FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាឡើយ។
គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងដំណើរការឃោសនាបោះឆ្នោតនេះ មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលធ្វើសកម្មភាពឃោសនា និងហែក្បូនឃោសនាទ្រង់ទ្រាយធំ ដែលធ្វើសកម្មភាពនៅទូទាំង២៥ រាជធានីខេត្តជារៀងរាល់ថ្ងៃ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈគណបក្សនយោបាយចំនួន១០ទៀត បានធ្វើសកម្មភាពហែក្បូន នៅតាមបណ្តាឃុំ សង្កាត់ក្នុងរាជធានី-ខេត្ត ដែលខ្លួនបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត។
គ.ជ.ប បានឲ្យដឹងទៀតថា «ជាទូទៅក្នុងរយៈពេល១៣ថ្ងៃកន្លងមកនេះ ស្ថានភាពសន្តិសុខ សុវត្ថិភាព ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយមានភាពល្អប្រសើរ ប៉ុន្តែមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ ក្នុងពេលឃោសនាបោះឆ្នោត»។
ដោយសម្រាប់ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង នៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ (គ.ឃ.ស.ប) គិតត្រឹមថ្ងៃទី៣១ ខែឧសភា មានបណ្តឹងសរុបចំនួន៦៥បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំងនោះ មាន៤៨បណ្តឹង ជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ១៤បណ្តឹងជារបស់គណបក្សសង្គ្រោះជាតិ ១បណ្តឹង ជារបស់គណបក្សហ៊្វុនស៉ិនប៉ិច និង២បណ្តឹងជារបស់ប្រជាពលរដ្ឋ៕