យុទ្ធសាស្រ្តនេះ វាមិនអាចរំលងទៅលើភ្នែករបស់ ហ៊ុន សែន ដែលបានវាយតម្លៃគ្រប់ជំហានដ៏អាក្រក់របស់អ្នកឯងបានទេ។
ដូច្នេះ សូមប្រជាពលរដ្ឋរបស់យើង និងមន្រ្តីការងារចាក់វ៉ាក់សាំងរបស់យើង បន្តដំណើរការទៅតាមការគ្រោងទុកនៃផែនការមេរបស់យើង។ សូមអរគុណ៕