FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោក ម៉ៅទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កាក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។
* សម្តេចតេជោ បានថ្លែងថា វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។
* សម្តេចតេជោ បានថ្លែងថា កម្ពុជា-ស្រីលង្កា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើង វិញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនងប្រទេសទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។
* សម្តេចតេជោ បានថ្លែងថា កាលពីឆ្នាំ១៩៧៩ នៅពេលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងការបរទេស សម្តេចបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ
ចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកូឡំបូ ដែលនោះជាទស្សនកិច្ចលើកដំបូងរបស់សម្តេចនៅប្រទេសស្រីលង្កា។
* សម្តេចបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កានាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍។
* សម្តេចតេជោនាយករដ្ឋបានថ្លែងថា ដើម្បីជាសក្ខីភាពតាមរយៈដំណើរទស្សនកិច្ចនេះ នាថ្ងៃស្អែក នឹងមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ៧,៥% ដែលអត្រាកំណើននេះ ជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ២០១៩។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងទាំងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយៈពេល៥ឆ្នាំកន្លងទៅ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន ១លានកន្លែង។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន ១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥.២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៩នេះ កម្ពុជាបានស្វាមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២,៨៨លាននាក់ មានការកើនឡើង ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៥ខែឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១,៤៣៧នាក់ ដល់ ១,៧៥៦នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
* សម្តេចតេជោ បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជា បានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន ៖ (១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់, (២) សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ, (៣) ផលិតកម្មកសិឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក, (៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល និង (៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩ ២០២៣ ដែលមានទិសដៅច្បាស់លាស់សម្រាប់ការអនុវត្តសកម្មភាពគោលនយោបាយរវាងភាគីពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម ក្នុងគោលបំណង (ទី១). ពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ ២០៣០ និង (ទី២) ចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការសន្ទនាមួយ ហៅថា «វេទិការាជរដ្ឋាភិបាលឯកជន» ដឹកនាំផ្ទាល់ និងដោយមានការចូលរួមពី រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះផ្តល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។
* សម្តេចតេជោ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចបានដឹកនាំវេទិការាជរដ្ឋាភិបាល។ ផ្នែកឯកជន លើកទី១៨ ដែលក្នុងឱកាសនោះ ខ្ញុំបានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅ ១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា, ២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និង ៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។
* សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នវិធានការទាំងនេះ ត្រូវបាននិងកំពុងអនុវត្តយ៉ាងហ្មត់ចត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយរាជរដ្ឋាភិបាលក៏បានរៀបចំ ឱ្យមានយន្តការមួយច្បាស់លាស់សម្រាប់ពិនិត្យ និងធ្វើការតាមដានការអនុវត្តវិធានការទាំងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការសម្រេចគោលដៅទាំង៣ខាងលើ។
* សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កា ជាប្រទេសគោលដៅរបស់ខ្លួន។ សម្តេចតេជោ បានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុនកម្ពុជាតែងតែអំពាវនាវឱ្យអ្នកវិនិយោគបរទេសមកកម្ពុជា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយកម្ពុជា អ្នកវិនិយោគកម្ពុជា ក៏បានចេញទៅវិនិយោគនៅឡាវ មីយ៉ាន់ម៉ា ទីម័រ និងប្រទេសដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជម្រាបធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៥ចំណុចរួមមាន៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពីឆ្នាំ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀត កសាងអភិវឌ្ឍន៍សេដ្ឋកិច្ចពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបាន បញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរែកាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ» ។ ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងក្នុងតំបន់ និងសកល ហើយបច្ចុប្បន្ន កម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ពេញលេញដែលជាមូលដ្ឋានសម្រាប់ទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។
ទី២៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
ទី៤៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។
ទី៥៖ កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌និងធម្មជាតិ» រួមមាន សម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគបរទេសទទួលបានផលប្រយោជន៍ និងការគាំពារដូចគ្នានឹងអ្នកវិនិយោគក្នុងប្រទេស ហើយមានលទ្ធភាពដាក់ទុនវិនិយោគ១០០ភាគរយ មិនចាំបាច់មានការចូលរួមពីអ្នកវិនិយោគនៅក្នុងប្រទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគបរទេសនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារនៅកម្ពុជានោះទេ តែអាចចែកចាយទៅផ្សារប្រទេសដទៃទៀត ដែលមានប្រជាពលរដ្ឋប្រមាណ ៣ពាន់លាននាក់ ជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មដទៃទៀតដូចជា ចិន ឥណ្ឌា និងប្រទេសដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កាដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
* សម្តេចតេជោ បានប្រកាសថា ក្នុងនាមរាជរដ្ឋាភិបាលសម្តេចធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។