FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា គ្មានការស្នើពីភាគីអន្តរជាតិឲ្យប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះឡើយ។ ថ្ងៃទី០៤ ខែមិថុនា ក្រោយពេលបញ្ចប់ការបោះឆ្នោត គឺផ្សាយតែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ។
ភាគីអន្តរជាតិនោះ រួមមាន៖ លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា, លោក ហៃដឹហ៊ីសា ហូរីនូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក វីលៀម អេហ៊ីត ឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ការចេញមកបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងក្រោយពេលមានព័ត៌មានមួយចំនួនបានផ្សាយថា មានការស្នើពីភាគីអន្តរជាតិឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីបំភ្លឺដែលបានចេញផ្សាយនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា «គ្មានការស្នើឲ្យ គ.ជ.ប ប្រកាសលទ្ធផលនៃការបោះឆ្នោតនោះទេ»។ នៅក្នុងសេចក្តីបំភ្លឺ ក៏បានឲ្យដឹងផងដែរថា លោក វីលៀម អេហ៊ីត បានស្នើឲ្យ គ.ជ.ប ពន្យល់ពីនីតិវិធីប្រកាសលទ្ធផលនៃការបោះឆ្នោត ហើយ គ.ជ.ប ក៏បានពន្យល់រួចរាល់ហើយផងដែរ។
តាមសំណើរបស់ឯកអគ្គរដ្ឋទូតអាមេរិក គ.ជ.ប បានបញ្ជាក់ថា ការផ្សាយលទ្ធផលបឋមនៅថ្នាក់ជាតិ គឺផ្សាយផ្ទាល់នៅយប់ថ្ងៃបោះឆ្នោតទី៤ ខែមិថុនា ឆ្នាំ២០១៧ តាមវិទ្យុជាតិ ទូរទស្សន៍ជាតិ និងនៅលើគេហទំព័រ www.voterlist.org.kh ហើយលទ្ធផលបឋមនេះ គ្រាន់តែជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។
បើតាម គ.ជ.ប ការផ្សាយលទ្ធផលបណ្តោះអាសន្ន គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។
សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹងពាក់ព័ន្ធចប់សព្វគ្រប់៕