ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមបញ្ញា ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ!
ឆ្នាំនេះកាត់ប្ញសសីមាតែមួយ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកស្រុកស្រីសន្ធរសាថ្មីម្តងទៀត ដើម្បីប្រារព្ធកាត់ប្ញសសីមាវត្តជ័យមង្គល ហៅវត្តជ្រៃ នៅក្នុងពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃ ឧបោសថសីល ១៥ កើត ខែផល្គុន ដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ប្រហែលជា ៣ ខែ មុននេះ លោក ជា ហួត ជាមួយនឹង លោក ប៉េង បានធ្វើដំណើរទៅផ្ទះរបស់ខ្ញុំ ដើម្បីពិភាក្សារិះរក តើថ្ងៃណាទៅយើង ត្រូវធ្វើពិធីបញ្ចុះសីមា? ដោយសារតែពេលនោះ យើងអត់ទាន់មានប្រក្រតិទិនសម្រាប់ឆ្នាំ ២០១៨ យើងរកអត់ទាន់ឃើញថា តើថ្ងៃណាវាចំថ្ងៃពេញបូរមី ថាអោយរកថ្ងៃពេញបូរមីបានហើយ។ អញ្ចឹងក៏ប្រហែលជាមួយអាទិត្យក្រោយមក លោក ជា ហួត ក៏បានជូនដំណឹងមកថា ថ្ងៃពេញបូរមីមានថ្ងៃទី ០១ ខែ មីនា ហ្នឹងមួយ ហើយរហូតទៅដល់ថ្ងៃ(ទី) ៣១ ខែ មីនា មួយទៀត បើអញ្ចឹងក៏ជ្រើសរើសយកថ្ងៃទី ០១ ខែ មីនា នេះ ចំថ្ងៃ ១៥ កើត ខែ ផល្គុន របស់យើង។
ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កាត់ប្ញសសីមាតែមួយទេ។ កាលពីប៉ុន្មានឆ្នាំមុននោះ កាត់មួយឆ្នាំៗមិនដឹងប៉ុន្មានទេ … មុនៗកាត់ ៣, កាត់ ៤ តែឆ្នាំនេះ សុំកាត់តែមួយបានហើយ។ ហត់ណាស់កាត់ប្ញសសីមា។ អញ្ចឹងទេ អោយតំណាង។ សូមញាតិញោមនៅទូទាំងប្រទេសដែលអញ្ជើញ ខ្ញុំព្រះករុណាខ្ញុំទៅហើយមិនបានទៅ ក៏ចាត់អោយតំណាងទៅ ដែលក្នុងនោះមានថ្នាក់រដ្ឋមន្ត្រី ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងកូនប្រុស ខ្ញុំព្រះករុណាខ្ញុំ ទៅជាមួយ។
យើងពិតជាមានការរីករាយ ដោយសារតែថ្ងៃនេះ យើងបានប្រារព្ធពិធីមួយនៅក្នុងទីអារាមមួយដែលមានវ័យចំ ណាស់រហូតទៅដល់ ១២៤ ឆ្នាំ។ បើយើងចាប់ផ្តើមពិនិត្យ អំពីការកកើតវត្តនេះនៅក្នុងឆ្នាំ ១៨៩៤។ ប៉ុន្តែយើង បានឆ្លងកាត់នូវដំណាក់កាលដ៏លំបាកលំបិន ហើយរហូតមកដល់ពេលនេះ ព្រះចៅអធិការទី ៥ ហើយដែល បានដឹកនាំកសាងនៅទីអារាមនេះ។ អម្បាញ់មិញបាននិយាយគ្នា ហើយព្រះចៅអធិការថា មិនសឹកចោលវត្តទៀតទេ។ ពិបាកណាស់ព្រះតេជព្រះគុណអើយ! នៅក្បែរៗស្រុក ខ្ញុំព្រះករុណាខ្ញុំ និងទីអារាមខ្លះ កសាងបានវត្តហើយ កសាងបាននេះហើយ សឹកទៅបាត់ទៅ។ មិនដឹងថា សន្សំលុយ សន្សំកាក់ពីអង្កាល់? ស្រាប់តែសឹកទៅមានឡានជិះភ្លាម។ រឿងនេះ មិននិយាយបង្អាប់ព្រះពុទ្ធទេណា? រឿងនេះលើក តម្កើងព្រះពុទ្ធ។
ត្រូវរៀបសេនាសេនៈព្រះសង្ឃខ្ពស់ជាងឧបាសក
ឥឡូវចាប់ផ្តើមណែនាំអោយរៀបសេនាសេនៈនៅក្នុងពេលដែលមានការចូលរួម រវាងព្រះសង្ឃ និងឧបាសក ត្រូវតែរៀបសេនាសេនៈសម្រាប់ព្រះសង្ឃ អោយខ្ពស់ជាងឧបាសក។ អញ្ចឹង បាវចនារបស់យើងនៅទីនេះទាំងអស់ ជាតិ សាសនា ព្រះមហាក្សត្រ គឺនៅទីនេះទាំងអស់ អោយនៅជុំគ្នា។ អញ្ចឹងទេ ទោះបីនាយករដ្ឋមន្ត្រី ក៏ដោយ ទោះបីព្រះមហាក្សត្រក៏ដោយ ក៏ថ្វាយបង្គំព្រះសង្ឃដែរ។ អ្វីដែល ខ្ញុំព្រះករុណាខ្ញុំ លើកឡើង មិនមែនជាការបន្តុះបង្អាប់ថា ឡើងចៅអធិការហើយ ចេះតែសឹកចោលវត្តនោះទេ ក៏ប៉ុន្តែនេះគ្រាន់តែជាការដែលយើង ខិតខំទាំងអស់គ្នា ដើម្បីធ្វើអោយសាសនារបស់យើងរីកចម្រើន។
ប្រវត្តិទីអារាម
ការឆ្លងកាត់ទីអារាមនេះ បើយោងទៅលើប្រវត្តិពីអតីតកាល ទីអារាមនេះពិតជាមានសោកនាដកម្មធំធេង ដោយក្នុងនោះ ទីអារាមនេះបានក្លាយទៅជាគុកសម្លាប់មនុស្សរហូតទៅដល់ ៣.៩៩៧ នាក់ ជិត ៤.០០០ នាក់ សល់តែ ៣ នាក់ ទៀតទេ ៤.០០០ នាក់ ហើយសមិទ្ធផលផ្សេងៗត្រូវបានបំផ្លិចបំផ្លាញ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការដឹងគុណ អរគុណជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ព្រះចៅអធិការមុនៗ ហើយដល់ ឆ្នាំ ១៩៩០ ព្រះចៅអធិការ អ៊ំ ប៊ិន បានសុគតទៅ ព្រះចៅអធិការទី ៤ ក៏បានសាងសង់ព្រះវិហារមួយ ប៉ុន្តែ ប្រហែលជាព្រះវិហារកាលពីពេលនោះ គឺជាព្រះវិហារដែលយើងកសាងអោយខានតែរួច។ បន្ទាប់ទៅនេះ គឺ ដល់ព្រះចៅអធិការទី ៥ គឺព្រះវិហារចាស់ទ្រុឌទ្រោម មហាឧបាសក ថៃ ហ៊ាង និងមហាឧបាសិកា ថេង ឆេង ដែលជាមាតាបិតារបស់ ឧកញ៉ា ថៃ ជាហួត បានរុះរើព្រះវិហារចាស់ចេញ ហើយក៏បានដាក់ព្រះវិហារមួយដ៏ស្កឹមស្កៃ ដែលយើងកាត់ប្ញសសីមាបន្តិចទៀត។
ពីឆ្នាំ ១៩៧៥-១៩៧៩ សាសនាទាំងអស់នៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ
ប្រវត្តិនៃដំណើររឿងរបស់យើងនៅក្នុងទីអារាមនេះ ក៏មិនខុសពីប្រវត្តិនៃដំណើររឿងនូវទីអារាមនៅទូទាំងប្រទេស ដែលមិនមែនគ្រាន់តែព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ក៏ប៉ុន្តែឥស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏ត្រូវបំផ្លិចបំផ្លាញដូចគ្នាទាំងអស់នៅក្នុងរយៈពេលនៃសង្គ្រាមក្នុងឆ្នាំ ១៩៧០-១៩៧៥ ជាពិសេស នៅក្នុងដំណាក់កាលឆ្នាំ ១៩៧៥-១៩៧៩។ នោះហើយ គឺជាសោកនាដកម្មដែលប្រទេសជាតិរបស់យើងបានឆ្លងកាត់ ហើយនេះគឺជាការលំបាករួម។
ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ទីអារាមជាគោលដៅនៃការវាយប្រហារដោយគ្រាប់បែកពីអាកាស
… គេកាន់តែមើលឃើញច្បាស់ទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ។ តើអ្វីទៅ ដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយអំពីទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ? ចង់អោយសាសនាមានការរីកចម្រើន និយាយជារួម ហើយនិយាយដោយឡែក គឺសម្រាប់ព្រះពុទ្ធសាសនា មិនអាចព្រះពុទ្ធសាសនា ឬសាសនា ដទៃទៀតមានការរីកចម្រើនទៅបាន ដោយអាណាចក្រកំពុងមានស្ថានភាពច្របូកច្របល់ ឬសង្គ្រាមនោះទេ? ទំនាក់ទំនងនេះបេះមិនដាច់ទេ។ កុំថាឡើយព្រះសង្ឃ ទោះបីជាព្រះ ក៏គ្រាប់បែក គ្រាប់កាំភ្លើង មិនអនុគ្រោះអោយទេ ហើយមិនមែនព្រះសង្ឃគេធ្វើគុតមិនបានទេ? ជាក់ស្តែងព្រះសង្ឃនៅក្នុងសម័យ ប៉ុល ពត ត្រូវពួក ប៉ុល ពត សម្លាប់យ៉ាងណាទៅ? នេះជាចំណុចដែលយើងត្រូវមើលឃើញ។ នៅពេលដែលគោលនយោបាយរបស់រដ្ឋ ផ្នែកអាណាចក្រមិនបានត្រឹមត្រូវទេនោះ គឺដឹកនាំប្រទេសទៅកាន់ភាពអន្តរាយ ក្នុងនោះសាសនាទាំងអស់ រាប់ទាំងសាសនាព្រះពុទ្ធ ក៏ត្រូវបានបំផ្លិចបំផ្លាញដូចគ្នាដែរ។ លើការជាក់ស្តែង គឺវាយ៉ាងដូច្នេះ។
នៅក្នុងសម័យកាលក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គបានផ្តល់ឱកាសសម្រាប់ជំនឿសាសនា ចំពោះប្រជាពលរដ្ឋកម្ពុជា។ បណ្តាទី អារាមនៅក្នុងសម័យនៃទសវត្សរ៍ ៦០ មុនរដ្ឋប្រហារ ១៨ មីនា ១៩៧០ បានឃើញនូវការកកើតឡើងនូវទីអារាម ក៏ដូចជាជំនឿសាសនាដទៃទៀត។ ប៉ុន្តែចាប់តាំងពីរដ្ឋប្រហារឆ្នាំ ១៩៧០ ទីអារាមមួយចំនួនត្រូវបានក្លាយទៅជាគោលដៅនៃការវាយប្រហារដោយគ្រាប់បែកពីលើអាកាស ទម្លាក់គ្រាប់បែកនៅតាមទីអារាម រហូតទៅដល់គ្រាប់បែកគីមីបំផ្លិចបំផ្លាញជីវិតប្រជាជនកម្ពុជាផងដែរ។ ទីអារាមមួយចំនួនទៀតត្រូវ បានយកធ្វើបន្ទាយទាហាន ហើយត្រូវបានធ្វើជាទីកន្លែងសម្រាប់ការលាក់កម្លាំង ឬធ្វើជាកន្លែងបម្រើឲ្យការវាយប្រហារ និងកាប់សម្លាប់គ្នា។ ដល់សម័យ ប៉ុល ពត ទីអារាមទាំងអស់ វិហារឥស្លាមទាំងអស់ គ្រឹស្តទាំងអស់ ក៏សុទ្ធតែបានបំផ្លិចបំផ្លាញដូចគ្នាដែរ។ ជាភ័ព្វសំណាង ប្រទេសរបស់យើងបានឆ្លងកាត់ការលំបាក ប៉ុន្តែ យើងក៏មានចលនាតស៊ូងើបឡើង ដើម្បីរំដោះប្រទេសនេះ ឲ្យចេញផុតពីរបបប្រល័យពូជសាសន៍។ ថ្ងៃ ៧ មករា ១៩៧៩ យើងចាប់ផ្តើមរស់ឡើងវិញស្មើគ្នាទាំងអស់។
តាសុស ពោធិសាត់ថា សាសនាទាំងអស់រស់ឡើងវិញនៅថ្ងៃ ៧ មករា ១៩៧៩ តែមួយ
ដូច្នេះហើយបានជាខ្ញុំនៅតែនិយាយពីរឿង តាសុស នៅឯខេត្តពោធិសាត់។ គាត់បានទៅដល់ផ្ទះខ្ញុំនៅតាខ្មៅ ឯណោះ ឥឡូវគាត់បានមរណកាលទៅហើយ។ តាសុស នៅខេត្តពោធិសាត់ ជាជនជាតិឥស្លាម។ គាត់បានទៅផ្ទះខ្ញុំ នៅឯតាខ្មៅ គាត់ថា ពេលនោះ តាស្រេង ដែលជាចៅហ្វាយខេត្តពោធិសាត់ថា មើលតា! មហាម៉ាត់ ឥស្លាម និងព្រះពុទ្ធ នរណាបង នរណាប្អូន? តាសុស ឆ្លើយថា គ្មាននរណាបង នរណាប្អូនទេ កើតស្មើគ្នាទាំងអស់ អាយុស្មើគ្នា កើតថ្ងៃជាមួយគ្នា គឺ ៧ មករា ១៩៧៩។ ខ្ញុំគិតថា ចម្លើយមួយនេះ គឺជាចម្លើយដែលខ្ញុំរៀនសូត្រពីគាត់។ ការពិតសាសនាទាំងអស់នៅកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ត្រូវបានស្លាប់នៅក្នុងដំណាក់កាល ប៉ុល ពត … តែក៏ត្រូវបានរស់ឡើងវិញនៅក្នុងដំណាក់កាលជាមួយគ្នាដែរ គឺនៅថ្ងៃពេលដែលយើងបានរំដោះប្រទេសជាតិ។ អញ្ចឹង ថ្ងៃ ៧ មករា ១៩៧៩ មិនគ្រាន់តែរំដោះជីវិតមនុស្សទេ ប៉ុន្តែព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ត្រូវបានរស់ឡើងវិញ នៅក្នុងពេលជាមួយគ្នា ហើយបើនិយាយឲ្យដល់ជាងនេះ ថ្ងៃ ៧ មករា ១៩៧៩ មិនមែនតែរំដោះតែមនុស្សទេ រំដោះដល់ទៅប្រេតទៀត។ ព្រោះអី? ព្រោះរាល់ពេលបិណ្ឌភ្ជុំ ត្រូវទៅបោះបាយឲ្យប្រេត …។
សាសនាណាក៏ដោយ អាចរស់រានមានជីវិតបាន ដរាបណានៅតែមានអ្នកជឿ និងគោរព
… បញ្ហាវាស្ថិតនៅត្រង់ថា បើទោះបីជារំដោះបានទៅហើយក្តី បើសិនជាគោលនយោបាយរបស់រដ្ឋាភិបាល និងមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលមិនបើកឱកាសសម្រាប់សេរីភាព នៃជំនឿរបស់ប្រជាពលរដ្ឋ តើប្រជាពលរដ្ឋពឹងផ្អែកលើអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំនៅតែមានការចងចាំ នៅក្នុងអំឡុងឆ្នាំ ១៩៨៥-១៩៨៦ មានការដាក់ចេញជាសំណួរថា តើព្រះពុទ្ធសាសនារស់រានមានជីវិតដល់ពេលណា? ដោយសារពេលនោះ ប្រទេសរបស់យើងនៅមានរដ្ឋាភិបាល ២ និងតំបន់ត្រួតត្រា ៤ នៅកម្ពុជា។ តំបន់ត្រួតត្រាមួយដឹកនាំ ដោយរដ្ឋាភិបាលត្រីភាគី ដែលមានចលនា សីហនុនិយម, ហ្វ៊ុនស៊ិនប៉ិច, មានចលនារបស់លោកតា សឺន សាន, មានចលនារបស់ខ្មែរក្រហម ហើយដែលប្រមូលផ្តុំនៅក្នុងរដ្ឋាភិបាលចម្រុះមួយ និងម្ខាងទៀតរដ្ឋាភិបាលរបស់ ខ្ញុំព្រះករុណាខ្ញុំ និយាយឲ្យត្រង់អញ្ចឹងតែម្តង ព្រោះពេលនោះ ខ្ញុំព្រះករុណាខ្ញុំជានាយករដ្ឋមន្រ្តីរួចទៅហើយ។ អញ្ចឹង ការឃោសនាសកម្មណាស់ថា យើងប្រើសាសនាគ្រាន់តែជាលេស ដើម្បីបិទបាំងនូវមនោគមវិជ្ជារបស់ខ្លួនតែប៉ុណ្ណោះ។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ក៏បានលើកបញ្ហានេះពិភាក្សាជាមួយនឹងសម្តេច ហេង សំរិន សម្តេច ជា ស៊ីម កាលពីពេលនោះ ថាតើយើងផ្តល់នូវចម្លើយយ៉ាងណា ដែលសមស្របបំផុតសម្រាប់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់អស់ចិត្ត?
ចម្លើយពេលនោះ បានដាក់ចេញថា ព្រះពុទ្ធសាសនារបស់យើង នឹងមានការគង់វង្សរហូតទៅដល់មនុស្សឈប់ជឿ។ ន័យនេះគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ បើសិនជានៅតែមានប្រជាជនជឿ មិនថាសាសនាព្រះពុទ្ធ ឬសាសនាឥស្លាម ឬសាសនាគ្រឹស្ត ឬសាសនាហិណ្ឌូ ឬសាសនាដទៃទៀតទេ ឲ្យតែមានមនុស្សនៅតែជឿ សាសនានោះនៅតែបន្តវត្តមាន។ ប៉ុន្តែបើមនុស្សឈប់ជឿហើយ សាសនានោះក៏មានអាយុខ្លីដែរ។ តថាគត ព្រះសមណគោត្តម ព្រះអង្គបានដាក់ព្រះពុទ្ធសាសនា ត្រឹមតែ ៥០០០ ព្រះវស្សាតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមាននៅអ្នកជឿក្រោយ ៥០០០ ឆ្នាំ សួរថា សាសនានេះនៅឬអត់? វាច្បាស់ណាស់ថា តថាគត ព្រះសមណគោត្តម ព្រះអង្គច្បាស់ជាដាក់ថា អប្បបរមាត្រឹមតែ ៥០០០ ទេ បន្ទាប់ទៅគិតទៅទៀត។ ប៉ុន្តែប្រសិនជាការបាត់ចំនួនណាមួយក្នុងចំណោមអ្នកដែលជឿសាសនានោះ គឺសាសនានោះនឹងត្រូវរលត់រលាយខ្លួនឯង។ ដូចជាអ្នកខ្លះបង្កើតសាសនា មកបង្កើតនៅក្នុងប្រទេសរបស់យើង គេហៅថា សាសនាឈិនហៃ ដែលបង្កើតនៅសាលាកងទ័ពជើងគោកកំពង់ស្ពឺរាល់ថ្ងៃនេះ អាហ្នឹងមានសាសនាមួយ កាលហ្នឹងដូចជាមកពីតៃប៉ិ គឺនាំគ្នាបង្កើតសាសនាឈិនហៃ។ មេសាសនាហ្នឹងជាស្រី។ ដល់មេសាសនានោះត្រូវរត់ទៅយកប្តី សាសនានោះក៏ត្រូវរលាយ ព្រោះមនុស្សអស់ជឿ។
ចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រ ផ្សារភ្ជាប់គ្នាខ្លាំង
… យើងមិនត្រូវភ្លេច ចំណងទាក់ទងរវាងព្រះពុទ្ធសាសនា ជាមួយនឹងពុទ្ធចក្រ និងអាណាចក្រ គឺមានការផ្សារភ្ជាប់គ្នាខ្លាំងណាស់។ បើការដឹកនាំណាមួយហើយ មិនបើកទូលាយ មិនផ្តល់ឱកាស សម្រាប់ប្រជាជនធ្វើបុណ្យធ្វើទានទេ ផ្តល់នូវសេរីភាពខាងជំនឿទេ វានឹងនាំទៅដល់ស្ថានភាពនៃការច្របូកច្របល់។ មិនចាំបាច់ធ្វើការប្រៀបធៀបដល់កម្រិតនោះទេ ធ្វើការប្រៀបធៀបត្រឹមតែប៉ុណ្ណោះទៅបានហើយ នៅពេលដែលប្រជាជនរងគ្រោះអត់បាយ អត់ទឹក ព្រះសង្ឃនៅក្នុងទីអារាមក៏អត់ចង្ហាន់ដែរ កុំថាឡើយដល់ទៅកសាងព្រះវិហារស្កឹមស្កៃ សម្ភារៈអីផ្សេងៗ អស់ប្រមាណជា ៤ លានដុល្លារនោះ។ សម្តេចព្រះតេជព្រះគុណ ប្រហែលជាអាចចាំបាន នៅពេលដែលយើងជួបប្រទះនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រជាជនគាត់រកតែបាយទទួលទានផងមិនបាន ព្រះតេជព្រះគុណបិណ្ឌបាត ឈរចាំមួយសន្ទុះនៅតែគេមិនមកដាក់។ ដាក់អី បើរកតែបាយស៊ីខ្លួនឯងមិនបានផង។ ប៉ុន្តែបើសិនជាប្រជាជនមានជីវភាពសម្បូរសប្បាយ ចង្ហាន់របស់ព្រះសង្ឃក៏ល្អទៅតាមហ្នឹងដែរ។ មិនត្រឹមតែចង្ហាន់របស់ព្រះសង្ឃល្អទេ ការកសាងសេនាសនៈនៅតាមទៅអារាមនានាក៏វាល្អដែរ។ ខាងឥស្លាមសាសនាក៏ដូចគ្នាដែរ នៅពេលដែលជីវភាពយើងប្រសើរឡើង យើងច្បាស់ជារួមគ្នាកសាងនូវសារ៉ាវ ឬកសាងនូវព្រះវិហារសម្រាប់ការថ្វាយបង្គំយ៉ាងល្អ។ ប៉ុន្តែនៅពេលជីវភាពរបស់យើងមិនបានល្អប្រសើរទេ ក៏យើងគ្មានឱកាសចូលរួមកសាងនូវទីអារាមនោះដែរ។
សៀវភៅ ២ ក្បាល ចែកជូនដល់គ្រូបង្រៀនទាំងអស់
ខ្ញុំព្រះករុណាខ្ញុំ និយាយបន្ដិច គឺថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកនូវសៀវភៅ ៥០០ ក្បាល ប៉ុន្តែក្នុងមួយ ប្រអប់នេះ មានសៀវភៅ ២ ក្បាល។ មួយគឺការប្រៀនប្រដៅរបស់លោកតាភិរម្យ ក្រម ង៉ុយ ៥០០ ក្បាល ហើយមួយទៀតសៀវភៅបណ្ឌិត អ៊ូ ចុង ណែនាំច្បាប់អំពីការគោរពមាតាបិតា ដើម្បីអោយគ្រូបង្រៀន ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទទួលបានសៀវភៅទាំង ២ ក្បាលនេះ។ ខ្ញុំព្រះករុណាខ្ញុំ បោះ ១១ ម៉ឺនក្បាល។ កន្លងទៅបានតែកូនសិស្ស។ កូនសិស្សច្រើនចេះជាងគ្រូលើបញ្ហាខ្លះ ដោយសារកូនសិស្សមានឱកាសមើលសៀវភៅ ឯចំពោះគ្រូពិបាកខ្ចីយកទៅផ្ទះ។ ឥឡូវគ្រូម្នាក់ត្រូវមានសៀវភៅហ្នឹង ២ ក្បាល មួយច្បាប់ប្រៀនប្រដៅរបស់ ក្រម ង៉ុយ មួយទៀតការប្រៀនប្រដៅរបស់បណ្ឌិត អ៊ូ ចុង។ ចំណុចនេះ អាចយល់បានថា ការងារការធ្វើបុណ្យធ្វើទានយ៉ាងម៉េច ហើយទំនៀមទំលាប់ខ្មែរយ៉ាងម៉េចអីយ៉ាងម៉េច ក្នុងគោលដៅចង់អោយគ្រូបង្រៀនរបស់យើងទាំងអស់យល់ដឹងអំពីបញ្ហានេះ …។
អរគុណក្រុមគ្រួសារនៃត្រកូល ថៃ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលថ្ងៃនេះ សូមអរគុណចំពោះមហាឧបាសក ថៃ ហៀង និងមហាឧបាសិកា ថេង ចេង ដែលជាមាតាបិតារបស់ក្រុមគ្រួសាររបស់ត្រកូល ថៃ ជាហួត ដែលបានរួមគ្នា។ អម្បាញ់មិញសួរគាត់ៗ ថា កូន ៨ នាក់ នៅសល់ទាំងអស់។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមបញ្ជាក់បន្ដិចដែរ ម៉េចបានជាគេហៅថា បុរី ប៉េង ហួត? មិនមែនត្រកូល ប៉េង ទេ ដែលពីរនាក់បងប្អូន មួយឈ្មោះ ប៉េង មួយឈ្មោះ ហួត។ ដល់អញ្ចឹង បានជាគេហៅថា បុរី ប៉េង ហួត។ ហ្នឹងប្រាប់បងប្អូនប្រជាពលរដ្ឋ អ្នកដែលរស់នៅក្នុងបុរី ប៉េង ហួត។ ប៉េង និងហួត គឺជាបងប្អូន។ ធ្វើផ្ទះច្រើនណាស់ ឡើងប៉ុន្មានម៉ឺនផ្ទះហើយ។ អ្នកស្រុកស្រីសន្ធររបស់យើង បានក្លាយទៅជាអ្នករួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនោះ លោក ថៃ ជាហួត ធ្លាប់បានទៅផ្ទះខ្ញុំកាលពី ៥-៦ ឆ្នាំមុន ពិភាក្សាអំពីការធ្វើផ្លូវ។ កាលហ្នឹង យើងធ្វើផ្លូវមួយខ្សែ។ ឥឡូវចាក់វាមិនទាន់ដល់ អម្បាញ់មិញស្នើសុំចាក់បន្តទៅទៀត …។
បើមានជាតិក្រោយ នឹងធ្វើបុណ្យជាមួយគ្នាទៀត
សូមអរគុណព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ត ដែលផ្ដល់កិត្តិយសអោយ ខ្ញុំ ព្រះករុណាខ្ញុំ បានមកចូលរួមកាត់ឫសសីមានៅថ្ងៃនេះ។ ថ្ងៃនេះ ក៏សូមចាប់មគ្គផលជាមួយនឹងអ្នកកាន់រោងទិសទាំងអស់ផងដែរ។ សង្ឃឹមថា បើមានជាតិក្រោយទៀត យើងនឹងធ្វើបុណ្យមួយគ្នាជាមួយគ្នាទៀត គ្រាន់តែមានអ្នកណាទៅមុនទៅក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ច្បាស់ជាមានជំនឿលើបញ្ហាចាប់ជាតិពិតប្រាកដមែន ដោយសារអី? ឥឡូវនេះ ម្ដាយរបស់ខ្ញុំព្រះករុណាខ្ញុំ មានវ័យ ១៨ ឆ្នាំហើយ។ ពីម្ដាយមកចាប់ជាតិជាចៅ នាំមកទាំងអស់តែម្ដង។ ការចាប់ជាតិនេះ គឺជាជំនឿមួយ ហើយមិនមែនមានតែស្រុកយើងទេ ដែលមានជំនឿចាប់ជាតិនោះ សូម្បីតែព្រះសង្ឃដាឡៃឡាម៉ា គេថា ព្រះអង្គចាប់ជាតិហើយតើ។ ព្រះអង្គចូលនិព្វានប៉ុន្មានពាន់ឆ្នាំហើយ។ ចុះម្ដាយរបស់ខ្ញុំព្រះករុណាខ្ញុំ គាត់មរណកាល ២០ ឆ្នាំ ឥឡូវកើតមកទៅជាចៅ (អាយុ)១៨ ឆ្នាំហើយ។ អញ្ចឹងដល់ជាតិក្រោយ អ្នកណាទៅមុន អ្នកណាទៅក្រោយ មិនសំខាន់ទេ សំខាន់ត្រង់ថា បើមានជាតិក្រោយទៀត យើងមកធ្វើបុណ្យជាមួយគ្នាទៀត ប៉ុន្តែប្រហែលមិនលំបាកដូចឥឡូវទេ ដោយសារវត្តជ្រៃយើងនេះមានវិហាររួចហើយ។ ប្រហែលជាព្រះតេជព្រះគុណ ថ្ងៃក្រោយមិនពិបាករៃអង្គាស ដើម្បីនឹងធ្វើវិហារឡើងវិញ ព្រោះវិហារនេះជាប់។ វិហារនេះ ២០០ ឆ្នាំ ៣០០ ឆ្នាំទៀតក៏មិនបាក់ដែរ ព្រោះមាំណាស់សម័យឥឡូវ … អរគុណ ក្រុមគ្រួសារនៃត្រកូល ថៃ ដែលមកកសាងនូវទីអារាមនេះ ជាមួយនឹងសមិទ្ធផល មិនគ្រាន់តែនៅក្នុងទីអារាមនេះ ផ្នែកពុទ្ធចក្រទេ អាណាចក្រ យើងបានរួមចំណែកទៅដល់ការកសាងសម្រាប់សិក្សាធិការផ្នែកអប់រំ រហូតទៅដល់មានវិទ្យាល័យទៀតផង។
សុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយ អ្វីដែលយើងបានឃើញនៅទីនេះ … ខ្ញុំមិនចង់និយាយទៅដល់ប្រទេសណាទាំងអស់ តែខ្ញុំចង់និយាយតែក្នុងក្របខណ្ឌនៃប្រទេសខ្មែរតែប៉ុណ្ណោះ សុខដុមភាវូបនីយកម្មលើបញ្ហាជាតិសាសន៍ និងសាសនា ត្រូវបានមើលឃើញនៅទីនេះហើយស្រេច។ ថ្ងៃនេះ គឺជាថ្ងៃបុណ្យព្រះពុទ្ធ ប៉ុន្តែមានបងប្អូនអ៊ីស្លាមសាសនាមកចូលរួម។ ចំណុចនេះ តើបង្ហាញពីអ្វី? ខ្ញុំព្រះករុណាខ្ញុំ យល់ថា ថ្ងៃនេះ ក៏មានបងប្អូនដែលកាន់សាសនាគ្រឹស្ដមួយចំនួនក៏បានមកចូលរួមដែរ។ អញ្ចឹងចំណុចនេះ បង្ហាញអំពីការដឹកនាំរបស់គណបក្សប្រជាជន បង្ហាញពីគោលនយោបាយនៃសុខដុមភាវូបនីយកម្មចំពោះជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការសប្បាយរីករាយ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ទៅកាន់ទីអារាមព្រះពុទ្ធសាសនា ក៏មានបងប្អូនអ៊ីស្លាមសាសនា ក៏មកចូលរួម។ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ទៅកាន់ទីកន្លែងអ៊ីស្លាមសាសនា ក៏មានអ្នកកាន់ព្រះពុទ្ធសាសនាទៅចូលរួម។ នេះហើយ ជាចំណុចដែលយើងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងម៉េចកុំអោយប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលមានជម្លោះសាសនា។ សាសនាខុសគ្នា មិនមែនជាឧបសគ្គរារាំងនៃការអភិវឌ្ឍប្រទេសទេ។
ប្រទេសខ្លះកំពុងកើតមានជម្លោះសាសនាពេញទីហើយ។ ការកាប់សម្លាប់រវាងគ្រឹស្ដជាមួយនឹងម៉ូស្លីម ម៉ូស្លីម ជាមួយនឹងគ្រឹស្ត គឺធ្ងន់ធ្ងរខ្លាំងមែនទែន … ក៏មានប្រទេសខ្លះពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធ ជាមួយនឹងម៉ូស្លីម ប៉ុន្តែសម្រាប់ប្រទេសរបស់យើង ខ្ញុំព្រះករុណាខ្ញុំ នៅតែធានាថា នឹងបន្តការខិតខំរួមជាមួយព្រះសង្ឃ រួមជាមួយនឹងហាគីមទួន មេដឹកនាំនៃគណៈចលនាអ៊ីស្លាមគ្រប់ថ្នាក់ និងរួមជាមួយថ្នាក់ដឹកនាំនៃគ្រីស្តបរិស័ទ ដើម្បីធ្វើឲ្យភាពសុខដុមរមនានៃសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា បន្តការរីកលូតលាស់ និងការយោគយល់ អធ្យាស្រ័យគ្នាបន្តទៅទៀត។
មានការសប្បាយរីករាយ ពេលដែលឃើញថាជម្លោះសាសនាមិនបានជាហេតុផលសម្រាប់ការដោះស្រាយ និងការឈឺក្បាលរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលនោះទេ។ នៅក្នុងវិស័យព្រះពុទ្ធសាសនា មាននិកាយ ២ ធម្មយុទ្ធ និងមហានិកាយ ក៏គ្មានបញ្ហាអ្វីនោះទេ ឯចំពោះនៅ ក្នុងសាសនាឥស្លាមក៏មាននិកាយច្រើន ក៏គ្មានបញ្ហាអ្វីធំដុំនោះដែរ ប៉ុន្តែអ្វីដែលសំខាន់កុំឲ្យមានបញ្ហាពាក់ព័ន្ធរវាងពីសាសនាមួយ ឧទាហរណ៍ ឥស្លាម ជាមួយគ្រីស្ត គ្រីស្តជាមួយព្រះពុទ្ធ ឬព្រះពុទ្ធជាមួយនឹងមូស្លីម។ ចំណុចទាំងអស់នេះឆ្លុះបញ្ចាំងពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងក្របខណ្ឌ នៃការធ្វើសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា ដែលគ្មានការរើសអើង។
វត្តអារាមមានចំនួនច្រើន
ខ្ញុំព្រះករុណាខ្ញុំ សប្បាយរីករាយជាមួយនឹងសមិទ្ធផលដែលបាន និងកំពុងកើតលើទឹកដីកម្ពុជា ហើយនៅតែបង្ហាញនូវការមិនយល់(ស្រប)ជាមួយនឹងពាក្យថាក្រទៅៗ កាលពីឆ្នាំ ១៩៧៩ តើនៅទីនេះមានទីអារាមទេ? ទីអារាមនៅទីនេះ ជាទីអារាមបន្សល់ទុកពីគុក បន្ទាប់ពីការសម្លាប់មនុស្សអស់ជិត ៤០០០ នាក់។ ប៉ុន្តែឥឡូវទីអារាមនេះ ឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ក្លាយទៅជាទីអារាមដែលគួរឲ្យស្រលាញ់គោរពបូជា។ ខ្ញុំព្រះករុណាខ្ញុំ ហោះមកអម្បាញ់មិញនេះ មានទីអារាមខ្លះរួចរាល់ ព្រះវិហារខ្លះរួចរាល់ ព្រះវិហារខ្លះមិនទាន់រួចរាល់ បានឃើញត្រឹមតែចំងាយផ្លូវ ១៨ នាទី នៃការហោះហើរតែប៉ុណ្ណោះ … ដោយឡែកបើយើងពិនិត្យមើលគ្រាន់តែស្រុកស្រីសន្ធរមួយ មានទីអារាមរហូតទៅដល់ ៥១ វត្ត ក្នុងពេលដែលយើងមាន ១៤ ឃុំ និង ៨៦ ភូមិ។ អញ្ចឹងគិតមើលជិត ២ ភូមិ មានវត្តមួយ មិនមែនមួយឃុំមានវត្តមួយទេ ជិត ២ ភូមិ … អញ្ចឹងបានសេចក្តីថា ក្នុងមួយឃុំមានជាង ៤ វត្ត។ ច្រើនណាស់ បើនិយាយអញ្ចឹងច្រើនជាងប៉ុស្តិ៍ប៉ូលីស ច្រើនជាងបន្ទាយទាហាន។ អញ្ចឹងព្រះសង្ឃច្រើនជាង មានទៅដល់ ៦៣៩ អង្គ ផ្នែកឥស្លាមសាសនា ក៏មានព្រះវិហារមួយផងដែរ ហើយមានសាសនិកឥស្លាមចំនួន ២៣០ នាក់។ យើងមិនទាន់ស្កប់ស្កល់ជាមួយផលិតផលត្រឹមប៉ុណ្ណេះទេ ប្រទេសជាតិរបស់យើងត្រូវការអភិវឌ្ឍឲ្យច្រើនជាងនេះ។
តម្រូវការប្រជាពលរដ្ឋកាន់តែខ្ពស់
អម្បាញ់មិញមានសំណូមពរជំនួសមុខឲ្យប្រជាជនស្រីសន្ធរ។ អ្នកស្រីសន្ធរនេះឧស្សាហ៍ណាស់ក្នុងការបង្ហោះចូល ទៅក្នុងហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ ទារផ្លូវ។ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ទៅដល់កំពង់ចាម គាត់តាមបង្ហោះទៅកំពង់ចាមពីផ្លូវមួយខ្សែហ្នឹង។ ឥឡូវធ្វើបានប៉ុន្មានហើយ? បានជាង ៨ គីឡូ … បើនិយាយឲ្យពិតទៅ រឿងបំផើមចោល បានជារឿងវាកើតហ្នឹង បំផើមចោលជាអ្នកណា? យើងចេះតែជឿការសន្យាពីខាងក្រៅ ថានឹងអនុវត្តគម្រោងផ្លូវនេះៗ ដល់ទៅដាក់ឥណទានមកវាមិនគ្រប់។ អញ្ចឹងប្រជាពលរដ្ឋចេះតែវាយសារចូលទៅ។ ឆ្នាំទៅមួយ ខ្ញុំក៏ឲ្យមកចាត់វិធានការទៅ ប៉ុន្តែវានៅសេសសល់បន្តទៀត។
តម្រូវការរបស់ប្រជាពលរដ្ឋរបស់យើងកាន់តែខ្ពស់ សូម្បីតែការទទួលទានបច្ចុប្បន្ននេះ ខុសពីការទទួលទាននៅក្នុងពេលដែលយើងរំដោះពី ប៉ុល ពត មក ឥឡូវការទទួលទានយ៉ាងណាស្អីយ៉ាងណា សុទ្ធតែត្រូវការពិនិត្យទាំងអស់។ ខ្ញុំព្រះករុណាខ្ញុំ កាលពីពេលមុននេះ ក៏ត្រូវការធ្វើម៉េចឲ្យតែណែនក្រពះ រឿងកាឡូរីមិនកាឡូរីមិនគិត។ បានជាទីបំផុតទៅជាមនុស្សដែលលើសទម្ងន់។ ក្បាលពោះ។ ពូជខ្ញុំព្រះករុណាខ្ញុំ មិនមានដុះពោះផង ស្រាប់តែដុះពោះតែខ្ញុំព្រះករុណាខ្ញុំ។ ប៉ុន្តែឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំអត់មានខោអាវស្លៀក ដោយសារខ្ញុំព្រះករុណាខ្ញុំអនុវត្តតាមវិធីមួយ មិនមែនវិធីទៅវះយកខ្លាញ់ចេញទេ។ រឿងនេះថ្ងៃក្រោយអនុវត្តចំពោះនាយទាហានទាំងអស់ ព្រោះនាយទាហានបច្ចុប្បន្ននេះ ពោះធំៗណាស់ ។ អញ្ចឹងវិធីតែមួយគត់ដើម្បីឲ្យក្បាលពោះធ្លាក់ហើយឲ្យសម្រកគីឡូ គឺស្ពាយបាឡូដាក់ដុំអិដ្ឋ ហើយនៅក្បែរមាត់ទន្លេដូចយើងអញ្ចេះ គឺនាំគ្នាដើរឡើងជម្រាល ធ្វើម៉េចឲ្យបាន ១២ ទៅ ១៥ អង្សារ ឡើងចុះៗ អាហ្នឹង បានឆាប់ធ្លាក់ បើមិនអញ្ចឹងទេ អស់លោកមេទាហានខ្លះទៅក្រាបៗ អត់កើតទេដូចហ៊ីងអញ្ចឹង។
ខ្ញុំព្រះករុណាខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពចន្លោះមុនទៅអូស្រ្តាលី តើខោអាវបានសារេទាន់ ឬអត់? ប៉ុន្តែ នៅសល់ដូចជាពេលជាងកន្លះខែដែរ។ ឥឡូវសារេបានប៉ុន្មានខោហើយ ព្រោះអាខោអាវកាត់ពីមុនហ្នឹង ប្រពន្ធ(គាត់យកគំរូ)កាត់តាម កាលឡើងគីឡូ គាត់ពង្រីកបន្តិច។ ឥឡូវយកខោអាវឆ្នាំ ២០០៦ យកមកស្លៀកពាក់ត្រូវសល់តែមួយកំប្លេគត់ក្រៅពីហ្នឹងឲ្យគេអស់។ ខោអាវខ្លះយកទៅសារេ សារេបានខោអាវខ្លះ។ ខ្លះយកទៅសារេ សារេអត់បាន ដោយយើងអាខ្លួនធំកាលពីនៅ ៨៦ គីឡូក្រាម យកទៅសារេ ជាងថាសារេទៅវាធ្លាក់ស្មា សារេនៅ ស្រុកខ្មែរបន្តទៀត។ នេះគ្រាន់តែលើកឧទាហរណ៍អំពីការទទួលទានតែប៉ុណ្ណោះ។
បើជំនាន់ ប៉ុល ពត គេឲ្យរស់ស្រួលមិនបាច់មានការរើបម្រាស់
ប៉ុន្តែ ឆ្នាំ ១៩៧៩ ពេលដែលយើងរំដោះចេញពីរបបប៉ុលពតមកបានអីស៊ីហ្នឹង។ បានប្រពន្ធខ្ញុំចេះតែនិយាយ ពេលនៅតុបាយ ថាម្ហូបនេះ ជំនាន់ ប៉ុល ពត បើបានស៊ី មិនដឹងថាឆ្ងាញ់យ៉ាងណាទេ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ឆ្លើយត្រឡប់ទៅវិញថា បើអា ប៉ុល ពត វាឲ្យស៊ីឆ្ងាញ់ប៉ុណ្ណឹង ចាំបាច់ទៅប្រឆាំងវាធ្វើស្អី ឲ្យវានៅបន្តទៅ … ប៉ុន្តែដោយសារតែវាមិនឲ្យស៊ី ហើយសម្លាប់ទៀតហ្នឹងណា បានវាយវាឲ្យដួល។ ចុះបើឲ្យស៊ីឆ្អែតហើយ ចាំបាច់ទៅប្រឆាំងធ្វើស្អី ហើយកាលហ្នឹង យើងអត់ទាមទារអីក្រៅពីសុំតែមួយរស់ តែគេមិនឲ្យយើងរស់។ ដោយសារតែគេមិនឲ្យយើងរស់ហ្នឹងហើយបានជាត្រូវតស៊ូ។ អម្បាញ់មិញ បានសួរបងប្រុសបងស្រីមួយចំនួនថា ព្រះជន្មប៉ុន្មានហើយ? (គាត់)ថាជាង ៧០។ បើយើងពិនិត្យជាង ៧០ ឆ្នាំ ១៩៧៩ មកដល់ពេលឥឡូវ កាលពេលហ្នឹងគាត់ទើបតែ ៣១ ឆ្នាំ។ កាលហ្នឹងនៅខ្ញង់តើ។ កាលពេលហ្នឹង ខ្ញុំទើបអាយុ ២៦ ទៅ ២៧ ឆ្នាំទេ … ឥឡូវជាង ៦០ ដែរ។ ប៉ុន្តែ កុំគិតពីរឿងបញ្ហា ៦០, ៧០, ៨០ អី គិតពីរឿងបញ្ហានាំគ្នាបន្តទៅមុខទៀត។ ថ្ងៃណាថ្ងៃហ្នឹងទៅ។ សង្ខារមិនទៀងទេ។ រឿងហ្នឹងជួនកាល អ្នកខ្លះគេថាអាយុវែង ប៉ុន្តែស្រាប់តែសុខៗបាត់ទៅ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សូមទទួលផលពីបានចូលរួមដើម្បីកសាងផ្នែកពុទ្ធចក្រ អំពាវនាវចំពោះព្រះសង្ឃ ផ្តល់ជូនត្រឡប់មកអាណាចក្រវិញ។ កន្លងទៅបានជួយផ្តល់រួចមកហើយដែលខាងផ្នែកអាណាចក្រ ទទួលបានតាមរយៈ ការអប់រំមនុស្ស ឲ្យចេះដឹងឲ្យចេះច្បាប់ទម្លាប់ ឲ្យគោរពច្បាប់មានទំនាក់ទំនងជាមួយគ្នា។
អាណាចក្របានផ្តល់ទៅពុទ្ធចក្រនូវការសាងសង់សេនាសនៈ នូវការគោរពបូជាទាំងឡាយ ប៉ុន្តែផ្នែកពុទ្ធចក្រ ឬក៏ថា ផ្នែកសាសនា ក៏ត្រូវផ្តល់ត្រឡប់មកវិញ ហើយអ្វីដែលខ្ញុំព្រះករុណាខ្ញុំ សំណូមពរនៅពេលនេះ៖
ទី១ ទាំងអស់គ្នារួមគ្នា ការពារសន្តិភាព
មិនត្រូវឲ្យសន្តិភាពនេះ ត្រូវបានបំផ្លាញដោយអ្នកណាម្នាក់ ឬក្រុមណាមួយ ឬបក្សនយោបាយណាមួយនោះទេ។ ទម្រាំនឹងរកបាននូវសន្តិភាពគឺវេទនាណាស់។ នៅពេលដែលប្រទេសកើតសង្គ្រាម ខ្ញុំព្រះករុណាខ្ញុំ មានអាយុមិនទាន់គ្រប់ ១៨ ឆ្នាំ ផងទេ។ បង្កើតសង្គ្រាមវាស្រួល ក៏ប៉ុន្តែរកសន្តិភាពវាលំបាកខ្លាំងណាស់។ ដូច្នេះវិធីដើម្បីបន្តការអភិវឌ្ឍ ជំហានដំបូងត្រូវតែរួមគ្នា ដើម្បីរក្សាសន្តិភាពកុំឲ្យអ្នកណាមួយ ក្រុមណាមួយ ឬបក្សនយោបាយណាមួយ បំផ្លិចបំផ្លាញនូវសន្តិភាពដែលយើងរកបានដោយលំបាក។
ទី២ ចង់បាននូវការចូលរួមរបស់ព្រះសង្ឃ អាចារ្យ យាយជី អប់រំលើការហាមការប្រើប្រាស់គ្រឿងញៀន
ជួយដាស់តឿនទៅដល់យុវជនរបស់យើង កុំឲ្យប្រើប្រាស់គ្រឿងញៀន។ ធម្មតាកាលណាពេលបុណ្យទានឡើងគឺតែងតែមានពុទ្ធបរិស័ទ មកកាន់ទីអារាមហើយតាមរយៈវេទិកាទាំងអស់នោះ គឺព្រះសង្ឃ អាចារ្យ យាយជី សុទ្ធតែមានចំណែកដើម្បីដាស់តឿនកូនចៅ កុំឲ្យប្រើប្រាស់គ្រឿងញៀន ដែលវាក្លាយទៅជាសោកនាដកម្ម សំរាប់ប្រទេស។ ប៉ុន្តែ សោកនាដកម្មដំបូងគឺសោកនាដកម្ម ចំពោះអ្នកប្រើប្រាស់គ្រឿងញៀននេះឯង កុំឲ្យប្រព្រឹត្តរឿងនេះ មិនគ្រាន់តែបញ្ហាមិនលក់គ្រឿងញៀនទេ គឺកុំសេពគ្រឿងញៀន បដិសេធឆ្លើយថាមិនប្រើប្រាស់គ្រឿងញៀន។ នេះគឺជារឿងព្រះសង្ឃអាចធ្វើទៅរួច ហើយនៅតាមវិហារឥស្លាមទាំងឡាយក៏អាចធ្វើបាន នៅតាមសាលាគ្រិស្តបរិស័ទក៏អាចធ្វើទៅបាន។
ទី៣ ព្រះសង្ឃ ឬសាសនា ជួយអប់រំមនុស្ស អំពីការគោរពច្បាប់ចរាចរណ៍
មនុស្សស្លាប់ច្រើនណាស់រាល់ថ្ងៃនេះ ស្លាប់ច្រើនជាងសម័យសង្គ្រាមទៅទៀត។ មួយឆ្នាំៗ រាប់រយ រាប់ពាន់នាក់ អ្នកស្លាប់ និងអ្នករបួសខូចខាតទ្រព្យសម្បត្តិ។ ការអប់រំខាងផ្នែកទាក់ទងនឹងច្បាប់ចរាចរណ៍ មិនមែនគ្រាន់តែសុវត្ថិភាពចំពោះពលរដ្ឋទេ សុវត្ថិភាពសម្តេច សុវត្ថិភាពព្រះតេជព្រះគុណ ព្រះតេជព្រះគុណទាំងអស់ សុទ្ធតែមានឡាន បើតាមមើល សម័យនេះមិនមែនសម័យដើរ។ សម័យពីដើមគេឲ្យមើលតែ ៥ ជំហានទៅមុខ ឥឡូវព្រះអង្គបើសិនតែមើល ៥ ជំហានទៅមុខ ឡានបុក។ ឥឡូវទំនើបបន្តិចហើយ។ ព្រះអនុវត្តកាលពីដើម កាលពីសម័យព្រះពុទ្ធអត់ទាន់មានឡាន អញ្ចឹងបានជាមើលបានតែ ៥ ជំហានទៅខាងមុខ។ សម័យនេះ បើអញ្ចឹងទេហើយគ្រោះថ្នាក់ចរាចរណ៍ មិនថាឧបាសក មិនថាព្រះសង្ឃទេសុទ្ធតែទទួលផលអាក្រក់ទាំងអស់គ្នា។ អញ្ចឹងទេ ព្រះសង្ឃអាចចូលរួមបាន គ្រប់សាសនាទាំងអស់អាចចូលរួមបាន នូវនាទីទាក់ទងនឹងការអប់រំមនុស្សកុំឲ្យប្រើប្រាស់គ្រឿងញៀន អប់រំមនុស្សឲ្យចេះគោរពច្បាប់ចរាចរណ៍។
ថ្ងៃបោះឆ្នោតសកល នឹងមកដល់នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨
ថ្ងៃនេះពិតជាថ្ងៃរីករាយ ហើយខ្ញុំព្រះករុណាខ្ញុំ មិនចង់យកពេលវែងបន្តទេ ពិតមែនតែមេឃថ្ងៃនេះគឺហាក់ដូចជាចម្លែកបន្តិចគឺស្រទុំ ប៉ុន្តែមិនមែនស្រទុំចាញ់សម្រស់ខ្ញុំព្រះករុណាខ្ញុំមកវត្តនោះទេ។ ស្រទុំដោយសារការព្យាករអាកាសធាតុថា ល្ងាចស្អែកនៅថ្ងៃទី ២ ទី ៣ ស្អែក និងខានស្អែកនេះនៅបណ្តាខេត្តមាត់សមុទ្រ នឹងមានភ្លៀងនៅពេលល្ងាច។ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំទៅកំពង់ស្ពឺ ថ្ងៃនេះមកកំពង់ចាម ស្អែកទៅកំពង់សោម។ ហ្នឹងហើយកិច្ចការនាយករដ្ឋមន្ត្រី ដែលគេចង់បានណាស់ ប៉ុន្តែអ្នកដែលធ្វើតួនាទីជានាយករដ្ឋមន្ត្រី គឺជាអ្នកសាច់កម្មទៅវិញទេ។ មនុស្សមិនចង់ធ្វើបែរជាបានធ្វើ។ ហ្នឹងទំនាយចារមកវាអញ្ចឹង។
ខ្ញុំព្រះករុណាខ្ញុំ អត់ដែលមានមហិច្ឆតាណាឲ្យទៅលើសពីចង់ធ្វើត្រឹមជាគ្រូបង្រៀនតូចតាចមួយប៉ុណ្ណោះ ប៉ុន្តែមិនដឹងជារឿងស្អី បានជារុញៗមកដល់ហ្នឹង មកដល់កន្លែងហ្នឹងហើយអាសូរតែធ្វើ ១ ឆ្នាំ ២ ឆ្នាំ ៣៣ ឆ្នាំហើយ ឥឡូវប្រកាសថែម ១០ ឆ្នាំទៀតយ៉ាងតិច ព្រោះខ្ញុំព្រះករុណាខ្ញុំមនុស្សខុសគេ បើមិនចង់ឲ្យទៅគឺទៅ ហើយបើចង់ឲ្យចេញ អញនៅ។ រឿងអីមកស្រែក ហ៊ុន សែន អើយ ចុះចេញទៅ (ក្នុងពេលដែល)អញឈ្នះឆ្នោតសោះ។ ហ៊ុន សែន អើយចុះចេញទៅ ហើយស្រែកដូចខ្មោចទារបាយ។ ចាំតែចុះតើ។ បោះឆ្នោតខាងមុខទៀត យើងនឹងបន្តខិតខំ។ ការបោះឆ្នោតនៅក្នុងប្រទេសរបស់យើងតាមការកំណត់នៃច្បាប់ ថ្ងៃ ២៩ ខែ កក្កដា ឆ្នាំ ២០១៨។ នៅសល់តែប៉ុន្មានខែទៀត ការបោះឆ្នោតមួយនឹងមកដល់។ គណបក្សប្រជាជននឹងដើរតួនាទីបន្ត ក្នុងការដឹកនាំប្រទេសតទៀត។ យើងជឿជាក់យ៉ាងដូច្នេះ។ ខ្ញុំមិនទាន់ទាំងបានធ្វើស្អីផង គិតតែពីរឿងកាប់ចាក់ៗ ដាក់គោលនយោបាយចេញមក “មានឯង អត់អញ មានអញ អត់ឯង” ក្នុងពេលដែលយើងដាក់គោលនយោបាយបង្រួបបង្រួមជាតិ។ សំខាន់ណាស់សម្រាប់ប្រទេសមួយ ដែលត្រូវការបង្រួបបង្រួមគ្នា ប៉ុន្តែការអត់ធ្មត់វាមានព្រំដែនរបស់វា។ បើគេកំចាត់យើងហើយ តើយើងមានអ្វី(ត្រូវធ្វើ) ច្បាស់ជាដូចឧស្សាហ៍មើលកុនចិនដែរ កុនចិនគាត់និយាយថា អនុគ្រោះឲ្យសត្រូវព្រៃផ្សៃចំពោះខ្លួនឯង។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់បានជួបប្រទះរឿងនេះ ហើយអនុគ្រោះលើកលែងទោសឲ្យគេៗ មកធ្វើបាបខ្លួន។ ឥឡូវអត់ទេ កុំសង្ឃឹម។ កុំមកស្រែក។ ក្នុងស្រុកខ្មែរ អត់ហ៊ានស្រែកទេ។ ហ៊ានស្រែកនៅក្រៅប្រទេស …។
បើ ហ៊ុន សែន មិនទៅប្រជុំនៅអូស្ត្រាលីទេ អាស៊ានក៏អត់បានទៅដែរ
ខ្ញុំព្រះករុណាខ្ញុំ (ត្រូវ)ទៅប្រទេសអូស្ត្រាលី។ រដ្ឋាភិបាលអូស្ត្រាលី ក៏ត្រូវមានការទទួលខុសត្រូវ។ មិនមែន ខ្ញុំព្រះករុណាខ្ញុំ ទៅជិះតាក់ស៊ីទេ។ ជិះឡានដាក់ទង់ជ័យ។ បើប្រទេសណាជិះឡានដាក់ស្អីគឺដាក់ដូចគ្នា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសឯករាជ្យអធិបតេយ្យភាព ហើយក៏ជាសមាជិកអាស៊ាន។ បើអាស៊ានមានតែ ៩ គឺមិនហៅថាអាស៊ានទេ ហើយបើសិនជាអាស៊ានកម្ពុជា ប្រឆាំងជំទាស់នឹងការចេញសេចក្ដីថ្លែងការណ៍មួយ ក៏វាទៅមិនរួចដែរ។ រឿងនេះ រដ្ឋាភិបាលអូស្ត្រាលីគេអញ្ជើញ ហើយម៉្យាងទៀត មុននឹងអញ្ជើញហ្នឹង គេមកឡប់ប៊ី ខ្ញុំព្រះករុណាខ្ញុំ ថាសូមអោយគាំទ្រចំពោះការប្រជុំលើដែនដីអូស្ត្រាលី ដើម្បីរម្លឹកខួបអនុស្សាវរីយ៍រវាងអូស្ត្រាលីជាមួយកម្ពុជា។ ហេតុអ្វីបានជាមនុស្សមួយចំនួនបានលើកកំរិតថា សូមកុំអញ្ជើញលោក ហ៊ុន សែន ទៅធ្វើស្អី? បើ ហ៊ុន សែន មិនទៅទេ គឺមានន័យថាអាស៊ានវាអត់ទៅដែរ។ ពេលហ្នឹង អូស្រ្តាលីគួរតែអរគុណ ហ៊ុន សែន ទៅវិញទេដែល ហ៊ុន សែន គាំទ្រសម្រាប់ការប្រជុំរម្លឹកខួបអនុស្សាវរីយ៍នៅក្នុងប្រទេសអូស្ត្រាលី។ សូមផ្ដាំទៅអោយរៀនសូត្រពីអាស៊ាន អោយបានច្បាស់។ ប្រសិនបើពេលហ្នឹង ខ្ញុំព្រះករុណា ខ្ញុំនិយាយត្រឹមតែប៉ុណ្ណេះថា ខ្ញុំទៅមិនបានទេសុំលើកពេលប្រជុំហ្នឹងទៅពេលក្រោយក៏បាន ព្រោះខ្ញុំត្រូវជាប់បោះឆ្នោត។ ប្រទេសមួយចំនួនគេមានកិច្ចការរបស់គេដែរ។
អាស៊ានធ្វើការតាមឯកច្ឆន្ទ មិនដូចសភាមានសំលេងភាគតិច និងសំលេងភាគច្រើន
ប៉ុន្តែ យើងត្រូវតែទៅ ដើម្បីផ្ដល់កិត្តិយសអោយអូស្ត្រាលីបានម្ដង ក្នុងពេលដែលយើងបានទៅប្រជុំអាស៊ានឥណ្ឌាពីរដង ហើយយើងទៅប្រជុំអាស៊ានកូរ៉េ ១ ដងដែរ និងអាស៊ានជប៉ុន អាស៊ានចិន … យើងក៏គួរផ្ដល់ឱកាសសម្រាប់មេដឹកនាំអាស៊ានលើទឹកដីអូស្ត្រាលី។ ប៉ុន្តែ អ្នកដែលមិនយល់នៅក្នុងប្រទេសអូស្ត្រាលីខ្លួនឯង ដែលម្ខាងជាសញ្ជាតិខ្មែរ ម្ខាងជាសញ្ជាតិរបស់អូស្ត្រាលី អត់យល់អំពីអ្វីដែលហៅថាអាស៊ាន បែរជាចង់អោយរដ្ឋាភិបាលអូស្ត្រាលីកុំអញ្ជើញ ហ៊ុន សែន។ អាស៊ាន បើមិនអញ្ជើញ ហ៊ុន សែន បានសេចក្តីថាវាមិនគ្រប់ទឹកហើយមិនគ្រប់ទឹកមិនមែនដូចសភាទេ បានសេចក្ដីថា ក្នុងសភាគេមានសំលេងភាគច្រើន និងសំលេងភាគតិច ប៉ុន្តែអាស៊ានអត់មានសំលេងភាគច្រើន និងសំលេងភាគតិចទេ គឺធ្វើការតាមឯកច្ឆន្ទ។ ដល់អាស៊ានទាំង ១០ ឯកភាពគ្នាបានចេញសេចក្ដីថ្លែងការណ៍ណាមួយបាន។
ឥឡូវគេខំដុត(រូបថត)ធ្វើម៉េចអោយខ្ញុំព្រះករុណាខ្ញុំ ខឹងកុំទៅ។ ចាំតើអាពៅ។ ថ្ងៃមុនទៅដុតរូបឯង(ហ៊ុន សែន) ពេញទឹកពេញដី។ ទំនាយរបស់ខ្ញុំព្រះករុណាខ្ញុំ ដួងព្រលឹងរបស់ ខ្ញុំព្រះករុណាខ្ញុំ នៅនឹងនាគរាជដែលនៅជាប់នឹងវត្ត ជាប់ជញ្ជាំងព្រះវិហារនោះឯង។ អញ្ជឹងទាល់តែអ្នក ឯងដើរវាយទាំងអស់ នៅនាគរាជតាមព្រះវិហារទាំងអស់ អាហ្នឹងបានខ្ញុំព្រះករុណាខ្ញុំ អស់ជីវិត ព្រោះដួងកែវរបស់ខ្ញុំព្រះករុណាខ្ញុំ នៅនឹងនាគរាជ ដែលនៅជាប់នឹងវិហារ។ បើអ្នកឯងចិត្តខ្លាំង ល្អមើលតើ វាយទៅ វាយឲ្យអស់ទៅ អាហ្នឹងបានវាឆាប់ចប់ … ខ្ញុំព្រះករុណាខ្ញុំ និយាយពីម្សិល ឆ្កែខាំជើងយើងៗទៅខាំជើងឆ្កែវាពិបាក។ ឆ្កែព្រុសយើងព្រុសឆ្កែក៏វាពិបាក។ ព្រោះវាអញ្ចឹងបានវា អញ្ចឹង។ ដោយសារតែវាអញ្ចឹងបានជាវាជាប់គុក ដោយសារតែញ្ចឹងបានវារត់ចោលស្រុក ដោយសារតែអញ្ចឹងបានជាវាត្រូវរលាយ។ បើធ្វើល្អវាទាស់ស្អី។ ខ្ញុំព្រះករុណាខ្ញុំ មិនមែនជាអ្នកបង្កើតរឿងទេ។
សាងសង់ផ្លូវបេតុង ១៦,៩៧០ ម៉ែត្រ ពីភូមិព្រែកតាកុច ទៅភូមិព្រៃរំដេង ទៅភូមិអំពិល ឃុំព្រែកដំបូក
ឥឡូវនេះ ដល់ពេលដែលខ្ញុំព្រះករុណាខ្ញុំនិយាយអំពីផ្នែកអាណាចក្រ។ អម្បាញ់មិញមានសំណូមពររបស់ព្រះ សង្ឃ និងប្រជាពលរដ្ឋនៅឃុំព្រៃរំដេង និងឃុំព្រៃដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នើសុំបិណ្ឌបាត្រ និងគោរពស្នើសុំសម្ដេចតេជោ មេត្តាជួយសាងសង់ផ្លូវបេតុងប្រវែង (សម្តេចនិយាយអំពីការដាក់លេខប្រវែងមិនច្បាស់) តភ្ជាប់ពីភូមិព្រែកតាកុច ទៅដល់ភូមិព្រៃរំដេង ទៅភូមិអំពិល ឃុំព្រែកដំបូក ដោយក្តីអនុគ្រោះ។ សម័យនេះមនុស្សខ្ជិល សម័យខ្ញុំព្រះករុណាខ្ញុំសម័យសរសេរដៃ សម័យដែលអ្នកដែលអង្គុយខាងលើ មានអាយុ ៦០-៧០ឆ្នាំ សម័យហ្នឹងឧស្សាហ៍ណាស់ ព្រោះអីសរសេរតែនឹងដៃ។ ដល់សម័យឥឡូវសម័យកុំព្យូទ័រ។ អាហ្នឹង បានសេចក្តីថា បើសិនជាធ្វើអាហ្នឹងចប់ហើយ អត់មានមនុស្សបង្ហោះ Facebook ចូលទៅសុំផ្លូវទៀតទេ។ ចប់រហូតតែម្ដង។ លែងដល់ដំណាក់កាលគេហៅថាកង់ជិះមនុស្ស មនុស្សជិះកង់ហើយ។ អញ្ចឹងសូមជូនតាមសំណើ។ សរុបផ្លូវដែលត្រូវសាងសង់ពីបេតុងចំនួន ១៦,៩៧០ ម៉ែត្រ ហើយសូមប្រកាសបើកការដ្ឋានពីថ្ងៃនេះទៅតែម្ដង ហើយអស់លុយប៉ុន្មានទារពីលោក ប៉េង ហួត។ ដាក់គ្រឿងចក្រចុះមក។ ស្រុកកំណើតរបស់គាត់។ នេះគេហៅថាសិល្បៈនៃការចែករំលែក ឬវប្បធម៌នៃការចែករំលែក។ កូនអ្នកស្រុកអ្នកភូមិរបស់យើង ទៅរកស៊ីមានបាន វិលត្រឡប់មកកសាងនៅស្រុកកំណើតរបស់ខ្លួនវិញ បន្ថែមទៅដោយនៅការជួយកសាងនៅទីកន្លែងផ្សេងៗ។
អ្នករកស៊ីកាន់តែធំ បង់ពន្ធកាន់តែច្រើន
សប្បុរសជននៅប្រទេសរបស់យើង ការអនុវត្ដនូវវប្បធម៌ចែករំលែកនេះ គឺជាវប្បធម៌ជោគជ័យខ្លាំងណាស់។ ក្នុងដំណាក់កាលនេះ ប្រទេសរបស់យើងសំបូរដោយការកើនឡើងដោយចំនួនអ្នកមាន។ ការកើនឡើងនៃចំនួនអ្នកមានយើងសប្បាយរីករាយ តែបក្សប្រឆាំងបែរជាប្រកាសថា នឹងរឹបអូសពីអ្នកមានមកឲ្យអ្នកក្រ។ ទៅជាអញ្ចឹង។ ឯយើងប្រឹងថា អ្នកមានកាន់តែច្រើន ការបង់ពន្ធឲ្យរដ្ឋក៏កាន់តែច្រើន។ ខ្ញុំបានប្រាប់ពួកអ្នកពន្ធដារ ថា អារកមាន់មួយ (និយាយអារកខុស តែព្រះតេជព្រះគុណនៅឲ្យស្ងៀម អារឿងឆា ស្ងោរ ចៀន អាំងអី អាហ្នឹងរឿងទុកឲ្យឧបាសក) ប៉ុន្តែ រឿងប្រៀបធៀបថា អារកមាន់មួយ ប្រសើរជាងអាករក្រួច ១០០០ បានសេចក្ដីថាអ្នករកស៊ីរបស់យើងកាន់តែធំ បង់ពន្ធមួយឆ្នាំៗគឺចំនួនកាន់តែច្រើន។ ឧទាហរណ៍ គ្រាន់តែក្រុមហ៊ុនមួយ ក្រុមហ៊ុនរបស់ ជីប ម៉ុង ក្រុមហ៊ុនរបស់ ឧកញ្ញ៉ា លាង ឃុន មួយឆ្នាំបង់ពន្ធប៉ុន្មានឥឡូវ?( ប្រហែល ៥០ ទៅ ៦០ លាន)។ ពីដើមគេផ្ដាច់ជំនួយត្រឹម ១ លាន ទៅ ២ លានដុល្លារ (យើង)លំបាក។ ឥឡូវអត់ទេ ផ្លូវមួយខ្សែនេះប៉ាន់ស្មានតំលៃទៅប្រហែលប៉ុន្មានលាន? ជិត ៦ លាន សម្រាប់ផ្លូវមួយខ្សែនេះ។ មិនមែនចាក់កៅស៊ូរឹកៗទេ។ អានេះចាក់បេតុង។ ២០ ឆ្នាំក្រោយក៏នៅប្រើបាន។ ជិត ៦ លាន ជាសិល្បៈនៃការចែករំលែកអនុវត្ដដោយក្រុមហ៊ុន ប៉េង ហួត។
រួចចុះការដាក់គោលដៅរឹបអូសពីអ្នកមានទៅជួយអ្នកក្រ វាមិនកាប់គ្នាងាប់ហើយ។ មិនប្រឹងរកស៊ីខ្លួនឯង គិតតែដើររឹបអូសគេ ដាក់ចេញមកនយោបាយអញ្ចឹង។ អរគុណណាស់។ គ្រឿងចក្រដាក់មកអស់ហើយ។ មើលទៅប៉ាន់ស្មានប៉ុន្មានខែហើយ (ប្រហែល ១ ឆ្នាំ) ប៉ុន្តែយ៉ាងណាក៏ដោយមានមួយភាគអាចហើយមុនចូលឆ្នាំទេ? គ្រាន់នឹងគេជិះម៉ូតូ ជិះកង់ទៅរកសង្សារ។ ចេះតែនិយាយហ្មងក្នុងវត្ដហើយ នៅនិយាយសង្សារអីទៀត។ បានផ្លូវ លោកតាលោកយាយងាយមកធ្វើបុណ្យនៅវត្ដនេះ បានផ្លូវស្រួលលោកតា លោកយាយ កូនសិស្ស ឬក៏អ្នកទាំងអស់ដែលប្រើផ្លូវនេះស្រួលជាងមុន ហើយបើនិយាយពីស្រីសន្ធរនេះ ជំនាន់កាលវាយគ្នា ឆ្នាំ១៩៨២ កាលនោះខ្ញុំនៅជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្ដីការបរទេស មកដេកនៅសាលាស្រុកស្រីសន្ធរចាស់។ តាំងពីជំនាន់ សុខ ទឹម នៅធ្វើអភិបាលស្រុក ប្រហែលជាបងប្អូនមួយចំនួននៅចាំ តាទឹមៗ គាត់ខូចដៃម្ចាង។ តាទឹម ហ្នឹងពូកែយកបឹងដាំឈូក។ មកដេកនៅហ្នឹងឆ្នាំ ១៩៨២ មុនមកដេកនៅហ្នឹង ដេកនៅស្រុកតំបែរ កាលពីសម័យសង្គ្រាមដើរដេកតាមភូមិតាមស្រុក ហើយក្រោយមកក៏ធ្លាប់មកដេកនៅស្រីសន្ធរ ប៉ុន្តែដេកនៅលើកាណូត មិនមែនរឿងថ្មី(សម្រាប់)អ្នកស្រីសន្ធរទេ តាំងពីជំនាន់ តាទឹម នោះ។
មានរឿងមួយ។ ទៅដេកនៅស្រុកតំបែរ ឃុំពន្លៀក ព្រលឹមឡើងចេញមកឡានហ្ស៊ីប អត់មានឡានដូចសម័យឥលូវទេ។ សម័យឥឡូវជិះឡានសុទ្ធតែដាក់ម៉ាស៊ីនត្រជាក់ សម័យនោះ ឡានអាហ្ស៊ីបដីហុយឲ្យសំពោង មុនចូលផ្សារសួងចាប់ផ្ដើមរកកន្លែងចុះ បោសអាវបោសអី ហើយឡានទៅមុនបាត់ទៅ ហើយចាប់ផ្ដើមចូលផ្សារជាមួយចៅហ្វាយខេត្ត ព្រាប ពិជ័យ។ ចូលទៅផ្សារសួង ក៏ទៅចូលប៉ះគ្រូទាយមួយ។ ក៏ឲ្យគ្រូទាយៗ … ខ្ញុំប្រាប់គាត់ថា ខ្ញុំជិតប្រលងឌីប្លូម។ គាត់ថាឥលូវដាក់លុយមកបានគាត់ទាយត្រូវ។ យើងដកដាក់។ ដាក់ហើយគាត់មើលចុះមើលឡើងថាអត់ទេ រាសីមិនល្អ។ ប្រលងមិនជាប់។ អ្នកដែលលក់នៅតូបផ្សេងគេស៊ីញ៉ូមកឲ្យតាហ្នឹង ព្រោះអ្នកខ្លះគេស្គាល់ (ដល់)អ្នកគ្រូទាយមានទៅស្គាល់អី គិតតែពីថែមលុយៗ ថែមទៅទាយពីនេះ ថែមទៅទាយពីនោះ ហើយថែមទាំងទាយថា តើខ្ញុំនឹងបានប្រពន្ធនៅអាយុប៉ុន្មាន? ចេះតែពីទាយ គិតតែពីដាក់លុយ ក្នុងពេលដែលយើងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ហើយពេលហ្នឹងកូន ៣ ទៅហើយអាយុ ២៩។
ដល់តែពេលដើរផុត ស្រាប់តែឲ្យមនុស្សដើរទៅរកគ្រូទាយទៅស៊ីបាយជាមួយគ្នា។ គ្រូទាយប្រុចទៅបាត់។ កាលសម័យហ្នឹងមិនទាន់មានទូរទស្សន៍ណា ប៉ុន្តែមានអ្នកសួងគេស្គាល់ ហើយគាត់ទាយថាយើងប្រលងឌីប្លូមអត់ជាប់។ ដែលហៅទាយគឺអញ្ចឹង។ ដាក់លុយមួយទាយបានមួយ ដាក់លុយពីរទាយបានពីរ ដាក់លុយថាទៅប្រលងជាប់ ឬមិនជាប់ មុខហ្នឹងរាសីអត់មានអត់ជាប់ទេ។ សម័យហ្នឹងចេះតែជឿគាត់ដែរ។ ប៉ុន្តែកាលហ្នឹងអ្នកខ្លះរៀនអត់ទាន់ជាប់ ក្រោយមកមិនបំពេញវិជ្ជា រួចហើយសុទ្ធតែចាស់ៗ។ គាត់ទាយថាអត់ជាប់ ហើយកាលនោះខ្ញុំក៏នៅក្មេងដែរទើបតែអាយុ ៣០ ឆ្នាំ។
ពាំនាំ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំក៏បាននាំមកសម្រាប់លោកយាយ លោកតា ២០០ នាក់ ក្រណាត់ស ១ ដុំ ថវិកា ២ម៉ឺនរៀល។ ជូនក្រុមកាយារិទ្ធិ និងកាកបាទក្រហមកម្ពុជាក្នុងម្នាក់ ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ១១០០ នាក់ ម្នាក់ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនអ្នកគ្រូ លោកគ្រូ ក្នុងស្រុកស្រីសន្ធរទាំងមូលចំនួន ៩៤៥ នាក់ ម្នាក់ ថវិកា ៥ ម៉ឺនរៀល។ ក្នុងស្រុកស្រីសន្ធរទាំងមូល ចំនួន ៩៤៥ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ប្រគេនរោងទិសទាំង ៨ ទិសនីមួយៗ ១ លានរៀល សូមចាប់មគ្គផលតាមទិសទាំងអស់ផង។ ប្រគេនសីមាឥន្ទ្រកិលចំនួន ២ លានរៀល។ ជូនវិទ្យាល័យ ប៉េង ហួត ស្វាយតាណុង ឃុំប៉េងហួត ស្វាយតាណុង ឃុំប្រេងរំដេង ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពប្រេងរំដេង ថវិកា ២ លានរៀល។ ជូនសាលាស្រុកស្រីសន្ធរ ថវិកា ២ លានរៀល។ ជូនក្រុមល្ខោនបាសាក់ ដែលនឹងសំដែងរឿងនៅយប់នេះ រឿងព្រះមហោសថ ចំនួន ៥ លានរៀល។ ហើយអំណោយទាំងអស់នេះក៏រៀបចំឧបត្ថម្ភដោយលោកឧកញ៉ា ប៉េង ហួត ប៉ុន្តែ ប៉េង ហួត កុំភ្លេចថាឧកញ៉ា ២ រូបជាបងប្អូន មួយ ជា ប៉េង មួយ ជា ហួត។
ខែមេសាខាងមុខនេះ ប្រាក់ខែនឹងឡើងម្តងទៀត
ថ្ងៃនេះលោកគ្រូ អ្នកគ្រូ បានមក នៅសល់តែ ១ ខែគត់ ប្រាក់ខែនឹងឡើងទៀតហើយ។ ពីដើមគេមិនចង់ធ្វើគ្រូទេ ដោយសារគ្រូប្រាក់ខែតិច។ ឥឡូវប្រឡងគ្រូយកត្រឹមតែ ៣ ពាន់នាក់ ដាក់ឌឺម៉ង់ប្រឡង ២ ម៉ឺននាក់។ ទីផ្សារគ្រូ កំពុងត្រូវប៉ាន់ ព្រោះប្រាក់ខែច្រើនជាងគេ។ ខែមករាកន្លងទៅ គឺឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ដល់ខែមេសា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នឹងឡើងនូវប្រាក់បំណាច់មុខតំណែង ហើយត្រូវតែបើកឲ្យបានមុនចូលឆ្នាំ ដើម្បីយកលុយទៅចូលឆ្នាំ បូកបន្ថែមទៅដោយមន្ត្រីរាជការទាំងអស់ រាប់ទាំងពីភូមិ ឃុំ ទទួលបាន ប្រាក់ឧបត្ថម្ភម្នាក់ ៥ ម៉ឺនថែមទៀត។ ចូលឆ្នាំយ៉ាងសប្បាយ។ កុំខ្វល់អ្នកណាជាប់គុកមិនជាប់គុកអី ខ្វល់រឿងរាំវង់។ ឆ្នាំទៅមួយ រាំញីកែងជើង។ ឆ្នាំទៅមិញនេះ រាំអញ្ចេះ។ ឆ្នាំនេះមិនដឹងថាមានស្អីទេ ប៉ុន្តែបើបានចេញជាចង្វាក់ខ្មែរមកអាហ្នឹងល្អបន្តិច អាហ្នឹងស្រួលបន្តិច ទៅអង្គរសង្ក្រាន្ត ប៉ុន្តែមិនចាំបាច់ទៅអង្គរសង្ក្រាន្តទេ ស្រីសន្ធរ សង្ក្រាន្តក៏ត្រូវតែមានដែរ។ បង្កើតទៅ។
ជូនសៀវភៅច្បាប់ ក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ដល់លោកគ្រូអ្នកគ្រូជាអនុស្សាវរីយ៍
សម្រាប់លោកគ្រូ អ្នកគ្រូ ដែលមានវត្តមាននៅថ្ងៃនេះ ១ ពាន់នាក់ ប៉ុន្តែមានសៀវភៅ ៥០០។ អត់គ្រប់គ្រូ … លើកនេះ បោះសម្រាប់គ្រូបង្រៀន ទុកអនុស្សាវរីយ៍កូនចៅទៅថ្ងៃក្រោយ ដើម្បីឲ្យមានរៀបរាប់តាំងពីយកទៅវត្ត ឪពុកម្តាយសុំ នេះរបស់បណ្ឌិត អ៊ូ ចុង នេះគឺរបស់ ក្រម ង៉ុយ។ ក្នុងលោកគ្រូម្នាក់នៅទូទាំងប្រទេសត្រូវទទួលសៀវភៅនេះ ២ ច្បាប់ បោះ ១១ ម៉ឺន។ អញ្ចឹងទេ មិនគ្រប់ទេ។ ថ្ងៃក្រោយលោកឯងគិតថា មួយមុខ ៥០០ ហ្នឹងគឺថា មានន័យថា យើងអត់បំបែកកញ្ចប់នេះបានទេ។ អត់ទេ ខ្ញុំអត់ប្រើយន្តការស្រុកទេ។ ប្រើមន្ទីរអប់រំស្រុក អត់ដល់ដៃគ្រូទេ។ ខ្ញុំបានរៀបចំចាត់ចែងដើម្បីឲ្យបានប្រើប្រាស់ដល់សាលារៀន។ យកឲ្យដល់គ្រូ។ បើឲ្យទុកនៅការិយាល័យស្រុក វាដេកនៅត្រង់ហ្នឹង។ វាអត់ទៅទេ។ ដាក់នៅសាលាខេត្តក៏អត់ទៅដល់ដែរ។ អញ្ចឹងបានខ្ញុំប្រើប្រាស់នូវក្រុមយុវជន គេហៅថា សហភាពសហព័ន្ធយុវជន ដើម្បីឲ្យពួកគេបានយកទៅចែកផ្ទាល់ដៃដល់លោកគ្រូអ្នកគ្រូតែម្តង។ បើយករាប់ម៉ឺនក្បាល យកមកដាក់នៅក្នុងមន្ទីរអប់រំស្រុក មន្ទីរអប់រំខេត្ត ឬការិយាល័យអប់រំស្រុក នៅហ្នឹងអត់ទៅដល់ទេ។ អញ្ចឹងទេ សុំបញ្ជាក់ ថ្ងៃនេះយកមកបានត្រឹមតែ ៥០០ ក្បាល លោកឯងថា ១០០០ យ៉ាងម៉េច។ ថ្ងៃក្រោយទៅណាអត់មានបំបែកទេ។
ចំនួនគ្រូប៉ុន្មានគឺត្រូវយកទៅប៉ុណ្ណឹង … យក ៥០០ មក គ្រូដល់ទៅ ៩៤៥ អញ្ចឹងដឹកយកមក ១ ពាន់។ សូមជូនលោកគ្រូអ្នកគ្រូ ម្នាក់សៀវភៅ ២ ក្បាល សម្រាប់ការរៀនសូត្របន្ត។ អានេះការប្រដៅ ប្រយ័ត្នដល់កូនសិស្សសួរ ស្រាប់តែលោកគ្រូអត់ចេះ ដល់អញ្ចឹងបន្ទោសថា អត់បោះសៀវភៅឲ្យមើលផង។ ដល់អញ្ចឹងសៀវភៅបោះហើយ ចាំថ្ងៃណាមួយឲ្យកូនសិស្សនៅកន្លែងណាមួយសួរលោកគ្រូអ្នកគ្រូ។ ចាំសួរក្រោយយើងចែកប៉ុន្មានខែ។ ប៉ុន្តែមើលមានប្រយោជន៍។ សូម្បីតែខ្ញុំព្រះករុណាខ្ញុំក៏មើលដែរ។ ពាក្យប្រៀនប្រដៅរបស់ ក្រម ង៉ុយ និងពាក្យប្រៀនប្រដៅរបស់អាចារ្យ អ៊ូ ចុង ពិតជាមានតម្លៃកាត់ថ្លៃមិនបានទេនូវពាក្យកំណាព្យកាព្យជួនរបស់គាត់ ទាក់ទងនឹងការប្រណិប័តគុណមាតាបិតានេះ គឺអស់ទាស់ហើយ និយាយរឿងបញ្ហាយកបាយទៅវត្ត ចោលព្រះនៅផ្ទះ ក៏ជាការប្រៀនប្រដៅមួយ។
នេះគឺខ្ញុំព្រះករុណាខ្ញុំ សូមបន្តប៉ុណ្ណឹង ហើយអរគុណចំពោះសប្បុរសជនទាំងឡាយ ដែលបានធ្វើកិច្ចការងារ នៅទីនេះ តាមរយៈត្រកូល ជា ដែលបានមកធ្វើការនៅទីនេះបន្ថែម សាងសង់នៅទីនេះ សម្រាប់ការគោរពបូជា របស់ប្រជាជនយើង បូកជាមួយនឹងការកសាងផ្លូវរហូតទៅដល់ ១៦ គីឡូម៉ែត្រ ជាផ្លូវបេតុង ដែលនឹងសម្រួល ទៅដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងតំបន់នេះ។ ចាប់ពីពេលនេះតទៅ សង្ឃឹមថា អ្នកដែលលេងហ្វេសប៊ុកនៅក្នុងស្រុកស្រីសន្ធរមិនបង្ហោះចូលទៅទេ ហើយបើសិនជាបង្ហោះទៅក៏បង្ហោះទៅ អត់អីទេ ប៉ុន្តែប្រហែលជាខ្លឹមសារខុសពេលមុនហើយ។ ពេលមុនថា សម្តេចអត់ឃើញគេមកធ្វើផង ឥឡូវគាត់បង្ហោះថា សម្តេចគេធ្វើដល់ត្រឹមនេះហើយ សល់ប៉ុណ្ណេះទៀតហើយ ប្រហែលជាបានទទួលអាហ្នឹងហើយមើលទៅ ព្រោះ ហ្វេសប៊ុករបស់ខ្ញុំទទួលពីគ្រប់ទិស ហើយយូរៗខ្ញុំបើកមើល comment ជួនកាលគេវាយចូលប្រអប់សំបុត្រ ជួនកាលគេវាយចូល Messenger យើងចេះតែមើលគេអញ្ចឹងទៅ ពិតមែនតែចាស់ ប៉ុន្តែយើងក៏ក្មេងដែរ។ ឥឡូវព្រមានមន្ត្រីទាំងអស់ អ្នកណាមិនចេះប្រើប្រព័ន្ធទូរស័ព្ទអត់មានឲ្យចូលក្រុមជាមួយ ព្រោះចូលក្រុមម៉េច នឹងបានខ្លួនឯងអត់ចេះ WhatsApp ផង ខ្លួនឯងអត់ចេះ telegram ផង។ ចងក្រុមម៉េច។ អញ្ចឹងនៅតែអត់រហូត ព័ត៌មាននៅតែគ្មាន។ គ្រាន់តែម្សិលមិញខ្ញុំវាយចូលក្រុមមិនតិចទេ។ ពន្ធគយក៏ដាច់ខែ ពន្ធដារក៏ដាច់ខែ អាហ្នឹង ផ្នែកពន្ធ ប៉ុន្តែអំពីបញ្ហាកិច្ចការបរទេស គេចាត់វិធានចំពោះថៃយ៉ាងម៉េច គេចាត់វិធានការចំពោះមីយ៉ាន់ម៉ាយ៉ាងម៉េច និងបន្តទៅគេចាត់វិធានការចំពោះ Duterte យ៉ាងម៉េចនៅហ្វីលីពីន ដើម្បីយើងយកមកប្រៀបធៀប (នឹងអ្វី)ដែលវាបានកើតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការសិក្សាស្រាវជ្រាវរបស់បណ្ឌិត កៅ គឹមហួន នៅមានការសិក្សាមួយទៀតរបស់បណ្ឌិតសភាចារ្យ សុខ ទូច ដែលយប់មិញនេះបានវាយមកឲ្យខ្ញុំដែរ។
ចុងបញ្ចប់ ជាមួយនឹងការប្រកាសដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលដាក់ឲ្យប្រើនៅក្នុងថ្ងៃនេះ តាមរយៈនៃការប្រកាសផ្នែកពុទ្ធចក្រ ផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រដែលត្រូវកាត់ឫសសីមានៅថ្ងៃនេះ និងការប្រកាសដើម្បីបើកការដ្ឋានសាងសង់ផ្លូវ ១៦ គីឡូម៉ែត្រចាក់បេតុង ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះ សម្តេច ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បង ប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាន
ៈ កុំបីឃ្លៀងឃ្លាតឡើយ៕