ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោក ម៉ៅទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កាក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។

* សម្តេចតេជោ បានថ្លែងថា វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។

* សម្តេចតេជោ បានថ្លែងថា កម្ពុជា-ស្រីលង្កា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើង វិញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនងប្រទេសទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។

* សម្តេចតេជោ បានថ្លែងថា កាលពីឆ្នាំ១៩៧៩ នៅពេលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងការបរទេស សម្តេចបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ
ចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកូឡំបូ ដែលនោះជាទស្សនកិច្ចលើកដំបូងរបស់សម្តេចនៅប្រទេសស្រីលង្កា។

* សម្តេចបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កានាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍។

* សម្តេចតេជោនាយករដ្ឋបានថ្លែងថា ដើម្បីជាសក្ខីភាពតាមរយៈដំណើរទស្សនកិច្ចនេះ នាថ្ងៃស្អែក នឹងមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More


សម្តេចតេជោ ហ៊ុន សែន រំលឹកអនុស្សាវរីយ៍មិត្តភាពជាមួយនាយឧត្តមសេនីយ៍ សុក សារឿន, មិត្តភាព និងភាពជាបងប្អូន មិនសំដៅទៅលើបុណ្យសិក្ត័ ឋានៈនាទី ទ្រព្យសម្បត្តិនោះឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយនាយឧត្តមសេនីយ៍ សុក សារឿន និងបានបញ្ជាក់ថា ទោះជាពេលវេលា បុណ្យសិក្ត័ ឋានៈនាទី ឬទ្រព្យសម្បត្តិ មានការប្រែប្រួលក្តី ក៏ចំណងមិត្តភាពរវាងសម្តេច និងនាយឧត្តមសេនីយ៍ សុក សារឿន មិនបានផ្លាស់ប្តូរនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុន គឺឆ្នាំ១៩៧១ ដែលពេលនោះខ្ញុំមានអាយុ១៩ឆ្នាំ បងសុក សារឿន អាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥ សីហា ២០១៩ ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំ ឯបង សុក សារឿន មានវ័យ៧៨ឆ្នាំ។

ទោះសភាពការណ៍មានការប្រែប្រួលទាំង នយោបាយសេដ្ឋកិច្ច សង្គមទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់ និងខ្ញុំមិនបានផ្លាស់ប្តូរទេ។ ៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរបស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មាន ឋានៈទាបជាងខ្ញុំវិញម្តង។

មិត្តភាព និងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យសិក្ត័ ឋានៈនាទី ឬទ្រព្យសម្បត្តិនោះឡើយ តែសំខាន់ គឺនៅលើទឹកចិត្តស្រឡាញ់រាប់អានគ្នាដោយគ្មានការប្រែប្រួល។

បង សុក សារឿន នេះហើយដែលជូនខ្ញុំទៅដោះស្រាយការភ័នច្រឡំរវាងខ្ញុំជាមួយគ្រូពេទ្យក្រមុំ នៅមន្ទីរពេទ្យស្រុកក្រូចឆ្មា ឈ្មោះ រ៉ានី នាខែមិនា ១៩៧៤ ដែលជាឱកាសឱ្យខ្ញុំបានស្គាល់មុខរ៉ានី ជាលើកដំបូង ហើយចាប់ចិត្តស្រឡាញ់ តាំងពីពេលនោះមក និងក្រោយមកបានក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់ នាពេលនេះ។

បង សុក សារឿន ពេលនេះជានាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ»៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននាយនគរបាលជាង១ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៨០នាក់ នារី០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន៣១៩នាក់, នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន៩៦៦នាក់ នារី៥៥នាក់។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់នគរបាល ហើយក៏មានមោទនភាពដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនលើការបណ្តុះបណ្តាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំឱ្យមានការបណ្តុះបណ្តាលមន្ត្រីនគរបាល។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា មន្ត្រីនគរបាលកម្ពុជានាពេលបច្ចុប្បន្នបានប្រឹងប្រែងពង្រីកសមត្ថភាពដើរទាន់ការវិវឌ្ឍន៍របស់សង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង នៅតួកគីហើយនោះ នៅពេលឆាប់ៗខាងមុខសម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅតួកគីផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដែលកម្ពុជាអាចរៀបចំបាននូវក្បាលម៉ាស៊ីនប្រទេសមួយ កើតចេញពីស្ថានភាពមួយដ៏លំបាកលំបិន។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យនាយឧត្តមសេនីយ៍ សេង ផល្លី ពិនិត្យរកជំនាញវិជ្ជាជីវៈផ្សេងៗទៀត ដើម្បីបណ្តុះបណ្តាលដល់មន្ត្រីនគរបាលក្រៅពីជំនាញនាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន...Read More


រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម»

FN ៖ សេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះមានវិសាលភាព ទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលជាក្របខ័ណ្ឌគតិយុត្តគោលដំបូង ក្នុងការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឲ្យមានរបបសន្តិសុខសង្គមកម្ពុជា តាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។

សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម បានរៀបចំដោយអនុលោមតាមទម្រង់ដែលបានណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវបានរៀបចំឡើងដោយក្រុមអ្នកច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់ជាតិ និង ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេសភាគីនិយោជក និងសហជីព។

សេចក្តីព្រាងច្បាប់ ត្រូវបានដាក់ឆ្លងការប្រជុំបច្ចកទេសចំនួន ៨លើក ប្រជុំអន្តរក្រសួងនៅថ្ងៃ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨។ រីឯជំពួកស្តីពីទោសប្បញ្ញត្តិត្រូវបានពិភាក្សាជាមួយក្រសួងយុត្តិធម៌។

លោក ផៃ ស៊ីផាន បន្តថា សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់បំផុត សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាក្នុងសង្គម។

សេចក្តីព្រាងច្បាប់នេះ ក៏ជាបទដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ និងជាការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយដែលទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនម្ចាស់ឆ្នោត៕

...Read More

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកដូចធម្មតា ហើយកុំព្រួយបារម្ភខ្លាំងពេក អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក

FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នា២០១៩នេះ បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់បរិភោគសាច់ជ្រូក ដែលលក់លើទីផ្សារដូចធម្មតា។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវកុំឱ្យពលរដ្ឋមានការបារម្ភខ្លាំងពេកអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសារតែជំងឺនេះមិនឆ្លងដល់មនុស្សឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ»។

ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានផ្ទុះឡើងជាថ្មី នៅប្រទេសកម្ពុជា ដែលរីករាលដាលដល់ខេត្ត ចំនួន៥ គិត ចាប់តាំងពី ដើមខែ មេសា មក ក្នុង នោះ មាន ខេត្តរតនគិរី ត ត្បូងឃ្មុំ ស្វាយរៀង ខេត្តតាកែវ និង ខេត្តកណ្តាលជាដើម ដែល នាំឲ្យ សត្វ ជ្រូក ប្រមាណ ៣ពាន់ ក្បាល ត្រូវ បាន ងាប់ និង សម្លាប់ចោល ។ ទោះជាយ៉ាងនេះក្តី ជំងឺនេះ មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចទទួលទានចំសត្វជ្រូកងាប់ទាំងនោះ។

ខណៈដែលប្រជាពលរដ្ឋមានការខ្លាចរអារ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូក បានត្អូញត្អែរខ្លាំង ដោយសារការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដោយសារតែប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ដូរឡើយ ខាងក្រសួង និងស្ថាប័នជំនាញដែលពាក់ព័ន្ធលើបញ្ហានេះបានតម្រូវឲ្យកប់ចោលតែម្ដង ព្រោះចៀសវាងការឆ្លងរីករាលដាលទៅកាន់ជ្រូកផ្សេងទៀតដែលនៅក្បែរនោះ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ»

FN ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់អគារពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ដ៏ធំរបស់កម្ពុជា កើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោក ថោង ខុន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ពិនិត្យលើដំណើរការសាងសង់ពហុកីឡដ្ឋាននេះឡើង។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នករិះគន់លើទំនាក់ទំនងរវាងកម្ពុជា-ចិនថា បើមិនមានទំនាក់ទំនងល្អជាមួយកម្ពុជា-ចិនទេ តើអាចលេចចេញរូបពហុកីឡដ្ឋាននេះដែរទេ?

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនរើសអើងសម្រាប់ជំនួយរបស់ប្រទេសណាមួយនោះទេ។ ប៉ុន្តែមានប្រទេសណាខ្លះ ដែលចេញមុខមកជួយកម្ពុជាបែបនេះ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៀតថា តើនរណាមកជួយបំពេញសេចក្តីត្រូវការរបស់កម្ពុជា ដូចជាការសាងសង់ស្ពានសេកុង និងឆ្លងទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ទឹងត្រង់ និងក្រូចឆ្មារ និងការសិក្សាកសាងស្ពានមួយទៀតនៅក្រចេះ ដើម្បីតភ្ជាប់ក្រចេះទៅកំពង់ធំ។

* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៀតថា តើយើងមានកំហុសទេ ក្នុងការទទួលជំនួយរបស់ចិនមកបម្រើប្រយោជន៍របស់ប្រជាជនកម្ពុជាបែបនេះ?

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមានប្រទេសចេញមុខជួយជំនួសចិនក្នុងការកសាងផ្លូវ...Read More


សម្តេចតេជោ ហ៊ុន សែន ឆ្លៀតពេលជូនដំណើរចៅស្រីច្បង ត្រឡប់ទៅសិក្សានៅក្រៅប្រទេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហោះនៅលើ Facebook របស់សម្តេច អំពីការឆ្លៀតពេលជូនដំណើរចៅស្រីច្បងរបស់សម្តេច ត្រឡប់ទៅសិក្សានៅក្រៅប្រទេសវិញ។

សម្តេចតេជោបានបញ្ជាក់ថា ការជូនដំណើរដោយផ្ទាល់នេះ ដោយសារតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាជីដូន និងលោកស្រី ហ៊ុន ម៉ាណា ត្រូវជាម្តាយបង្កើតជាប់រវល់ការងារទើបសម្តេចមកជូនដំណើរដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញ បន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូន និងកូនស្រីខ្ញុំជាម្តាយ ជាប់ការងារមិនអាចជូនដំណើរបានតម្រូវឱ្យខ្ញុំ ជាជីតាឆ្លៀតពេលជូនដំណើរចៅ ដើម្បីជៀសវាងអារម្មណ៍ឯកោរបស់ចៅស្រី។ កាលពេលមុនខ្ញុំ និងភរិយារួមនឹងឪពុកខ្ញុំផងធ្លាប់ជូនដំណើរកូនៗ ខ្ញុំពេលពួកគេចេញទៅរៀននៅបរទេស។ ពេលនេះ ដល់ពេលត្រូវជូនដំណើរចៅម្តង ដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្ត សម្រាប់ការសិក្យារបស់ពួកគេ។

និយាយដល់រឿងនេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបរទេះគោរាប់គីឡូម៉ែត្រ មកកាន់កំពង់ផែ ដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹកមករៀននៅភ្នំពេញ។ ទោះនូវនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀល និងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តី តែខ្ញុំមានអារម្មណ៍
កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយជូនដំណើរ ដែលខ្ញុំមើលពីកប៉ាល់ឃើញពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។

កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះ ក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថាចៅមួយនេះនឹងជោគជ័យក្នុងការសិក្សារបស់គេ ដើម្បីជុំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម»៕

...Read More

សម្ដេចតេជោ ហ៊ុន សែន ស្នើអង្គការ IFAD ចែករំលែកបទសោធន៍លើវិស័យកសិកម្ម ដល់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានអនុញ្ញាតឲ្យលោក ហ្គីលប៊ឺត ហុងបូ (Gilbert F.Houngbo) ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា លោក ហុងបូ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោក បានចូលជួបសម្ដែងការគួរសមផង និងដើម្បីស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជាផង។

ក្នុងឱកាសនេះដែរ លោកបានគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជា ព្រោះស្អែកលោកនឹងទៅខេត្តកណ្ដាល ដើម្បីពិនិត្យមើលស្ថានភាពកសិកម្មនៅកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អ ដែលធ្លាប់ជារៀងដរាបមក ធ្វើការរួមគ្នាជាពិសេស លើវិស័យកសិកម្ម។ ចំពោះកម្ពុជាវិស័យកសិកម្ម គឺមានការព្រួយបារម្ភទៅលើ ទី១៖ ផលិតកម្ម, ទី២៖ ការនាំចេញនោះ គឺសម្ដៅដល់ទីផ្សារតែម្ដង ពាក់ព័ន្ធនឹងការនាំចេញ កាលដើមឡើយនៅកម្ពុជា បានដាក់ចេញនូវនយោបាយនាំអង្ករចេញ១លានតោន ប៉ុន្តែគោលនយោបាយនេះ មិនបានទទួលជោគជ័យទេ គឺជោគជ័យតែ៥០ភាគរយតែប៉ុណ្ណោះ ហើយការផលិតស្រូវ គឺមានការកើនឡើងតាមគោលដៅ។ ប៉ុន្តែការនាំចេញ គឺពុំទាន់បានទទួលជោគជ័យនៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា កត្តាមិនជោគជ័យ គឺមូលហេតុមកពី ទី១៖បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន គឺផលិតស្រូវអង្ករ ដើម្បីនាំចេញដូចគ្នាដែរ, ទី២៖ ការផលិតរបស់កម្ពុជា គឺនៅមានតម្លៃខ្ពស់នៅឡើយ។ ក្នុងន័យនេះសម្តេច ក៏បានស្នើសុំឲ្យអង្គការ IFAD ជួយពិនិត្យមើលចែករំលែកនូវបទពិសោធន៍ ដែលមាននិងការស្រាវជ្រាវដែលមានដើម្បីចែករំលែកដល់កម្ពុជា។ ការបារម្មណ៍ដទៃទៀត រួមមានការកើនឡើង...Read More


សម្តេចតេជោ ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា

FN ៖ ប្រតិកម្មឆ្លើយតបភ្លាមៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះបានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។

ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។

សូមជំរាបថាកន្លងមកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីយោធាកំពូលៗរបស់កម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាស បដិសេធ ជា សាធារណៈច្រើនដងរួចហើយ អំពីបញ្ហានេះនិងអះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីមូលហេតុដែលសម្តេច «គ្រេចស្មា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានទម្លាយនូវអាថ៌កំបាំងដែលធ្វើឲ្យសម្តេចគ្រេចស្មា ហើយត្រូវចេញទៅពិនិត្យ និងព្យាបាលនៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗកន្លងមកនេះ។

បន្ទាប់ពីលាក់ទុកអស់ជាច្រើនថ្ងៃរួចមកនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចទម្លាយចេញនូវមូលហេតុដែលបណ្តាលឲ្យសម្តេចតេជោគ្រេចស្មា គឺដោយសារដួលកង់លើស្មៅ ក៏គ្រេចស្មាតែម្តងទៅ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់មនុស្សវ័យចំណាស់ដែលមានអាយុលើសពី៥០ឆ្នាំ សូមកុំជ្រើសរើសយកកីឡាជិះកង់ ព្រោះអាចនាំមកនូវគ្រោះថ្នាក់ ឬឈឺខ្លួនប្រាណដូចសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា ហេតុអ្វីបានខ្ញុំគ្រេចស្មា? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ រពឹស។ មកពីហ្សឺណែវ ប្រទេសស្វីសនៅព្រឹកថ្ងៃសៅរ៍ ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាត មានទាំងមួកសុវត្តិភាពផង។ ជិះកង់បានប្រហែល៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ល្បឿនបែរជាកង់ដួលទៅលើស្មៅធ្វើឱ្យ ខ្ញុំគ្រេចស្មាខាងស្តាំ។ សុំបញ្ជាក់ថាកង់ដែលខ្ញុំជិះនេះ ជាប្រភេទកង់ប្រណាំងដែលទើបទិញមក សម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់ តែខ្ញុំផ្តាំថា អាយុលើសពី៥០ឆ្នាំគួរកុំជិះកង់ប្រភេទនេះ នាំគ្រោះថ្នាក់ ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់។ ក្មេងរពឹសមិនងាយរាងចាលទេ តែចាស់រពឹសឆាប់រាងចាលណាស់។ មានឡាន មានម៉ូតូជិះតែមកគ្រោះថ្នាក់ដោយសារកង់មកពី រពឹស»៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ គណនី Facebook ប្រឌិតព័ត៌មានអាក្រក់ពីស្ថានភាពសុខភាពនាយករដ្ឋមន្ត្រី ជាបទល្មើសព្រហ្មទណ្ឌ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។

ជាការកត់សម្គាល់ការដាក់ចេញវិធានការច្បាប់ចំពោះជនបំភ្លៃព័ត៌មានពាក់ព័ន្ធសុខភាពរបស់នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីមានជនទុច្ចរិតមួយចំនួននៅលើបណ្តាញសង្គម Facebook តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គមបង្ហោះព័ត៌មានបំភ្លៃការពិតជាច្រើនពាក់ព័ន្ធសុខភាពរបស់សម្តេច។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផងដែរ៕

...Read More

ក្រុមហ៊ុនស្វីស ចង់បង្កើតមន្ទីរពេទ្យនៅកម្ពុជាជាមួយទុនប្រមាណ៤០លានដុល្លារ

FN ៖ ក្រុមហ៊ុនធំៗរបស់ស្វីស បានអះអាងត្រៀមថវិកាប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំងសុខភាពនៅកម្ពុជា។ ការអះអាងនេះបានធ្វើឡើងក្នុងពេលតំណាងក្រុមហ៊ុនរបស់ស្វីសចំនួន៦ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

តំណាងក្រុមហ៊ុនបានអះអាងថា ពួកគេមិនត្រឹមតែបង្កើតមន្ទីរពេទ្យនោះទេ។ ពួកគេក៏ចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលផងដែរ។ ក្រៅពីបង្ហាញបំណងចង់បង្កើតមន្ទីរពេទ្យហើយនោះ តំណាងក្រុមហ៊ុនរបស់ស្វីស ក៏បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគទៅលើវិស័យថាមពល និងវិស័យបច្ចេកវិទ្យាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យថាមពល។

លើវិស័យសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់តំណាងក្រុមហ៊ុនស្វីសថា ប្រជាជនកម្ពុជាជាច្រើន បានទៅព្យាបាលនៅក្រៅប្រទេសដូចជា វៀតណាម ថៃ និងសិង្ហបុរីជាដើម។ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើមានការវិនិយោគលើវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។

សម្តេចតេជោ បន្ថែមថា បច្ចុប្បន្នកម្ពុជាមានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជា មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាចផ្តល់សេវាកម្មផ្នែកសុខាភិបាលនៅដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។

«សូមឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងលើវិស័យដែលមានបំណងចង់វិនិយោគនោះ»។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានដកស្រង់មកបញ្ជាក់ដោយលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សវិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋ និងសាលាឯកជន ដើម្បីបង្កភាពងាយស្រួល។

នៅចំពោះមុខតំណាងក្រុមហ៊ុនវិនិយោគនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្ដេចពិតជារីករាយ និងស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់៕

...Read More

ទៅមុខថយក្រោយ