សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពី កូវីដ-១៩

ព្រះចៅ ស៊ុលតង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ានបូកបី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវក្ដីរីករាយ ដោយបានចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំ នៃប្រទេសបូកបី តាមរយៈវីដេអូខនហ្វេរ៉ីន (Video Conference) នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស អំពីជំងឺកូវីដនេះឡើង ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់យើង សំដៅទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូកបី ដែលបានខិតខំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការរីករាលដាលនៃជំងឺនេះ និងបន្តការអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្ដែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០ លានដុល្លារអាមេរិក ដែលនឹងផ្ដោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់ ជាដើម។ ពិតណាស់ថា…

សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩

ព្រះចៅ ស៊ុល តង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង «កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩» និងសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របពេលដែលប្រទេសអាស៊ានទាំង ១០ ក៏ដូចជាសកលលោកទាំងមូល កំពុងជួបប្រទះនូវបញ្ហាប្រឈមស្រួចស្រាវពីជំងឺកូវីដ-១៩។ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្ដម មូយុឌីន យ៉ាសី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ។ ជាការពិត ផលប៉ះពាល់ពីជំងឺកូវីដ-១៩ បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្ដែង ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្មក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរួមជាមួយប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា សូមសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសសមាជិកអាស៊ាន ដែលទទួលរងនូវការបាត់បង់ជីវិតប្រជាជនដោយសារកូវីដ-១៩។ សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងស្ថិតក្នុងដំណាក់កាលនៃការឆ្លងជាចង្កោមតូចៗ ដែលមួយផ្នែកធំនៃការឆ្លង គឺជាការនាំចូលជំងឺពីខាងក្រៅ។ ដូចប្រទេសដទៃនៅអាស៊ាន កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

[…] ការគ្រោងប្រជុំ អាស៊ាន-អាមេរិក ត្រូវធ្វើនៅថ្ងៃទី ១៤ មីនា ប៉ុន្តែក្នុងសភាពការណ៍ដ៏ពុះកញ្ជ្រោលនៃបញ្ហាទាក់ទិនជាមួយនឹងវីរុស Covid-19 ថ្មី តម្រូវឱ្យមានការលើកពេលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump […] ខ្ញុំព្រះករុណាខ្ញុំ យល់ថា Covid-19 គឺជាមូលហេតុចម្បង […] ខ្ញុំគាំទ្រនឹងទង្វើរបស់ប្រធានាធិបតី Donald Trump […] មិនថាគាត់ មិនថាពួកយើងអាស៊ានទេ មានកិច្ចការរវល់លើការគ្រប់គ្រងសភាពការណ៍ជំងឺនេះ (Covid-19) […]

[…] ខ្ញុំព្រះករុណាខ្ញុំ បានដើរដល់ចំណុចថា នៅ(ពេល)ខាងមុខខ្ញុំនឹងចាត់ទុកថា អ្នកបំផុសព័ត៌មាន ដូចជាការដួលស្លាប់ (ដោយ)ជំងឺ Covid-19 នេះ ជាពួកភេរវករ […] (សួរថាដែល)ជនទុច្ចរិត(ធ្វើដូចនេះ) អ្នកឯងទទួលបានអីមកវិញ ពីការដែលអ្នកឯងបំផុសព័ត៌មាន […] ដែលបង្កការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង […]

[…] ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សុំអំពាវនាវកុំឱ្យ(ស្លៀកពាក់សិចស៊ី) […] ខ្ញុំបាននិយាយ រកស៊ីទៅអាអនឡាញហ្នឹង អាណិតសុំតែកុំ live លក់(សិចស៊ី)។ រួចហើយគេថា យើងហ្នឹងរំលោភសិទ្ធិមនុស្ស ប៉ុន្តែ អ្នកឯងបានមើលច្បាប់ អំពីបញ្ហាទាក់ទងនឹងការជួញដូរមនុស្ស ការការពាររក្សាប្រពៃណីទំនៀមទម្លាប់ទេ? […] និយាយឡើងថា វប្បធម៌ខ្មែររលំរលាយហើយ ចុះបើឯងទៅធ្វើអញ្ចឹងវាមិនរលំរលាយ? […]

សម្តេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រដល់ដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប, ថ្ងៃទី ២ មីនា ២០២០