សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណបក្សនយោបាយទាំងអស់ បង្ហាញមុខបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរនោះ បានអំពាវនាវដល់ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឲ្យបង្ហាញមុខបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ខ្លួនជូនប្រជាពលរដ្ឋជាម្ចាស់ ដើម្បីពួកគាត់ពិចារណាបោះឆ្នោតជូន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នៅថ្ងៃព្រហស្បត្តិ៍ ទី១ ខែមិថុនា ឆ្នាំ២០១៧នេះថា គណបក្សនយោ បាយខ្លះមិនទាន់ហ៊ានបង្ហាញមុខបេក្ខជនឈរឈ្មោះឲ្យប្រជាជនបានស្គាល់នៅឡើយ ខណៈបេក្ខជនរបស់គណបក្សនយោបាយខ្លះ បានបោះបង់ចោលបក្សទៅចូលរួមជាមួយបក្សនយោបាយផ្សេងរួចទៅហើយ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «បើបងប្អូនមិនស្គាល់បេក្ខជនឈរឈ្មោះ តើបងប្អូនបោះឆ្នោតជូនរបៀបណា? ព្រោះអ្នកទាំងនេះ ត្រូវនៅជាមួយបងប្អូនរយៈពេល៥ឆ្នាំ ប្រសិនគេជាប់ឆ្នោត។ យើងសង្ឃឹមថា គណបក្សនយោបាយទាំងអស់នឹងបង្ហាញមុខ បេក្ខជនឈរឈ្មោះ ឲ្យប្រជាជនបានស្គាល់ ដើម្បីងាយស្រួលដល់ការសម្រេចចិត្តរបស់ប្រជាជនក្នុងការបោះឆ្នោតជូន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា គណបក្សប្រជាជនកម្ពុជា បានបង្ហាញមុខបេក្ខជន បេក្ខនារី តាំងពីថ្ងៃបើកយុទ្ធនាការ ឃោសនាបោះឆ្នោតមកម្ល៉េះ។ សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពលសង្ឃឹមថា បេក្ខជន បេក្ខនារី របស់គណបក្សប្រជាជន កម្ពុជា នឹងទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជន ដែលជាម្ចាស់ឆ្នោតមិនខាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា ការបោះឆ្នោតនៅថ្ងៃទី៤ មិថុនា ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ កុំភាន់ច្រឡំថា ជាការជាការបោះឆ្នោតថ្នាក់ជាតិ៕

...Read More

គ.ជ.ប៖ រយៈពេល១៣ថ្ងៃ​ នៃដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ដោយបានបញ្ជាក់ថា រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាឡើយ។

គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងដំណើរការឃោសនាបោះឆ្នោតនេះ មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលធ្វើសកម្មភាពឃោសនា និងហែក្បូនឃោសនាទ្រង់ទ្រាយធំ ដែលធ្វើសកម្មភាពនៅទូទាំង២៥ រាជធានីខេត្តជារៀងរាល់ថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈគណបក្សនយោបាយចំនួន១០ទៀត បានធ្វើសកម្មភាពហែក្បូន នៅតាមបណ្តាឃុំ សង្កាត់ក្នុងរាជធានី-ខេត្ត ដែលខ្លួនបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត។

គ.ជ.ប បានឲ្យដឹងទៀតថា «ជាទូទៅក្នុងរយៈពេល១៣ថ្ងៃកន្លងមកនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយមានភាពល្អប្រសើរ ប៉ុន្តែមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ ក្នុងពេលឃោសនាបោះឆ្នោត»។

ដោយសម្រាប់ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង នៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ (គ.ឃ.ស.ប) គិតត្រឹមថ្ងៃទី៣១ ខែឧសភា មានបណ្តឹងសរុបចំនួន៦៥បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំងនោះ មាន៤៨បណ្តឹង​ ជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ១៤បណ្តឹងជារបស់គណបក្សសង្គ្រោះជាតិ ១បណ្តឹង ជារបស់គណបក្សហ៊្វុនស៉ិនប៉ិច និង២បណ្តឹងជារបស់ប្រជាពលរដ្ឋ៕

...Read More

គ.ជ.ប បញ្ជាក់ថា គ្មានការស្នើពីភាគីអន្តរជាតិឲ្យប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី០៤ មិថុនា នោះឡើយ, ថ្ងៃ០៤ មិថុនា ផ្សាយតែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា គ្មានការស្នើពីភាគីអន្តរជាតិឲ្យ​ប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះឡើយ។ ថ្ងៃទី០៤ ខែមិថុនា ក្រោយពេលបញ្ចប់ការបោះឆ្នោត គឺផ្សាយតែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ។

ភាគីអន្តរជាតិនោះ រួមមាន៖ លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, លោក ហៃដឹហ៊ីសា ហូរីនូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក វីលៀម អេហ៊ីត ឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ការចេញមកបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងក្រោយពេលមានព័ត៌មានមួយចំនួនបានផ្សាយថា មានការស្នើពីភាគីអន្តរជាតិឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីបំភ្លឺដែលបានចេញផ្សាយនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា «គ្មានការស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតនោះទេ»។ នៅក្នុងសេចក្តីបំភ្លឺ ក៏បានឲ្យដឹងផងដែរថា លោក វីលៀម អេហ៊ីត បានស្នើឲ្យ គ.ជ.ប ពន្យល់ពីនីតិវិធីប្រកាសលទ្ធផលនៃការបោះឆ្នោត ហើយ គ.ជ.ប ក៏បានពន្យល់រួចរាល់ហើយផងដែរ។

តាមសំណើរបស់ឯកអគ្គរដ្ឋទូតអាមេរិក គ.ជ.ប បានបញ្ជាក់ថា ការផ្សាយលទ្ធផលបឋមនៅថ្នាក់ជាតិ គឺផ្សាយផ្ទាល់នៅយប់ថ្ងៃបោះឆ្នោតទី៤ ខែមិថុនា ឆ្នាំ២០១៧ តាមវិទ្យុជាតិ ទូរទស្សន៍ជាតិ និងនៅលើគេហទំព័រ www.voterlist.org.kh ហើយលទ្ធផលបឋមនេះ គ្រាន់តែជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។

បើតាម គ.ជ.ប ការផ្សាយលទ្ធផលបណ្តោះអាសន្ន គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយប្តឹង​តវ៉ាទៅនឹងលទ្ធផល​បណ្តោះអាសន្ននៃការបោះឆ្នោត។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។

សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹងពាក់ព័ន្ធចប់សព្វគ្រប់៕

...Read More

គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតដែលត្រូវទឹកជន់លិច នៅខេត្តមួយចំនួន និងអាចពន្យារពេលបោះឆ្នោត នៅការិយាល័យនោះ បើត្រូវទឹកលិចខ្លាំង

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតពីទឹកជំនន់ នៅខេត្តមួយចំនួន ហើយអាចពន្យារ ១ថ្ងៃ ឬ២ថ្ងៃ បើការិយាល័យនោះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ តែពន្យារពេល សម្រាប់តែការិយាល័យនោះតែប៉ុណ្ណោះ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទឹកជំនន់ជន់លិចមូលដ្ឋាន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នា ពិសេសនៅខេត្តឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ ជាដើម។

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើ​មាន​ការិយាល័យបោះឆ្នោត​ណា ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ គ​.​ជ​.​ប នឹង​ចល័ត​ទីតាំង​ការិយាល័យ​បោះឆ្នោតនោះ ទៅ​កន្លែង​ផ្សេង​ដែល​អាច​ដំណើរការ​បោះឆ្នោត​បានជា​ធម្មតា​តែម្តង​។

លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនជាគៀកថ្ងៃបោះឆ្នោតហើយ នៅតែមានបញ្ហាអញ្ចឹង យើងនឹងដូរទីតាំងការិយាល័យនោះ ហើយយើង អាចពន្យារពេលដែរ តែមិនមែនពន្យារថ្ងៃ០៤ នោះទេ ព្រោះថ្ងៃ០៤ ត្រូវតែបោះឆ្នោតនៅទូទាំងប្រទេស បើពន្យារពន្យារ តែ១ឬ២ការិយាល័យ ប៉ុណ្ណោះ»។

លោកអ្នកនាំពាក្យ បានពន្យល់ថា គោលបំណងនៃបោះឆ្នោត គឺដើម្បីឲ្យប្រជាពលរដ្ឋបានទៅបោះឆ្នោត ឲ្យគ្រប់ៗគ្នាតែបើមានបញ្ហា រាំងស្ទះ បណ្ដាលឲ្យប្រជាពលរដ្ឋមិនអាចទៅបោះឆ្នោតបាន តួយ៉ាងដូចករណីទឹកជំនន់ជន់លិចការិយាល័យបោះឆ្នោតនេះជាដើម គ.ជ.ប ត្រូវតែដោះស្រាយ បញ្ហានោះឲ្យបាន ដោយបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ហើយបើមានបញ្ហាបង្ខំឲ្យមានការពន្យារពេលបោះឆ្នោត គ.ជ.ប នឹងពន្យារពេលត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃ ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានអះអាងថា គ.ជ.ប​ មិនទាន់មានការព្រួយបារម្ភអំពីផលប៉ះពាល់ ដល់ការិយាល័យបោះឆ្នោត នៅឡើយទេ ដោយសារតែបញ្ហានេះ នៅមានកម្រិតទាបនៅឡើយ ហើយពិបាកនឹងប៉ាន់ស្មានជាមុន។

​បើតាម​លោក ហង្ស...Read More


គ.ជ.ប ទទួលបានបណ្ដឹង៥៦ករណី ក្នុងពេលឃោសនាបោះឆ្នោត១០ថ្ងៃ ក្នុងនោះ CPP ប្ដឹង CNRP ច្រើនជាងគេ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៩ ខែឧសភា​ ឆ្នាំ២០១៧ គ.ជ.ប បានទទួលបានពាក្យបណ្ដឹងចំនួន៥៦ករណី នាអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៤ ក្នុងនោះគណបក្ស ប្រជាជនកម្ពុជា បានដាក់ពាក្យប្ដឹងទៅគណបក្សសង្គ្រោះជាតិ ច្រើនជាងគណបក្សសង្គ្រោះជាតិ ប្ដឹងមកគណបក្សប្រជាជនកម្ពុជា។

លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «បណ្ដឹង​ទាំង​៥៦​នេះ ភាគច្រើន​ប្ដឹង​ដោយបេក្ខជនមកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលបានប្ដឹងទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អង្គហេតុ​បែប​រិះគន់​គ្នា​ដោយ​សម្តី​ធ្ងន់ៗ និង​ការជេរប្រមាថ បន្ទោសបង្អាប់​គ្នា​ជាដើម»​។​

​លោកបានបន្ថែមទៀតថា បណ្ដឹង​ខ្លះ​ត្រូវបាន​ដោះស្រាយ​នៅត្រឹម គណៈកម្មការ​ឃុំ​-​សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.សប) ជាបន្តបន្ទាប់ហើយ។​

លោកនៅតែ​អះអាងថា ដំណើការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើ​ច្រើនជាង​ឆ្នាំមុន ត្រង់​ថា គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​តិច ហើយ​ភាគច្រើន​អាច​ដោះស្រាយបាន​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានផ្តល់​រយៈពេល​ត្រឹម​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយឃោសនា​រក​សំឡេងឆ្នោត​ ហើយ​ក្នុង​រយៈពេល១៤​ថ្ងៃនោះ គណបក្សនយោបាយអាច​ដង្ហែ​ក្បួន​ឃោសនា​ បានត្រឹមតែ២​ថ្ងៃ​ប៉ុណ្ណោះ​​៕

...Read More

សូមមើល​បញ្ជីឈ្មោះលេខរៀង​គណបក្ស​នយោបាយ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង១,៦៤៦​ឃុំ​-​សង្កាត់ នៅទូទាំងប្រទេស

FN ៖ លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មិនដូចគ្នាទៅនឹងលេខរៀង គណបក្សនយោបាយនៃការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ទៀតនោះឡើយ។ និយាយជារួមលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺត្រូវបានធ្វើឡើងទៅតាមឃុំ-សង្កាត់នីមួយៗ ហើយក៏មានលេខរៀងខុសគ្នា ទៅតាមឃុំ-សង្កាត់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សុទ្ធតែបានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំទៅលើលេខរៀងគណបក្សនយោបាយនេះបន្តទៅទៀត។ ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានលេខរៀងគណបក្សនយោបាយច្រើនខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកបោះឆ្នោតទាំងអស់ត្រូវចំណាំទៅលើស្លាកសញ្ញាគណបក្សទើបងាយស្រួលចំណាំ។

...Read More

គណបក្សប្រជាជនកម្ពុជា បង្ហាញ​ផែនទី​តម្រាយ​ផ្លូវដង្ហែក្បួន​ថ្ងៃបិទយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន

FN ៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនា​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធាន​គណបក្សកាន់​អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន មានសមាជិកចំនួនជាង១៥ម៉ឺននាក់ ហែក្បួន​ពេញរាជធានី​ភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។

នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា «បងប្អូន ប្រជាពលរដ្ឋសមាជិក សមាជិកា និងអ្នកស្រឡាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា មានចំនូនរហូតដល់ជាង១៥ម៉ឺននាក់ តាមភូមិសង្កាត់នានា ក្នុងរាជធានីភ្នំពេញ នឹងមកចូលរួមអបអរសាទរ ហែក្បូននៅថ្ងៃចុងក្រោយជាមួយសម្ដេចតេជោ ហ៊ុន សែន»។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ចំនួនសមាជិកចូលហែក្បួន អាចនឹងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃហែរនោះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេង​ឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬ អ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕

...Read More

គ.ជ.ប នឹងសរុបព្រឹត្តិការណ៍ឃោសនា​បោះឆ្នោត នៅថ្ងៃ២ មិថុនា និង​ប្រកាស​បឋម​នៃការបោះ​ឆ្នោត នៅថ្ងៃ៤ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំបូកសរុបព្រឹត្តិការណ៍ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល១៤ថ្ងៃ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយនឹងប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតឃុំ-សង្កាត់ នៅម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំបូកសរុប ព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការបិទផ្សាយបញ្ជី បោះឆ្នោតផ្លូវការ នៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី០២ ខែមិថុនានោះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកស្រី តែ ម៉ានីរ៉ុង សមាជិក គ.ជ.ប។

ចំណែកកិច្ចប្រជុំផ្សាយស្តីពី ការបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត នៅវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ នឹងធ្វើឡើងក្រោមអធីបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងរយៈពេលនៃការឃោសនា រយៈពេលនេះ គណបក្សនយោបាយនីមួយៗ បានដើរចែកខិត្តបណ្ណ មួក អាវយឺត  បដាពាក្យស្លោក ស្លាកសញ្ញាគណបក្សតាមផ្ទះ ចាក់មេក្រូតាមទីស្នាក់ការគណបក្សរៀងៗខ្លួន និងមេក្រូចល័តតាមភូមិ ផ្សព្វផ្សាយសារនយោបាយ  ដោយប្រើមធ្យោបាយម៉ូតូ ម៉ូតូកង់បីជាដើម។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ហើយនៅថ្ងៃទី០៣...Read More


គ.ជ.ប ដឹកជញ្ជូនសន្លឹកឆ្នោត ទឹកខ្មៅ ត្រាសម្ងាត់ នៅដល់បណ្តារាជធានី-ខេត្តទាំង២៥ រួចរាល់ហើយ

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប បានធ្វើការដឹកជញ្ជូន សម្ភាៈបោះឆ្នោត ​ដែល​មាន​ដូច​ជា ​សន្លឹក​ឆ្នោត ទឹកខ្មៅ ត្រា​សម្ងាត់ ទៅដល់​តាម​បណ្តាល​រាជធានី-ខេត្ត​នានា សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧រួចរាល់ហើយ។

នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០១៧ នឹងចូលមកដល់ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕

...Read More

គ.ជ.ប រកឃើញថា ប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីបានប្រាក់កម្ចី

FN៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ក្រសួងមហាផ្ទៃ និងគ.ជ.ប បានរកឃើញថា មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីទទួលបានប្រាក់កម្ចី។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ដែលមានបញ្ហាពាក់ព័ន្ធ អត់អត្តសញ្ញាណប័ណ្ណនោះ ត្រូវបានដោះស្រាយរួចប្រមាណ៥០%ហើយ ដោយពួកគាត់បានធ្វើ ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតបាន ខណៈប្រមាណ៥០% ស្មើនឹង២០ម៉ឺននាក់ទៀត កំពុងបន្តដោះស្រាយ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ប្រធាន គ.ជ.ប លោក ស៊ិក​ ប៊ុនហុក បានចេញសេចក្តីអំពាវនាវ ដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាប័ណ្ណ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានណា ដែលមិនគោរពតាមការណែនាំ ចំពោះការហាមឃាត់ទទួល យកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន៕

...Read More

សេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំ ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន បន្ទាប់ពីបានពិនិត្យ ដោយត្រឹមត្រូវវាង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត រូបថត និងរូបពិតរបស់អ្នកបោះឆ្នោត។

* អនុញ្ញាតឲ្យបោះឆ្នោតបាន៖

១៖ បើឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត រូបថត និងរូបពិតរបស់អ្នកបោះឆ្នោតដូចគ្នា

២៖ បើឈ្មោះ ថ្ងៃខែឆ្នាំកំណើត រូបថត និងរូបពិតដូចគ្នា ប៉ុន្តែខុសភេទ

៣៖ បើរូបពិត ចាស់ជាង ឬក្មេងជាងអាយុក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតដូចគ្នានឹងឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោត

* បន្តពិនិត្យថា អាចឲ្យបោះឆ្នោតបាន ឬពុំបាន៖

១៖ បើរូបថត និងរូបភាពពិតដូចគ្នា តែឈ្មោះសរសេរខុសអក្ខរាវិរុទ្ធ ដូចជាខ្វះ ឬលើស ស្រះ ព្យញ្ជនៈ ជើងអក្សរ វណ្ណយុត្ត នាំឲ្យមានសូរសំឡេងដូចគ្នានោះត្រូវបន្តពិនិត្យ៖
* ឲ្យបោះឆ្នោតបាន បើភេទ ថ្ងៃខែឆ្នាំកំណើតដូចគ្នា
* ពុំអនុញ្ញាតឲ្យបោះឆ្នោត បើភេទ ឬថ្ងៃខែឆ្នាំកំណើតខុសគ្នា។

២៖ បន្តពិនិត្យទិន្នន័យផ្សេងទៀត ដើម្បីឲ្យប្រាកដថា ឈ្មោះណាមួយ ដែលត្រូវអនុញ្ញាតឲ្យបោះឆ្នោតក្នុងករណី ឈ្មោះពីរ ឬច្រើនដូចគ្នា ឬស្រដៀងគ្នា៕

...Read More

គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការ​បោះឆ្នោត

FN ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​បាន​ណែនាំ​ដល់​គ្រប់​គណបក្ស​នយោបាយ ​ក៏ដូចជា​អ្នកគាំទ្រ​រក្សា​ឲ្យបាន​នូវ​ក្រមសីលធម៌ ​ចៀសវាង​ការប្រើ​ពាក្យ​អសីលធម៌ ​ប្រមាថ ​និង​មាក់ងាយ ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ​ដែល​នាំឲ្យ​ជះឥទ្ធិពល​ការ​អាក្រក់​ដល់​ការបោះឆ្នោត​។​

សេចក្តីអំពាវនាវរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា គណបក្ស នយោបាយ បេក្ខជន និង ភ្នាក់ងារ គណបក្សនយោបាយទាំងអស់នៅកម្ពុជា ត្រូវអនវុត្តឱ្យបានម៉ឹងម៉ាត់ តាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចតទៅ៖

១៖ គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត។

២៖ គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សដទៃទៀតឡើយ។
៣៖ គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជនអ្នកគាំទ្រ ឬលើបុគ្គលណាមួយឡើយ។

គ.ជ.ប បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ គោរព និងអនុវត្ត តាមសេចក្តីណែនាំអំពាវនាវខាងលើនេះ ឱ្យបានមានប្រសិទ្ធភាព៕

...Read More

ទៅមុខថយក្រោយ