FN ៖ ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។
ការលើកឡើងរបស់ប្រធានាធិបតីស្រីលង្កា បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អំពីលទ្ធផលនៃជំនួបនេះ ដល់ក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីស្រីលង្កា បានជម្រាបជូនសម្ដេចតេជោផងដែរ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះគឺដើម្បីពង្រីក និងពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងន័យនេះលោកក៏បានលើកឡើង ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ, វប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, អាកាសចរណ៍ស៊ីវិល និងពិសេសជំរុញឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឬពីប្រទេសកម្ពុជា ទៅប្រទេសស្រីលង្កាជាដើម។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទាំងស្រុងជាមួយ លោកប្រធានាធិបតី នូវអ្វីដែលលោកបានលើកឡើង ពាក់ព័ន្ធកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍ដល់ភាគីទាំងពីរថា កម្ពុជា និងស្រីលង្កា កន្លងមកគឺបានរក្សានូវទំនាក់ទំនងកាទូតយ៉ាងល្អ ហើយតាមរយៈការចុះហត្ថលេខាលើអនុស្សារណៈកន្លងមកនេះ សម្ដេចបានស្នើសុំឲ្យមានពិភាក្សាគ្នាឲ្យបានឆាប់ ដើម្បីឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈ ទី១៖ ជំរុញឲ្យមានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគរវាងប្រទេសទាំងពីរ, ទី២៖ ជំរុញឲ្យមានកិច្ចពិភាក្សាកិច្ចព្រមព្រៀមមិនឲ្យយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ និងទី៣៖ ជំរុញឲ្យមានកិច្ចព្រមព្រៀងលើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម។ សម្ដេចបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺនៅទាបនៅឡើយ ដូច្នេះប្រទេសទាំងពីរគប្បីពិនិត្យមើលលទ្ធភាព ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំ និងវិនិយោគកាន់តែច្រើនឡើងថែមទៀត។
ពាក់ព័ន្ធវិស័យអប់រំវិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រទេសស្រីលង្កា ដែលកន្លងមកបានផ្ដល់នូវការបណ្ដុះបណ្ដាល ដល់មន្ដ្រីកម្ពុជា ព្រះសង្ឃកម្ពុជាផងដែរ។ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់ប្រទេសស្រីលង្ក នៅក្នុងវេទិកាអាស៊ាន ដែលជាការចូលរួមចំណែកមួយ ក្នុងការរក្សាសន្ដិភាព ស្ថេរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ លោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ព្រមទាំងបានទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋផងដែរ។
ក្រោយជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន, ភាគីទាំងពីរបានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ក្នុងនោះមាន៖
ទី១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ចុះហត្ថលេខាដោយ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Vansantha Senanayake មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសស្រីលង្កា។
ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយប្រធានសភាពាណិជ្ជកម្មស្រីលង្កា៕