សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធវិហារឥស្លាម ជើមៀក

… ថ្ងៃនេះ ខ្ញុំពិតជាកា​រ​សប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​នូវវិហារ​ឥស្លាម​​ជើមៀក​​ដែលស្ថិត​នៅ​មិន​ឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង​។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់​ថា​ យើងបានសម្រេច​លទ្ធផល​ពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈ​ពេល​នោះ​ប្រ​ទេសរបស់យើងមានភាពក្រីក្រ​ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ​ឥឡូវក្នុង​ស្ថានភាព​ថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់​លោក លោក​ស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា​ ៣ ជាន់ ១៨ បន្ទប់​សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់​ដោយ​​ខ្ញុំ ហើយ​កង​វិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាង​ជាមួយ​នឹង​អគារ​ខ្ពស់​ស្កឹមស្កៃនៅ​ខាង​​មុខនេះផងដែរ។ ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ​ ដែលបាន​អញ្ជើញ​​មកពីបណ្ដាប្រទេសនានា ហើយ​ក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួម​ផងដែរ ជានិមិត្តរូបឲ្យ​ឃើញ​​អំពី​ការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹម​តែក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត​ ថ្ងៃ​នេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេស​អញ្ជើញ​មក​ពី​ទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួម​ទទួល​យកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជា​របស់សាស​និក​ឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែល​យើងត្រូវធ្វើ។ រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហារស្រាយបួស វិហារច្រាំងចំរេះ

សាងសង់អគារសម្រាប់គណៈចាងហ្វាង … អម្បាញ់មិញ ខ្ញុំពិគ្រោះជាមួយគណៈចាងហ្វាង ពិគ្រោះជាមួយឯកឧត្តម អូស្មាន់ ហាសាន់ ចាងហ្វាងចៅអធិការនៅនេះ ហាកឹម … ខ្ញុំគិតថាយើងគួរតែមានទីកន្លែងគណៈចាងហ្វាងឲ្យបានច្បាស់លាស់ ហើយឲ្យបានល្អ ដើម្បីការលើកមុខមាត់នៃបងប្អូនសាសនិកឥស្លាមផងដែរ។ គណៈចាងហ្វាង គឺបើនិយាយពីតួនាទីមិនខុសពីសម្តេចសង្ឃរាជខាងព្រះពុទ្ធសាសនាទេ  ដូច្នេះយើងគួរតែមានកន្លែងមួយដែរ។ អញ្ចឹងនៅពេលដែលយើង​កសាងអគារសិក្សា ៤ ជាន់ ២៤ បន្ទប់នៅខាងនេះ ប្រើដីនៅសល់ខាងនេះ អគារចាស់នោះយើងនឹងវៃវាចោល ហើយពេលដែលវៃវាចោលហើយ យើងនឹងធ្វើអគារសម្រាប់គណៈចាងហ្វាង។ ធ្វើនេះមិនមែនសម្រាប់ តែ​ត្រឹមឧកញ៉ា សុខ នី ទេ ក៏ប៉ុន្តែសម្រាប់តជំនាន់ទៅថ្ងៃក្រោយ ថាមានទីតាំងមួយសម្រាប់គណៈចាងហ្វាងធ្វើការ … ខ្ញុំស្នើសុំអញ្ចេះ ប្រមូលបងប្អូនបញ្ញវន្ត័ និងនិស្សិតឥស្លាមទាំងអស់នាំគ្នាគូរប្លង់ ដើម្បីធានាថា ប្លង់នេះគឺត្រូវបានគូរដោយបញ្ញវ័ន្ត និងនិស្សិតរបស់ឥស្លាមកម្ពុជា ដែលទទួលបាននូវការបណ្តុះបណ្តាល ទទួលបាននូវផលប្រ​យោជន៍​ពីសុខសន្តិភាពដែលគណបក្សប្រជាជនផ្តល់ជូនបងប្អូន។ តាម(ការអោយដឹងពី)ឯកឧត្តម ហ្សាការីយ៉ា អាដាម ថា កំពស់ប្រហែល ៤ ជាន់ដូចគ្នា។ ឥឡូវ ប៉ុន្មានជាន់ខ្ញុំអត់ដឹងទេ ចំណាយប៉ុន្មានខ្ញុំអត់ដឹងទេ ខ្ញុំដឹងថា គូរប្លង់ឲ្យហើយស្រេច … ជាងរបស់ខ្ញុំនឹងចូលមកធ្វើ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីពិសារអាហារស្រាយបួស រ៉ាម៉ាឌន

លោកឧកញ៉ា សុខ គីមលី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ។ លោក អ៊ិត ម៉ាន់តួន ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីមេត្រី។ ពិធីស្រាយបួស ជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយរួចស្រេចទៅហើយ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ ដែលបានទទួលការអញ្ជើញ ដើម្បីចូលរួមនៅក្នុងពិធីស្រាយបួសនាថ្ងៃនេះ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ កាលពីដំ​បូង(២០១៤) យើងរៀបចំត្រឹមតែមនុស្ស ១,៣០០ នាក់ ហើយឆ្នាំបន្ទាប់ យើងរៀបចំចំនួន ៤,០០០ នាក់។ ឆ្នាំបន្ទាប់មកទៀត ៤,៥០០ នាក់ ហើយឆ្នាំនេះ យើងរៀបចំចំនួន ៤,៧០០ នាក់។ ប្រសិនបើមានទីកន្លែងបន្ថែមទៀតនោះ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗទៀត យើងនឹងរៀបចំកម្មវិធីនេះអោយធំជាងនេះ ដើម្បីទទួលស្វាគមន៍បងប្អូនមកពីគ្រប់ទិសទី មករួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើពិធីស្រាយបួស…។ សុខដុមភាវូបនីយកម្មជនជាតិ និងសាសនា មិនអាចមើលរំលង ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី…